Wednesday, December 11, 2024
Homeសង្គម និងជីវិតសត្វព្រៃ២៨ប្រភេទ មានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់

សត្វព្រៃ២៨ប្រភេទ មានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់

ខេត្តរតនគិរី ៖ សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអម្បូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វ ស្លាប ឆ្មាព្រៃ និង សត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។

តាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃ លំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។

ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទថនិក សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។

លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិ បានថតសត្វព្រៃ បានចំនួន ២៨ប្រភេទ ដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអម្បូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអម្បូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហ ភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទ ស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺសត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជ បើសិនជាមិនមានការការពារទេនោះ។

លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា  “ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បាន បង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃ លំផាត់ បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗ ទៀតដូចជា សត្វត្រយង និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិ នៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារតំបន់ទេស ភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង”។

គួរបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃ លំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបាន ផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែនជម្រកនេះ ក៏ទ្រទ្រង់ជីវិតសត្វជិតផុតពូជ បំផុតជាច្រើនប្រភេទ ដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោក ផងដែរ។

តំបន់ទេសភាពនេះ បានទ្រទ្រង់ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និងជុំវិញតំបន់ព្រៃឈើនេះផងដែរ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រក សត្វព្រៃសម្រាប់ចិញ្ចឹមជីវិត។ ក៏ប៉ុន្តែក្នុងរយៈពេលពីរទសវត្សរ៍ចុង ក្រោយនេះ តំបន់ទេសភាពលំផាត់ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសកម្មភាពមនុស្ស លក្ខណៈទ្រង់ ទ្រាយធំ ដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរេចរឹលព្រៃឈើ និងការបាត់បង់ជីវចម្រុះ។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវចម្រុះរួមមានការទន្ទ្រានព្រៃឈើសម្រាប់ការពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ សង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំង តាមរយៈការអនុវត្ត គម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង៕

RELATED ARTICLES