ភ្នំពេញ ៖ មេបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកគុជ លី បានស្នើនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បញ្ឈប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំង ដែលដាក់រង្វាន់ បំផ្លាញសុខភាពសាធារណៈ បន្ទាប់ពីសង្កេតឃើញថា ស្រាបៀរដាក់រង្វាន់នេះ កំពុងពង្វក់ស្មារតីពលរដ្ឋខ្មែរ ឲ្យងប់ងុលនឹងគ្រឿងស្រវឹង ផឹកតាមរករង្វាន់ ខណៈដែលក្រសួងសុខាភិបាល ក៏បានប្រកាសអាសន្នថា គ្រឿងស្រវឹង បានធ្វើឲ្យប្រឈមនឹងជំងឺមិនឆ្លងជាច្រើន ។
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ទំព័របណ្ដាញសង្គមហ្វេសប៊ុក “គណបក្សខ្មែរតែមួយ” បានសរសេរថា “ លោក គុជ លី ប្រធានប្រតិភូគណបក្សខ្មែរតែមួយ បានសូមគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំឆមាសលើកទី២ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មេត្តាពិនិត្យពិចារណាលើក្រុមស្រាបៀរទាំងអស់ ដែលបានផ្តល់ ឬដាក់រង្វាន់នៅក្នុងកំប៉ុងស្រាបៀរ ដើម្បីជំរុញដល់អ្នកផឹកស្រា កាន់តែច្រើនឡើងៗ។ ដូច្នេះគណបក្ស បានគោរពស្នើសុំសម្តេចធិបតី មេត្តាបញ្ឈប់ការផ្តល់រង្វាន់នៅក្នុងកំប៉ុងស្រាបៀរទាំងអស់ និងរួមទាំង Energy Drink ដែលបានផ្តល់រង្វាន់ផងដែរ ពីព្រោះវាជាយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមស្រាបៀរ និងក្រុម energy drink ដើម្បីបំផ្លាញសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅតែប៉ណ្ណោះ” ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកគុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថា ចលនាផ្សងសំណាង តាមការទិញស្រាបៀរផឹកនេះ វាមិនមែនជាកាតព្វកិច្ច ឬការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍសង្គមជាតិទេ វាចូលរួមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទិញស្រាបៀរផឹក ហើយបំផ្លាញសុខភាពប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់សុខភាព សុខុមាលភាពនៅក្នុងសង្គមទៀតផង ។ ដូច្នេះប្រសិនជារាជរដ្ឋាភិបាល មិនគិតគូរទេ ការដាក់ចេញគោលនយោបាយធ្វើឲ្យប្រទេសកម្ពុជា មានចំណូលកម្រិតមធ្យម នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ នឹងមិនអាចសម្រេចទៅបានទេ ។
លោកគុជ លី បានមានប្រសាសន៍ថា “ជាការពិតហើយ គណបក្សខ្មែរតែមួយ រូបខ្ញុំផ្ទាល់ កាលពីប្រជុំនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានមកធ្វើអធិបតីភាពប្រជុំនៅក្នុងក្រុមឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន៦ខែម្ដង ស្មើនឹងឆមាសទី២ នៅចុងឆ្នាំ២០២៤ នេះ ។ អ៊ីចឹងប្រតិភូនីមួយៗនៃគណបក្ស មានសិទ្ធិក្នុងការលើកជាមតិយោបល់ក្នុងការផ្ដល់ជាទស្សនទាន ជាប្រឹក្សាយោបល់ជូននាយករដ្ឋមន្រ្តី ឬក៏ស្នើសុំ ។ ចំពោះគណបក្សខ្មែរតែមួយ យើងមើលឃើញថា បញ្ហានៅក្នុងសង្គមរបស់យើង គឺយើងបានលើកប្រជុំនៅពេលនេះ គឺពាក់ព័ន្ធទៅនឹងចរាចរស្រាបៀរ ។ យើងឃើញថា នៅក្នុងកម្ពុជាយើងនេះ គឺមានស្រាបៀរ ជាច្រើន កំពុងតែធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងតែរកស៊ី ខ្លះដោយទុច្ចរិត ខ្លះដោយសុចរិត ។ យើងមើលឃើញថា ការរកស៊ីដោយទុច្ចរិត និងសុចរិតនេះ គឺពាក់ព័ន្ធទៅនឹងការផ្សាយពាណិជ្ជកម្ម ។ ការផ្សាយពាណិជ្ជកម្មមួយចំនួនធំ គឺក្រុមហ៊ុនស្រាបៀរ មួយចំនួនធំ គឺគាត់បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងការផ្ដល់រង្វាន់ ដើម្បីឲ្យប៊ីយែររបស់គាត់ហ្នឹងលក់ដាច់ ហើយយុទ្ធសាស្រ្តទីផ្សារលក់ប៊ីយែរ របៀបនេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋខ្លាំង ។ យើងមើលឃើញថា នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ ប្រជាពលរដ្ឋរបស់យើង ទទួលទានស្រា ទទួលទានគ្រឿងស្រវឹង មិនថាអាយុប៉ុន្មានទេ ព្រោះដោយសារប្រទេសកម្ពុជារបស់យើង អត់ទាន់មានច្បាប់ស្ដីអំពីការគ្រប់គ្រងស្រាបៀរហ្នឹងនៅឡើយទេ“ ។
លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងយើងមើលឃើញថា បញ្ហានៅក្នុងស្រុកខ្មែរ របស់យើង គឺវាពាក់ព័ន្ធទៅនឹងការផ្សាយពាណិជ្ជកម្មតែម្ដង ។ ដូច្នេះហើយបានគណបក្សខ្មែរតែមួយ បានលើកស្នើទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែម្ដង ថាមេត្តាពិចារណា ហើយគិតគូរឲ្យបានដិតដល់អំពីការបិទរង្វាន់ ។ បិទរង្វាន់ គឺរង្វាន់គ្រប់ប្រភេទ មិនឲ្យមាននៅក្នុងកំប៉ុងប៊ីយែរ បន្តទៅទៀតទេ ពីព្រោះកាលណាបិទកំប៉ុងប៊ីយែរនេះ គឺជាការជួយចូលរួមចំណែកមួយ ដើម្បីទប់ស្កាត់ឲ្យប្រជាពលរដ្ឋកុំឲ្យមានជំងឺ ទប់ស្កាត់ឲ្យប្រជាពលរដ្ឋចេះសន្សំសំចៃថវិការបស់ខ្លួន ។ ចំពោះការបិទប៊ីយែរ ប្រទេសណាមិនអាចបិទបានទេ ប្រទេសណាក៏មានប៊ីយែរ ដើម្បីទទួលទានដែរ ប៉ុន្តែការទទួលទានប៊ីយែរ ទៅតាមសមត្ថភាព ទៅតាមលទ្ធភាព ទទួលទានប៊ីយែរ ឲ្យសុខភាពល្អ តែចំពោះកម្ពុជា របស់យើង នៅពេលដែលក្រុមហ៊ុនស្រាបៀរ ជាច្រើន បានជំរុញឲ្យមានត្រូវរង្វាន់ធំៗ ធ្វើឲ្យការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋមួយចំនួនធំ គាត់អត់មានលុយមានកាក់ គាត់បែរជារៃលុយគ្នាទិញប៊ីយែរ ដើម្បីទៅផ្សងសំណាងទៅវិញ ។ អ៊ីចឹងយើងមើលឃើញថា ចលនាផ្សងសំណាងតាមការទិញប៊ីយែរផឹកនេះ វាមិនមែនជាកាតព្វកិច្ច វាមិនមែនជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍសង្គមជាតិទេ វាចូលរួមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទិញប៊ីយែរផឹក ហើយបំផ្លាញសុខភាពសប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់សុខភាព សុខុមាលភាពនៅក្នុងសង្គមទៀតផង ។ ប្រសិនជារាជរដ្ឋាភិបាល មិនគិតគូរទេ គម្រោងរាជរដ្ឋាភិបាល ឲ្យប្រទេសកម្ពុជា ក្នុងឆ្នាំ២០៣០ ឲ្យរួចពីបន្ទាត់ភាពក្រីក្រ ក្លាយទៅជាបន្ទាត់ប្រទេសដែលមានចំណូលកម្រិតមធ្យម កម្រិតទាប ហើយនិង២០៥០ ចំណូលកម្រិតខ្ពស់ ក៏ប៉ុន្តែកម្លាំងយុវជន បងប្អូនយើងទូទាំងប្រទេសជាកម្មករជំនាញភាគច្រើន ឬកម្មករដែលគ្មានជំនាញភាគច្រើន គឺរស់ដោយសារការក្រេបសុរា ក្រេបគ្រឿងស្រវឹងច្រើន វាធ្វើឲ្យប៉ះពាល់សុខភាព ។ អ៊ីចឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ អាចនឹងមានទី២ ទី៣ គឺមិនអាចដើរដល់ទេ បើសិនជារាជរដ្ឋាភិបាល មិនបានគិតគូរអំពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រឿងស្រវឹងតែម្ដង ។ មិនតែប៉ុណ្ណោះ យើងមើលឃើញថា មិនតែគ្រឿងស្រវឹង ចំពោះប៊ីយែរទេ គ្រឿងដែលអាចធ្វើឲ្យប៉ះពាល់ ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ្នឹងធ្វើឲ្យទទួលទានច្រើនហ្នឹង គេហៅថា ភេសជ្ជៈប៉ូវកម្លាំង ។ ភេសជ្ជៈនេះ គឺ Energy Drink នេះ ក៏ជាការរួមចំណែកមួយគ្រោះថ្នាក់ដែរ ដែលខ្ញុំមិនបានលើកឈ្មោះទៅដល់ក្រុមហ៊ុនណាទេ ។ ប៉ុន្តែយើងមើលឃើញថា អាភេសជ្ជៈប៉ូវកម្លាំងនេះ ក៏ជាប្រកួតប្រជែងដើម្បផ្ដល់រង្វាន់ ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងទទួលទានហួសកំណត់ ធ្វើឲ្យប៉ះពាល់ទៅនឹងជំងឺច្រើនមុខដូចគ្នា“ ។
លោកគុជ លី បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងបើយើងយោងទៅតាមក្រសួងសុខាភិបាល បានប្រកាសហើយថា ប្រជាពលរដ្ឋទទួលទានប៊ីយែរច្រើន គ្រឿងស្រវឹងច្រើន ហើយនិងភេសជ្ជៈប៉ូវកម្លាំងនេះ គឺប៉ះពាល់សុខភាពគួរឲ្យកត់សម្គាល់ រហូតដល់ក្រសួងសុខាភិបាល ខ្លួនឯងក៏បានប្រកាសដែរ ។ អ៊ីចឹងរួមសេចក្ដីមកវិញ ការស្នើសុំទៅសម្ដេចបវរធិបតីហ៊ុន ម៉ាណែត គឺជាទស្សនទាន ហើយនិងការផ្ដល់យោបល់ទៅរាជរដ្ឋាភិបាល ក្នុងនាមគណបក្ស ជាដៃគូរបស់រាជរដ្ឋាភិបាល នៅក្នុងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដើម្បីស្នើឲ្យគិតគូរអំពីបញ្ហាសុខភាពសាធារណៈចំពោះប្រជាពលរដ្ឋ ។ អ៊ីចឹងការស្នើរបស់យើងខ្ញុំ ចាត់ទុកថា វាជាទីប្រឹក្សាមួយ សម្រាប់ជូនទៅប្រមុខរាជរដ្ឋាភិបាល ពិចារណា និងពិនិត្យលើរង្វាន់ផ្សេងៗ ពាក់ព័ន្ធទៅនឹងការលើកទឹកចិត្ត យុទ្ធសាស្រ្តទីផ្សាររបៀបនេះ គឺសម្រាប់គណបក្សខ្មែរតែមួយ យើងមើលឃើញថា ជាយុទ្ធសាស្រ្តទីផ្សារទុច្ចរិត ដើម្បីតែចំណេញពីផលប្រយោជន៍ខ្លួនឯង ប៉ុន្តែធ្វើឲ្យខូច បំផ្លាញសុខភាពប្រជាពលរដ្ឋទៅវិញ ។ ទោះបីយ៉ាងណាក៏ដោយ យើងមើលឃើញថា រាជរដ្ឋាភិបាល ក៏បានខិតខំចូលរួមលើកកម្ពស់ស្រាបៀរ ប៊ីយែរ ឲ្យមានការយល់ដឹងដែរ យើងឃើញថា ស្រាបៀរមួយចំនួនធំ ក៏ត្រូវបានទម្លាក់ប៉ាណូតាមសាធារណៈ ហើយអាជីវកម្មមួយចំនួនទៀត រាជរដ្ឋាភិបាល ក៏មិនអនុញ្ញាតឲ្យបើកបន្តដែរ ។ អ៊ីចឹងយើងឃើញថា គាត់កំពុងតែខិតខំប្រឹងប្រែងក្នុងដំណាក់កាលទី១ យើងគិតថា មួយជំហានទៅមុខទៀត នឹងអាចបាត់បង់ការផ្ដល់រង្វាន់ ។ ជាទស្សនៈរបស់គណបក្សខ្មែរតែមួយ យើងនឹងប្រជុំក្នុងឆមាសលើកក្រោយៗទៀត នឹងនិយាយរឿងដដែលៗ គឺពាក់ព័ន្ធទៅនឹងរង្វាន់នៅក្នុងកំប៉ុងស្រាបៀរ ឬក៏រង្វាន់នៅក្នុងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗទៀត ដែលប៉ះពាល់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរបស់យើង” ។
គួរបញ្ជាក់ថា ការស្នើរបស់ប្រធានគណបក្សខ្មែរតែមួយ លោកគុជ លី ខាងលើនេះ បានធ្វើឡើងក្រោយពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងទៅក្រុមហ៊ុន-សហគ្រាសដែលកំពុងពង្រីកទីផ្សារ ដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពផ្តល់ជារង្វាន់ តាមរយៈក្រវិលកំប៉ុង និងគម្របដប ឬវិធីសាស្ដ្រមួយចំនួនទៀត ផ្ដល់ជូនអតិថិជន គឺតម្រូវឱ្យបង់ពន្ធអាករបន្ថែម ដោយត្រូវជាប់ទាំងអាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ។
ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានប្រកាសដាច់ខាតថា ឈប់ផ្តល់អាជ្ញាប័ណ្ណឱ្យបង្កើតក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅកម្ពុជា បន្ថែមទៀតហើយ ដោយនៅរក្សាត្រឹមតែ ៧ក្រុមហ៊ុនប៉ុណ្ណោះ។
សម្តេចហ៊ុន ម៉ាណែត មានប្រសាសន៍នៅពេលនោះថា «ឥឡូវអាជ្ញាប័ណ្ណស្រាបៀរ ខ្ញុំឈប់ឱ្យហើយ ៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឱ្យ តែបើធ្វើក្នុងស្រុកខ្ញុំ មិនឱ្យទៀត ខ្ញុំបញ្ជាក់ឱ្យហើយ ក្រែងលោអ្នកណាចង់ធ្វើ…» ។
គួរបញ្ជាក់ដែរថា កន្លងមក រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) ដែលមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន។ ក.គ.ផ.ស ត្រូវបង្កើតឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។ ប៉ុន្តែសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានទុកចោលយូរ មិនទាន់បានអនុម័ត ។
ដោយឡែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានណូមពរឱ្យរាជរដ្ឋាភិបាល ពន្លឿនការចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។
លោកបណ្ឌិត ប៉ា ចន្ទរឿន ថ្លែងថា «រដ្ឋាភិបាល គួរតែពន្លឿនដំណើរការនៃការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង និងការដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់កុំឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានលក្ខណៈជំរុញដល់អ្នកទទួលទាន»។
ដោយឡែក ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ការពិសាគ្រឿងស្រវឹង ធ្វើឱ្យប៉ះពាល់ថ្លើម ខូចលំពែង រលាកក្រពះ ពោះវៀន និងកើតជំងឺមហារីកផ្សេងៗ។ លោកស្រី បានព្រមានពីការគ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹង ដែលប៉ះពាល់ដល់អាយុជីវិត ដោយថា ក្នុងចំណោមនុស្ស ១០០នាក់ ដែលពិសាគ្រឿងស្រវឹង មាន៤៨ភាគរយ ដែលកើតមានជំងឺថ្លើម និងក្នុងចំណោម ៤៨ភាគរយនេះ នឹងវិវត្តទៅរកការស្លាប់ ៦៦.៥ភាគរយ ។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា គ្រឿងស្រវឹង ក៏បណ្តាលឱ្យខូចលំពែង ២៦ភាគរយ រលាកក្រពះ ពោះវៀន ឬមហារីកក្រពះពោះវៀន ១១ភាគរយ មហារីកមាត់ និងមហារីកបំពង់ក ២៦ភាគរយ និងខូចបញ្ញាញាណ ដែលឈានទៅដល់កើតជំងឺឆ្កួតជ្រូក ១៣ភាគរយ រួមទាំងជំងឺផ្សេងៗទៀត។ ការទទួលទានគ្រឿងស្រវឹង មិនត្រឹមនាំឱ្យខូចសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យកើតមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕ កុលបុត្រ