Friday, December 27, 2024
Homeព័ត៌មានជាតិក្រុមជ្រុលនិយម មេបក្សសន្តិភាពជាតិ ស្នើពន្លឿនបង្កើតច្បាប់ដាក់ចូលបញ្ជីខ្មៅភេរវកម្ម

ក្រុមជ្រុលនិយម មេបក្សសន្តិភាពជាតិ ស្នើពន្លឿនបង្កើតច្បាប់ដាក់ចូលបញ្ជីខ្មៅភេរវកម្ម

ភ្នំពេញ ៖ មេបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានស្នើពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ចូលបញ្ជីខ្មៅភេរវកម្ម ដើម្បីធានាស្ថិរភាពនយោបាយ សន្តិភាព សមធម៌ វឌ្ឍនភាពសង្គមនៅកម្ពុជា យូរអង្វែង តាមប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យ ដែលមានស្រាប់ ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថា «ច្បាប់ដាក់ក្រុមជ្រុលនិយម ចូលក្នុងបញ្ជីខ្មៅភេរវកម្ម» ខ្ញុំ រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ នឹងស្នើលិខិតទៅគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា ពិនិត្យលទ្ធភាពពន្លឿនការបង្កើតច្បាប់នេះ ដើម្បីធានាស្ថិរភាពនយោបាយ សន្តិភាព សមធម៌ វឌ្ឍនភាពសង្គមនៅកម្ពុជា យូរអង្វែង តាមប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យយើងមានស្រាប់“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ចូលបញ្ជីខ្មៅភេរវកម្មនេះ វាមិនប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ឬនាំឲ្យមានការបែកបាក់ជាតិ ឬមួយក៏ប៉ះពាល់ទៅលើក្រុមណាមួយទេ ។ ផ្ទុយទៅវិញ នយោបាយជ្រុលនិយម នាំឲ្យបែកបាក់ជាតិ ដែលយើងមិនអាចមើលស្រាលបានឡើយ ព្រោះនយោបាយជ្រុលនិយមនេះ បង្កើតឲ្យមានការរើសអើងជាតិសាសន៍ បង្កើតឲ្យមានការគុំកួនស្អប់គ្នា ដូចដែលលោកសម រង្ស៊ី ធ្លាប់លើកឡើងថា មានអញ អត់ឯង ឬមានស៊ី អត់សែន ។ ដូច្នេះការបង្កើតច្បាប់នេះ គឺធានាដល់សន្តិសុខជាតិ ធានាដល់ការបង្រួបបង្រួមជាតិមួយយ៉ាងពិតប្រាកដ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញថា ការបង្រួបបង្រួមជាតិ វាជារឿងមួយដែលសំខាន់ ឯកភាពជាតិ ពង្រឹងស្ថិរភាពនយោបាយ សន្តិភាព វាធានាដល់ការអភិវឌ្ឍរបស់ជាតិ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ហើយយើងនឹងឆ្ពោះទៅនីតិរដ្ឋជាមួយនឹងគ្នា ។ ប៉ុន្តែអ្វីដែលសំខាន់ មួយរយៈកាលចុងក្រោយនេះ យើងឃើញថា ដំណើរនយោបាយរបស់លោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ គាត់ធ្វើនេះ កាន់តែខុសបន្ទាប់ហើយ មានន័យថា ក្នុងមួយៗថ្ងៃ គាត់គិតតែពីការផ្ដូលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ហើយក្រុមនយោបាយរបស់គាត់ ពីមួយពេល ទៅមួយពេល ចេះតែរុញទៅជ្រុលនិយម លាបពណ៌ បំបែកបាក់ជាតិនេះ កាន់តែធ្ងន់ទៅៗហើយ ។ អ៊ីចឹងដើម្បីធានាដល់ការឯកភាពជាតិមួយពិតប្រាកដ ព្រោះពាក្យថា ឯកភាពជាតិ មិនមែនបានន័យថា ទាល់តែទាំងអស់គ្នាឯកភាព បានហៅថា ឯកភាពទេ ។ មានន័យថា កម្លាំងដែលនាំជាតិទាំងអស់ ដែលភាគច្រើនដាច់ខាត ដែលដឹកនាំប្រទេសបច្ចុប្បន្ននេះ មានការរួមគ្នាតែមួយនោះ នោះហើយហៅថា កម្លាំងឯកភាពជាតិនោះ មិនមែនបានន័យថា ទាល់តែទាំងអស់ទេ ។ អ៊ីចឹងខ្ញុំយល់ថា ច្បាប់ដាក់ក្រុមជ្រុលនិយម ចូលទៅក្នុងបញ្ជីខ្មៅភេរវកម្ម វាជារឿងមួយដែលល្អ ពីព្រោះច្បាប់នេះ វាមិនមែនមានតែស្រុកខ្មែរទេ ពិភពលោកផ្សេងទៀត ប្រទេសគេជឿនលឿនផ្សេងទៀត គេបានធ្វើរួចទៅហើយ ។ អ៊ីចឹងយើងរៀនសូត្រពីគេ ដោយសារអី? នយោបាយជ្រុលនិយម នាំឲ្យបែកបាក់ជាតិ ដែលយើងមិនអាចមើលស្រាលបានឡើយ ព្រោះនយោបាយជ្រុលនិយមនេះ បង្កើតឲ្យមានការរើសអើងជាតិសាសន៍ បង្កើតឲ្យមានការគុំកួនស្អប់គ្នា មានឯង អត់អញ ដែលលោកសម រង្ស៊ី តែងតែលើកឡើងហ្នឹង មានស៊ី អត់សែន នោះ ។ អ៊ីចឹងវាជារឿងមួយដែលមិនចំណេញសោះសម្រាប់ប្រទេសជាតិ ។ ដូច្នេះខ្ញុំជាអ្នកឃ្លាំមើលសង្គម រួមនិងជាអ្នកនយោបាយបន្តវេនទៅមុខទៀតនេះ ខ្ញុំចង់ស្នើឲ្យគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ពិចារណាពន្លឿននូវការបង្កើតច្បាប់នេះ ឲ្យបានកាន់តែឆាប់ កាន់តែល្អ ព្រោះវាចំណេញសម្រាប់ជាតិ និងប្រជាជនរបស់យើង ហើយមិនឲ្យក្រុមអង្គការចាត់តាំងមួយដែលជ្រុលនិយម មានការរីកធំធាត់ រហូតដល់ថ្នាក់គ្រប់គ្រងលែងបាន ធ្វើឲ្យជាតិយើងវិនាសអន្តរាយនោះទេ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “យន្តការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា របស់យើង គឺយើងអនុវត្តរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយការផ្លាស់ប្ដូរ គឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ អ៊ីចឹងការបង្កើតច្បាប់នេះ ខ្ញុំគិតថា វាមិនប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ឬនាំឲ្យមានការបែកបាក់ជាតិ ឬមួយក៏ប៉ះពាល់ទៅលើក្រុមណាមួយដែរ ឲ្យតែគោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេសរបស់យើង ។ លោកសម រង្ស៊ី ក៏ដោយ បើសិនជាគាត់ធ្វើនយោបាយមួយក្នុងក្របខ័ណ្ឌច្បាប់ ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ របស់យើងពិតប្រាកដ ហើយធ្វើនយោបាយតាមច្បាប់ដែលបានកំណត់នោះ ខ្ញុំគិតថា វាមិនប៉ះពាល់អ្វីដល់លោកសម រង្ស៊ី ហើយនិងក្រុមរបស់គាត់ទេ ។ ប៉ុន្តែនយោបាយជ្រុលនិយមនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់គាត់ ហើយពីមួយថ្ងៃ ទៅមួយថ្ងៃ ចរិតនយោបាយរបស់គាត់កាន់តែធ្វើឲ្យគាត់ចាកឆ្ងាយពីគន្លងរដ្ឋធម្មនុញ្ញ នៃប្រទេសរបស់យើង ។ ដូច្នេះខ្ញុំយល់ថា ការបង្កើតច្បាប់នេះ វាមិនធ្វើឲ្យបែកបាក់បាក់ជាតិ ឬក៏បាត់ឯកភាពជាតិនោះទេ ។ ប៉ុន្តែអ្វីដែលជាជំហាននយោបាយចុងក្រោយរបស់លោកសម រង្ស៊ី ដែលខ្ញុំគិតថា ជាជំហាននយោបាយជ្រុលនិយម ហើយវាលើសបន្ទាត់ក្រហមនោះ គឺទី១ ប្រកាសបង្កើតនូវចលនាតស៊ូមួយ ដែលផ្ដួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត រដ្ឋាភិបាលមួយដែលស្របច្បាប់ ។ អ៊ីចឹងនេះជាបន្ទាត់ក្រហមមួយ ដែលលោកសម រង្ស៊ី ដើរជាន់ ។ ចំណុចទី២ ក្រុមរបស់គាត់មានអង្គការចាត់តាំងជាប្រព័ន្ធ ដែលបដិសេធចោលរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។ មានន័យថា នៅពេលក្រុមគាត់ឈ្នះឆ្នោត ដឹកនាំប្រទេស ឬមួយក៏ក្រុមគាត់ផ្ដួលរំលំរដ្ឋាភិបាលបានសម្រេច សូម្បីតែស្ថាប័នព្រះមហាក្សត្រ ក៏ក្រុមហ្នឹងមិនទុកដែរ ។ អ៊ីចឹងមានន័យថា ការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរនោះ គឺបានកើតឡើងហើយ ។ ចំណុចទី៣ ដែលខ្ញុំមើលឃើញនោះ គឺលោកសម រង្ស៊ី អំពាវនាវឲ្យមានយុទ្ធសាស្រ្តផ្ការីក មានន័យថា ឲ្យមានការប្រឆាំងចេញពីក្រុមកងកម្លាំងប្រដាប់អាវុធ ឬមួយក៏ស្ថាប័នផ្សេងៗទៀត ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះ គឺជាចលនាមួយហៅថា ក្បត់ជាតិពេញទីហើយ ។ អ៊ីចឹងទង្វើរបៀបនេះ ខ្ញុំយល់ថា សម្ដេចហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំប្រទេសយើងក្នុងពេលបច្ចុប្បន្ននេះ គួរតែគិតពិចារណា ហើយពន្លឿននូវការបង្កើតច្បាប់នេះ ដើម្បីមិនឲ្យចលនានេះរីករាលដាលនៅក្នុងទឹកដីប្រទេសរបស់យើងទេ ពីព្រោះកាលណាអនុញ្ញាត ចរន្តនៃការបែកបាក់ជាតិនេះ វាកាន់តែធ្ងន់ធ្ងរហើយ ព្រោះវានៅតែមួយចំណុចទេ ។ នៅមួយចំណុចដែលខ្ញុំចង់និយាយនេះ គឺទី១ ពេលដែលគាត់បង្កើតចលនាតស៊ូហើយ វាដូចជារដ្ឋាភិបាលនិរទេសអ៊ីចឹង“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងបើមានអង្គការចាត់តាំងនៅក្នុងស្រុក មានក្រុមដែលស្ម័គ្រស្មោះជាមួយគាត់នៅក្នុងស្រុក ហើយគាត់នៅខាងក្រៅ គាត់មានលទ្ធភាពទិញគ្រាប់បែក ទិញកាំភ្លើង អ៊ីចឹងក្រុមជ្រុលនិយមមួយក្ដាប់តូច ចេញពីត្រង់ណាមិនដឹងទេ វានឹងធ្វើឲ្យសង្គមយើងវឹកវរហើយ ។ អ៊ីចឹងកាលណាបង្កើតច្បាប់នេះឡើង គឺក្រុមណាដែលមានទំនាក់ទំនងនឹងក្រុមហ្នឹង គឺនៅក្នុងប្រទេស គឺក្រុមនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ៊ីចឹងវាកាត់បន្ថយបានច្រើន យើងការពារ ប្រសើរជាងព្យាបាល ។ អ៊ីចឹងក្រុមរបស់លោកសម រង្ស៊ី ចលនារបស់គាត់នេះ នៅសល់តែឱកាសមួយនៅពេលដែលសង្គមមានការប្រែប្រួល ចលាចលសេដ្ឋកិច្ចក្ដី នយោបាយសកលក្ដី មានឱកាសកើនឡើង គឺក្រុមនេះអាចនឹងលើកប្រឆាំងរដ្ឋាភិបាលពេញទីតែម្ដង ។ អ៊ីចឹងសួរថា ចាំដល់ពេលហ្នឹងបានរដ្ឋាភិបាល ប្រកាសទ័ព ដើម្បីទៅកម្ទេចចោល ឬមួយក៏យ៉ាងម៉េច? ព្រោះសង្រ្គាមបច្ចុប្បន្ន វាមិនសូវរីកនៅទីជនបទ ឬក៏ព្រៃភ្នំទេ វាច្រើនរីកនៅទីក្រុង ។ អ៊ីចឹងបើសិនជាទៅថ្ងៃមុខ ការការពាររបស់យើងមិនបានច្បាស់លាស់ យើងធ្វើអ្វីចាំហានិភ័យកើតឡើងហើយ បានរត់ទៅដោះស្រាយ វាមិនងាយទេ ។ អ៊ីចឹងបើសិននៅរាជធានីភ្នំពេញ មានអ្នកជ្រុលនិយមប្រមាណមួយពាន់ ពីរពាន់នាក់ ស្រាប់តែមានកាំភ្លើងពេញដៃ ឥឡូវអ្នកភ្នំពេញ ទាំងមូលគិតម៉េច? រដ្ឋាភិបាលទាំងមូល គិតម៉េច? ទម្លាក់គ្រាប់បែកកម្ទេចអ្នកទីក្រុងភ្នំពេញ ចោលទាំងអស់ ឬមួយក៏យ៉ាងម៉េច? អ៊ីចឹងវាធ្វើឲ្យអន្តរាយ ។ អ៊ីចឹងការបង្កើតច្បាប់នេះ គឺធានាដល់សន្តិសុខជាតិ ធានាដល់ការបង្រួបបង្រួមជាតិមួយយ៉ាងពិតប្រាកដ ហើយឲ្យដំណើរការជាតិរបស់យើងឆ្ពោះទៅមុខ ប្រជាជនមានការយល់ដឹងខ្ពស់ ហើយមានការអភិវឌ្ឍ នោះហើយជាអ្វីដែលប្រជាជន ចង់បាន ព្រោះការផ្លាស់ប្ដូររបបតាមរបៀបសន្លឹកឆ្នោត ជាពិសេសជាងការផ្លាស់ប្ដូរតាមរបៀបបដិវត្តន៍ពណ៌ ឬមួយក៏ផ្លាស់ប្ដូរតាមរយៈបដិវត្តប្រដាប់អាវុធ?“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “ជាយោបល់របស់ខ្ញុំ ទី១ នៅក្នុងច្បាប់នេះ ការកាត់ចូលនៅក្នុងបញ្ជីខ្មៅភេរវកម្មនោះ គឺសម្រាប់អ្នកណាដែលគាំទ្រដល់ចលនានយោបាយផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬមួយក៏យ៉ាងម៉េចនេះ គឺត្រូវតែទទួលទោសទណ្ឌនៅក្នុងកម្រិតណាមួយ ដែលស្របតាមច្បាប់ដែលយើងមានហើយ ឬក៏កែសម្រួលថ្មីខ្លះ ។ អ៊ីចឹងតែប៉ុណ្ណឹងទៅ គឺអ្នកនៅក្នុងប្រទេសដែលដង្ហែតាមសម រង្ស៊ី ហ្នឹង គឺធ្វើអ្វីក៏មានការប្រុងប្រយ័ត្នដែរ ។ អ៊ីចឹងជាវិធានការមួយល្អ រឿងទោសទណ្ឌ ហើយទី២ អ្នកដែលបង្កើតរដ្ឋាភិបាលនិរទេស ឬក៏ចលនាតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលនេះ គឺចូលទឹកដីអាស៊ីអាគ្នេយ៍ អត់បាន មិនមែនចូលទឹកដីខ្មែរ មិនបានទេ ចូលទឹកដីអាស៊ីអាគ្នេយ៍ អត់បាន ។ មានន័យថា ធ្វើដំណើរមក គឺចូលដល់ប្រទេសអាស៊ីអាគ្នេយ៍ គឺត្រូវតែចូលបញ្ជីខ្មៅ គឺត្រូវតែហោះត្រលប់ទៅវិញហើយ ។ អ៊ីចឹងការធ្វើចលនាអីផ្សេងៗដើម្បផ្ដួលរំលំរដ្ឋាភិបាល ក៏វាជួបនូវការលំបាកខ្លាំង ហើយយូរៗទៅ អស់ការគាំទ្រ រដ្ឋាភិបាលនិរទេសនោះ នឹងរលាយទៅឯងតែម្ដង ដូចសម សារី អ៊ីចឹង ។ អ៊ីចឹងវាគ្មានអីអស្ចារ្យទេ ។ ជារួមត្រលប់មកវិញ ខ្ញុំសុំបញ្ជូនសារនេះ ទៅកាន់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដែលជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអាសនៈនៅរដ្ឋសភា សូមលោកមេត្តាពិនិត្យនូវសេចក្ដីព្រាងច្បាប់នេះ ហើយពន្លឿនដើម្បីធ្វើម៉េចធានាដល់ដំណើរការប្រទេសជាតិរបស់យើងទៅមុខ ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញ ហើយធានានូវដំណើរការជាតិយើងឆ្ពោះទៅមុខ រកសេរីភាពពិតប្រាកដ ក្រោមរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងកុំស្ទាក់ស្ទើរជាមួយនឹងការបង្កើតច្បាប់នេះ ពីព្រោះបង្កើតច្បាប់នេះ វាបានផលចំណេញសម្រាប់ជាតិ ច្រើនជាងអ្វីដែលយើងចេះតែបណ្ដែតបណ្ដោយធ្វើឲ្យចរន្តជាតិរបស់យើងជួបនូវបញ្ហារាំងស្ទះមិនចេះចប់ ។ ជាមួយនេះ ខ្ញុំសុំនូវការគាំទ្រពីមតិជាតិ ទាំងប្រជាពលរដ្ឋ ទាំងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រទាំងអស់គ្នា ធ្វើម៉េចដើម្បីឲ្យដំណើរការជាតិរបស់យើង ប្រព្រឹត្តទៅដោយរលូន ហើយធានានូវដំណើរការនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា របស់យើង យើងគាំទ្រទាំងអស់គ្នា ។ កាលណាកម្លាំងជាតិយើងរួមគ្នាខ្លាំង កម្លាំងតូចៗដែលវាជាទិសដៅផ្ទុយហ្នឹង គឺវាគ្មានឥទ្ធិពលអីទេ ។ អ៊ីចឹងយើងគ្នាច្រើន យើងត្រូវតែរួមគ្នា ទស្សនៈយើងដូចគ្នា យើងត្រូវតែជួយគ្នា ពង្រឹងគ្នា ធ្វើយ៉ាងម៉េចដើម្បីឲ្យជាតិរបស់យើងដើរទៅមុខ” ។

គួរបញ្ជាក់ថាការស្នើរបស់លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ខាងលើនេះ ធ្វើឡើងក្រោយពេលដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅប្រទេសកូរ៉េខាងត្បូង ស្ដីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅខេត្តឃ្យុងសាងបុកដូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា កម្ពុជា អាចនឹងរៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម នៅពេលខាងមុខ ដើម្បីទប់ស្កាត់ចលនាជ្រុលនិយម ដែលនៅព្យាយាមប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា ។ សម្ដេចហ៊ុន សែន បញ្ជាក់ថា គម្រោងធ្វើច្បាប់នេះ គឺដោយសារក្រុមបុគ្គលមួយចំនួនដែលប៉ុនប៉ងបំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់ពួកគេនៅឡើយ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ប្រហែលកម្ពុជា មានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់យើង ក៏នៅតែមាននៅឡើយ។ ដូច្នេះដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់”។

បន្ទាប់មកទៀត នៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន បានចោទជាសំណួរថា តើដល់ពេលឬនៅ ដែលត្រូវដាក់ក្រុមប្រឆាំង ទៅក្នុងបញ្ជីក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេស បានបង្កបញ្ហាម្តងហើយម្តងទៀត រុញឱ្យប្រជាជន មិនទទួលបានសេចក្តីសុខណាមួយ តាមរយៈការបង្កើតចលនាប្រឆាំងផ្សេងៗ រួមទាំងជាការញុះញង់ អុចអាល ដែលវាអាចដល់ជាការផ្ទុះអាវុធ រវាងកម្ពុជា និងថៃ ពាក់ព័ន្ធនឹងបញ្ហាកោះគុត។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំច្បាប់ដាក់ក្រុមនេះ ទៅជាក្រុមភេវរកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ ព្រោះនេះវាមានចំណុចជាការញុះញង់ អុចអាល ដែលវាអាចដល់ជាការផ្ទុះអាវុធ រវាងកម្ពុជា និងថៃ តែម្តង។ នេះមិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ“ ៕ កុលបុត្រ

RELATED ARTICLES