Friday, December 27, 2024
Homeព័ត៌មានជាតិឧកញ៉ាជា ចំរើន រំលឹករឿងឡាច សំរោង ផិតក្បត់ លេបយកសាកលវិទ្យាល័យ

ឧកញ៉ាជា ចំរើន រំលឹករឿងឡាច សំរោង ផិតក្បត់ លេបយកសាកលវិទ្យាល័យ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យបណ្ឌិតឧកញ៉ា ជា ចំរើន បានរំលឹករឿងលោកឡាច សំរោង ផិតក្បត់ លេបយកសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា របស់លោក ដែលធ្វើឲ្យលោកឈឺចាប់ដល់សព្វថ្ងៃ ។ ប៉ុន្តែលោកថា យុត្តិធម៌លោកិយ មានពិតមែន ឬកម្មកំពុងតែតាមស្នងលោកឡាច សំរោង ហើយនៅពេលនេះ បន្ទាប់ពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា រូបនេះ មានជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ជាមួយលោកលី សាម៉េត ហើយកំពុងតែរត់គេចខ្លួន ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

លោកឧកញ៉ាបណ្ឌិត ជា ចំរើន បានបង្ហោះរូបភាពលោកជាមួយលោកឡាច សំរោង កាលនៅសហការគ្នា អុជធូបស្បថស្បែជាមួយគ្នា កាលពីប៉ុន្មានឆ្នាំមុន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយសំណេរថា “ខ្ញុំឃើញរូបថតមួយសន្លឹកនេះ បានស្បថស្បែអភិវឌ្ឍន៍សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ឲ្យរីកចម្រើន តែចុងក្រោយ ផិតក្បត់ លេបយកសាកលវិទ្យាល័យ ទៅធ្វើផ្តេសផ្តាសទៅវិញ បានធ្វើឲ្យខ្ញុំឈឺចាប់មកទល់សព្វថ្ងៃនេះ.. តែយុត្តិធម៌លោកិយមានពិត…” ។

ក្រោយពីបានឃើញសំណេររបស់លោកឧកញ៉ាបណ្ឌិត ជា ចំរើន ខាងលើនេះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកម្ពុជា បានចូលទៅខម្មិន (comment) ថា “លោកគ្រូ! យុគ៩ មនុស្សអាក្រក់ វាវិនាសហើយ តែដូចមិនទាន់ឃើញចាប់ខ្លួនបានទេ មិនដឹងវារត់ចូលរន្ធកណ្ដុរណាបាត់ទៅហើយ មីស្រីមួយទៀត“ ។

ទោះបីជាយ៉ាងណា ជុំវិញការរំលឹករឿងឈឺចាប់ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់បញ្ជាក់បន្ថែមពីលោកឧកញ៉ាបណ្ឌិត ជា ចំរើន បានទេ កាលពីម្សិលមិញ ដោយលេខទូរស័ព្ទរបស់លោក គ្មានការឆ្លើយតប ។

គួររំលឹកថា អ្នកគ្រប់គ្រង បុគ្គលិកកម្មករ និងនិស្សិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ត្រូវបានសមត្ថកិច្ចចម្រុះ ចុះអនុវត្ដដីកាសម្រេចរក្សាការពារ បង្ខំឱ្យចាកចេញពីដី និងអគារលេខ៤៣ (អតីតអគារស៊ីម៉ាក់) ស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទៅតាមអំណាចសាលដីកាសម្រេចរក្សាការពារ លេខ១២ រឆ ចុះថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។ ការចុះអនុវត្ដដីការក្សាការពារនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោកឧកញ៉ា គួច ម៉េងលី មានលំនៅ ផ្ទះលេខ១៧ABCD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ជាម្ចាស់បំណុល ដែលបានប្ដឹងកូនបំណុល លោកស្រី ចាប ច័ន្ទម៉ាលីកា ភរិយាលោកឧកញ៉ាបណ្ឌិត ជា ចំរើន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលមិនបានបង់ប្រាក់ឈ្នួល ចំនួន៣ខែ ។ លោកស្រី ចាប ច័ន្ទម៉ាលីកា មានលំនៅផ្ទះលេខ២០Z ផ្លូវលេខ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានជួលអគារលេខ៤៣ ខាងលើដែលជាអតីតអង្គការស៊ីម៉ាក់ ដើម្បីបើកសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា តាំងពីចុងខែកក្កដា ឆ្នាំ២០១២ ក្នុង១ខែ ប្រមាណ ៤០០០ដុល្លារ កុងត្រាចំនួន១០ឆ្នាំ ហើយបានកក់ប្រាក់ ចំនួន៤ម៉ឺនដុល្លារ ។ បន្ទាប់ពីទទួលបានសិទ្ធិ លោកស្រី ចាប ច័ន្ទម៉ាលីកា និងលោក ជា ចំរើន បានធ្វើការជួសជុលរៀបចំធ្វើជាសាលារៀន ។ នៅចុងក្រោយ រយៈពេលប្រមាណ ៣ខែ លោកស្រី ចាប ច័ន្ទម៉ាលីកា មិនបានបង់ប្រាក់ថ្លៃឈ្នួល ជាហេតុធ្វើឱ្យលោកឧកញ៉ា គួច ម៉េងលី ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំឱ្យលោកស្រី ចាប ច័ន្ទម៉ាលីកា បញ្ឈប់រាល់សកម្មភាពជួសជុល សាងសង់ រាល់សកម្មភាពអាជីវកម្ម និងសុំឱ្យលោកស្រី ព្រមទាំងបុគ្គលិក កម្មករក្រោមឱវាទទាំងអស់ចាកចេញពីដីនិងអគារដែលមានក្បាលដី លេខ៤៣ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ទើបត្រូវបានសាលាដំបូងចេញដីកាសម្រេចរក្សាការពារ ហើយកម្លាំងសមត្ថកិច្ចចុះអនុវត្ដនៅពេលនោះ ។

នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលមានទីតាំងថ្មី នៅក្បែវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រកាសបើកដំណើរការជាផ្លូវការឡើងវិញ ដោយបានតែងតាំងលោកឡាច សំរោង ជាសាកលវិទ្យាធិការ ។

ថ្លែងក្នុងឱកាសនោះ លោកឡាច សំរោង ក្នុងនាមជាសាកលវិទ្យាធិការ បានប្ដេជ្ញាចិត្តគោរពនូវគោលនយោបាយរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច ជាស្ថាបនិក នៅក្នុងការអនុញ្ញាតឲ្យមានវត្តមានសាកលវិទ្យាល័យនេះ ដោយយោងតាមអនុក្រឹត្យ៥៦ អនក្របក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ដើម្បីសាកលវិទ្យាល័យដំណើរការ ។ លោកឡាច សំរោង បានបញ្ជាក់នៅពេលនោះថា នឹងធ្វើឲ្យមាននិរន្ដរភាពនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដោយឈរលើគោលការណ៍៣ ៖ ទី១ គោរពចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត។ ទី២ គោរពចំពោះវីរភាពរបស់សាស្ដ្រាចារ្យដែលជាគណៈគ្រប់គ្រង់ និងទី៣ គោរពចំពោះការលះបង់និងការប្ដូរផ្ដាច់ដែលផ្ដល់នូវការទុកចិត្តរបស់លោកបណ្ឌិត ជា ចំរើន ។  ជាពិសេស លោកឡាច សំរោង ប្តេជ្ញានឹងធ្វើឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ស្ថិតនៅក្នុងការអប់រំកម្រិតគុណភាពខ្ពស់ ហើយនិស្សិតចេញពីសាកលវិទ្យាល័យនេះ ទទួលបានការងារ និងទទួលប្រាក់ខែខ្ពស់ ។ ប៉ុន្តែក្រោយមក លោកឡាច សំរោង បានធ្វើឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បាត់ឈ្មោះ ហើយជំនួសមកវិញនូវសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ទៅវិញ។

នៅឆ្នាំ២០១៨ តាមរយៈអនុក្រឹត្យ ចុះថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលស្គាល់ការប្ដូរឈ្មោះសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ទៅជាសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UNIVERSITY OF INDRAWICHEA) សរសេរកាត់ជាភាសាខ្មែរ ស.ឥ.វ និងជាភាសាអង់គ្លេស UI ។

មកដល់ឆ្នាំ២០២៤ ឧកញ៉ាឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ ។

លោកឡាច សំរោង ត្រូវបានគេសង្កេតឃើញថា មានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយលោកលី សាម៉េត ហៅគ្រូមា និងមានវត្តមានហែហមអមដំំណើរគ្រូមា ជានិច្ច ក្នុងកម្មវិធីផ្សេងៗ ជាពិសេសជាអ្នកជូតញើសឲ្យលោកលី សាម៉េត ។ ប៉ុន្តែមកដល់ពេលនេះ ស្របពេលដែលលោកលី សាម៉េត កំពុងជាប់ឃុំក្នុងពន្ធនាគារ តុលាការបានចេញសេចក្ដីប្រកាសព័ត៌មានថា លោក ឡាច សំរោង កំពុងរត់គេចខ្លួនពីសមត្ថកិច្ច ខណៈដែលអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការសង្ស័យថា តាមរយៈការស៊ើបអង្កេត លោក ឡាច សំរោង ដែលមានងារជាឧកញ៉ា និងជាម្ចាស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលពាក់ព័ន្ធនឹងអំពើពុករលួយដែរនោះ អាចកំពុងរត់គេចទៅក្រៅប្រទេស ។

ចំណែកលោកសាស្រ្តាចារ្យបណ្ឌិតឧកញ៉ា ជា ចំរើន ក្រោយចាកចេញពីនយោបាយ កាលពីឆ្នាំ២០១៦ និងត្រូវបាត់បង់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នោះ នៅឆ្នាំ២០១៨  លោកតែងតែទម្លាយចេញជារឿយៗនូវការឈឺចាប់របស់លោក ដែលត្រូវដៃគូសហការ (លោកឡាច សំរោង) លេបយកសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា របស់លោកទាំងស្រុង ហើយបច្ចុប្បន្ននេះ លោកគឺប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ៕ កុលបុត្រ

RELATED ARTICLES