ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃអភ័ព្វ ១ក្បាល មានអាយុប្រមាណ៥ខែ ជាប់អន្ទាក់ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯ ស្រុកកោះញែក កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួស បណ្តាលមកពីអន្ទាក់ព្រានព្រៃ។

សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង១៧នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុ រក្សដែនជម្រកសត្វព្រៃ លំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃ (ឈ្មោល) ចំនួន០១ក្បាល អាយុប្រហែល៥ខែ ទម្ងន់២០០គីឡូក្រាម រត់តាមបណ្តោយ ផ្លូវលំ ហាក់កំពុងស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីមន្ត្រីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ភ្លាមៗនោះមន្ត្រីឧទ្យានុរក្សជាច្រើននាក់បាននាំគ្នាស្ទាក់ព័ទ្ធចាប់ ដើម្បីពិនិត្យមើលក៏ប្រទះឃើញមានស្នាម របួសនៅត្រង់ចំណុច ក ជើងមុខ ខាងស្តាំ។
ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយយកចិត្តទុកដាក់ រួចធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់ តែសុខភាពកូនសត្វដំរីឈ្មោល ១ក្បាលនេះ គឺនៅមានកម្លាំងមាំមួននៅឡើយ។

បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កំពុងមើលថែរក្សានៅទីស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយកំពុងមានការទំនាក់ទំនងទៅការអន្តរាគមន៍បន្ត ដើម្បីថែរក្សាកូនដំរីព្រៃនេះ៕