Sunday, November 24, 2024
Homeតារាខ្មែរពេជ្រ សោភា បំភ្លឺជម្លោះដេវីត

ពេជ្រ សោភា បំភ្លឺជម្លោះដេវីត

ពេជ្រ សោភា បានចាប់ដៃគូជាមួយលោកងួន ចាន់ដេវីត ធ្វើវ៉ុលចូលឆ្នាំរបស់ហង្សមាស កាលពីឆ្នាំ២០១៦ ផ្ទុះកក្រើកពេញផ្ទៃប្រទេស ដូចជាបទ “រាំញីកែងជើង”, “ស្រលាញ់បង ម៉ែឱ្យជិះឆ្កែ” ជាដើម។ ប៉ុន្តែ មុនពេលដែលហង្សមាស រៀបចំថត MV ថ្មី សម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០១៧ នេះ ស្រាប់តែមានព័ត៌មានថា ពេលនេះ ពេជ្រ សោភា បានឈ្លោះគ្នាជាមួយលោកដេវីត ហើយលែងចាប់ដៃគូជាមួយគ្នាតទៅទៀតហើយ ដោយសារតែដេវីត ងាកទៅចាប់ដៃគូជាមួយស្រីក្មេង នាងទេព បូព្រឹក្ស ដែលមិនដែលត្រូវគ្នាជាមួយពេជ្រ សោភា នោះវិញ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយពេជ្រ សោភា កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ តារាហង្សមាស រូបនេះ ហាក់មិនចង់និយាយពីរឿងនេះឱ្យបានច្បាស់លាស់ឡើយ ហើយនាងថា កុំជឿលើគេនិយាយតាម Facebook ច្រើនពេក ព្រោះពេលខ្លះមិនមែនជាការពិតទាំងស្រុងទេ។

សោភា និយាយដោយប្រុងប្រយ័ត្នថា “ខ្ញុំនិងដេវីត ដូចជាមិនមានបញ្ហាអីជាមួយគ្នាផង តែការដែលខ្ញុំមិនសូវបានចាប់ដៃគូជាមួយគ្នាមួយរយៈនេះ គឺដោយសារតែមានភាពរវល់រៀងៗខ្លួន ម៉្យាងទៀតគឺកម្មវិធីខ្លះ គេតម្រូវឱ្យច្រៀងតែម្នាក់ឯង អីចឹងមិនបានទៅរួមគ្នាទេ។ ចំពោះរឿងថា ដេវីត ទៅចាប់ដៃគូជាមួយទេព បូព្រឹក្ស នោះ គឺជារឿងរបស់គាត់ ឬជាការរៀបចំរបស់ក្រុមហ៊ុន ដើម្បីឱ្យប្លែក ខ្ញុំគ្មានបញ្ហាអីទេ មិនថាតែជាមួយបូព្រឹក្ស ទេ ជាមួយតារាណាផ្សេងទៀតក៏បានដែរ ស្រេចតែលើដេវីត ចង់”។

មានការលើកឡើងថា ពេជ្រ សោភា បានយកកិត្តិយសខ្លួននាងផ្ទាល់ ដើម្បីធានាងួន ចាន់ដេវីត ចូលជាតារាចម្រៀងហង្សមាស ខណៈដែលពីមុននោះ ដេវីត គ្រាន់តែជាជាងជួសជុលទូរស័ព្ទម្នាក់ នៅផ្សារម៉ុងឌីយ៉ាល់ ប៉ុណ្ណោះ តែពេលដេវីត បានល្បីមានលុយឡានទំនើបជិះហើយ បែរជាដោះដៃចោលពេជ្រ សោភា លែងចង់ច្រៀងជាដៃគូជាមួយគ្នាទៀត ទើបនៅលើបណ្តាញសង្គមមានការរិះគន់ជាច្រើន លើម្ចាស់បទ “រាំញីកែងជើង” នេះថា ជាតារារមិលគុណ ឬក្រពើជាដើម។

 

ពេជ្រ សោភា បន្ថែមថា “ខ្ញុំមិនដែលតាំងខ្លួនថាជាអ្នកមានគុណដល់អ្នកណាទេ គឺនៅលើមហាជនជាអ្នកវាយតម្លៃទៅចុះ។ ពីមុន ដេវីត ពិបាកមែន តែឥឡូវគាត់មានការងារសិល្បៈច្រើន ហើយគាត់ជាអ្នកមានសមត្ថភាពម្នាក់ អីចឹងមិនអាចនិយាយថា ខ្ញុំជាអ្នកជួយគាត់ទេ។ ព័ត៌មានខ្លះពិបាកណាស់ អីចឹងសូមបងប្អូនកុំអាលជឿលើ Facebook ពេក ដូចជាថា ខ្ញុំនិងដេវីត ឈ្លោះគ្នា តែតាមពិតដូចជាមិនមានរឿងអីផង”។

ដោយឡែកលោកងួន ចាន់ដេវីត បានលើកទូស័ព្ទនៅថ្ងៃដដែលនេះ តែមិននិយាយអ្វីទេ ហើយក៏ផ្តាច់ទូរស័ព្ទវិញ ពេលដឹងថា ជាអ្នកកាសែត។

ប៉ុន្តែ ឪពុកងួន ចាន់ដេវីត លោករស់ កុសល បានសរសេរនៅលើ Facebook ថា “ខ្ញុំបានសួរគាត់ (ដេវីត) ថា ហេតុអីកូនមិនបកស្រាយប្រាប់មហាជនកុំឱ្យយល់ខុសពីកូន? គាត់ប្រាប់ខ្ញុំថា គាត់មិនអាចនិយាយបានទេ គាត់សុខចិត្តឱ្យគេហៅថា ក្រពើ តែដាច់ខាត គាត់មិនអាចយករឿងមិនល្អរបស់គាត់ប្រាប់មហាជនឱ្យដឹងឡើយ”។ ការថ្លែងសាររបស់ឪពុកងួន ចាន់ដេវីត នោះ នាំឱ្យមហាជនខ្លះបានរិះគន់លោកថា កាន់ជើងកូនខ្លួនឯង ទើបក្រោយមក ដេវីត បានតបវិញថា “បើចង់ជេរៗខ្ញុំមក កុំជេរឪពុកខ្ញុំ! សូមទោសអ្នកទាំងអស់គ្នាផង ខ្ញុំពស់ ខ្ញុំក្រពើ ដូច្នេះជេរខ្ញុំចុះ កុំប៉ះពាល់អ្នកមានគុណខ្ញុំ ធម្មតាគាត់ឪខ្ញុំ មិនឱ្យគាត់នៅខាងខ្ញុំ ចង់ឱ្យគាត់កាន់ជើងអ្នកដទៃ ឬយ៉ាងម៉េច? ខ្ញុំក្រពើ ខ្ញុំពស់ ដៀលខ្ញុំចុះ!”។

តាមប្រភពថា ពេជ្រ សោភា មិនមានបំណងចាប់ដៃគូជាមួយលោកងួន ចាន់ដេវីត ទៀតឡើយ ប្រសិនបើមិនមានការផ្សះផ្សានោះ ព្រោះអ្វីដែលនាងក្តៅចិត្ត គឺឮថា ដេវីត ដែលត្រៀមចាប់ដៃជាមួយបូព្រឹក្ស នោះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង ខណៈដែលដេវីត ក៏បានដឹងដែរថា នាងមិនត្រូវគ្នាជាមួយបូព្រឹក្ស នោះ ដែលនេះជាចេតនាចង់បញ្ឈឺនាងតែម្តង។ តែអ្នកខ្លះ ថា ដេវីត ក៏អន់ចិត្តសោភា ដែលលែងសូវរវីរវល់ចាប់ដៃគូច្រៀងលើឆាកជាមួយខ្លួន បែរជាទៅនែបនិត្យតែជាមួយប្រុសថ្មីលោកឆឹម សក្កដា នោះទៅវិញ ទើបរូបគេលេងមួយក្បាច់វិញដាក់សោភា នោះ គឺការស្និទ្ធស្នេហ៍ជាមួយស្រីក្មេងបូព្រឹក្ស។

ពេជ្រ សោភា បន្ថែមថា “រឿងអ្នកណាទាក់ទងច្រៀងឆ្លងឆ្លើយជាមួយអ្នកណា ខ្ញុំមិនដឹងទេ តែខ្ញុំនិងដេវីត នៅតែចាប់ដៃគ្នាលើឆាកអីចឹង ប្រសិនបើកម្មវិធីតម្រូវនោះ ប៉ុន្តែ មិនដឹងថាពេលណាទេ។ នៅឆ្នាំ២០១៧ នេះ ក្រុមហ៊ុនក៏មានបទចម្រៀងជាច្រើន តម្រូវឱ្យខ្ញុំចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ ដែរ អីចឹងយើងមិនអាចថាចាប់ដៃគូជាមួយអ្នកណារហូតបានទេ”។

ទស្សនិកជនបានលើកឡើងថា ពេជ្រ សោភា បានធ្លាក់ម្តងហើយ ក្រោយរៀបការប្តីទាហានអាកាសអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៥ នោះ។ ប៉ុន្តែ អ្នកមេម៉ាយរូបនេះបានឡើងកូដវិញ ក្រោយលែងប្តី និងចាប់ដៃជាមួយលោកដេវីត ហើយដេវីត ក៏មានគេស្គាល់ដោយសារតែសោភា ដែរ ដូចនេះ អ្នកទាំង២មិនអាចខ្វះគ្នាបានទេ ព្រោះជាដៃគូដ៏ស៊ីចង្វាក់ បើបែកគ្នា ប្រាកដជាធ្លាក់រៀងខ្លួនជាមិនខាន…៕

RELATED ARTICLES