Wednesday, December 11, 2024
Homeព័ត៌មានជាតិស្ថានការណ៍ទុំជោរ សម រង្ស៊ី ប្រកាសចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តផ្ការីក

ស្ថានការណ៍ទុំជោរ សម រង្ស៊ី ប្រកាសចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តផ្ការីក

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធសាស្រ្តផ្ការីក ដោយលោកបានលើកឡើងថា ស្ថានការណ៍ទុំជោរហើយ របបត្រកូល ហ៊ុន ជាប់គាំង ទៅមុខលែងរួចហើយ សេដ្ឋកិច្ចធ្លាក់ចុះដល់បាត ជីវភាពប្រជាពលរដ្ឋមិនដែលដុនដាបបែបនេះ ដូច្នេះត្រូវចាប់ផ្ដើមអនុវត្តយុទ្ធសាស្រ្តផ្ការីក ឬកេះប្រាប់គ្នាពីមួយទៅមួយថា ផ្ការីក ។ ទោះបីយ៉ាងណា បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានថ្កោលទោសលោកសម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់ ដែលញុះញង់ប្រើយុទ្ធសាស្រ្តផ្ការីក ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

សូមបញ្ជាក់ថា លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា “យើងត្រូវចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តផ្ការីក ស្ថានការណ៍ទុំជោរហើយ របបត្រកូលហ៊ុន ជាប់គាំង ទៅមុខលែងរួចហើយ សេដ្ឋកិច្ចធ្លាក់ចុះដល់បាត ជីវភាពប្រជាពលរដ្ឋ មិនដែលដុនដាបបែបនេះ បន្ទាប់ពីរបបខ្មែរក្រហម ប៉ុល ពត រដ្ឋអំណាចខ្វះថវិកាកាន់តែច្រើន ដើម្បីបំពេញកិច្ចការរបស់ខ្លួនឲ្យបានត្រឹមត្រូវ គម្រោងធំៗជាប់គាំងទាំងអស់ ដូចជាព្រែកជីកហ្វូណន។ ប្រទេសចិន លែងជួយរបបត្រកូលហ៊ុន ដូចមុនទៀតហើយ ពីព្រោះដឹងថា របបនេះ ជិតដួលរលំហើយ ប្រជាពលរដ្ឋរាប់លាននាក់ ដែលព្រាត់ប្រាសម៉ែឪ កូនចៅ ទៅធ្វើការនៅប្រទេសថៃ ហើយដែលជំពាក់បំណុលធនាគារវ័ណ្ឌក កំពុងតែក្តៅក្រហាយកាន់តែខ្លាំង ពីអំពើពុករលួយនិងភាពអយុត្តិធម៌ក្នុងសង្គមជាតិ កងកម្លាំងប្រដាប់អាវុធមួយចំនួនធំ ក៏កាន់តែក្តៅក្រហាយដែរ ពីអំពើពុករលួយនិងភាពអយុត្តិធម៌ ក្នុងជួរកងទ័ពនិងកងនគរបាល» ។

លោកសម រង្ស៊ី សរសេរបន្តថា «ឧត្តមសេនីយ៍ និងនាយទាហានរាប់រយនាក់ ត្រូវបានគេចាប់ដាក់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ឬបទក្លែងប្រឌិតផ្សេងៗទៀត តែតាមការពិត របបត្រកូលហ៊ុន គ្រាន់តែរកលេសដើម្បីកម្ចាត់អ្នកដែលមិនពេញចិត្ត ពីរបៀបដឹកនាំប្រទេសសព្វថ្ងៃ ដែលឈរលើវប្បធម៌បក្ខពួកនិយមនិងគ្រួសារនិយម។ ក្នុងស្ថានការណ៍កាន់តែពុះកញ្ជ្រោលឡើងបែបនេះ គ្រួសារខ្មែរនីមួយៗ ដែលមានសាច់ឈាមក្នុងជួរកងកម្លាំងប្រដាប់អាវុធ ត្រូវតែខ្សឹបប្រាប់កូនចៅ ស្វាមី ឪពុក និងបងប្អូនម្នាក់ៗ ដែលធ្វើជាយោធាឬនគរបាល ឲ្យត្រៀមខ្លួនអនុវត្តយុទ្ធសាស្រ្តផ្ការីក»។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា “យុទ្ធសាស្រ្តផ្ការីក ធ្វើឲ្យហ៊ុន សែន វង្វេង ហ៊ុន សែន កំពុងតែភ័យខ្លាចយុទ្ធសាស្រ្តផ្ការីក ខ្លាំងណាស់។ បន្តិចទៀតនេះ គាត់នឹងចោទប្រកាន់អ្នកណាដើរតាមផ្លូវ កាន់ផ្កាមួយទង ឬនារីណាដែលសៀតផ្កានៅត្រចៀក ថាជា “ភេរវករ”។ ពុទ្ធបរិស័ទ ដែលយកផ្កា ទៅថ្វាយព្រះ នៅតាមវត្តអារាម ក៏ហ៊ុន សែន នឹងចោទប្រកាន់ថាជា “ភេរវករ” ដែរ។ ឯហាងឬតូបលក់ផ្កា នៅតាមផ្សារ និងចម្ការផ្កា នៅតាមជនបទ ក៏ហ៊ុន សែន នឹងចោទប្រកាន់ថាជា “សំបុកភេរវករ” ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា “របបឪកូនត្រកូលអាសាដ ផ្តាច់ការ ៥០ឆ្នាំ តែឥឡូវនេះ បានដួលរលំក្នុងរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ។ ផ្ការីក ប្រទេសស៊ីរី“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “ផ្ការីក នៅប្រទេសស៊ីរី មេដឹកនាំផ្ដាច់ការ Bashar AL-Assad បានរត់គេចខ្លួនទៅប្រទេសរុស្ស៊ី បាត់ហើយ។ ៥០ឆ្នាំ ប្រទេសស៊ីរីគ្រប់គ្រងដោយរបបផ្តាច់ការ ពីឪពុក មកកូន ត្រកូលអាសាដ ប៉ុន្តែឥឡូវនេះវាចប់ហើយ។ យុទ្ធសាស្រ្តផ្ការីកនេះ ធ្វើឲ្យហ៊ុន សែន វង្វេង ហ៊ុន សែន កំពុងតែភ័យខ្លាចយុទ្ធសាស្រ្តផ្ការីក ខ្លាំងណាស់។ បន្តិចទៀតនេះ គាត់នឹងចោទប្រកាន់អ្នកណាដើរតាមផ្លូវ កាន់ផ្កាមួយទង ឬនារីណាដែលសៀតផ្កានៅត្រចៀក ថាជា “ភេរវករ”។ ពុទ្ធបរិស័ទ ដែលយកផ្កា ទៅថ្វាយព្រះ នៅតាមវត្តអារាម ក៏ហ៊ុន សែន នឹងចោទប្រកាន់ថាជា “ភេរវករ” ដែរ។ ឯហាងឬតូបលក់ផ្កា នៅតាមផ្សារ និងចម្ការផ្កានៅតាមជនបទ ក៏ហ៊ុន សែន នឹងចោទប្រកាន់ថាជា “សំបុកភេរវករ”។

លោកសម រង្ស៊ី បានសរសេរបន្ថែមទៀត នៅថ្ងៃដដែលថា “គ្មានរបបតពូជតត្រកូលណាអមតៈទេ។ គ្មាននរណាដឹងថា នឹងអ្វីកើតឡើងនៅថ្ងៃខាងមុខ។ ផ្ការីក“ ។

សំណេរខាងលើនេះ បានធ្វើឡើងក្រោយពេលដែលអតីតមេបក្សប្រឆាំង និងជាមេចលនាជាតិតស៊ូ សម រង្ស៊ី បានបង្ហោះសារអំពាវនាវ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា “កេះប្រាប់គ្នាពីមួយទៅមួយថា ផ្ការីក“ ។

ទោះបីយ៉ាងណា ក្រោយឃើញសារខាងលើនេះ លោកជុំ កុសល សមាជិកគណៈកម្មធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានថ្លែងសារប្រតិកម្មថ្កោលទោសលោកសម រង្ស៊ី ថា បើទណ្ឌិតរូបនេះខ្លាំង ហ៊ានប្រកាសយុទ្ធសាស្រ្តផ្ការីក សុំឲ្យចូលមកក្នុងស្រុកធ្វើឲ្យរីកដោយខ្លួនឯងទៅ កុំញុះញង់ពីខាងក្រៅ ព្រោះគួរឲ្យស្អប់ខ្ពើមបំផុត នៅពេលដែលអ្នកនយោបាយនោះ បានព្យាយាមដុតបំផ្លាញប្រទេសគ្រប់មធ្យោបាយ នាំប្រជាពលរដ្ឋមួយចំនួន ឲ្យមានកំហុសផ្លូវច្បាប់ ហើយខ្លួនឯងនៅដេកស្រួលឯក្រៅប្រទេស ។

លោកជុំ កុសល បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា “បើខ្លាំង ចូលមកធ្វើឲ្យរីកដោយខ្លួនឯងមក កុំស្រែកតែពីក្រៅ! “ ។

លោកជុំ កុសល បានសរសេរបន្ថែម នៅទី០៧ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមមើលប្រវត្តិសាស្ត្រឡើងវិញថា តើប្រទេសមួយនេះ ធ្លាប់មានរឿងរ៉ាវអ្វីខ្លះពីអតីតកាល ហើយបានដើរមកដល់ពេលនេះ ដោយកត្តាអ្វី? ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប គ្មាននរណាម្នាក់មិនបានដឹងពីដំណើរនៃជាតិរបស់ខ្លួននោះទេ ទោះបីជាអ្នកកើតមិនទាន់ ក៏ដឹងតាមរយ:ប្រវត្តិសាស្ត្រដែរ ។ ចុះបើយើងដឹងហើយ ហេតុអីក៏នៅតែមានអ្នកនយោបាយខ្លះ នៅព្យាយាមទាញឲ្យដើរថយក្រោយ វិលត្រឡប់ទៅអតីតកាលវិញ? គួរឲ្យស្អប់ខ្ពើមបំផុត នៅពេលដែលអ្នកនយោបាយនោះ បានព្យាយាមដុតបំផ្លាញប្រទេសគ្រប់មធ្យោបាយ នាំប្រជាពលរដ្ឋមួយចំនួន ឲ្យមានកំហុសផ្លូវច្បាប់ ហើយខ្លួនឯងនៅដេកស្រួលឯក្រៅប្រទេសនោះ ។ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះគំនិតដ៏អាក្រក់បំផុតរបស់ទណ្ឌិតរូបនោះ និងសូមថ្កោលទោសដាច់អហង្ការចំពោះអំពើដ៏ថោកទាបបំផុតទាំងនោះ ដើម្បីចូលរួមថែរក្សានូវអ្វីដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា ពាក្យថា «ផ្ការីក» គឺវាជាទម្រង់បដិវត្តន៍ពណ៌ ព្រោះកាលពីឆ្នាំ២០១០ លោកសម រង្ស៊ី ក៏ធ្លាប់បានទៅសិក្សាពីបដិវត្តន៍ផ្កាម្លិះ នៅទុយនីស៊ី ដែលផ្ដួលរំលំមហាម៉ាត់ អាលី ។ ដូច្នេះពាក្យថា «ផ្ការីក» មានន័យថា ជាចេតនារបស់គេ ធ្វើឲ្យកំហឹងប្រជាពលរដ្ឋចាប់ផ្ដើមរីកធំៗទៅ ដូចផ្កាដែលត្រូវសន្សើម គឺវាមិនមែនជារឿងធម្មតាដូចការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី នោះទេ ។

លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! សម រង្ស៊ី បច្ចុប្បន្ននេះ ខ្ញុំប្រៀបបានដូចជាសត្វសុនខត្រូវរបួស ដែលត្រដរខ្យល់ ហៀបនឹងដាច់ខ្យល់ទៅហើយ គ្រាន់តែថា បុគ្គលនេះមានចរិតមួយ គេហៅថា ចរិតចងអាឃាត តាំងពីធ្វើនយោបាយ មានសិទ្ធិចូលរួមបោះឆ្នោតមក បុគ្គលនេះមិនដែលបានអីជួយដល់ជាតិ ក្រៅតែពីបង្កើតឲ្យមានបាតុកម្ម ទប់ស្កាត់វិនិយោគ ហើយជាងនេះទៅទៀតនោះ គឺចាត់ទុកដៃគូនយោបាយ ជាគូបដិបក្ខ ហាក់បីដូចជាសត្រូវចំពោះមុខ មានឯង អត់អញ មានអញ អត់ឯង អាហ្នឹងវាឆ្លុះបញ្ចាំងឲ្យឃើញពីចរិតមនុស្សដែលមានចិត្តកំណាចឃោរឃៅ ។ ឥឡូវនេះខ្លួននៅក្រៅស្រុក គ្មានឱកាសមកចូលធ្វើនយោបាយក្នុងប្រទេសវិញទេ ប៉ុន្តែអាមហិច្ឆតានៅតែមាន គំនុំនៅតែមាន ជាងនេះទៅទៀត គំនុំហ្នឹងគឺវាកាន់តែក្ដៅឡើង ។ អ៊ីចឹងរាល់ការអំពាវនាវរបស់បុគ្គលនេះ គឺវាធ្វើឲ្យមនុស្សមួយចំនួនដែលមិនបានពិចារណា ប្រឈមចំពោះមុខច្បាប់ ពីព្រោះវាជាការអំពាវនាវបែបឧទ្ទាមជន ធ្វើឲ្យចលាចល ឲ្យងើបឡើងដើម្បីបះបោរ ដើម្បីធ្វើបដិវត្តន៍អី ដូចចលនាផ្ការីកស្អី ចលនាជាតិនិយមស្អី អាហ្នឹងវាសុទ្ធតែជារឿងខុសច្បាប់ វាសុទ្ធតែការញុះញង់ឲ្យមានបដិវត្តន៍មួយកើតឡើងហើយ ។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលមួយរូបដែរ ខ្ញុំសូមថ្កោលទោសដាច់អហង្កាចំពោះបុគ្គលសម រង្ស៊ី និងបក្ខពួកនេះ ដែលតែងតែបង្កអុជអាលឲ្យប្រជាពលរដ្ឋអនុវត្តតាមនយោបាយក្បត់ជាតិរបស់ខ្លួន គឺស្នើសុំឲ្យរាជរដ្ឋាភិបាលហ្នឹងពិចារណាឲ្យបានលឿនបំផុត ក្នុងការបង្កើតច្បាប់ដាក់ក្រុមនេះ ដាក់បុគ្គលនេះជាក្រុមភេរវករនោះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ចំពោះទណ្ឌិតរូបនេះថា សម្ដេចហ៊ុន សែន កំពុងភ័យ វង្វេងនិងភ័យខ្លាចយុទ្ធសាស្រ្តផ្ការីកនោះ ខ្ញុំយល់ឃើញថា សម្ដីនេះ វាគ្រាន់តែជាសម្ដីចាក់អុជអាល ទី១ ឲ្យសម្ដេចផ្ទាល់ លោកកាន់តែមានអារម្មណ៍ខឹងសម្បា តបអីទៅវិញអ៊ីចឹងទៅ។ ទី២ទៀត អាចថាជាចិត្តសាស្រ្តមួយទាក់ទាញអ្នកដែលខ្លួនគិតថា មកគាំទ្រខ្លួនហ្នឹង ឲ្យជឿថា សម្ដេចហ៊ុន សែន មានចំណុចខ្សោយហើយ បានជាភ័យខ្លួន ភ័យអីហ្នឹង ។ អាហ្នឹងវាគ្រាន់តែជាចិត្តសាស្រ្តដដែលៗរបស់បុគ្គលហ្នឹងតែប៉ុណ្ណោះទេ តែធាតុពិត សម្ដេច លោកមិនមានអីទៅមានការភ័យព្រួយអីទេ រង់ចាំមើលថា ឲ្យតែអ្នកឯងប្រកាសបង្កើតអង្គការចាត់តាំងចលនាខុសច្បាប់ហ្នឹងមក នឹងអាលបង្កើតច្បាប់អនុវត្តតែប៉ុណ្ណឹងទេ ខ្ញុំមើលឃើញអ៊ីចឹង ។ ក្នុងន័យនេះដែរ ការដែលទណ្ឌិតរូបនេះ ប្រើយុទ្ធសាស្រ្តផ្ការីក ជាយុទ្ធសាស្រ្តធម្មតា ហើយថា បន្តិចទៀត អាចចាប់អ្នកកាន់ផ្កាតាមដងផ្លូវ ឬអ្នកលក់ផ្កាក្នុងហាងអីនោះ អានេះវាគ្រាន់តែជាសម្ដីការពារនូវគំនិតអាក្រក់របស់ខ្លួនទេ ។ ពាក្យថា ផ្ការីកហ្នឹង គឺវាជាទម្រង់បដិវត្តន៍ពណ៌ហើយ យើងមើលកាលពីឆ្នាំ២០១០ សម រង្ស៊ី ក៏ធ្លាប់បានទៅសិក្សាពីបដិវត្តន៍ផ្កាម្លិះ នៅទុយនីស៊ី ដែលផ្ដួលរំលំមហាម៉ាត់ អាលី អីហ្នឹង ។ ពាក្យថា ផ្ការីក គឺអ៊ីចឹងឯង មានន័យថា ចេតនារបស់គេ គឺធ្វើឲ្យកំហឹងប្រជាពលរដ្ឋហ្នឹងចាប់ផ្ដើមរីកធំៗទៅ ដូចផ្កាដែលត្រូវសន្សើម ពេលដែលវារីកអ៊ីចឹង ។ អានេះវាជាចេតនា វាមិនមែនជារឿងធម្មតាអីដូចការលើកឡើងទេ ហើយយើងមើលទៅ ដូចជាការប្រកាសឲ្យប្រជាពលរដ្ឋយកគំរូតាមបង់ក្លាដែស អីហ្នឹង អាហ្នឹងតើធម្មតាឬក៏យ៉ាងម៉េច? យើងពិចារណាឃើញប៉ុណ្ណឹង ព្រោះបង់ក្លាដែស គឺជាការងើបឡើងរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដួលរំលំថ្នាក់ដឹកនាំរបស់ខ្លួនអីហ្នឹង ហើយឥឡូវនេះ គាត់លើកឡើងផ្ការីក នៅប្រទេសស៊ីរី ទៀត វាកាន់តែបង្ហាញថា ហ្នឹងហើយ មនុស្សនេះមើលឃើញតែចំណុចណាដែលវាជារឿងអាក្រក់សម្រាប់ក្រៅប្រទេស គឺគេយកមកដាក់នៅក្នុងខួរក្បាលគេ ដើម្បីធ្វើជាគំរូ ធ្វើជាការបៀបធៀបអីជាដើមនោះ ក៏ប៉ុន្តែវាភ្លេចគិតថា ប្រទេសកម្ពុជាមិនមែនប្រទេសអស់ទាំងនោះទេ ហើយជាងនេះទៅទៀត អ្នកដែលគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជន ដែលការពារសន្តិភាពពេញមួយប្រទេស ត្រូវយល់ចំពោះបញ្ហានេះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “ជារួម ទី១ ខ្ញុំសុំផ្ញើសារទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសមនុស្សមួយចំនួនណា ទោះបីមាននិន្នាការប្រឆាំង ខ្ញុំដឹងថា បងប្អូនខ្លះ គាត់នៅជាប់គំនិតនិន្នាការប្រឆាំង ដោយសារការមិនសប្បាយចិត្តរឿងអីមួយ កើតចេញពីបុគ្គលនេះ បុគ្គលនោះមានអំណាច មានបុណ្យស័ក្ដិអីអ៊ីចឹងទៅ គាត់គិតមិនដល់ គាត់ទៅមានកំហឹងមួយចង់ឲ្យរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំហ្នឹង ធ្វើអ្វីទៅតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង សូមកុំលង់លើយ ហើយកុំក្លាហានរហូតដល់ហ៊ានធ្វើសកម្មភាពអីដែលវាជាបទល្មើស អាហ្នឹងគឺត្រូវប្រយ័ត្នប្រយែង ។ សិទ្ធបញ្ចេញមតិ វាមានបន្ទាត់ច្បាប់របស់គេ ។ ទី២ទៀត សុំអំពាវនាវដល់ប្រជាពលរដ្ឋហ្នឹង យើងធ្វើយ៉ាងណារក្សាចិត្តគំនិត អារម្មណ៍ ឆន្ទៈឲ្យនឹងន ពីព្រោះយើងកំពុងតែមានសន្តិភាព និងការអភិវឌ្ឍ ។ រាជរដ្ឋាភិបាល លោកខិតខំណាស់ យើងត្រូវចូលរួមការពារសន្ដិភាពដែលកំពុងតែមានបច្ចុប្បន្ននេះ ឲ្យស្ថិតស្ថេរចីរកាលតទៅ“ ។

ដោយឡែក ថ្លែងក្នុងពិធីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤  សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស ឱ្យបង្ហាញក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនិរទេស ឱ្យបានលឿនមក ដើម្បីឆាប់បានចេញច្បាប់ដាក់ទោស។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំចង់ថា ឲ្យវាប្រកាសគណៈរដ្ឋមន្រ្តី ឲ្យបានលឿនម៎ោ តែវាមិនព្រមចេញឈ្មោះ អាណាធ្វើនាយករដ្ឋមន្រ្តី? អាណាធ្វើឧប? អាណាធ្វើរដ្ឋមន្រ្តី? នឹងអាលចេញច្បាប់មួយគ្រឹប! នេះ ។ ប៉ុន្តែវាមិនហ៊ានប្រកាសទេ បើវាហ៊ានចេញប្រធានាធិបតី បានសេចក្ដីថា អ្ហែងកំពុងតែប្រឆាំងរបបរាជានិយម ព្រោះអ្ហែងបង្កើតរដ្ឋាភិបាលមួយដែលមានប្រធានាធិបតី ។ អ្ហែងដាក់ចេញម៉ោ តែវាមិនព្រមដាក់ម៉ោនេះ វានៅផ្ការីក ។ អាហ្នឹងផ្ការីក ផ្ការោយ អ្ហែងប្រុងធ្វើអីហ្នឹង ផ្ការីក ផ្ការោយហ្នឹង?“ ។

គួរបញ្ជាក់ថា គិតចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រកាសបង្កើតចលនាជាតិតស៊ូមក លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានយកទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន សរសេរសារអំពាវនាវដោយប្រយោល ដល់កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ សកម្មជន ប្រជាពលរដ្ឋនៅក្នុងស្រុក ឲ្យងើបឡើងបញ្ចេញសំឡេងប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្រ្តផ្ការីក ឬបដិវត្តន៍ពណ៌ ដូចនៅប្រទេសបង់ក្លាដែស ។

ជាក់ស្ដែង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានលើកឡើងថា មិនថាបងប្អូនគាំទ្រគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ ឬគណបក្សហ៊្វុនស៊ិនប៉ិច ទេ សូមដោះអាវបក្សចេញ ពាក់អាវជាតិជំនួសវិញ គឺរួមគ្នាជាធ្លុងមួយ “កុំយកបក្សជាធំ ត្រូវយកជាតិជាធំ” ហើយត្រូវតែងើបឈរក្រោកឡើង តស៊ូទាំងអស់គ្នាដើម្បី “បុព្ធហេតុជាតិយើង”។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរនៅថា “រៀបចំប្រទេសរបស់យើងឡើងវិញ ផ្ការីក “ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងខម្មិនថា “យើងចាប់ផ្តើមរៀបចំប្រទេសរបស់យើងឡើងវិញ ពីជំហានដំបូង បោសសម្អាតអំពើពុករលួយពីថ្នាក់មេដឹកនាំកំពូល សម្អាតតុលាការពុករលួយ លុបបំបាត់បក្សពួកគ្រួសារនិយម ពិនិត្យឯកសារព្រំដែនឡើងវិញ ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ ទាក់ទងនឹងកោះគុត/គុជនិងCLV លប់បំណុល សហការឡើងវិញជាមួយប្រទេសទាំងអស់ដើម្បីប្រមូលការវិនិយោគស្របច្បាប់ពិតប្រាកដ ដែលនឹងបង្កើតការងារដែលមានប្រាក់ខែខ្ពស់ និងគោរពសិទ្ធិមនុស្ស គោរពសិទ្ធិបុគ្គលិក។ យើងបោសសម្អាតឧក្រិដ្ឋកម្ម គ្រឿងញៀន កាស៊ីណូ ម៉ាហ្វីយ៉ា ទោះធំឬតូច ទោះបីពួកវាមានបក្សពួកខ្សែរយះគ្រួសារធំយ៉ាងណាក៏ដោយ។ បង្រួបបង្រួមគ្រប់ភាគីទាំងអស់ មិនថាគណបក្សប្រជាជន ឬបក្សដ៏ទៃទេ យើងទាំងអស់គ្នាជាខ្មែរដូចគ្នា យើងត្រូវរួមគ្នាកសាងប្រទេសជាតិយើងឡើងវិញ។ យើងគោរពតម្លៃនៃសមត្ថភាពនិយម យើងវាយតម្លៃនិងជ្រើសរើសដោយផ្អែកលើសមត្ថភាពរបស់មនុស្ស មិនមែនតាមរយៈគ្រួសារបក្ខពួកនិយមទេ។ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យរបស់យើង យើងនឹងរៀបចំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើងវិញ ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ក្រុមម៉ាហ្វីយ៉ា និងឧក្រិដ្ឋជន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់“ ។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ខែធ្នូ ឆ្នាំ២០២៤ថា “យុទ្ធសាស្ត្រផ្ការីក រាល់ចលនាជាតិតស៊ូ តែងប្រើយុទ្ធសាស្ត្រផ្ការីក។ ក្នុងយុទ្ធសាស្ត្រនេះ មិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយ ពីក្រៅទេ តែត្រូវប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុងមកវិញ។ ត្រូវរៀបចំនិងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូ ដែលស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្តាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងទង្វើក្បត់ជាតិ “ ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោកសម រង្ស៊ី បានសរសេរថា “ ប្តូររបបនេះចេញ អត់មានអ្វីត្រូវខាតទេ ផ្ការីក “ ។

ទោះបីជាយ៉ាងណា ជុំវិញការដាក់ចេញយុទ្ធសាស្ត្រផ្ការីក ឬប្រើកម្លាំងបង្កប់បំផ្ទុះពីខាងក្នុងនេះ ផ្តួលរំលំរាជរដ្ឋាភិបាល ទម្លាក់នាយករដ្ឋមន្ត្រី ដូចនៅប្រទេសបង់ក្លាដែស នេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសានបានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌ ដូចនៅបង់ក្លាដែស ឬប្រទេសនានាក្នុងពិភពលោក គ្រាន់តែជាការដេកស្រមៃ ឬការមានមហិច្ឆតាធំរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះតែប៉ុណ្ណោះ ព្រោះបដិវត្តន៍ណ៌ ឬបដិវត្តន៍ផ្ការីក មិនអាចកើតមាននៅកម្ពុជា បានជាដាច់ខាត បើកើតមានឡើង ត្រូវតែបង្រ្កាប ។ ដូច្នេះសកម្មជនក្នុងស្រុក បើមិនចង់រងគ្រោះ មិនចង់ប្រឈមតាមផ្លូវច្បាប់ សូមកុំជឿតាមញុះញង់ពីខាងក្រៅរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកឲ្យសោះ ព្រោះដូចរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ហើយ គឺងើបមួយ វ៉ៃមួយ មិនឲ្យឡើងបះបោរប្រឆាំងនឹងការដឹកនាំដោយស្របច្បាប់បានទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការប្រកាសប្រកាសរបស់ទណ្ឌិតក្បត់ជាតិនេះ វាគ្រាន់តែជាការបោកបញ្ឆោតប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ពីព្រោះគាត់គ្មានលទ្ធភាពដើម្បីចូលមកក្នុងប្រទេស ដើម្បីដឹកនាំទេ ហើយរឿងមហិច្ឆតាដែលថាធ្វើបដិវត្តន៍ពណ៌ហ្នឹង អាហ្នឹងជាការបង្ហាញឲ្យឃើញជាមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ក៏ប៉ុន្តែលទ្ធភាពគាត់ធ្វើមិនបានទេ ហើយកុំយកសភាពការណ៍កម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសដទៃ ដូចជាបង់ក្លាដែស អីជាដើម ព្រោះបង់ក្លាដែស គឺថាដើម្បីធ្វើបដិវត្តន៍ពណ៌បានជោគជ័យ វាមានតែផ្ទុះពីផ្ទៃក្នុងនៅក្នុងប្រទេស ចុះបើមេដឹកនាំនៅប្រទេសបារាំង នៅអាមេរិក អ៊ីចឹងទេ ទៅធ្វើបដិវត្តន៍ពណ៌ម៉េច? អ៊ីចឹងទេ ការឃោសនារបស់ទណ្ឌិតសម រង្ស៊ី ដែលយកជាតិ មកធ្វើនាំមុខនេះ វាគ្រាន់តែជាការបោកប្រាស់ឲ្យសកម្មជនរបស់ខ្លួនមកជាប់គុកជំនួសខ្លួន ដើម្បីអំណាចតែប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចសម្រេចលទ្ធផលទេ ពីព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល ងើបមួយ វ៉ៃមួយ អាហ្នឹងវាអ៊ីចឹង អត់មានឲ្យបដិវត្តន៍ពណ៌ រងើកភ្លើងតូចរបស់បដិវត្តន៍ពណ៌ហ្នឹង អាចឆេះជាអគ្គិភ័យ ជាបដិវត្តន៍ពណ៌បានទេ ។ និយាយទៅ ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី បង្ហាញសញ្ញាផ្ការីក ជាការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌របស់គាត់ ដូចនៅបង់ក្លាដែស ហើយ ប៉ុន្តែអាហ្នឹងគ្រាន់តែជាការគិតទេ ហើយដូចខ្ញុំបានលើកមិញអ៊ីចឹង គឺថាផ្សាយតាមហ្វេសប៊ុក អាហ្នឹងបដិវត្តន៍ពណ៌តាមហ្វេសប៊ុក អាហ្នឹងធ្វើទៅ ក៏ប៉ុន្តែបើមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដាច់ខាតគឺអត់ឲ្យមានទេ មិនថាបដិវត្តន៍ផ្ការីក ផ្កាស្លោកអីយ៉ាងម៉េចក៏ដោយ ផ្កាស្រពោនអីយ៉ាងម៉េចក៏ដោយ គឺទណ្ឌិត មិនអាចមានលទ្ធភាពធ្វើបាន ពីព្រោះខ្លួនឯងនៅក្រៅប្រទេស….“ ៕ កុលបុត្រ

RELATED ARTICLES