ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពដាក់ម៉ូទ័រអាគុយឆក់សត្វទន្សោងឈ្មោល ១ក្បាល បណ្តាលឱ្យងាប់ ហើយកាប់យកសាច់លក់។
ករណីដាក់អន្ទាក់ឆក់សត្វទន្សោងនេះ បានកើតឡីង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្នុងចម្ការក្រូចឆ្មារ មួយកន្លែងស្ថិតក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះតូ ដា អាយុ៣៤ឆ្នាំ និងទី២-ឈ្មោះបូ កក្កដា អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។ ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូ ២គ្រឿង គោយន្ត ១គ្រឿង ដឹកស៊ីទែនទឹក ត្រាក់ទ័រ ១គ្រឿង និងអន្ទាក់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលជានិច្ចកាល លោកបានក្រើនរំលឹកដល់កងកម្លាំងជំនាញ គ្រប់អធិការដ្ឋានក្រុង ស្រុក ពង្រឹងលើការបង្ក្រាបរាល់បទល្មើសទូទៅជាប់ជាប្រចាំថ្ងៃ។
តាមប្រភពមន្ត្រីមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើ បានប្រើអាគុយនិងខ្សែលួស ឆក់សត្វទន្សោង ដែលជាសត្វដ៏កម្រ បណ្តាលឱ្យងាប់ ហើយកំពុងធ្វើសកម្មភាពពន្លះយកសាច់ ក្រោយមកត្រូវកម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ស្រាវជ្រាវចាប់ឃាត់ខ្លួននៅនឹងកន្លែង រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរតែម្តង។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕