Wednesday, December 11, 2024
Homeព័ត៌មានជាតិអ៊ុំ សំអាន-ម៉ែន ណាត អះអាង កោះគុត អ្នកជំនាញព្រំដែនថា ជារបស់កម្ពុជា

អ៊ុំ សំអាន-ម៉ែន ណាត អះអាង កោះគុត អ្នកជំនាញព្រំដែនថា ជារបស់កម្ពុជា

ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់និរទេសនៅប្រទេសន័រវេយ៍ បានលើកឡើងថា លោកស៊ាន ប៉េងសែ អ្នកជំនាញព្រំដែន កាលនៅរស់ ធ្លាប់បានបញ្ជាក់ច្បាស់ថា កោះគុត ជារបស់កម្ពុជា ហើយគាត់ថែមទាំងបានចងក្រងសៀវភៅ «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិន (កម្ពុជា) និងសៀម ចាប់ផ្តើមពីមាត់សមុទ្រ ចំត្រង់ចំណុចមួយនៅពីមុខកោះគុត កាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុត» ទៀតផង ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថា “តាមសៀវភៅព្រំដែន ដីនិងសមុទ្រ កោះគុត ជារបស់កម្ពុជា។ សៀវភៅនេះ និពន្ធដោយអ្នកជំនាញព្រំដែនកម្ពុជា គឺលោក ស៊ាន ប៉េងសែ ។ សៀវភៅនេះ សរសេរថា «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិន (កម្ពុជា) និងសៀម ចាប់ផ្តើមពីមាត់សមុទ្រ ចំត្រង់ចំណុចមួយ នៅពីមុខកោះគុត ហើយកាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុត»។ លោក ស៊ាន ប៉េងសែ ជាបិតាព្រំដែនសមុទ្រកម្ពុជា និងជាអ្នកជំនាញព្រំដែនទី២របស់កម្ពុជា បន្ទាប់ពីបិតាព្រំដែនកម្ពុជា បណ្ឌិត សារិន ឆាក ។ លោក ស៊ាន ប៉េងសែ ជាវិស្វករ ជាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងជាអតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង។ លោក ស៊ាន ប៉េងសែ ជាអ្នកគូសផែនទីសមុទ្រកម្ពុជា ចំនួនជិត ១០ផ្ទាំង ក្នុងសម័យលោក នល់ ណល់ ។ គូសផែនទីទាំងនេះ ភ្ជាប់នឹងក្រឹត្យស្តីពីខ្ពង់រាបដែនសមុទ្រកម្ពុជារបស់លោក នល់ នល់ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៧២។ លោក ស៊ាន ប៉េងសែ បានស្លាប់នៅឆ្នាំ២០១៨“ ។

លោកអ៊ុំ សំអាន បានសរសេរបន្ថែម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា “ត្រកូលហ៊ុន គិតលុយជាធំ សុខចិត្តបោះបង់ចោលកោះគុត ដើម្បីឲ្យថៃ យល់ព្រមបូមប្រេង យកលុយមកពង្រឹងអំណាច។ បើតាមអតីតរដ្ឋមន្រ្តីការបរទេសថៃ លោក Surakiart បានប្រាប់សារព័ត៌មានថា លោក ហ៊ុន សែន មិនទាមទារយកកោះគុត នោះទេ ប៉ុន្តែកុំទាន់ឲ្យប្រកាស ខ្លាចមានបញ្ហាផ្ទៃក្នុងនៅកម្ពុជា។ កម្ពុជា បានបោះបង់ចោលកោះគុត បើយោងតាមផែនទីភ្ជាប់អនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ (សូមមើលផែនទីភ្ជាប់ក្នុងរូបទី២) គឺបន្ទាត់គូសវាងកោះគុត ឬបន្ទាត់គូសផតចូលមកដែនសមុទ្រខ្មែរ ដើម្បីកាត់ឆ្វៀលកោះគុត ចេញ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា អ្វីដែលលោកស៊ាន ប៉េងសែ អះអាងថា កោះគុត ជារបស់កម្ពុជា គឺជារឿងពិត ហើយចង់បញ្ជាក់ថា មានមួយផ្នែក ឬយ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះគុត គឺជារបស់កម្ពុជា ។ ដូច្នេះហើយបានជាលោកទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុត មកវិញ តែមុននឹងប្ដឹង ត្រូវលុបចោលអនុស្សរណៈយោគយល់ ឆ្នាំ២០០១។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! លោកស៊ាន ប៉េងសែ គាត់ជាអ្នកជំនាញព្រំដែនហ្នឹង គាត់បានអះអាងនៅក្នុងសៀវភៅរបស់គាត់ហ្នឹងថា កោះគុត ជារបស់កម្ពុជា យ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះគុត គឺជារបស់កម្ពុជា ហើយគាត់សំអាងទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយនិងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយនិងយោងទៅតាមច្បាប់សមុទ្រ ក៏បានបញ្ជាក់ថា កោះគុត ជារបស់កម្ពុជា ដែរ ហើយយើងដឹងហើយ លោកស៊ាន ប៉េងសែ ជាអ្នកជំនាញព្រំដែន ហើយក៏ជាអ្នកជំនាញព្រំដែនសមុទ្រផងដែរ ។ ដូច្នេះសៀវភៅព្រំដែនដី សមុទ្រ កោះគុត ជារបស់កម្ពុជា ហ្នឹង និពន្ធដោយលោកស៊ាន ប៉េងសែ ហ្នឹង យើងអាចចាត់ទុកជាឯកសារប្រវត្តិសាស្រ្តមួយ ដែលកូនខ្មែរត្រូវតែសិក្សាស្វែងយល់ពីព្រំដែនកម្ពុជា ហើយនិងរៀនសូត្រពីបញ្ហាព្រំដែនកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ។ ដូច្នេះជាឯកសារប្រវត្តិសាស្រ្តមួយ ដែលកូនខ្មែរ គួរតែស្វែងយល់និងសិក្សាឲ្យមានការយល់ដឹង ដើម្បីការពារបូរណភាពទឹកដីរបស់យើង ។ ដូច្នេះអ្វីដែលលោកស៊ាន ប៉េងសែ អះអាងថា កោះគុត ជារបស់កម្ពុជា ហ្នឹងគឺជារឿងពិត ហើយចង់បញ្ជាក់ថា កោះគុត មានមួយផ្នែក ឬយ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះគុត គឺជារបស់កម្ពុជា ។ អ៊ីចឹងហើយបានយើងទាមទារឲ្យរដ្ឋាភិបាល ប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុត មកវិញ ។ ប៉ុន្តែមុនប្ដឹងទៅ ត្រូវលុបចោលអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ ដែលក្នុងផែនទីដែលភ្ជាប់អនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ ហ្នឹង គឺបានបញ្ជាក់ថា កម្ពុជាបានបោះបង់ចោលកោះគុត ហើយ បានកាត់កោះគុត ទៅឲ្យសៀម ហើយ ។ ដូច្នេះសូមឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង លុបចោលអនុស្សរណៈយោគយល់ ឆ្នាំ២០០១ ហើយប្ដឹងកោះគុត ទៅតុលាការអន្តរជាតិ ដើម្បីយើងទាមទារយកកោះគុត មកវិញ ព្រោះសូម្បីតែអ្នកជំនាញព្រំដែន លោកស៊ាន ប៉េងសែ ក៏បញ្ជាក់ថា កោះគុត គឺជារបស់កម្ពុជា“ ។

ជាមួយគ្នានោះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលធ្លាប់ជាកូនសិស្សរបស់លោកស៊ាន ប៉េងសែ សិក្សាពីរឿងព្រំដែន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកស៊ាន ប៉េងសែ បានពន្យល់លម្អិតណាស់ ពាក់ព័ន្ធនឹងបញ្ហាកោះគុត និងព្រំដែនសមុទ្រកម្ពុជា ជាមួយភាគីថៃ ។ ម៉្លោះហើយបានជាលោកអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការសម្រេចចិត្តត្រូវ នៅជាមួយប្រជាពលរដ្ឋខ្មែរ ហើយទាមទារបូរណភាពទឹកដីជាតិខ្មែរ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្របតាមលិខិតូបករណ៍អន្តរជាតិនានាដែលពាក់ព័ន្ធ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិតហើយ គាត់ (លោកស៊ាន ប៉េងសែ) បានពន្យល់ពួកយើងអំពីការកំណត់ព្រំដែនសមុទ្រច្បាស់លាស់ ។ គាត់ថាព្រំដែនសមុទ្រជាមួយថៃ គេកំណត់នៅលើកំពូលភ្នំខ្ពស់ជាងគេ នៅលើកោះគុត ហ្នឹង ។ អាហ្នឹងស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក្នុងប្រការ២ និងឧបសម្ព័ន្ធ ឬក៏អនុប្រការទី១ និងទី២ នៃឧបសម្ព័ន្ធក្នុងផែនទីនោះ គាត់ពន្យល់ច្បាស់លាស់ ហើយគាត់ថា អាហ្នឹងមិនឲ្យបាត់បន្ទាត់មូលដ្ឋាននៅលើកោះគុត ទេ ព្រោះលើកោះគុត ហ្នឹងវាជាចំណុចតែមួយគត់ ដែលត្រូវវាស់ចេញពីកោះគុត ទៅលើដែនសមុទ្រដទៃៗទៀត ស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ហ្នឹង ហើយត្រូវស្របតាមនឹងច្បាប់សមុទ្រដែរ គាត់ថាច្បាប់សមុទ្រ ដែលអង្គការសហប្រជាជាតិ ធ្វើដំបូងនៅឆ្នាំ១៩៥៨ ហើយគេធ្វើបច្ចុប្បន្នភាពចុងក្រោយ ឆ្នាំ១៩៨២ ដែលហៅថា UNCLOS ១៩៨២ ហ្នឹង ។ គាត់ពន្យល់លម្អិតណាស់ គាត់គូសវាសនៅលើគំនូសផែនទីហ្នឹង ហើយគាត់ប្រាប់ពួកយើង ឲ្យចេះតវ៉ាជាមួយប្រទេសជិតខាង ហើយលោកស៊ាន ប៉េងសែ គាត់និយាយទៀតថា គាត់មិនមានទំនុកចិត្តទៅលើរដ្ឋាភិបាលលោកហ៊ុន សែន ទេ ជំនាន់ហ្នឹង គាត់ថាអ៊ីចឹង ពីព្រោះលោកហ៊ុន សែន ហ្នឹង មិនដែលតវ៉ាទាមទាររបស់ខ្លួនឯងមកវិញទេ សូម្បីតែព្រំដែនសមុទ្រជាមួយវៀតណាម ក៏ព្រមព្រៀងជាមួយវៀតណាម រឿងធ្វើកិច្ចព្រមព្រៀងស្ដីពីដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ដែរ បាត់កោះត្រល់ បាត់កោះក្រចកសេះ អីហ្នឹង អាហ្នឹងជាមូលហេតុមួយ ហើយជាមួយថៃ ក៏គាត់ថា លោកហ៊ុន សែន បានព្រមព្រៀង មានគំនិតបោះបង់កោះគុត ដែរ ។ កាលហ្នឹង គាត់និយាយអ៊ីចឹងដែរ ព្រោះគាត់ដឹកនាំពួកយើងឲ្យប្រឆាំង MOU ឆ្នាំ២០០១ ហើយតាមពិតទៅ ពួកយើងក្នុងនាមចលនានិស្សិតជំនាន់ហ្នឹង ហើយនិងក្រោយមកទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាហ្នឹង ក៏បានតវ៉ាដែរ ហើយស្រាវជ្រាវជាមួយពួកគាត់នៅបារាំង ពីឯកសារពាក់ព័ន្ធមួយចំនួនហ្នឹង ដើម្បីជាការរៀនសូត្រ ហើយមកដល់បច្ចុប្បន្ននេះ យើងឃើញមានការផ្ទុះការតវ៉ាចេញពីស្រុកថៃ រឿងកោះគុត នេះ និងដែនសមុទ្រខ្មែរ-ថៃហ្នឹង យើងអរគុណថៃ ហើយដែលចេញតវ៉ា ធ្វើឲ្យយើងហ្នឹងនិយាយរឿងហ្នឹងបានច្រើន ហើយរំលឹកប្រជាពលរដ្ឋយើង ឲ្យយល់ដឹងអំពីដែនសមុទ្រខ្មែរ ជាមួយថៃ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ហើយជាការពិតហើយ ដូចលោកស៊ាន ប៉េងសែ គាត់ធ្លាប់បញ្ជាក់ជូនអ៊ីចឹង ឆ្នាំ២០០១ ដែល MOU ឆ្នាំ២០០១ ហ្នឹង របស់លោកសុខ អាន ក្នុងរដ្ឋាភិបាលលោកហ៊ុន សែន ជាមួយថៃ ហ្នឹង បានធ្វើរួមគ្នារុករករ៉ែ ក្នុងបំណងរុករ៉ែដែនសមុទ្រ ហើយដល់ថៃ បង្ខំឲ្យខ្មែរ បោះបង់កោះគុត ។ ក្នុងផែនទីឧបសម្ព័ន្ធនៃ MOU ឆ្នាំ២០០១ ហ្នឹង គូសគំនូសឆ្វៀលកោះគុត ប៉ុន្តែជំហររដ្ឋាភិបាលកម្ពុជា គឺនៅរក្សាទាមទារស្របតាមក្រឹត្យរបស់លន់ នល់ ដែរ ។ ក្រឹត្យរបស់លន់ នល់ ហ្នឹង យើងនិយាយឲ្យខ្លីទៅ គ្មានរដ្ឋាភិបាលខ្មែរ ណាមួយ តាំងពីសម័យបារាំង មកដល់បច្ចុប្បន្នហ្នឹង មិនបោះបង់ដែនសមុទ្រខ្មែរ ជាមួយថៃ ទេ ។ ប៉ុន្តែគ្រាន់តែថា កំហុសឆ្គងមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០១ ហ្នឹង គូសគំនូសផែនទីភ្ជាប់តំបន់រុករករ៉ែហ្នឹង គូសឆ្វៀលកោះគុត ចេញ ។ បានន័យថា កម្ពុជា ចង់បោះបង់ចោលកោះគុត  ។ អាកន្លែងហ្នឹងហើយដែលវាមិនសមស្របទៅតាមអ្វីដែលយើងចង់បាន ហើយមិនសមស្របនូវអ្វីដែលខាងគណៈកម្មការព្រំដែនប្រទេសបារាំង ដែលមានលោកស៊ាន ប៉េងសែ ជាប្រធានកាលណោះហ្នឹង ចង់បានដែរ ។ អ៊ីចឹងបានជាបន្តបន្ទាប់មក ពួកយើងហ្នឹងទាមទារជំរុញឲ្យលុបចោល MOU ហ្នឹង ព្រោះ MOU ហ្នឹង វាអត់មានបានចំណេញផលប្រយោជន៍អីដល់ខ្មែរ ទេ ហើយម្យ៉ាងទៀត ពួកយើងក៏ជំរុញឲ្យមានការវាស់វែងបន្ទាត់ព្រដែនជាមួយថៃ ហ្នឹងជាមុន ត្រូវវាស់វែងដែនសមុទ្រឲ្យហើយ កំណត់ដែនសមុទ្រឲ្យហើយ សឹមគិតគូររឿងរុករករ៉ែរួមគ្នា ហើយកាលណាយើងកំណត់ព្រំដែន ដាច់ខាតយើងត្រូវយកសន្ធិសញ្ញាបារាំង-សៀម ហ្នឹងមកធ្វើជាមូលដ្ឋានក្នុងការដោះស្រាយដែនសមុទ្រ ហើយមិនអាចដោះស្រាយទ្វេភាគីទេ ពីព្រោះថា កោះគុត សព្វថ្ងៃហ្នឹង ថៃ កាន់កាប់មួយរយភាគរយហើយ ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា តវ៉ា មានតែតវ៉ានៅលើតុលាការអន្តរជាតិទេ ដូចករណីដែលយើងមានពិសោធន៍មួយល្អ គឺយើងប្ដឹងផ្ដល់ទៅតុលាការអន្តរជាតិ ដូចជាករណីប្រាសាទព្រះវិហារ ។ ជាការពិតហើយ កាលជំនាន់ប្រាសាទព្រះវិហារ ឆ្នាំ១៩៥៤ ហ្នឹង សៀម យកកងទ័ពមកដាក់ពេញហ្នឹង មកត្រួតត្រាប្រាសាទព្រះវិហារ ទាំងស្រុង រហូតដល់ឆ្នាំ១៩៥៩ បានសម្ដេចសីហនុ  សម្រេចចិត្តប្ដឹង ។ មានន័យថា តវ៉ាទ្វេភាគីហ្នឹង ថៃ នៅតែមិនឲ្យ អ៊ីចឹងសម្ដេចសីហនុ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហ្នឹង ។ ប្ដឹងទៅ ICJ ហើយ បាន៣ឆ្នាំក្រោយមក ទើបយើងឈ្នះក្ដី ហើយបទពិសោធន៍ក្នុងរឿងប្រាសាទព្រះវិហារ សៀម ដណ្ដើមកាន់កាប់ស្របតាមមាត្រាទី១ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់បារាំង កាត់ក្ដីឲ្យខ្មែរ ឈ្នះឆ្នាំ១៩៦២ ស្របតាមប្រការ២ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩៥៧ ដែលមានអនុសញ្ញា អនុប្រការទី១ ហើយនិងមានកំណត់ដោយគណៈកម្មការកំណត់ព្រំដែនអីហ្នឹង អនុប្រការទី១ ទី២ហ្នឹង ដែលមានកំណត់ដោយគណៈកម្មការព្រំដែន មានផែនទីភ្ជាប់អីអ៊ីចឹង ។ អ៊ីចឹងបានជាតុលាការអន្តរជាតិ សម្រេចឲ្យខ្មែរ ឈ្នះក្នុងរឿងប្រាសាទព្រះវិហារ ហើយបទពិសោធន៍ហ្នឹង យើងគួរគប្បីតែតវ៉ាប្រទេសថៃ នៅតុលាការអន្តរជាតិ ក្នុងរឿងកោះគុត ដែរ ពីព្រោះកោះគុត ជាខ្សែបន្ទាត់មូលដ្ឋានទី១ ក្នុងការវាស់ដែនសមុទ្រ ហើយកាលណាយើងបាត់ខ្សែបន្ទាត់មូលដ្ឋានលើកោះគុត អ៊ីចឹងដែនសមុទ្រខ្មែរ នឹងត្រូវថៃ ស្រូបយក ស៊ីដាច់បន្ថែមទៀត ។ យើងត្រូវគិតថា ដែនសមុទ្រខ្មែរ មាន៣ម៉ឺនគីឡូម៉ែត្រក្រឡា ជាមួយថៃ មិនមែនដូចគំនូសផែនទីថៃ គូសផ្ដេសផ្ដាសហ្នឹងទេ ។ វានិយាយតាមសន្ធិសញ្ញាបារាំង-សៀម ជារឿងផ្នែកមួយ យើងមានមូលដ្ឋានឯកសារច្បាប់ហ្នឹងវាច្បាស់លាស់ ហើយទី២ យើងមានមូលដ្ឋានច្បាប់មួយទៀត គឺអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ឆ្នាំ១៩៨២ ហើយក្នុង UNCLOS ហ្នឹង គេកំណត់ច្បាស់លាស់ណាស់ ដែនសមុទ្រ គេចែកជា ៣ផ្នែក ទី១ សមុទ្រដែនដីប្រទេសយើងដែលជាប់ឆ្នេរហ្នឹង គេកំណត់ ២២គីឡូ ឬ ១២ម៉ៃល៍ ហើយច្បាប់សមុទ្រដដែលហ្នឹង គេមានសមុទ្រតភ្ជាប់ ហៅថាតំបន់តភ្ជាប់ រួចទៅពីតំបន់ភ្ជាប់ហ្នឹង គេមានតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ហើយតំបន់សេដ្ឋកិច្ចផ្ដាច់មុខ មានជម្រៅពីឆ្នេរទៅក្នុងខ្ពង់រាបបាតសមុទ្រ រហូតទៅដល់ ២០០ម៉ៃល៍ ។ ២០០ម៉ៃល៍ហ្នឹង វាមានប្រវែង ៣៧៦គីឡូម៉ែត្រ រាប់ពីឆ្នេរទៅ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងបើយើងតវ៉ាផ្អែកលើច្បាប់អន្តរជាតិទាំងអស់ហ្នឹង គឺយើងមានអាទិភាពក្នុងការគ្រប់គ្រងដែនដីកោះគុត មួយផ្នែក ។ យើងមិនថា ២ភាគ៣ ឬ៥០% ឬក៏ ១ភាគ៣ទេ យ៉ាងណាក៏ដោយ ឲ្យតែយើងគ្រប់គ្រងមួយផ្នែក នៅលើដែនកោះគុត តាមការសម្រេចរបស់តុលាការអន្តរជាតិ បើសិនជាខ្មែរយើងប្ដឹងផ្ដល់ ។ ប៉ុន្តែមិនមែនបើសិនទេ ក្នុងន័យនេះ យើងចង់ជំរុញឲ្យខ្មែរយើង ត្រូវតែប្ដឹងទាមទារកោះគុត ត្រលប់មកវិញ ព្រោះអាហ្នឹងជាបូរណភាពទឹកដីជាតិ វាមិនមែនជាដំណោះស្រាយនយោបាយទេ ។ កាលណាយើងយកបញ្ហានយោបាយ មកដាក់មុខធំពេក វាខុសនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ វាខុសនឹងបំណងរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយវាជាអំពើក្បត់ជាតិ បើមេដឹកនាំហ៊ានធ្វើក្នុងរឿងហ្នឹង ។ អ៊ីចឹងហើយ យើងមិនចង់ឲ្យអ្នកណាក្បត់អ្នកណាទេ យើងមិនចង់ដាក់អ្នកណាក្បត់ជាតិទេ គឺយើងចង់ឲ្យដោះស្រាយដោយស្រុះស្រួលគ្នានៅលើតុលាការអន្តរជាតិ ហើយកម្ពុជា ត្រូវកសាងឯកសារប្ដឹងទៅ រដ្ឋាភិបាល មានក្រុមការងារគ្រប់គ្រាន់ក្នុងការធ្វើការងារ ហើយបើខ្វះខាត ពឹងពាក់អ្នកស្រាវជ្រាវព្រំដែន ស្ថាប័នឯករាជ្យនានាហ្នឹង ចូលរួមទៅ ហើយរកមធ្យោបាយផ្សះផ្សាផ្ទៃក្នុងជាតិផង ។ ចំណុចអស់ហ្នឹងហើយ ដែលយើងបានរៀនសូត្រពីលោកស៊ាន ប៉េងសែ ហើយក៏យើងបានរៀនសូត្រពីបណ្ឌិតច្បាប់ ឌី ការ៉េត សព្វថ្ងៃគាត់ជាប្រធានគណៈកម្មការព្រំដែនខ្មែរនៅប្រទេសបារាំង។ ហ្នឹងហើយដូចអត់មានអីលើសពីហ្នឹងទេ គ្រាន់តែរំលឹកស្នាដៃខ្លះៗរបស់លោកស៊ាន ប៉េងសែ ក្នុងការតវ៉ារឿងបូរណភាពទឹកដីកម្ពុជា ទាំងជាមួយវៀតណាម ទាំងជាមួយថៃ ហើយក៏វាអរិភាពខ្លះជាមួយនឹងរដ្ឋាភិបាលលោកហ៊ុន សែន ដោយសារលោកហ៊ុន សែន កាលជំនាន់ហ្នឹង មកដល់បច្ចុប្បន្នហ្នឹង មិនទាន់ធ្វើការតំណាងឲ្យកម្ពុជា ការពារផលប្រយោជន៍បូរណភាពទឹកដីជាតិឲ្យខ្មែរ មែនទែននៅឡើយទេ មិនទាន់ឃើញច្បាស់លាស់ទេ ។ អ៊ីចឹងអរិភាពហ្នឹង យើងគិតថា គួរណាស់តែរកដំណោះស្រាយមួយ គឺដំណោះស្រាយជាតិ ហើយដំណោះស្រាយជាតិហ្នឹង ពួកយើងជ្រោមជ្រែងណាស់ បើរដ្ឋាភិបាល ត្រូវការកម្លាំង គំនិតអីជាដើមហ្នឹង តែត្រូវដោះស្រាយដោយពហុភាគី មិនមែនទ្វេភាគីជាមួយថៃ ទេ ។ បើយើងដោះស្រាយរឿងហ្នឹងទ្វេភាគីជាមួយថៃ យើងដោះស្រាយហាហុកសិបឆ្នាំ មួយរយឆ្នាំទៀត មិនចប់ផង ។ បើថៃ កាន់កាប់កោះគុតទៅហើយ គឺថៃ មិនឲ្យមកវិញទេ ហើយដែនសមុទ្រខ្មែរហ្នឹង ចរចាទៅ គឺច្បាស់ជាថៃ បង្ខំឲ្យកម្ពុជា ត្រូវវះកាត់ឆ្វៀលដែនសមុទ្រមួយផ្នែកទៀតទៅឲ្យថៃ ហើយ ។ អ៊ីចឹងយើងមិនត្រូវការកាត់ឆ្វៀលដែនទឹកដីជាតិយើង ទៅឲ្យអ្នកណាទេ គឺយើងការពារទ្រព្យសម្បត្តិរបស់យើងដែលមានហ្នឹង ត្រូវរក្សាឲ្យបាន ហើយវាមានឯកសារស្របច្បាប់ដែលជាលិខិតូបករណ៍អន្តរជាតិ ជាទីពឹងពាក់របស់កម្ពុជា ផង ។ ដូច្នេះហើយបានជាយើងមានអាទិភាពក្នុងការប្ដឹងផ្ដល់ឈ្នះថៃ នៅក្នុងសំណុំរឿងកោះគុត និងដែនសមុទ្រខ្មែរ-ថៃ ហ្នឹង តែដូចនិយាយរំលឹកឡើងវិញ យើងខ្វះមួយ គឺរដ្ឋាភិបាល មិនទាន់មានសមានចិត្ត មិនទាន់សម្រេចចិត្តត្រឹមត្រូវនៅឡើយ ក្នុងការប្ដឹងផ្ដល់ហ្នឹង ។ ម៉្លោះហើយយើងអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការសម្រេចចិត្តត្រូវ នៅជាមួយប្រជាពលរដ្ឋខ្មែរ ហើយទាមទារបូរណភាពទឹកដីជាតិខ្មែរ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្របតាមលិខិតូបករណ៍អន្តរជាតិនានាដែលពាក់ព័ន្ធ ដូចខ្ញុំបានលើកឡើងខាងលើអ៊ីចឹង“ ។

គួររំលឹកថា លោក ស៊ាន ប៉េងសែ កើតនៅឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកមានភរិយា ជាក្មួយសម្តេច ប៉ែន នុត និងមានកូន ៤នាក់។ លោក ស៊ាន ប៉េងសែ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ ក្នុងរបបសាធារណរដ្ឋ របស់លោក លន់ នល់ ដែលកើតចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧០។ ចាប់តាំងពីឆ្នាំ១៩៩៩មក លោកបានក្លាយជាស្ថាបនិកគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក ហើយតែងតែធ្វើការរិះគន់ជាប់ជានិច្ច លើបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ។ លោកបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង នាវេលាទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសបារាំង) ៕ កុលបុត្រ

RELATED ARTICLES