ខេត្តតាកែវ ៖ ក្រោយទទួលបានការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាល ឈ្មោះ “លំផាត់” ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារនិងសួនភូតគាម “ភ្នំតាម៉ៅ” កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយមន្ត្រីបរិស្ថាន នៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា លំផាត់ ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទម្ងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំ ដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជម្រកសត្វព្រៃ លំផាត់ នៅក្បែទីស្នាក់ការកណ្តា លដែនជម្រកសត្វព្រៃ លំផាត់ ខណៈមានឆ្កែមួយក្រុម កំពុងដេញ។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃ លំផាត់ បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ 9ឺលិ ដលិថេ លៅលិនាចបេ ដើម្បីជួយព្យាបាល។

ដោយសារកូនដំរី មានរបួសជើងមុខខាងស្តាំធ្ងន់ ត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយរដ្ឋបាលព្រៃឈើ ស្នើសុំគោលការណ៍ពីលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដើម្បីនាំយកកូនដំរីនេះ មកសង្គ្រោះព្យា បាលនិងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ”។

សូមជម្រាបថា “លំផាត់” គឺជាកូនដំរីទី២ហើយ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅទទួលមកព្យាបាលនិងថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កូនដំរីញី មួយក្បាល ឈ្មោះ “ចាណាម” ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍ នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា មកទល់ពេលនេះ កូនដំរី “ចាណាម” មានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានទទួលការថែទាំយ៉ាងល្អពីមន្ត្រីជំនាញប្រចាំមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ៕

