Wednesday, December 11, 2024
Homeព័ត៌មានជាតិការពារកោះគុត លោកស្រីមួរ សុខហួរ ដឹកនាំសមាជពលរដ្ឋខ្មែរនៅអាមេរិក

ការពារកោះគុត លោកស្រីមួរ សុខហួរ ដឹកនាំសមាជពលរដ្ឋខ្មែរនៅអាមេរិក

សហរដ្ឋអាមេរិក ៖ អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement for Democracy , KMD) លោកស្រីមួរ សុខហួរ បានដឹកនាំធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំង នៅលើទឹកដីសហរដ្ឋអាមេរិក ស្ដីពីបញ្ហាកោះគុត ដើម្បីការពារកោះគុត និងកៀងគរប្រជាពលរដ្ឋ ឱ្យជួយជំរុញរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារកម្មសិទ្ធិលើកោះគុត ឬកោះគជ់ របស់កម្ពុជា ត្រឡប់មកវិញ។

យោងតាមសេចក្តីជូនដំណឹងរបស់ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់ថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីមួរ សុខហួរ ជាប្រធាន បានប្រារព្ធធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំង រដ្ឋកាលីហ្វ័រញ៉ា នៅទីក្រុងឡុងប៊ិច ស្ដីពីបញ្ហាកោះគុត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៦ល្ងាច ស្ថិតក្នុងអាសយដ្ឋាន 1240 E. Carson Street, Long Beach Ca 90807 ដើម្បីកៀងគរប្រជាពលរដ្ឋឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារចំណែកកម្មសិទ្ធិលើកោះគុត ត្រឡប់មកវិញ។

ថ្លែងនៅក្នុងពិធីសមាជនោះ លោកស្រីមួរ សុខហួរ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនជាចលនារបស់នរណាមួយទេ ជាចលនារបស់ខ្មែរទាំងអស់គ្នា ។ ដូច្នេះសមាជពលរដ្ឋខ្មែរ នៅអាមេរិក ដើម្បីការពារកោះគុតនេះ ដើរតួជាពលរដ្ឋសកម្ម ជាពលរដ្ឋដែលស្គាល់សិទ្ធិ យកសិទ្ធិរបស់ខ្លួនយកមកការពារនូវផលប្រយោជន៍ជាតិ ។ បានន័យថា នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងច្បាស់អំពីការធ្វើសមាជជាតិ ដែលត្រូវធ្វើឡើងដោយនាយករដ្ឋមន្រ្តី ដើម្បីស្ដាប់ពីកង្វល់របស់ប្រជារាស្រ្ត និងជជែកគ្នានៅមុខព្រះភក្រ្តព្រះមហាក្សត្រ ប៉ុន្តែមកដល់ពេលនេះ ដោយសាររង់ចាំអស់រយៈពេលដ៏យូរមកហើយ តាំងពីឆ្នាំ១៩៩៣ មក មិនដែលឃើញបើកសមាជជាតិ សូម្បីតែម្ដងនោះ យើងមិនចាំបាច់រង់ចាំឲ្យរដ្ឋាភិបាល បើកទេ គឺយើងត្រូវតែបើកខ្លួនឯង ក្នុងនាមជាពលរដ្ឋសកម្ម ហើយការធ្វើសមាជនៅរដ្ឋកាលីហ្វ័រញ៉ានេះ ជាសមាជលើកទី២ ដែលបន្តបន្ទាប់ទៀត នឹងធ្វើនៅរដ្ឋផ្សេងៗទៀត ក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសជាច្រើនទៀត ជុំវិញពិភពលោក ដែលមានពលរដ្ឋខ្មែរ រស់នៅ ដែលមានដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ណូវ៉ែលហ្សេឡង់ ជាដើម ។

លោកស្រី មួរ សុខហួរ បានមានប្រសាសន៍ថា “ជាសមាជនៃពលរដ្ឋខ្មែរអាមេរិកាំង មែនទេបងប្អូន? វាមានច្បាប់កំពូល អំពីសមាជជាតិ ជំពូកទី១៤ មាត្រា១៤៧ថ្មី សមាជជាតិបើកឲ្យប្រជារាស្រ្ត ជា្របដោយផ្ទាល់ អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ ។ បើសិនជានៅព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជាតិយើង មិនដែលបើកសមាជផង តាំងពីឆ្នាំ១៩៩៣ មក ។ សម័យព្រះកូណា យើងមានសមាជជាតិ ដែលប្រជានុរាស្រ្ត បានចេញទៅកុះករ ដើម្បីយកអាកង្វល់នៃប្រជានុរាស្រ្ត កាលណោះ មានតាំងពីកសិករ មានទាំងអស់ ចេញទៅយកអ្វីដែលជាបញ្ហានៃជាតិ យកទៅជជែកជាមួយគ្នា នៅមុខព្រះមហាក្សត្រ ។ ពេលនេះយើងមិនអាចចាំឲ្យតំណាងរដ្ឋាភិបាលយើងនៅក្រៅប្រទេស នៃប្រទេសកម្ពុជា បើកសមាជឲ្យយើងទេ ពីព្រោះពេលវេលាដល់ហើយ យើងមិនអាចចាំមនុស្សម្នាក់ មកបើកសមាជឲ្យយើងទេ ។ ដូច្នេះនៅក្របខ័ណ្ឌនេះ យើងមកជួបជុំគ្នាក្នុងនាមយើងជាពលរដ្ឋខ្មែរ ដែលមានការទទួលខុសត្រូវ ។ ខ្ញុំសូមប្រកាសថា នេះគឺជាសមាជនៃពលរដ្ឋខ្មែរអាមេរិកាំង ។ មាត្រា១៤៨ថ្មី សមាជជាតិប្រជុំ ១ដង ក្នុង១ឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្រ្តី ។ មិនបាច់ចាំគាត់ទេ គាត់អត់បើកឲ្យយើងទេ ដូច្នេះយើងហ្នឹងឯងដើរតួជាពលរដ្ឋសកម្ម ជាពលរដ្ឋដែលស្គាល់សិទ្ធិ យកសិទ្ធិរបស់ខ្លួនយកមកការពារនូវផលប្រយោជន៍ជាតិ ។ មាត្រា១៤៩ថ្មី សមាជជាតិអនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងរដ្ឋអំណាចពិចារណា ។ ហ្នឹងហើយគឺជាគោលបំណង ហ្នឹងហើយគឺជាសារសំខាន់នៃការជួបជុំគ្នានៅឡុងប៊ិច ហើយចេញពីនេះទៅ យើងនឹងទៅមីនីសូតា យើងនឹងទៅសៅខារ៉ូឡៃណា យើងនឹងទៅម៉ាសសាឈូសេត យើងបានចូលវ៉ាស៊ីងតោន ឌីស៊ី ហើយ ហើយយើងនឹងទៅដល់អូស្រ្តាលី ណូវ៉ែហ្សេឡង់ ទៅដល់កូរ៉េ ទៅដល់ជប៉ុន ទីកន្លែងណាដែលមានពលរដ្ឋខ្មែរ យើងនឹងបើកសមាជ ។ ហើយសូមប្រកាសឲ្យហើយ មានអ្វីដែលការពារយើង? គឺព្រលឹងជាតិយើង ដែលការពារយើង ។ មានអ្វីដែលឲ្យអំណាចមកយើង? គឺព្រលឹងជាតិយើង មិនអាចបុគ្គលណាមួយ មិនអាចគណបក្សណាមួយមកស្រូបយកនូវអំណាចនៃយើងជាពលរដ្ឋបានទេ តែបើសិនជាយើងរស់ដោយសារដង្ហើមគេ អាហ្នឹងយើងសួរខ្លួនឯងមើល ថាយើងជាពលរដ្ឋសកម្មទេ? យើងជាពលរដ្ឋដែលមានការទទួលខុសត្រូវទេ? យើងមិនចេះរស់នៅក្នុងភាពភ័យខ្លាចទេ“ ។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ខ្មែរដើម្បីប្រជាធិបតេយ្យ មានកាតព្វកិច្ច មានបេសកកម្មច្បាស់លាស់ នៅពេលដែលយើងបើកនៅថ្ងៃ២៣ ខែមីនា នៅឡុងប៊ិច ហ្នឹងឯង យើងបាននិយាយច្បាស់ណាស់ថា បេសកកម្មនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ គឺបង្រួបបង្រួម ប្រមូលខ្មែរទាំងអស់ គ្រប់ទីកន្លែងទាំងអស់ ទាំងប្រុសទាំងស្រី មកជួបជុំគ្នានិយាយអំពីប្រយោជន៍ជាតិ ការពារផលប្រយោជន៍ជាតិ ។ ទោះបីយើងគិតថា យើងនៅឆ្ងាយពីប្រទេសជាតិ ក៏ប៉ុន្តែយើងកុំភ្លេចឲ្យសោះ យើងនៅតែជាពលរដ្ឋខ្មែរ យើងនៅតែមានកាតព្វកិច្ចជូនចំពោះជាតិយើង ព្រលឹងជាតិយើង មិនអាចសាបសូន្យ មិនភ្លេងអាមេរិកាំងទេ ភ្លេងនគររាជ ។ ដូច្នេះខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា អ្វីដែលយើងធ្វើនេះ គឺធ្វើជាចលនាមួយ ពេលណាយើងនិយាយពីចលនា យើងនិយាយអំពីសកម្មភាព ហើយចលនាទៅបាន លុះត្រាតែរួមគ្នាផ្លាស់ប្ដូរយោបល់ ពីព្រោះចលនានេះ មិនមែនជាចលនាឧទ្ទាម វាជាចលនាដើម្បីបង្រួបបង្រួមជាតិ ដើម្បីស្ថាបនាជាតិ ។ ដូច្នេះយើងត្រូវឯកភាពគ្នា ហើយបេសកកម្មនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មើលឃើញ គឺបង្កលក្ខណៈឲ្យយុវជនយើងបន្តវេន ឲ្យស្រី្តយើងហ៊ានមកកាន់មីក្រូ ឲ្យចូលនយោបាយដូចជាអ្នកស្រី មីលីសារ៉ូ អ៊ីចឹង ហើយនៅពេលនេះ ខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនជាចលនារបស់នរណាមួយទេ ជាចលនាយើងទាំងអស់គ្នា…” ។

លោក សុភ័ណ្ឌ ឡារី ប្រធានបណ្តាញយុវជនកម្ពុជាសកល ដែលបានចូលរួមសមាជពលរដ្ឋ ស្តីពីកោះគុត ដែលរៀបចំដោយចលនាខ្មែរដើម្បីប្រជាធិបតេយ្យនោះ បានឡើងមានមតិថា ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមសមាជទាំងអស់គ្នា ត្រូវតែមានសង្ឃឹមក្នុងការតវ៉ាឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ទាមទារកោះគុត ពីថៃ មកវិញ ដូចដែលខ្មែរធ្លាប់ឈ្នះក្ដីថៃ រឿងប្រាសាទព្រះវិហារ នៅតុលាការអន្តរជាតិ ។ ម្យ៉ាងទៀត សំឡេងរបស់ប្រជាពលរដ្ឋ ពិតជាមានឥទ្ធិពល ដោយសារថ្មីៗនេះ ករណីរឿងកិច្ចព្រៀម CLV-DTA ជាមួយវៀតណាម និងឡាវ ខណៈដែលផ្ទុះការតវ៉ាទាមទារឲ្យលុបចោលវិញ ពីប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មកដល់ពេលនេះ រាជរដ្ឋាភិបាល និងសភា ក៏បានអនុម័តលុបចោល លែងឲ្យមានកិច្ចព្រមព្រៀងទៀត ។ ដូច្នេះករណីកោះគុត នេះក៏ដូចគ្នាដែរ ត្រូវតែតវ៉ាឲ្យខ្លាំង ទើបអាចទទួលបានជោគជ័យដូចរឿង CLV ដែរ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ពួកខ្ញុំ ក្នុងនាមជាយុវជន ចង់សួរលោកតា លោកយាយថា តើមកនេះ យើងមានសង្ឃឹមទេ? ជាក់ស្ដែងក្នុងការតស៊ូ ដូចជាយើងជាអ្នកជំងឺម្នាក់អ៊ីចឹង បើយើងកំពុងតែឈឺ យើងនៅក្នុងពេទ្យ យើងរំពឹងតែថ្នាំពេទ្យ តែគ្មានកម្លាំងចិត្ត គឺយើងសង្ឃឹមថាយើងនឹងជាសះស្បើយនៅថ្ងៃណាមួយ យើងគិតថា នៅតែទ្រុឌទ្រោម មានអាចជឿលឿនទេមែនទេ លោកតា លោកយាយ? ទាល់តែយើងមានសង្ឃឹម ហើយយើងជឿជាក់ថា យើងនឹងជាសះស្បើយ មិនអ៊ីចឹង? ជាក់ស្ដែងដោយសារតែប្រទេសរបស់យើង លោកតា លោកយាយ អ៊ំពូមីង បានលើកឡើងហើយ រឿង CLV មួយនេះណា យើងទទួលបានជោគជ័យណាស់ សម្រាប់អ្នកប្រជាធិបតេយ្យ ដែលបានខិតខំប្រឹងប្រែង ខំធ្វើបាតុកម្មផង ខំផុសផង ខំចូលរួមផង ឲ្យគេដកនូវកិច្ចព្រមព្រៀងនេះ ចូលតាមសភា ចេញតាមសភា រហូតដល់ព្រះមហាក្សត្រ ឡាយព្រះហស្ត និរាករណ៍ច្បាប់នេះចោល ។ អ៊ីចឹងជាការជោគជ័យមួយណាស់ អ៊ីចឹងសួរថា តើកោះគុត នេះ យើងមានសង្ឃឹមទេ? បើសិនជាវត្តមានរបស់លោកតា លោកយាយ អ៊ំពូមីងបងប្អូនទាំងអស់គ្នា នៅតែចូលរួម នៅតែលះបង់ ហើយលះបង់ហ្នឹង មិនចាំបាច់ដល់ប្រើថវិកាទេ លះបង់តែពេលវេលាហ្នឹងក៏មានតម្លៃដែរ ព្រោះយើងដឹងថា អ្នកដែលរស់នៅខាងក្រៅប្រទេស គឺធ្វើការគ្រប់គ្នា មានគ្រួសារគ្រប់គ្នា ប៉ុន្តែការលះបង់ពេលវេលា ដើម្បីចូលរួមជាមួយសង្គមជាតិយើងនេះ គឺជាការសំខាន់ណាស់ ដែលពួកយើងត្រូវការទាំងអស់គ្នា ។ លោកតា លោកយាយ! ប៉ុន្មានថ្ងៃមុន លោកហ៊ុន ម៉ាណែត គាត់បានលើកឡើងថា គាត់ជាអ្នកនយោបាយចាស់ទុំហើយ គាត់មិនចង់និយាយរឿងកោះគុត ជាមួយនឹងអ្នកក្រៅប្រទេសទេ ប៉ុន្តែនេះគឺជារឿងក្បត់ជាតិ របស់ត្រកូលហ៊ុន ដែលបានប្រគល់កោះគុត ឲ្យទៅថៃ មែនទេលោកតា លោកយាយ? អ៊ីចឹងក្នុងនាមយើងជាម្ចាស់ទឹកម្ចាស់ដី ក្នុងនាមយើងជាពលរដ្ឋ យើងត្រូវតែចូលរួមតវ៉ា ដើម្បីឲ្យសំឡេងយើងនេះ ដើម្បីឲ្យយើងជាម្ចាស់ទឹកម្ចាស់ដីនេះ យកនូវសិទ្ធិរបស់យើង ប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីឲ្យអន្តរជាតិ គេកាត់រឿងនេះឲ្យបានច្បាស់លាស់ថា កោះនេះ ជារបស់ខ្មែរ ឬក៏របស់ថៃ? យើងត្រូវតែចូលរួម“ ។

លោកសុភ័ណ្ឌ ឡារី បន្តថា “បើយើងតាមដាន ថៃ គេថា កោះនេះ គឺជារបស់ថៃ ប៉ុន្តែសួរថា ថៃ ហ៊ានប្ដឹងទៅអង្គការអន្តរជាតិទេ? អត់ហ៊ានទេ ។ ដោយសារអីលោកតា លោកយាយ? លោកតា លោកយាយ ចាំរឿងព្រះវិហារទេ? ព្រះវិហារ ថៃ ហ៊ានប្ដឹងជាមួយខ្មែរ ថៃចាញ់ខ្មែរ ចាំបានទេ? អ៊ីចឹងរឿងកោះគុត ដូចគ្នា បើថៃ ហ៊ានប្ដឹងទៅតុលាការអន្តរជាតិ ខ្មែរដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ហ៊ានប្ដឹងទៅតុលាការអន្តរជាតិ? ច្បាស់ណាស់ថា កោះគុត គឺជារបស់ខ្មែរ ព្រោះថៃ ជាអ្នកយកទឹកដីខ្មែរ ។ អាហ្នឹងយើងត្រូវដឹងទាំងអស់គ្នា យើងដឹងហើយថា ត្រកូលក្បត់ជាតិ យើងដឹងហើយថា ត្រកូលហ្នឹងបានលក់ទឹកដី ដែលខុសច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចែងថា ក្នុងការកាត់ទឹកដីមួយចំណែកណាក៏ដោយ ឲ្យទៅបរទេស គឺជាជនក្បត់ជាតិ ។ ឥឡូវលោកតា លោកយាយ មកថ្ងៃនេះ ចូលរួមជាមួយ KMD ថ្ងៃមុនចូលរួមជាមួយនឹងចលនាតស៊ូជាតិ ។ តើហេតុអីបានជាក្រុមខ្ញុំ ម្ដងចូលរួមនៅនេះ ម្ដងខំជិះយន្តហោះមកចូលរួមជាមួយនឹង KMD? លោកតាលោកយាយ! គោលដៅយើង គឺដើម្បីបុព្វហេតុជាតិ ទោះបីជាអ៊ុំហូរ វ៉ាន់ គាត់នៅគណបក្សសង្រ្គោះជាតិ លោកជំទាវ មួរ សុខហួរ ជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ៊ំពូមីង លោកតា លោកយាយខ្លះមកពីអង្គការផ្សេង តែអ្នកទាំងអស់គ្នាគឺជាខ្មែរ មែនទេ? បើខ្មែរ យើងត្រូវតែដឹងឮ ត្រូវតែចូលរួមទាមទារសិទ្ធិសេរីភាព ទឹកដីរបស់ខ្មែរយើងទាំងអស់គ្នាបងប្អូន! អានេះជាការចូលរួម ។ នៅថ្ងៃនេះ មិនមែនខ្ញុំម្នាក់ទេ មានតាមអនឡាញ មានសមាជិក សមាជិកាដែលមានសាខា ៧ប្រទេស រួមទាំងទ្វីបអឺរ៉ុប ទាំងមូល ដែលមានសមាជិក ៣៥៩នាក់ របស់បណ្ដាញយុវជនកម្ពុជាសកល សូមប្រកាសគាំទ្រនូវការទាមទារប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីយើងមកវិញ…” ។

បន្ថែមលើការថ្លែងនៅក្នុងអង្គសមាជនោះ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលមានភាពស្និទ្ធស្នាលនឹងលោកស្រី មួរ សុខហួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា គោលបំណងធំនៅក្នុងអង្គសមាជនោះ សម្រាប់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីមួរ សុខហួរ បានផ្ដល់ឱកាសថា មិនមែនទាល់តែថ្នាក់ដឹកនាំចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំធំៗទេ ដែលអាចសម្រេចជោគវាសនា គឺយើងចង់ឲ្យជោគវាសនាជាតិនេះ បានទៅលើកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិក្នុងការសម្រេចនិងចូលរួមដឹងឮ ឈឺឆ្អាល ទាមទារទាំងអស់គ្នា ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ក្នុងសមាជខ្មែរអាមេរិកាំងនេះ គឺជាលើកទី២ ដែលយើងបានធ្វើ ឬក៏ហៅថារដ្ឋទី២ ដែលមានបងប្អូនខ្មែរ រស់នៅតាមរដ្ឋនៅក្នុងសហរដ្ឋអាមេរិកនេះ ដែលយើងបានធ្វើសមាជ ដូចសមាជពីម្សិលមិញ (៨ ធ្នូ) គឺយើងធ្វើនៅលើទឹកដីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ។ គោលដៅសំខាន់របស់សមាជ គឺយើងចង់ស្ដាប់មតិ ស្ដាប់គំនិត ស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋខ្មែរ ដែលគាត់ជាម្ចាស់អំណាច ម្ចាស់ទឹកដី ដែលគាត់ជាខ្មែរ ហើយគាត់មានសិទ្ធិក្នុងការឈឺឆ្អាល ចូលរួមនិងស្នើសុំឲ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត ដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងការស្រពេចស្រពិលក្នុងការដែលទាក់ទងនឹងរឿងកោះគុត រវាងកម្ពុជា និងថៃ នេះ អាហ្នឹងរឿងទី១ ។ រឿងទី២ ពលរដ្ឋខ្មែរ នៅក្នុងអង្គសមាជ គាត់បានសម្រេចឬក៏ស្របតាមគំនិតរបស់សមាជពលរដ្ឋខ្មែរ លើកទី១ វ៉ាស៊ីងតោន ឌីស៊ី ដែលយើងបានធ្វើសមាជដូចគ្នាដែរនោះ គឺគាត់ចង់ឃើញរាជរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មានភាពក្លាហានក្នុងការឆ្លើយតបនឹងសំណួរនិងចម្ងល់របស់ពលរដ្ឋខ្មែរ ទាក់ទងនឹងរឿងកោះគុតនេះ មិនមែននៅពេលណាដែលមានបញ្ហាវិវាទព្រំដែនរឿងកោះគុត ក៏ដូចជារឿងតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា នេះ ត្រូវស្ងាត់ ហើយគេចវេះអំពីបញ្ហាទេ យើងអត់ចង់ឃើញរបបមួយហ្នឹងគេចវេះពីរឿងហ្នឹងទេ ។ ទី៣ បើសិនជាក្នុងការទាមទារនេះ របបលោកហ៊ុន ម៉ាណែត នៅតែស្ងាត់ គេចវេះអំពីបញ្ហា មិនឆ្លើយនូវចម្ងល់របស់ពលរដ្ឋខ្មែរ ដែលគាត់ចង់ដឹងចង់ឮ ពលរដ្ឋខ្មែរ និងអង្គសមាជ ជាលើកទី២ ហើយយើងនឹងធ្វើបន្តបន្ទាប់ទៀត ទៅរដ្ឋផ្សេងៗនៅពេញសហរដ្ឋអាមេរិក នេះ រួចនឹងធ្វើបន្តទៅអូស្រ្តាលី ជប៉ុន កូរ៉េ កាណាដា អឺរ៉ុប ជាដើមនោះ យើងចង់សរុបយកសេចក្ដីដែលជាសំណូមពររបស់ពលរដ្ឋខ្មែរ ទូទាំងពិភពលោក ដើម្បីមកចងក្រងជាសេចក្ដីថ្លែងការណ៍ ជាគំនិត និងជានិក្ខេបបទ ដើម្បីយើងសម្រេចរកគំនិតរួមមួយ ទាមទារប្ដឹងទៅតុលាការ ICJ ដើម្បីឲ្យជួយសើរើរវាងតំបន់ត្រួតស៊ីគ្នា និងកោះគុត រវាងថៃ និងកម្ពុជា នេះ ។ អាហ្នឹងដែលជាគំនិតពលរដ្ឋខ្មែរ គាត់ចង់បាន ហើយ KMD គាត់នឹងធ្វើកម្មវិធីនេះឲ្យចប់ នៅពាក់កណ្ដាលឆ្នាំក្រោយនេះ ដើម្បីយើងសម្រេចគោលដៅរបស់យើង គឺយើងប្ដឹងទៅតុលាការអន្តរជាតិ ICJ ឲ្យសើរើឡើងវិញនូវកិច្ចព្រមព្រៀង នៅឆ្នាំ១៩០៧ ដែលនៅពេលនោះ យើងដឹងច្បាស់ហើយថា កោះគុត គឺជារបស់ខ្មែរ ២ភាគ៣ នៃកោះ ហើយ២០០១ ដែលត្រូវបានក្រសួងការបរទេសថៃ ហើយនិងលោកសុខ អាន បានស៊ីញ៉េកាត់កោះគុត ឲ្យថៃ នេះអាហ្នឹងហើយដែលយើងចង់ឲ្យរបបលោកហ៊ុន ម៉ាណែត នេះ គឺបកស្រាយឲ្យច្បាស់ នេះជាគោលបំណងដែលយើងធ្វើ ។ មួយវិញទៀត ក៏យើងបានសម្រេចដែរ នៅសមាជហ្នឹងថា នៅថ្ងៃទី១៨ ខែ០១ ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងឡុងប៊ិច គេនឹងធ្វើមហាបាតុកម្មទាក់ទងរឿងកោះគុត ក៏ដូចជាការទាមទារឲ្យរបបលោកហ៊ុន ម៉ាណែត គោរពនូវសិទ្ធិមនុស្ស ដោះលែអ្នកទោសនយោបាយ ដោះលែងសកម្មជនបរិស្ថាន សកម្មជនដីធ្លី និងបើកលំហនយោបាយ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ អាហ្នឹងជាគោលការណ៍ និងជាគោលបំណងរបស់ប្រជាពលរដ្ឋខ្មែរ ។ សរុបសេចក្ដីចុងក្រោយមកវិញ គឺសម្រាប់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ គាត់បានផ្ដល់ឱកាសមិនមែនថាទាល់តែថ្នាក់ដឹកនាំចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំធំៗទេ ដែលអាចសម្រេចជោគវាសនា គឺយើងចង់ឲ្យជោគវាសនាជាតិនេះ ទៅលើកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិក្នុងការសម្រេចនិងចូលរួមដឹងឮ ឈឺឆ្អាល ទាមទារទាំងអស់គ្នា ។ អានេះជាគោលបំណងធំរបស់អង្គសមាជយើង” ។

សូមបញ្ជាក់ថា ក្រៅពីការថ្លែងរបស់លោកស្រីមួរ សុខហួរ និងលោកសុភ័ណ្ឌ ឡារី នៅក្នុងពិធីសមាជពលរដ្ឋនោះ ក៏មានការអញ្ជើញចូលរួមមានមតិពីបញ្ហាកោះគុត ពីលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ (តាមអនឡាញ) លោកហូរ វ៉ាន់ អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ លោកគឹម សុខ អ្នកវិភាគនិងជាប្រធានវេទិកាពលរដ្ឋ (តាមអនឡាញ) លោកបណ្ឌិតសេង សារី អ្នកវិភាគ (តាមអនឡាញ) ព្រះតេជគុណ ប៊ុត ប៊ុនតិញ ចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងសកម្មជនប្រឆាំងនៅក្រៅប្រទេសមួយចំនួនទៀតផងដែរ ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដែលលោកស្រីមួរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដឹកនាំធ្វើសមាជពលរដ្ឋដើម្បីការពារកោះគុត នោះ ពលករខ្មែរ ក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានប្រារព្ធពិធីមួយនៅទីក្រុងខ្វាងជូធំ នៃសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៦ ផង និងធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ ទាមទារចំណែកកម្មសិទ្ធិគ្រប់គ្រងលើកោះគុត ពីថៃ ផងដែរ។

ស្រដៀងគ្នានេះដែរ នៅថ្ងៃដដែលនោះ យុវជននិងពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន (Japan) ក៏បានជួបជុំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុងតូក្យូ (Tokyo) ដើម្បីជំរុញឱ្យសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការចាប់ខ្លួនពលរដ្ឋតាមទំនើងចិត្ត ការធ្វើទុក្ខបុកម្នេញឆ្លងដែនលើអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល ដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាព បញ្ឈប់ការចាប់ខ្លួនក្រុមគ្រួសារសកម្មជននយោបាយជាចំណាប់ខ្មាំង បង្ខំឱ្យពួកគេចុះចូលជាមួយរដ្ឋាភិបាល ហើយងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕ កុលបុត្រ

RELATED ARTICLES