ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារ នៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែម ដល់សិស្ស។
ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍ពីជំងឺទឹកនោមផ្អែម មានការកើនឡើងយ៉ាងខ្លាំង។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស មានខ្លឹមសារទាំងស្រុងថា «កន្លងមក ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងសេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញការអនុវត្តនៅមិនទាន់បានគ្រប់ជ្រុងជ្រោយតាមសេចក្តីណែនាំនៅឡើយ។
ក្នុងស្មារតីខាងលើ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឱ្យយកចិត្តទុកដាក់បន្ថែមលើសុខភាពរបស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈ ផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជននិងកីឡា សូមហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះ ទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ក្នុងន័យនេះ មន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស នៅទូទាំងប្រទេស ត្រូវអនុវត្តដូចខាងក្រោម ៖
១- ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។
២- ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអាហារប្រកបដោយសុខភាព នៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក។
៣- ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។
៤- ត្រូវអប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេលគោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា។
៥- ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។
៦- ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង ដូចជាបញ្ឈប់ការទទួលទាន ការចែកចាយ ការតាំង លក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរ។
៧- ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះ សំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សាគ្មានភេសជ្ជៈប៉ូវកម្លាំង”។
ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់»៕