ភ្នំពេញ ៖ ស្ត្រីអនាថាម្នាក់ មានផ្ទៃពោះគ្រប់ខែ ដេកនៅលើគំនរសំរាម អង្គុយយំអង្អែលពោះ ទាំងកំពុងបែកទឹកភ្លោះ ចាំប្តីដែលទៅរើសអេតចាយ មិនទាន់ឃើញមកវិញ ត្រូវបានបុរសជាអ្នករត់កង់បីម្នាក់ និងអ្នកលក់ដូរនៅក្បែរនោះឃើញ ក៏រាយការណ៍ប្រាប់អាជ្ញាធរ ជួយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពបុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញស្ត្រីខាងលើ ដែលកំពុងមានផ្ទៃពោះ បានក្រាលកន្ទេលដេកនៅលើគំនរសំរាម ក្នុងដីឡូត៍មួយកន្លែង ត្រង់ចំណុចកើតហេតុ តាំងពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ មកម៉្លេះ។ ចំណែកប្តីរបស់នាង គឺជាអ្នករើសអេតចាយ បានចេញទៅដើររើសអេតចាយ តាំងពីព្រឹក រហូតដល់ល្ងាច មិនទាន់ត្រឡប់មកវិញនៅឡើយ ស្រាប់តែក្រោយមក គាត់បានប្រទះឃើញស្ត្រីខាងលើ បានអង្គុយយំអង្អែលពោះរបស់ខ្លួននៅលើគំនរសំរាម លុះសង្ស័យ ក៏ចូលទៅសួរនាំ ទើបដឹងថា នាងបានបែកទឹកភ្លោះទៅហើយ និងកំពុងរង់ចាំប្តី មកពីរើសអេតចាយវិញ តែមិនឃើញប្តីមកសោះ។
បុរសខាងលើ បញ្ជាក់ថា ដោយឃើញស្ថានភាពរបស់ស្ត្រីរងគ្រោះបែកទឹកភ្លោះ ចង់សម្រាលកូនទៅហើយ ទើបគាត់បារម្ភពីសុវត្ថិភាព ខ្លាចមានគ្រោះថ្នាក់ដល់ស្ត្រីខាងលើនិងកូនក្នុងផ្ទៃ ទើបគាត់ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ និងមានអ្នករាយកាណ៍ប្រាប់អ្នកសារព័ត៌មាន ចុះមកផ្សាយនិងទាក់ទងហៅរថយន្តសង្គ្រោះ ដើម្បីជួយអន្តរាគមន៍។
ក្រោយកើតហេតុ មានរថយន្តសង្គ្រោះ ១គ្រឿង របស់មន្ទីរពេទ្យព្រះកុសុមៈ បានចុះមកដល់ និងដឹកបញ្ជូនស្ត្រីខាងលើទៅសម្រាលកូន នៅមន្ទីរពេទ្យ ភ្លាមៗផងដែរ៕