Monday, December 16, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ប្រកាសឲ្យពលរដ្ឋខ្មែរ ត្រៀមខ្លួនផ្លាស់ប្តូររដ្ឋាភិបាលថ្មី កំណត់អាណត្តិនាយករដ្ឋមន្ត្រី

សម រង្ស៊ី ប្រកាសឲ្យពលរដ្ឋខ្មែរ ត្រៀមខ្លួនផ្លាស់ប្តូររដ្ឋាភិបាលថ្មី កំណត់អាណត្តិនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលទើបតែបានប្រកាសបង្កើតចលនាជាតិតស៊ូ បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនផ្លាស់ប្ដូររដ្ឋាភិបាលថ្មី តាមយុទ្ធសាស្រ្តផ្ការីករបស់លោកក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយអតីតមេបក្សប្រឆាំងដែលគណបក្សកាន់អំណាច និងសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មិងជាប្រធានគណបក្សប្រជាជនកម្ពុជា ហៅថា «ជនក្បត់ជាតិ៣ជំនាន់» នេះ បានអះអាងថា រដ្ឋាភិបាលថ្មី នឹងធ្វើការកំណត់អាណត្តិនាយករដ្ឋមន្រ្តី ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទ័ពរបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា “ខ្មែរយើងទាំងអស់គ្នា ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនៅកម្ពុជា។ រដ្ឋាភិបាលថ្មី ត្រូវតែកំណត់អាណត្តិនាយករដ្ឋមន្ត្រី“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅក្នុងខម្មិនថា “ពេលនេះ ហ៊ុន សែន កំពុងទទួលសម្ពាធពីសហគមន៍អន្តរជាតិ គ្រប់ទិសទី រួមទាំងសម្ពាធពីប្រជាពលរដ្ឋខ្មែរ និងសម្ពាធពីខាងក្នុងបក្សប្រជាជន។ មេទ័ពនិងកងទ័ពច្រើនណាស់ដែលពួកគាត់ស្រឡាញ់ជាតិនិងមាតុភូមិ ដូចយើងដែរ ហើយសម្ពាធមួយដែលហ៊ុន សែន កំពុងពិបាកខ្លាំង គឺរដ្ឋាភិបាលអត់លុយ អស់លុយ។ និយាយប្រាប់តៗគ្នាទៅក្រុមគ្រួសារនិងមិត្តភក្តិរបស់យើងថា ត្រៀមខ្លួនដើម្បីទៅបេះ ផ្ការីក ទាំងអស់គ្នា“ ។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា ការកំណតអាណត្តិនាយករដ្ឋមន្រ្តី មិនអាចទៅរួចទេ ព្រោះជាង ១០ឆ្នាំហើយ ដែលតំណាងរាស្រ្តបក្សប្រឆាំង រត់ចោលស្រុកអស់ ។ ដូច្នេះកុំថាឡើយមានលទ្ធភាពដូររដ្ឋាភិបាលនោះ សូម្បីតែឱកាសចូលក្នុងរដ្ឋសភា ដើម្បីប្រជុំអនុម័តច្បាប់ ក៏គ្មានផង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងវាអត់ផ្លូវទេ ទោះថាម៉េចក៏ដោយ វាអត់មានធ្វើកើតទេ ។ កាលណាចង់កំណត់អីក៏ដោយ មានគោលការណ៍អីក៏ដោយ វាត្រូវមានច្បាប់ ហើយសួរថា គាត់ហ្នឹងមានសមត្ថភាពអីនៅក្នុងរដ្ឋសភា ដើម្បីអនុម័តច្បាប់? វាអត់មាន ។ វាមានតែអ្នកតំណាងរាស្រ្តរត់ចោលស្រុក ប៉ុន្មានឆ្នាំមកហើយ ១០ឆ្នាំមកហើយ តាំងពី២០១៣-២០១៧ មក រហូតដល់ពេលនេះ យើងសួរថា ប៉ុន្មានឆ្នាំ? ជាង១០ឆ្នាំហើយ សួរថាតើគាត់ធ្វើអីឥឡូវហ្នឹង? យើងមិនចង់រំលឹកពីអតីតអ្នកតំណាងរាស្រ្តដែលក្បត់ជាតិ  រត់ចោលស្រុកនោះទេ វាអត់បានប្រយោជន៍អីទេ» ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះគាត់ថា មេទ័ពនិងកងទ័ពច្រើនណាស់ដែលពួកគាត់ស្រឡាញ់ជាតិនិងមាតុភូមិដូចយើងដែរនោះ គឺត្រូវហើយ អាហ្នឹងមេទ័ពហ្នឹងមានគោលជំហរ សតិអារម្មណ៍ស្រលាញ់ជាតិ មាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ ស្រលាញ់គណបក្សប្រជាជនកម្ពុជា ដែលគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិហ្នឹងឯង ក៏ប៉ុន្តែឲ្យទៅគាំទ្រឧបាយកលទុច្ចរិតរបស់ទណ្ឌិត និងក្រុមឧទ្ទាមក្រៅច្បាប់នេះ វាអត់មានទេ កងទ័ពណាទៅគាំទ្រ បើខ្លួនឯតរត់គេចយកតែរួចខ្លួនអ៊ីចឹង? សុំតែរស់មក វាមិនបានរស់ស្រួលផង ទៅនៅផ្ញើខ្លួននៅលើស្រុកគេ ហើយខ្លួនឯងខ្លាំងទៀតហ្នឹង ម៉េចនឹងកើត? អាហ្នឹងវាអត់ផ្លូវទេ ។ ការតស៊ូ ដូចជានៅប្រទេសបង់ក្លាដែស នៅប្រទេសស៊ីរី អាហ្នឹង វាចេញនៅក្នុងការប្រយុទ្ធតស៊ូនៅក្នុងប្រទេស ។ បើថាយើងវាអត់ហ៊ានមកតស៊ូក្នុងប្រទេសទេ អាហ្នឹងកុំសង្ឃឹមឲ្យសោះ វាអត់មានទេ តែយល់សប្ដិ មិនបានយល់សប្ដិផង» ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះគាត់ថា កំពុងពិបាកខ្លាំង គឺរដ្ឋាភិបាលអត់លុយ អស់លុយនោះ អាថារដ្ឋាភិបាលហ្នឹងពិបាកអ៊ីចេះ ពិបាកអ៊ីចុះ អាហ្នឹងពួកឧទ្ទាមក្រៅច្បាប់ អ្នកថាតើ! (សើច) យើងទាំងអស់គ្នា កំពុងតែរស់នៅសស្រាក់សស្រាំ ដូចប៉ុន្មានថ្ងៃនេះ ដល់ថ្ងៃបើកប្រាក់ខែអាទិភាពទី១ ក្នុងកន្លះខែដំបូងហ្នឹង វាថារាជរដ្ឋាភិបាល អស់លុយបើកប្រាក់ខែហើយ ក៏ប៉ុន្តែអាលុយប្រាក់ខែហ្នឹង វាត្រូវបើកថ្ងៃ១៤ រៀងរាល់ខែ ក៏ប៉ុន្តែលុយចូលកុងនីមួយៗហ្នឹង វាចូលតាំងពីថ្ងៃ១១ មកម្ល៉េះ ។ អ៊ីចឹងមានន័យថាម៉េចអាហ្នឹង? តើលុយអស់ពីឃ្លាំងមែន ឬមួយអត់? គណបក្សប្រជាជន មិនមែនដឹកនាំបាត់ម្ចាស់ការទេ គឺរាជរដ្ឋាភិបាល គណបក្សប្រជាជន សុទ្ធតែម្ចាស់ការហើយ ហើយតាមការមើលតារាង ពេលដែលអនុម័តច្បាប់ស្ដីពីថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឬ២០២៤ អីនេះ យើងឃើញហើយ ប្រាក់បម្រុងរបស់ជាតិហ្នឹង ពីមុនមក សល់តែ ៤ពាន់លានទេ ឥឡូវសល់ ៦ពាន់លាន ។ ដូច្នេះហើយ វាមានរឿងអីដែលទណ្ឌិតនិយាយថា ខ្វះបា្រក់ដើម្បីបើកឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះ? វាអត់មានទេ ។ អ៊ីចឹងពួកនេះនិយាយតែផ្ទុយពីសភាពការណ៍ពិត វាអត់ដឹងរឿងអីទាំងអស់ ហើយចេះតែនិយាយ ។ អ៊ីចឹងអាហ្នឹងវាជាការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបន្លប់សតិអារម្មណ៍ប្រជាជន ។ អាហ្នឹងដូចខ្ញុំឧទាហរណ៍ជាក់ស្ដែងហ្នឹង បងប្អូនយល់ហើយ គឺថា ប្រាក់ខែ ត្រូវបើករៀងរាល់ថ្ងៃ១៤ អាហ្នឹងជំហានទី១ ព្រោះក្នុង១ខែ បើក២ដង ថ្ងៃ១៤ ថ្ងៃ២៦ ថ្ងៃ២៧ ។ ឥឡូវនេះមិនទាន់ថ្ងៃ១៤ ផង ថ្ងៃ១០ ថ្ងៃ១១ហ្នឹង លុយចូលអស់ដល់គណនីគ្រប់គ្នានៅក្នុងធនាគារអេស៊ីលីដា ធនាគារដែលរដ្ឋកំណត់ឲ្យមន្រ្តីរាជការយើងទៅបើកកុងហ្នឹងហើយ គឺគ្រប់គ្នាហើយ មុនថ្ងៃ ពីរបីថ្ងៃទៅទៀតនោះ មុនការកំណត់ ។ ដូច្នេះមានន័យថា រដ្ឋាភិបាល ខ្វះលុយ ឬយ៉ាងម៉េច? “ ។

គួររំលឹកថា មិនមែនទើបតែពេលនេះទេ ដែលលោកសម រង្ស៊ី លើកឡើងពីការកំណត់នាយករដ្ឋមន្រ្តី គឺកាលពីឆ្នាំ២០២១ លោកសម រង្ស៊ី បានជំរុញឲ្យសម្ដេចហ៊ុន សែន បង្កើតច្បាប់ពីរទៀត គឺកំណត់នាយករដ្ឋមន្ត្រីចូលនិវត្តន៍ ត្រឹមអាយុ ៧០ឆ្នាំ និងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី  តែមិនមានការគាំទ្រពីសម្តេចហ៊ុន សែន និងគណបក្សកាន់អំណាចនោះទេ៕ កុលបុត្រ

RELATED ARTICLES