ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការដែលក្រុមសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលទើបតែបង្កើតចលនាជាតិតស៊ូ ប្រកាសធ្វើបដិវត្តន៍ផ្ការីក ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះ នឹកស្រមៃថាកម្ពុជា ដូចស៊ីរី ដែលអាចផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយប្រធានាធិបតី អាសសាធ នោះគឺជាការយល់សប្ដិ ដែលមិនអាចកើតឡើងបានឡើយនៅកម្ពុជា ផ្ទុយទៅវិញ បក្សកាន់អំណាច នឹងនៅបន្តដឹកនាំប្រទេស ស្ថិតស្ថេររហូតដល់ក្រុមសម រង្ស៊ី មេឧទ្ទាមជ្រុលនិយមក្បត់ជាតិ ៣ជំនាន់ នៅបរទេស ស្លាប់អស់ ក៏មិនអស់ពេលកាន់អំណាចដែរ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម “យុវជន៧មករា” នាពេលថ្មីៗនេះថា “ឃើញរបបអាល់-អាសសាដ ដួលរលំនៅស៊ីរី ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរ នៅក្រៅប្រទេស យកកម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសស៊ីរី ។ សភាពការណ៍នៅកម្ពុជា ខុសឆ្ងាយពីស៊ីរី ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅស្ថិតស្ថិររហូតដល់ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរ នៅបរទេស ងាប់អស់គ្មានសល់ ក៏មិនទាន់អស់ពេលកាន់អំណាចផង ។ ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរ នៅក្រៅប្រទេស កំពុងជ្រួលជ្រើមពីការដួលរលំនៃរបបអាល់-អាសសាដ នៅស៊ីរី ដោយនឹកស្រមៃថា កម្ពុជា ដូចស៊ីរី គឺជាការយល់សប្តិ ។ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់គោរពរដ្ឋធម្មនុញ្ញ មិនមែនព្រះមហាក្សត្រ ទីងមោង ដូចក្រុមឧទ្ទាមក្រៅច្បាប់ថាប្រមាថព្រះអង្គទេ ។ ខ្មែរ ត្រូវចេះស្រឡាញ់គ្នា តែខ្មែរ មិនអាចស្រឡាញ់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលតែងតែចង់បំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ខ្មែរក្នុងប្រទេស“ ។
លោកសុខ ឥសាន បានសរសេរបន្ថែមថា “ការយកប្រវត្តិសាស្ត្រជូរចត់ពីអតីតកាលមកចងកំហឹងជាមួយប្រទេសជិតខាង មិនមានផលចំណេញដល់ជាតិយើងទេ វាស្មើនឹងដំបៅមិនឈឺ យកឈើចាក់ ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ថាចិន បោះបង់ចោលកម្ពុជា ជាការយល់ច្រឡំធំ ចិន-កម្ពុជា ជាមិត្តដែកថែប និងជាមិត្តរួមជោគវាសនាតែមួយ ។ ឲ្យសម រង្ស៊ី និងមួរ សុខហួរ រកមធ្យោបាយផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ម៉េចបាន បើសម រង្ស៊ី និងមួរ សុខហួរ កំពុងដកដង្ហើមចង្រិត ឯក្រៅប្រទេសនោះ ។ ចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ម៉េចបានជា ហុក សុវណ្ណ មិនងើបខ្លួនឯងទៅ នៅនិយាយបានការអី ។ ចង់ទម្លាក់រាជរដ្ឋាភិបាលកម្ពុជា ងើបធ្វើយ៉ាងម៉េចទៅ ហក់មកវ៉ៃ ឬលើកទ័ពមកវ៉ៃ? ចង់ឲ្យសម រង្ស៊ី និងមួរ សុខហួរ ធ្វើម៉េច បើមិនថាចោលៗ រកតែរស់ខ្លួនឯងមិនចង់រស់ផង ដើរតែបោកលុយគេចាយនោះ ។ បើសម រង្ស៊ី និងមួរ សុខហួរ ធ្វើមិនបានទេ ឲ្យហុក សុវណ្ណ ម្តង ហុក សុវណ្ណ ទើបអាយុ៨៦ឆ្នាំទេតើ អាចងាប់នៅបរទេសឆាប់ៗនេះ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា វាជាទម្លាប់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលមានប្រទេសណាមានបញ្ហាអី តែងយកទៅប្រៀបធៀបជាមួយកម្ពុជា ក៏ប៉ុន្តែលោកយល់ហើយថា បណ្ដាប្រទេសមួយចំនួនដែលមានបញ្ហា គឺវាខុសពីសភាពការណ៍នៅកម្ពុជាទាំងស្រុង ។ ជាពិសេសពាក់ព័ន្ធជាមួយប្រទេសស៊ីរី មានរុស្ស៊ី គាំទ្ររដ្ឋាភិបាលរបស់លោកអាសសាដ មានខាងអាមេរិក គាំទ្រពួកក្រុមឧទ្ទាមមួយចំនួននៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ ក៏មានការគាំទ្រមួយចំនួន ហើយការដឹកនាំរបស់លោកអាសសាដ យើងឃើញហើយថា អត់មានយកចិត្តទុកដាក់ចំពោះកងទ័ពប្រដាប់អាវុធអីផ្សេងៗទេ ដែលវាផ្ទុយគ្នាពីកម្ពុជា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាចម្បងទៅលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលនៅការពារព្រំដែនជាមួយប្រទេសជិតខាង ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “វាជាទម្លាប់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលមានប្រទេសណាមានបញ្ហាអី តែងយកទៅប្រៀបធៀបជាមួយកម្ពុជា ក៏ប៉ុន្តែយើងយល់ហើយ គឺថាបណ្ដាប្រទេសមួយចំនួនដែលមានបញ្ហាហ្នឹង គឺវាខុសពីសភាពការណ៍នៅកម្ពុជា ទាំងស្រុង ។ ជាពិសេសពាក់ព័ន្ធជាមួយប្រទេសស៊ីរីនេះ យើងយល់ថា ស៊ីរី វាមានរុស្ស៊ី គាំទ្ររដ្ឋាភិបាលរបស់លោកអាសសាដ ហើយមានខាងអាមេរិក គាំទ្រពួកក្រុមឧទ្ទាមមួយចំនួននៅក្នុងប្រទេសស៊ីរី ហ្នឹងដែរ ហើយប្រទេសអ៊ីរ៉ង់ ក៏មានការគាំទ្រមួយចំនួន ។ ក្នុងលក្ខណៈដែលមានប្រទេសដែលគាំទ្រពួកខ្លួននេះ និយាយរួម ការដឹកនាំរបស់លោកអាសសាដ យើងឃើញហើយថា អត់មានយកចិត្តទុកដាក់ចំពោះកងទ័ពប្រដាប់អាវុធអីផ្សេងៗទេ ។ អ៊ីចឹងបានយើងឃើញថា កងទ័ព នៅពេលដែលមានការវាយប្រហារពីពួកឧទ្ទាមមក រដ្ឋាភិបាលហ្នឹង មិនមានការតស៊ូដ៏ស្វិតស្វាញដើម្បីទប់ទល់ការពារទឹកដី ការពាររដ្ឋាភិបាលរបស់ប្រទេសស៊ីរី ទេ វាផ្ទុយគ្នាពីកម្ពុជា ត្រង់កន្លែងហ្នឹង ព្រោះកម្ពុជា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាចម្បងទៅលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលនៅការពារព្រំដែនជាមួយប្រទេសជិតខាង មិនទាន់ដល់ពេលវេលាភ្លៀងមកផង គឺថាថ្នាក់ដឹកនាំ លោកម្ចាស់ការ ដើម្បីនឹងយកអាវភ្លៀង យកអាវរងាអី ទៅឧបត្ថម្ភដល់កងទ័ព ស្បៀងផ្សេង ។ល។ និង។ល។ ហ្នឹង យកទៅជូនដល់កងទ័ព ដើម្បីលើកទឹកចិត្តដល់កងទ័ព ដើម្បីជាការពង្រឹងគោលជំហររបស់កងទ័ព ឲ្យមកប្ដូរផ្ដាច់ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការពាររដ្ឋាភិបាលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាជន ។ អាត្រង់ហ្នឹងហើយ ដែលវាខុសគ្នាជាមួយប្រទេសស៊ីរី អាហ្នឹងយើងឃើញហើយ តាមបណ្ដាព័ត៌មានផ្សេងៗ កងទ័ពអត់មានតដៃជាមួយឧទ្ទាមសោះ ។ អ៊ីចឹងបានសេចក្ដីថា វាមានន័យថា វាធ្លាក់ទឹកចិត្ត ហើយហ្នឹងបើប្រៀបធៀបកម្ពុជា វាប្រៀបធៀបនៅក្នុងសម័យលន់ នល់ នោះទេ ដែលកងទ័ពមានអំពើពុករលួយខ្លាំងក្លា ជំនួយពីសហរដ្ឋអាមេរិក មកហ្នឹង គឺថាមេៗទាហានហ្នឹង លួចចំនួនកងទ័ព ហើយយកលុយហ្នឹងទៅចែកគ្នា អាហ្នឹងវាអ៊ីចឹង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ដូច្នេះហើយ កងទ័ពលោកមានការប្រៀបធៀប មិនមានការតស៊ូប្ដូរយកអាយុជីវិតទៅប្ដូរដើម្បីមេទ័ពពុករលួយទាំងអស់នោះទេ ។ អ៊ីចឹងទេ បានយើងឃើញថា កងទ័ពខ្មែរក្រហម វ៉ៃដល់ណា គឺកងទ័ពរបស់លន់ នល់ ហ្នឹងដកថយដល់ហ្នឹងដែរ អាហ្នឹងវាមិនខុសអីនឹងទ័ពស៊ីរី ទេ។ ក៏ប៉ុន្តែចំពោះកងទ័ពរបស់គណបក្សប្រជាជន ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្ដេចទៀ បាញ់ ដែលលោកជាប្រមុខដឹកនាំកងទ័ព ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារប្រទេស ហ្នឹង លោកយកចិត្តទុកដាក់ណាស់ ហើយមកដល់បច្ចុប្បន្ននេះទៀត នីតិកាលទី៧ នេះ ក៏រាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ហ្នឹង ក៏យកចិត្តទុកដាក់ជាបឋមទៅលើកងទ័ពហ្នឹងឯង ទាំងកងទ័ពនៅក្នុងផ្ទៃប្រទេស ទាំងកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែននានាហ្នឹង គឺថាតែងទទួលបានការឧត្ថម្ភគាំទ្រ និងការសួរសុខទុក្ខ សំណេះសំណាលនូវមនោសញ្ចេតនារបស់មេដឹកនាំ ជាមួយនឹងកងពលទាហានហ្នឹងឯង ។ អ៊ីចឹងទេ បានកងទ័ពលោកមានជំហរប្ដូរផ្ដាច់ក្នុងការការពារឯករាជ្យ អធិបតេយ្យ ហើយនិងបូរណភាពទឹកដី ក៏ដូចជាសម្ដែងនូវការស្មោះត្រង់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគាំទ្រដោយប្រជាជន ដ៏លើសលប់នៅក្នុងសង្គមកម្ពុជា ហ្នឹងឯង។ បានន័យថា សភាពការណ៍វាផ្ទុយគ្នា ។ ដូច្នេះទោះបីក្រុមឧទ្ទាមក្រៅច្បាប់ អំពាវនាវញុះញង់ឲ្យកូនទាហាន ឲ្យពលទាហានហ្នឹងថ្នាំងថ្នាក់ជាមួយមេដឹកនាំនៅក្នុងប្រទេសហ្នឹង ក៏វាអត់មានប្រយោជន៍ដែរ ពីព្រោះពលទាហានយើងសុទ្ធតែទទួលបានការលើកទឹកចិត្ត ការឧបត្ថម្ភគាំទ្រ ហើយនិងដឹងសុខទុក្ខជាមួយគ្នា រវាងថ្នាក់ដឹកនាំ និងពលទាហានហ្នឹង គឺយើងឃើញហើយ គ្រប់ជាន់ថ្នាក់ទាំងអស់សុទ្ធតែមានការយកចិត្តទុកដាក់ ។ អ៊ីចឹងទេ ការអំពាវនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាកាន់តែធ្វើឲ្យពលទាហាន នាយទាហាន នាយទាហានរងកងយោធពលខេមរភូមិន្ទ កាន់តែប្ដូរផ្ដាច់ថែមទៀត ក្នុងការប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំណុចហ្នឹងហើយ ដែលខ្ញុំថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅស្ថិតស្ថេររហូតដល់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ងាប់អស់ គឺជាការពិតហើយ ពីព្រោះយើងយល់ថា បើប្រជាជននៅតែគាំទ្របក្សប្រជាជន ហើយគណបក្សប្រជាជន នៅតែមានស្នាដៃ គុណបំណាច ក៏ដូចជាគុណសម្បត្តិសម្រាប់ជាតិ និងប្រជាជនទេ ប្រជាជននៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យកាន់អំណាច នៅក្នុងការដឹកនាំជាតិកម្ពុជា ។ ប៉ុន្តែអ្វីដែលទណ្ឌិតសម រង្ស៊ី បន្តគំរាមសម្ដេចហ៊ុន សែន ថា នឹងប្រើយុទ្ធសាស្រ្តផ្ការីក ដូចការផ្ដួលរំលំរបបអាសសាដ នៅប្រទេសស៊ីរី ដោយថាបន្ទាប់ពីសាដ ដល់វេនសែន នោះ អានេះជាការគួរឲ្យអស់សំណើចណាស់ ព្រោះដូចខ្ញុំបញ្ជាក់ថា ស្ថានការណ៍នៅប្រទេសស៊ីរី និងនៅកម្ពុជា វាមានលក្ខណៈខុសគ្នា ដោយកងទ័ពកម្ពុជា នឹងមិនធ្វើដូចកងទ័ពស៊ីរី ទេ ។ អ៊ីចឹងទេ ការបន្តុះបង្អាប់មកលើកងទ័ព ក៏ដូចជាមកលើប្រមុខដឹកនាំរាជរដ្ឋាភិបាល និងប្រមុខដឹកនាំគណបក្សប្រជាជន នោះជារឿងផ្ទុយ ហើយមិនមានក្ដីសង្ឃឹមថា ប្រជាជននៅទូទាំងប្រទេស ធ្វើតាមការញុះញង់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិហ្នឹងដែរ ហើយអ្វីដែលគាត់ថា ក្លិនផ្ការីក ធ្វើឲ្យសម្ដេចហ៊ុន សែន វង្វេង និងថាសម្ដេច កំពុងដកកាំភ្លើងបាញ់មេអំបៅ ហើយរៀបចំជិះយន្តហោះដេញចាបនោះ បានអីនឹងផ្ការីក? ពីព្រោះផ្ការីកអី? បើផ្ការីកនៅទីក្រុងប៉ារីសនោះ ដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ រត់គេខ្លួនទៅនៅដេកសំងំនៅក្នុងផ្ទះអាប៉ាតឺម៉ង់មួយ នៅក្នុងជាយក្រុងប៉ារីស ឯណោះទេ ហើយបើទណ្ឌិតសម រង្ស៊ី នៅតែដេកសំងំនៅប៉ារីសទេ អាហ្នឹងវាគ្មានក្ដីសង្ឃឹមណាដែលធ្វើឲ្យប៉ះពាល់ទៅដល់ការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះគាត់ថា ចិន មិនអាចបន្តការគាំទ្ររបបសម្ដេចហ៊ុន សែន បានទៀតទេ ព្រោះចិន ដឹងថា របបនេះនឹងដួលរលំដូចនៅស៊ីរី ហើយថា ចិន ជួយកម្ពុជា ខាត ប៉ុន្តែខ្ញុំបានលើកឡើងថា ជាការយល់យល់ច្រឡំធំរបស់ទណ្ឌិតរូបនេះ ព្រោះថា ចិននិងកម្ពុជា ជាមិត្តដែកថែប និងជាមិត្តរួមវាសនាតែមួយនោះ អាហ្នឹងទោះបីថាក្រុមឧទ្ទាមក្រៅច្បាប់ និយាយយ៉ាងម៉េចក៏ដោយ ក៏ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នៅតែស្អិតល្មួត នៅតែអនុវត្តទៅតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនិងចំណងមិត្តភាព ជោគវាសនាតែមួយ រវាងកម្ពុជា និងចិន ។ ដូច្នេះហើយផ្អែកទៅលើមូលដ្ឋាននេះ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន លោកមិនឃ្លាតឆ្ងាយអំពីរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ទេ ហើយតាំងពីប៉ុន្មានថ្ងៃមុនមកហ្នឹង ពួកឧទ្ទាមក្រៅច្បាប់ហ្នឹង នាំគ្នាស្រោចនិយាយមួលបង្កាច់សភាពការណ៍ ទី១ អានេះវាគ្រាន់តែការញុះញង់ដើម្បីបំបែកសាមគ្គីភាពរវាងប្រទេសទាំងពីរ ។ ទី២ គឺថាធ្វើឲ្យប្រជាជនកម្ពុជាយល់ច្រឡំ ហើយមានការធ្លាក់ទឹកចិត្ត ក៏ប៉ុន្តែរដ្ឋាភិបាលចិន គឺថាមិនមានទាន់និយាយអីមួយម៉ាត់ទេ ក៏ប៉ុន្តែឮតែពីក្រុមឧទ្ទាមក្រៅច្បាប់ ពួកប្រឆាំងហ្នឹងទេ ដែលចេះតែនិយាយ អាហ្នឹងការនិយាយរបស់ពួកគេ មិនមានប្រសិទ្ធភាពអីដល់សតិអារម្មណ៍របស់ប្រជាជនកម្ពុជា ទេ ហើយចំណុចហ្នឹងដែរ ខ្ញុំក៏បានលើកឡើងដែរថា សម រង្ស៊ី និងមួរ សុខហួរ ហ្នឹង រកមធ្យោបាយផ្ដួលរំលំគណបក្សប្រជាជន ម៉េចបាន បើអ្នកទាំងពីរហ្នឹង កំពុងដេកដកដង្ហើមចង្រិត នៅក្រៅប្រទេសនោះ អាហ្នឹងដាច់ខាតវាអត់បានទេ អាហ្នឹងវាគ្រាន់តែការស្រមើស្រមៃទេ ហើយគ្រាន់តែការយល់សប្ដិទេ ។ ឥឡូវនេះ ពួកនេះវាកើតជំងឺមានមតិហើយ បើមិនមានមតិទេ វាហាក់ដូចជាងាប់ក្រឡាទៅហើយ អ៊ីចឹងទេ និយាយទៅ វាកែអផ្សុក អាជំងឺកែអផ្សុកហ្នឹង បើមិនបាននិយាយទេ វាមិនចេះរស់ ពួកនេះ ហើយបើនិយាយពីកម្លាំងនយោបាយ ក៏ដូចជាកម្លាំងទ័ពអី អាហ្នឹងវាគ្មានទេ ហើយបើគាត់ចង់សាកមើល ដូចតាហុក សុវណ្ណ អីចេះនិយាយប្រចាំថ្ងៃ ឲ្យពួកយាយហួរ ឲ្យពួកសម រង្ស៊ី ហ្នឹងកុំចេះតែថា កុំចេះតែដាក់ផែនការ កុំចេះតែនិយាយ ឲ្យធ្វើជាសកម្មភាពជាក់ស្ដែង ។ បានអីសកម្មភាពជាក់ស្ដែង បើមិនហ៊ានចេញពីក្រុងប៉ារីស ផងហ្នឹង? យាយហួរ មិនហ៊ានចេញពីទឹកដីអាមេរិក ផងហ្នឹង? អ៊ីចឹងទេ កុំសង្ឃឹមការតស៊ូរាប់ម៉ឺនគីឡូ ពីប្រទេសកម្ពុជា ហ្នឹងមិនអាចចេញជាលទ្ធផលជាដុំកំភួន ជាផ្លែផ្កាអីទេ វាគ្រាន់តែមានឥទ្ធិពលខ្លះដល់សកម្មជនដែលជឿការភូតកហុករបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹង សុខចិត្តមកជាប់គុកដោយខ្លួនឯង ដើម្បីផលប្រយោជន៍អំណាចទៅមេឧទ្ទាមដែលដេកសំងំលាក់ខ្លួននៅឯបរទេសនោះតែប៉ុណ្ណោះទេ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានគំរាមសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា «បន្ទាប់ពីសាដ ដល់វេនសែន» និងប្រកាសប្រើយុទ្ធសាស្រ្តផ្ការីក ឬបដិវត្តន៍ផ្ការីក ផ្តួលរំលំរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដែស និងនៅប្រទេសស៊ីរី ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា “បន្ទាប់ពីសាដ ដល់វេនសែន… ផ្ការីក“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា “ក្លិនផ្ការីក ធ្វើឲ្យហ៊ុន សែន វង្វេង។ គាត់ដកកាំភ្លើងបាញ់មេអំបៅ ហើយរៀបចំជិះយន្តហោះ ដេញបាញ់ចាប“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា “ ៥០ឆ្នាំមកហើយ ដែលឪកូន Assad តែងតែឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ឈ្នះដោយគ្មានបក្សប្រឆាំង… ផ្ការីក …ប្រទេសស៊ីរី“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែម នៅក្នុងខម្មិនថា “ឪកូន Assad តែងតែឈ្នះភ្លូកទឹកភ្លូកដីរាល់ការឆ្នោត។ រយៈពេលជាង៥០ឆ្នាំ ដែលត្រកូល Assad ដឹកនាំតាំងពីឪពុក មកកូន តែងតែឈ្នះភ្លូកទឹកភ្លូកដី រាល់ការឆ្នោតម្តងៗ ឈ្នះដោយលួចសន្លឹកឆ្នោត ឈ្នះដោយបង្រ្កាបពលរដ្ឋដែលហ៊ានងើបតវ៉ា មានដូចជាសម្លាប់ ចាប់ខ្លួនដាក់គុក ជាដើម។ ជ័យជម្នះរបស់ Assad សុទ្ធតែជាជ័យជម្នះដោយទុច្ចរិត ដោយអយុត្តិធម៌។ តែគ្មានរបបតពូជតត្រកូលណាអមតៈទេ ត្រកូល Assad បានចប់ត្រឹមពេលនេះ បន្ទាប់មកទៀត គឺត្រកូលហ៊ុន នឹងចប់ដូចគ្នា។ ផ្ការីក“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែមថា “ចិន មិនអាចបន្តការគាំទ្ររបបហ៊ុន សែន បានទៀតទេ ព្រោះចិន ដឹងថា របបនេះនឹងដួលរលំដូចនៅស៊ីរី។ ចិនជួយ ចិនខាត»។
លោកសម រង្ស៊ី បានសរសេរបន្ថែមទៀតថា “ចិន ទី១ ចិនកំពុងតែធ្លាក់ដៃ ធ្លាក់សេដ្ឋកិច្ច។ ទី២ កង់ទ័ពនិងពលរដ្ឋ ធុញទ្រាន់នឹងត្រកូលហ៊ុនស្រដៀងនឹងរបបអាសសាដ។ ទី៣ ក្រុមប្រឆាំងកំពុងតែផុសផុលធ្វើចលនាប្រឆាំង។ ទី៤ របបត្រកូលហ៊ុន លែងមានការគាំទ្រពីប្រទេសបស្ចិមលោក ដូចនៅស៊ីរី ដែរ ។ និយាយប្រាប់តៗគ្នាទៅក្រុមគ្រួសារនិងមិត្តភក្តិរបស់យើងថា ត្រៀមខ្លួនដើម្បីទៅបេះផ្ការីក ទាំងអស់គ្នា“ ៕ កុលបុត្រ