Wednesday, December 18, 2024
Homeព័ត៌មានជាតិប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើលិខិតចំហជូននាយករដ្ឋមន្ត្រី ស្តីពីបញ្ហាកោះគុត

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើលិខិតចំហជូននាយករដ្ឋមន្ត្រី ស្តីពីបញ្ហាកោះគុត

គ្រិស្ទានសាន់ (ន័រវេយ៍) ៖ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោកម៉ែន ណាត ដែលសព្វថ្ងៃកំពុងរស់នៅទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេយ៍ បានផ្ញើលិខិតចំហ ជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាកោះគុត ដែលជាតំបន់ត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ដែលកំពុងមានបញ្ហាប្រទាញប្រទង់។

ក្នុងលិខិតចំហ ចុះថ្ងៃទី១៦ ខែធ្នូ​ឆ្នាំ២០២៤ នោះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានជូនយោបល់ដល់សម្តេចនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលកម្ពុជាព ចាំបាច់ ត្រូវប្តឹងប្រទេសថៃ ទៅកាន់តុលាការអន្តរជាតិ ក្នុងសំណុំរឿងកោះគុត និងការកំណត់ព្រំដែនសមុទ្រ កម្ពុជា-ថៃ ដោយអាចប្រើយន្តការតុលាការណាមួយ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ  (ICJ) ឬតុលាការមជ្ឈត្តិការអន្តជាតិ (PCA)។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា គប្បីបញ្ជាក់ជំហរឲ្យច្បាស់លាស់និងម៉ឺងម៉ាត់បំផុត ៣យ៉ាង។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរំឭកដល់នាយករដ្ឋមន្ត្រីកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជា ពុំគួរបន្តខុសឆ្គងតទៅទៀតទេ លើបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងព្រំដែនទឹក ព្រោះការខុសឆ្គងទៅលើរឿងជាតិ ទឹកដី គួបផ្សំរឿងអយុត្តិធម៌សង្គមដទៃទៀតផង ពិតជារឿងធ្ងន់ណាស់ មិនអាចធានាតួនាទីនៅក្នុងរាជរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី ឲ្យបាននឹងនយូរអង្វែងទេ។

លិខិតចំហ របស់លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពី «ជំរុញដំណោះស្រាយ​សំណុំរឿងកោះគុត និង​ការកំណត់ដែនសមុទ្រកម្ពុជា-ថៃ ទៅកាន់តុលាការអន្តរជាតិ» មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

​សូមជម្រាបជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា

លោកនាយករដ្ឋមន្ត្រី ជាទីគោរពរាប់អាន!

​ដោយកត់សម្គាល់ឃើញថា ជាច្រើនសប្តាហ៍មកនេះ មានអ្នកជាតិនិយម និងពលរដ្ឋខ្មែរ រាប់លាននាក់ សម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញបញ្ហាវិវាទ «កោះគុត និងដែនសមុទ្រកម្ពុជា-ថៃ» ខណៈ​ពេល​អ្នកជាតិនិយមថៃ និងមេដឹកនាំថៃ បញ្ជាក់ជំហរម្តងហើយម្តទៀត នូវកោះគុត ជារបស់ថៃ និងមិនផ្តល់តម្លៃពេញលេញទៅលើអនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ​ឆ្នាំ២០០១ (MOU-2001) រវាង​កម្ពុជា​-​ថៃ ស្តីពី​តំបន់​ត្រួតស៊ីគ្នា (Overlapping Claims Areas (OCA))។

​យោងតាមបទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ពី​អតីតកាល ​បញ្ជាក់​ថា រដ្ឋាភិបាលថៃ បាន​ប្រើ​យោធា​ ដណ្តើម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ ​របស់កម្ពុជា នៅ​ឆ្នាំ​១៩៥៤ រហូត​ដល់​កម្ពុជា បាន​ឈ្នះក្តីក្នុងសំណុំរឿងនេះ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាឆ្នាំ​១៩៦២ ទើប​ភាគី​ថៃ យល់ព្រម​ដកកង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ កាលនោះ រដ្ឋាភិបាល​​កម្ពុជា ក៏ធ្លាប់​បាន​ប្រើ​យន្តការ​ចរចា​ទ្វេភាគី​ដែរ មុន​ពេល​ប្តឹងប្តល់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ប៉ុន្តែ​ភាគី​ថៃ នៅ​តែ​មិន​ព្រម​ដក​ថយ​ពី​ប្រាសាទព្រះវិហារ។ ម៉្លោះហើយ កម្ពុជា សម្រេចប្តឹងប្តល់​ប្រទេស​ថៃ​នៅ​ឆ្នាំ១៩៥៩។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ល្មមដល់ពេលបញ្ឈប់យន្តការចរចាទ្វេភាគី ជាមួយរដ្ឋាភិបាលថៃ តទៅទៀត ពីព្រោះវាគ្មានលទ្ធផលល្អសម្រាប់កម្ពុជា ទេ ក្នុងរឿង «តំបន់ត្រួតស៊ីគ្នា» រួមទាំងកោះគុត ផង។

​កោះគុត ជាកម្មសិទ្ធិមួយផ្នែករបស់កម្ពុជា ស្របតាមអនុប្រការ១ និង២ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលបញ្ជាក់ច្បាស់លាស់ថា ខ្សែបន្ទាត់​មូលដ្ឋាននៃការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងថៃ គឺត្រូវបាន​កំណត់នៅលើចំណុចខ្ពស់បំផុត  (កំពូលភ្នំខ្ពស់ជាងគេ) នៃកោះគុត ដោយរាប់ពីបង្គោលលេខ ៧៣ នៅតំបន់ឆ្នេរ ដែលមានភ្ជាប់ ​«ផែនទី»​ ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា​នេះ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមជូនយោបល់ដល់លោកនាយករដ្ឋមន្ត្រី ជ្រាបថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវប្តឹងប្រទេសថៃ ទៅកាន់តុលាការអន្តរជាតិ ក្នុងសំណុំរឿង «កោះគុត» និង ការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ។ កម្ពុជា អាចប្រើយន្តការតុលាការណាមួយ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice (ICJ)) ឬតុលាការមជ្ឈត្តិការអន្តជាតិ (Permenent Court of Arbitration (PCA))។ ជាមួយយន្តការនេះ កម្ពុជា ត្រូវប្រើច្បាប់អន្តរជាតិ ចំនួន៣ យ៉ាងតិច រួមមាន សន្ធិសញ្ញាបារាំង​​-​សៀម ​ឆ្នាំ១៩០៧, កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា និងច្បាប់សមុទ្រ UNCLOS​-​1982។

​ក្នុងខណៈពេលនេះ រដ្ឋាភិបាលកម្ពុជា គប្បីបញ្ជាក់ជំហរឲ្យច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត ៣ យ៉ាងគឺ ៖

ទី១- ជម្រាបពជូនលរដ្ឋខ្មែរថា រដ្ឋាភិបាលកម្ពុជា សម្រេចលុបចោល MOU ឆ្នាំ២០០១ ជំនួសដោយយន្តការអន្តរជាតិ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រ ជាមួយរដ្ឋាភិបាលថៃ ជាមុនសិន។

ទី២- ត្រូវធ្វើកំណត់ទូត តវ៉ាទៅកាន់រដ្ឋាភិបាលថៃ ថាមួយផ្នែកនៃកោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា។

ទី៣- រៀបចំសំណុំឯកសារប្តឹងប្តល់ប្រទេសថៃ ទៅតុលាការអន្តរជាតិ ជាផ្លូវការ។

​លោកនាយករដ្ឋមន្ត្រី ជាទីគោរពរាប់អាន!

​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំឭកជូនបន្ថែមថា ថ្វីត្បិតបន្ទុករបស់រដ្ឋាភិបាលកម្ពុជា មានបញ្ហាជាច្រើនត្រូវដោះស្រាយក៏ពិតមែនហើយ ប៉ុន្តែពុំគួរណាបន្តខុសឆ្គងតទៅទៀតទេ ទៅលើបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងព្រំដែនទឹក រួមទាំងករណីកោះត្រល់ និងចង្កោមកោះក្រចកសេះ ជាមួយប្រទេស​វៀតណាម ​ផង។ ការ​ខុស​ឆ្គង​ទៅ​លើរឿងជាតិទឹកដី គួបផ្សំរឿងអយុត្តិធម៌សង្គមដទៃទៀតផងនេះ ពិតជារឿងធ្ងន់ធ្ងរណាស់ មិនអាចធានាតួនាទីនៅក្នុងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ឲ្យបាននឹងនយូរអង្វែងទេ ពីព្រោះទាំងនោះគឺជាកំហុសឆ្គង រំលោភបំពានរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងច្បាប់ វិជ្ជមាននានារបស់កម្ពុជា។

​សូមលោកនាយករដ្ឋមន្ត្រី ទទួលនូវការគោរពរាប់អានដ៏ខ្ពស់ខ្ពស់អំពីយើងខ្ញុំ»៕ ខៀវទុំ

RELATED ARTICLES