Tuesday, September 17, 2024
Homeសង្គម និងជីវិតចិន ទិញដំឡូងមីថ្លៃ ពលរដ្ឋផ្អើលដឹកទៅលក់ ប៉ូលិសកាក់តាមផ្លូវ

ចិន ទិញដំឡូងមីថ្លៃ ពលរដ្ឋផ្អើលដឹកទៅលក់ ប៉ូលិសកាក់តាមផ្លូវ

ហាងឆេងដំឡូងមីស្រស់ និងដំឡូងមីស្ងួត ដែលធ្លាក់ចុះថោកដល់កម្រិត រហូតដល់ប្រជាកសិករនៅខេត្តបាត់ដំបង ប៉ៃលិន អស់សង្ឃឹមនោះ បានស្ទុះឡើងថ្លៃវិញ ដោយសារក្រុមហ៊ុនចិន ដែលមានរោងចក្រនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហ៊ានទិញក្នុងតម្លៃខ្ពស់ជាង តម្លៃស្តង់ដំឡូងមី ក្នុងខេត្តប៉ៃលិន។ លុះដឹងថា ក្រុមហ៊ុនចិន ហ៊ានថ្លៃ ម្ចាស់ចម្ការដែលអស់សង្ឃឹមទៅហើយនោះ បានប្រកូកប្រកាសរកកម្មករស៊ីឈ្នួលដកដំឡូង ចិញ្ច្រាំជាចំណិតហាលស្ងួត ច្រកបាវ ដើម្បីដឹកទៅលក់ឱ្យរោងចក្រចិន ឱ្យទាន់សភាពការណ៍។ សកម្មភាពដឹកជញ្ជូននេះ មានភាពគគ្រឹកគគ្រេងខ្លាំងណាស់ ស្រាប់តែលេចសមត្ថកិច្ចពន្ធដារ និងនគរបាលចរាចរខេត្តប៉ៃលិន នាំគ្នាទៅចាំស្ទាក់ឱ្យបង់ថ្លៃផាកពិន័យរថយន្តកែច្នៃខុសបច្ចេកទេស បណ្តាលឱ្យស្ទះចរាចរណ៍។

ម្ចាស់រថយន្តច្នៃម្នាក់ ដែលដឹកដំឡូងមីស្រស់ និងចំណិតដំឡូងហាលស្ងួតពេញរថយន្ត បានប្រាប់អ្នកយកព័ត៌មានយើងថា គាត់ប្រកបរបរដាំដំឡូងមីជាច្រើនហិកតារ ដោយខ្ចីលុយធនាគារធ្វើដើមទុន។ ប៉ុន្មានខែមុននេះ ពេលដំឡូងមីឱ្យផល ស្រាប់តែឈ្មួញដំឡូងនៅប៉ៃលិ​ន ទម្លាក់ហាងឆេងយ៉ាងគំហុក ធ្វើឱ្យគាត់ស្ទាក់ស្ទើរមិនចង់លក់ ក៏ចេះតែទុកមើមដំឡូងនៅក្នុងដី មិនព្រមដកទៅលក់។ លុះចូលមកដល់ដើមខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្រាប់តែរោងចក្រចិន ដែលមានទីតាំងនៅស្រុករតនមណ្ឌល ជាប់ព្រំប្រទល់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ប្រកាសទទួលទិញដំឡូង ដោយហ៊ានឱ្យតម្លៃដំឡូងស្រស់ ក្នុង១គ.ក្រ ១,៧បាត (ប្រាក់ថៃ) ឯដំឡូងមីស្ងួត១គ.ក្រ ហ៊ានថ្លៃពី៤,៥ទៅ៥បាត។ តម្លៃនេះខ្ពស់ជាងស្តង់ឈ្មួញនៅប៉ៃលិន ទើបពួកគាត់សម្រុកកែច្នៃរថយន្ត ឬគោយន្ត ដើម្បីផ្ទុកឱ្យបានច្រើន ព្រោះដំឡូងមីស្រស់មិនអាចទុកយូរបានឡើយ ពេលដកវាផុតពីដី បើដឹកទៅមិនទាន់នឹងឡើងពណ៌ខ្មៅអស់។ លុះអ្នកចម្ការរកទីផ្សារបានថ្លៃ បែរជាសមត្ថកិច្ចនាំគ្នាទៅគោះរឿងថ្លៃផ្លូវ ត្រួតពិនិត្យយានយន្តខុសបច្ចេកទេសទៅវិញ បណ្តាលឱ្យកកស្ទះចរាចរណ៍ ឯរោងចក្រចិន ក៏ផ្អាកទិញមួយរយៈ ធ្វើឱ្យពួកគាត់បង់ខាតច្រើនជាងលក់ឱ្យឈ្មួញទៅទៀត ព្រោះត្រូវបង់ពន្ធផ្លូវទ្វេដង ដោយសារពួកគាត់ធ្វេសប្រហែស មិនបានបង់ពីមុន។ ចំណែកនគរបាលចរាចរខេត្តប៉ៃលិន ដែលដាក់កុងត្រូលក្បែរព្រំប្រទល់ស្រុក ចាំតែគាបទារ លុយផ្ទុកលើសចំណុះ ដែលសម្រេចទៅមុខរបរពួកគាត់ កាន់តែស្តារលែងឡើង។ ជាងនេះទៀត បន្ទាប់ពីដឹងថា កសិករសម្រុកដកដំឡូងដឹកទៅលក់ ភ្លូកទឹកភ្លូកដីយ៉ាងនេះ ក៏ស្រាប់តែមានឈ្មួញខ្មែរ បើកស្តង់ក្បែរគ្នាសោះ បែរជាស្តង់មួយហ៊ានទិញថ្លៃ ស្តង់មួយទៀតថោក មិនដឹងជាមានមូលហេតុអ្វីទេ។

ម្ចាសរថយន្តដំឡូងមី ត្រូវសមត្ថកិច្ចផាកពិន័យ

ប្រជាកសិករទាំងនោះ បន្ថែមទៀតថា នៅក្នុងខេត្តប៉ៃលិន ដែលសម្បូរចម្ការដំឡូងមី មិនទាន់មានក្រុមហ៊ុនណាចូលមកសង់រោងចក្រកែច្នៃដំឡូងនោះទេ ខណៈដែលជាយខេត្តបាត់ដំបង ជាប់ព្រំប្រទល់ខេត្តប៉ៃលិន ត្រូវក្រុមហ៊ុនចិន សាងសង់រោងចក្រយ៉ាងពពាក់ពពូន។ ពួកគាត់ក៏សូមអំពាវនាវដល់មន្ទីរកសិកម្ម ក៏ដូចមន្ទីរពាណិជ្ជកម្មខេត្ត មេត្តាជួយរកទីផ្សារដំឡូង សម្រាប់ប្រជាពលរដ្ឋលក់កសិផលបានតម្លៃផង និងជួយបង្រៀនពីបច្ចេកទេសដាំដុះឱ្យមានទិន្នផលខ្ពស់។ ជាពិសេស ពេលពួកគាត់រកទីផ្សារបាន និងមានកំហុសកែច្នៃរថយន្តខុសបច្ចេកទេស ក៏គួរអនុគ្រោះផង មិនគួរមករំខានពេលកំពុងដឹកដំឡូងយ៉ាងប្រញឹកយ៉ាងនេះទេ។ ពួកគាត់រកស៊ីគាស់កកាយធរណី សព្វថ្ងៃ ជំពាក់បំណុលធនាគារ និងអង្គការផ្សេងៗ សង្ឃឹមទិន្នផលយកទៅលក់ តែបើមានឧបសគ្គយ៉ាងនេះ ចៀសមិនផុតពីការលក់ស្រែចម្ការសងគេ រួចនាំប្រពន្ធកូនទៅធ្វើខ្ញុំគេនៅស្រុកថៃ។

ដោយឡែក កម្មករ-កម្មការិនីមួយចំនួន ដែលមកបោះតង់ស្នាក់នៅក្នុងចម្ការ ដើម្បីស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងឱ្យថៅកែក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងស្របគ្នាថា ពួកគាត់កំពុងតែព្រួយបារម្ភពីអនាគតរបស់កូនតូចៗ ដោយសារតែពួកគេតាមឪពុកម្តាយមកស៊ីឈ្នួល គ្មានបានរៀនសូត្រ។ ក្នុងចំណោមក្មេងៗទាំងនោះ មានខ្លះរៀនដល់ថ្នាក់ទី២ ទី៣ ទី៤ ខ្លះជិតចប់បឋមសិក្សាទៅហើយ បានបង្ខំចិត្តមកតាមឪពុកម្តាយជួនក៏ជួយកាប់ចិញ្ច្រាំមើមដំឡូង និងមកមើលប្អូនតូចកុំឱ្យយំ ខណៈឪពុកម្តាយកំពុងប្រញឹកដៃ ធ្វើការឱ្យថៅកែ។

ស្ត្រីម្នាក់ឈ្មោះរឿន ច្រឹប អាយុ៤៦ឆ្នាំ បានឱ្យដឹងថា គាត់មានប្តីឈ្មោះលី ទី អាយុ៥២ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានយកកូនស្រីម្នាក់ឈ្មោះសុខ វណ្ណា អាយុ១០ឆ្នាំ ឱ្យមកជួយមើលប្អូនតូចៗ ទុកឱកាសឱ្យឪពុកម្តាយកាប់ចិញ្ច្រាំដំឡូងមី ធ្វើឱ្យកូនស្រីនេះត្រូវព្យួរការរៀនសូត្រថ្នាក់ទី៣។ ការកាប់ចិញ្ច្រាំដំឡូងមី ១កញ្ឆោ បានឈ្នួល១០០០រៀល ដែលក្នុង១ថ្ងៃ អាចចិញ្ច្រាំបាន២០កញ្ឆោ។ ចំណែកប្តីរបស់គាត់ពេលខ្លះជួយចិញ្ច្រាំ ពេលខ្លះទៅ ស៊ីឈ្នួលលីសែងដំឡូងហាលស្ងួត ដាក់រថយន្តឱ្យថៅកែដឹកទៅលក់។ ដោយសារតែមិនដឹងមានមុខរបរអ្វីនៅឯស្រុកកំណើត ក៏នាំគ្នាមករកស៊ីនៅទីនេះ បានត្រឹមតែរស់ប៉ុណ្ណោះ។

ស្ត្រីម្នាក់ទៀត ឈ្មោះមុំ នឹម អាយុ៤០ឆ្នាំ មកពីភូមិកោះខ្ទម ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់មានប្តីឈ្មោះឆាវ ថា អាយុ៤២ឆ្នាំ និងកូន៨នាក់ បាននាំគ្នាមកស៊ីឈ្នួលនៅទីនេះរយៈពេលជាង២ខែមកហើយ ធ្វើឱ្យកូន២នាក់ ដាច់ការរៀនសូត្រ។ កម្មករនៅទីនេះភាគច្រើនកាត់មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ កំពត សុទ្ធតែនាំកូនមកជាមួយដូចគ្នា។ នៅពេលបានដឹងថា ថៅកែចម្ការដំឡូងរកស៊ីខាត ដោយសារដំឡូងត្រូវឈ្មួញទម្លាក់ថ្លៃ និងពេលឡើងថ្លៃ បានក្រុមហ៊ុនចិន ទទួលទិញ ស្រាប់តែសមត្ថកិច្ចយកច្បាប់ទៅអនុវត្តនោះ ធ្វើឱ្យគាត់ព្រួយបារម្ភណាស់ ព្រោះបើថៅកែខាត នឹងឈប់ទទួលពួកគាត់ជាកម្មករមិនខានឡើយ និងមានតែរឿងផ្កាប់ឆ្នាំងវិលទៅស្រុកវិញទាំងទឹកភ្នែក។

គួរបញ្ជាក់ថា ទាំងម្ចាស់ចម្ការ ក៏ដូចកម្មករកាប់ដំឡូង សុទ្ធតែត្អូញត្អែរគ្រប់គ្នាពីឧបសគ្គរាំងមុខពាក់ព័ន្ធដល់សមត្ថកិច្ច ដែលខ្វះការយោគយល់។ ហេតុនេះ ពួកគាត់គ្មានសំណូមពរអ្វីក្រៅពីស្នើទៅរាជរដ្ឋាភិបាល ឱ្យជួយសម្រួលមុខរបរនេះផង ដើម្បីរកប្រាក់សងបំណុលធនាគារ និងអង្គការនានា ដែលបោះទីតាំង ក្នុងខេត្តប៉ៃលិន៕                          រតនៈ 

RELATED ARTICLES