Saturday, January 11, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បន្តបញ្ឈឺសម រង្ស៊ី ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព

សម្តេចហ៊ុន សែន បន្តបញ្ឈឺសម រង្ស៊ី ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (អតីតគណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបញ្ឈឺលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលប្រកាសប្រើយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងតែងបង្ហោះសារគំរាមសម្តេចហ៊ុន សែន អំពី «ផ្ការីក»  ជារឿយៗនោះ ដោយមុននេះ សម្ដេចអតីតនាយករដ្ឋមន្រ្តី បានបង្ហោះរូបភាពលេងវាយកូនគោល ដោយឌឺដងឲ្យលោកសម រង្ស៊ី ថាលេងវាយកូនគោល មើលផ្ការីក ខ្យល់ត្រជាក់ ផ្ការីកគ្រប់រដូវ វាយកាន់តែល្អ ។ ដោយឡែក ពេលនេះសម្ដេចហ៊ុន សែន បានបញ្ជាក់ថា សម្ដេច កំពុងនិពន្ធចម្រៀងមួយបទ ក្រោមចំណងជើងថា “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ដែលបង្ហាញថា សមិទ្ធផលរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់ ហើយអ្នកដែលចង់រក្សាសន្តិភាព អាចច្រៀងរាំលេង បទនេះបាន ។

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មុនពេលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា សម្ដេចហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក ជារូបថតក្នុងសម្លៀកបំពាក់កាកបាទក្រហមកម្ពុជា រាំកម្សាន្តជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅមុខប្រាសាទបុរាណ កាលពី ២០ឆ្នាំមុន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ជាមួយសំណេរថា “ផ្ការីក រៀងរាល់ថ្ងៃ ព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើង លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់។ យើងធ្វើពីតូច ទៅធំ ពីទាប ទៅខ្ពស់ ពីតិច ទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ចេញពីអភិក្រមផ្ការីក នេះផងដែរ ។ល។ យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះផ្ការីក នៅវិមាន៧មករា ម្សិលមិញ ផ្ការីកនៅវិមានព្រឹទ្ធសភា។ សូមជូនរូបថតផ្ការីកមួយសន្លឹក ទើបរកឃើញ មិនដឹងថតពេលណា តែបើមើលក្បាលខ្សែក្រវាត់ អាចទើបអាយុក្រោម៥០ឆ្នាំ ។ រាំជាមួយប្រពន្ធ ពេលចូលរួមសកម្មភាពកាកបាទក្រហម។ ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទ គឺបទ «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព» ដែលបទនេះ នឹងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព“ ។

បើទោះបីសំណេរខ្លី មិនបញ្ជាក់ឲ្យចំ តែអ្នកតាមដាននយោបាយ យល់ថា សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ចង់បញ្ឈឺឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលថ្មីៗនេះ បានបង្កើតចលនាជាតិតស៊ូ ហើយតែងប្រើបណ្ដាញសង្គម ហ្វេសប៊ុក អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុក ឲ្យងើបបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្រ្តផ្ការីក ដូចនៅប្រទេសបង់ក្លាដែស ដែលទម្លាក់នាយករដ្ឋមន្រ្តី សេក ហាស៊ីណា និងដូចប្រទេសស៊ីរី ដែលទម្លាក់ប្រធានាធិបតីស៊ីរី បាស្ហារ អាល់-អាសាសដ កាលពីពេលថ្មីៗនេះ ជាដើម ។ អតីតមេបក្សប្រឆាំង ដែលសម្តេចហ៊ុន សែន ហៅថា «ជនក្បត់ជាតិ ៣ជំនាន់» នេះ នៅពេលថ្មីៗចុងក្រោយនេះ បានប្រកាសថា នឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេស និងតែងបង្ហោះរូបភាពនិងសារ «ផ្ការីក» ដែលសំដៅបដិវត្តន៍ពណ៌ បំផ្ទុះចេញពីផ្ទៃក្នុង គំរាមសម្តេចហ៊ុន សែន ដោយចោទសម្តេចហ៊ុន សែន ជាជនផ្តាច់ការ ប្រៀបធៀបទៅអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែល លោកស្រី សេក ហាស៊ីណា និងអតីតប្រធានាធិបតីស៊ីរី លោកបាស្ហារ អាល់-អាសសាដ ដូចជាថា «បន្ទាប់ពីសាដ ដល់វេនសែន» ជាដើម។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗ អគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្ស សរុបប្រមាណជាង ២០០០នាក់។

អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះ បានបង្ហាញពីវឌ្ឍនភាពការងារការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររួមផងដែរ។

ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងាររបស់សម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជនរួចហើយ សម្តេចហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់។ សម្តេច បានមានប្រសាសន៍បន្តថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជម្នះជូនគណបក្ស គណៈចលនាមហាជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយ មិនអាចខ្វះបាន ក្នុងការធានាជ័យជម្នះរបស់គណបក្ស ក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្ស ក្នុងចំណោមមហាជនទូទៅផងដែរ។

ជាទិសដៅអនុវត្តបន្ត សម្ដេចហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្ស ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម ៖

-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយសម្ដេច បានបញ្ជាក់ថា សមាជិកទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាឲ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឲ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។

-បន្តពង្រឹងនិងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។

-នៅចំពោះមុខសភាពការណ៍ជាតិនិងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃឲ្យបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។

-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្សនិងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថល ឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជំរុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌  ត្រូវមានវិធានការជាបន្ទាន់។

-បន្តការកំណែទម្រង់ ទាំងក្នុងបក្សនិងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នា ទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេស ត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន។

-បន្តចូលរួមពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនេះនេះដែរ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូល និងបានជំរុញការយកចិត្តទុកដាក់ប្រមូលចំណូលឲ្យអស់លទ្ធភាពបន្ថែមទៀត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសឲ្យការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួលនិងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញឲ្យយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានខ្លាំង។

សម្ដេចហ៊ុន សែន បានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជន ឲ្យចំគោលដៅ។ ក្នុងនោះដែរ សម្ដេច ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណៈកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រសិទ្ធពរជ័យ ជូនលោក លោកស្រី អ្នកនាងកញ្ញា អង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរ និងពរទាំង ០៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES