Saturday, January 11, 2025
Homeព័ត៌មានជាតិសម រង្ស៊ី  ថារឿងកោះគុត បើត្រកូលហ៊ុន ខ្លាចថៃ ទុកឲ្យប្រជាជនធ្វើបាតុកម្មតវ៉ា

សម រង្ស៊ី  ថារឿងកោះគុត បើត្រកូលហ៊ុន ខ្លាចថៃ ទុកឲ្យប្រជាជនធ្វើបាតុកម្មតវ៉ា

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា ខ្មែរ មានចំណែកក្នុងការទទួលបានកោះគុត ដែលជារបស់ខ្លួន ។ ដូច្នេះបើត្រកូលហ៊ុន ខ្លាចថៃ មិនហ៊ានប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារកោះគុត ទុកឲ្យប្រជាជនធ្វើបាតុកម្មតវ៉ា ។ ជាមួយនេះ អតីតមេបក្សប្រឆាំងរូបនេះ បានលើកឡើងថា ខណៈដែលរឿងព្រំដែនទឹក រវាងកម្ពុជា និងថៃ កំពុងតែឡើងកម្តៅ មេដឹកនាំថៃ ឪកូន គឺលោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តី និងលោកស្រី ផែថងថាន នាយករដ្ឋមន្រ្តី ហ៊ានចេញមកអះអាងថា កោះគុត ជារបស់ថៃ ១លានភាគរយ ផ្ទុយពីមេដឹកនាំកម្ពុជា ឪកូន គឺសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ងាត់ឈឹង មិនហ៊ានចេញប្រតិកម្មអ្វី ឲ្យប្រជាពលរដ្ឋបានស្ងប់ចិត្ត ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ថា “នាយករដ្ឋមន្ត្រីឪកូនថៃ អះអាងថា «កោះគុត/គជ់» ជារបស់ថៃ មួយលានភាគរយ ខណៈមេដឹកនាំឪកូនកម្ពុជា នៅស្ងាត់ឈឹងតែម្តង។ អសមត្ថភាព ឬខ្លាច?“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា “ខ្មែរ មានចំណែកលើកោះគុត/គុជ បើត្រកូលហ៊ុន អសមត្ថភាព ឬខ្លាច មិនហ៊ានតវ៉ាគេទេ ទុកឲ្យប្រជាជនខ្មែរ ធ្វើបាតុកម្មតវ៉ាវិញ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា “មេដឹកនាំគេ ចេញប្រកាសជំហរការពារទឹកដី មេដឹកនាំឯង ប្រកាសបង្រ្កាបអ្នកហ៊ាននិយាយរឿងទឹកដី“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមទៀត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមពលរដ្ឋខ្មែរ និយាយរឿងទឹកដី យើងគ្មានអ្វីត្រូវខ្លាចទេ… ផ្ការីក“ ។

ស្របគ្នានេះដែរ លោកទេព មនោ សកម្មជនអតីតបក្សប្រឆាំង នៅក្រៅប្រទេស ដែលជាសហការីលោកសម រង្ស៊ី បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា “ការចុះហត្ថលេខា MOU-44 កាត់ទឹកដីខ្មែរ ឱ្យថៃ មិនស្របច្បាប់ រំលោភសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ទើបថៃ គំរាមខ្មែរ មិនឱ្យប្តឹងទៅតុលាការអន្តរជាតិ ICJ ទីក្រុងឡាអេ ។ លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ អះអាងថា ៖ កោះគុត ជារបស់ថៃ ១លាន% យោងតាមការចុះហត្ថលេខាលើអនុស្សរណៈ MOU-44 លេខ៤៤ រវាងបងធម៏ថាក់ស៊ីន និងប្អូនធម៌ហ៊ុន សែន ប្រគល់កោះគុត ឱ្យថៃ បើថៃ សំអាងលើការចុះហត្ថលេខាលើអនុស្សរណៈ MOU-44 លេខ៤៤ គឺថៃ បានរំលោភសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំណត់ព្រំដែនខ្មែរ-ថៃ ចាប់ពីចំណុចកំពូលនៃកោះ ត្រង់ទៅភ្នំក្រវាញ“ ។

លោកទេព មនោ បន្តថា “សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ប្រការ១ ៖ «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិន (កម្ពុជា) និងសៀម ចាប់ផ្តើមពីមាត់សមុទ្រ ចំត្រង់ចំណុចមួយ នៅពីមុខកោះគុត ហើយកាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុតនៃកោះគុត» ចាប់ពីចំណុចនេះ ឆ្ពោះទៅទិសឦសាន រហូតដល់ជួរភ្នំក្រវាញ ត្រូវបានយល់ព្រមជាផ្លូវការ» ។

លោកទេព មនោ បន្តទៀតថា “ឯកសារផ្លូវការនៅ Paris  រវាងប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង Viche-Emile – Marie – Joseph Collin និងព្រះចៅស្យាម តំណាងដោយព្រះអង្គម្ចាស់ ឌីវ៉ាន់វង្ស វ៉ានីប្រៈកាន រដ្ឋមន្ត្រីការបរទេស ។ ក្នុងនាមពលរដ្ឋខ្មែរ ជាម្ចាស់ទឹកដី ម្ចាស់វាសនានៃប្រទេសជាតិ ខ្ញុំសូមប្រកាសទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកយកករណីកោះគុតប្តឹងទៅតុលាការអន្តជាតិ ដោយហេតុថា មានតែតុលាការអន្តរជាតិទេ ដែលអាចកាត់ក្តីដោយយុត្តិធ៌ម ធ្វើឲ្យពលរដ្ឋខ្មែរ និងពលរដ្ឋថៃ ព្រមទាំងរដ្ឋាភិបាលទាំងពីរ ទទួលយកបាន ហើយបញ្ចប់នូវភាពចម្រូងចម្រាស ជម្លោះរវាងប្រទេសទាំងពីរ ដូចករណីប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ អ៊ីចឹងដែរ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវយ៉ាងទទួចដល់ពលរដ្ឋខ្មែរ គ្រប់រូប មេត្តាចូលរួមទាំងអស់គ្នា ទាមទារចំណែកនៃកោះគុត របស់យើង តាមរយះនៃការធ្វើយុទ្ធនាការនានា និងបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកយកករណីកោះគុត នេះប្តឹងទៅតុលាការអន្តជាតិ ឲ្យខាងតែបាន ។ ឯកសារនេះ សំខាន់ណាស់ ជួយ Share ឱ្យកូនខ្មែរ បានសិក្សាផង“ ។

ជុំវិញរឿងកោះគុត នេះដែរ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលជាកូនធម៌លោកសម រង្ស៊ី បានបញ្ជាក់ថា លោកគាំទ្រនូវប្រសាសន៍លោកសម ​រង្ស៊ី ពីព្រោះកោះគុត ឬកោះគជ់ គឺជាចំណែកមួយរបស់កម្ពុជា ដែលយើងត្រូវតែទាមទារយកមកវិញ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បា្រប់ “នគរធំ” នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា “ ខ្ញុំគាំទ្រនូវប្រសាសន៍លោកប្រធាន ពីព្រោះកោះគជ់ គឺជាចំណែកមួយរបស់កម្ពុជា បើយោងតាមសន្ធិសញ្ញា១៩០៧ ដែលគូសវាសដោយបារាំង គឺកោះគជ់ ២ភាព៣ គឺជាចំណែកមួយរបស់កម្ពុជា ។ ដូច្នេះបើសិនជាការគូសវាសនូវផែនទីនៅជំនាន់នោះខុស ឬមិនពិតប្រាកដយ៉ាងណា វាជាកាតព្វកិច្ចរបស់អ្នកដឹកនាំបច្ចុប្បន្ន ត្រូវតែសើរើនិងយកចម្ងល់ យកការស្រពេចស្រពិល រវាងកោះគជ់ និងតំបន់ត្រួតស៊ីគ្នានេះ យកមកដោះស្រាយបញ្ហា មិនមែនថៃគេប្រកាសថា កោះនេះ ជារបស់គេមួយរយភាគរយ ហើយមេដឹកនាំខ្មែរ​ បែរជាមិនឆ្លើយតបជាមួយនឹងគេ ហើយមិនឆ្លើយតបជាមួយនឹងពលរដ្ឋខ្លួនឯងហើយ ព្រមទាំងទុករឿងដែលពលរដ្ឋកំពុងតែជ្រួលច្របល់នេះ ស្ងាត់ឈឹង គេចវេះពីការដោះស្រាយបញ្ហា ។ មួយវិញទៀត យើងឃើញមានការចុះ MOU នៅឆ្នាំ២០០១ ដោយលោកសុខ អាន និងមន្រ្តីការបរទេសរបស់ថៃ គឺបានបញ្ជាក់ថា កោះគជ់ នេះគឺស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នា ។ ដូច្នេះហើយអ្វីគ្រប់យ៉ាងដែលនៅជាប់នឹងកោះគជ់ ក៏ដូចជានៅក្នុងខ្សែបន្ទាត់ និងសមុទ្រត្រួតស៊ីគ្នានេះ គឺវានៅស្រពេចស្រពិលណាស់“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តថា “អ៊ីចឹងចង់មិនចង់ ក្នុងនាមជាប្រជាពលរដ្ឋ នៅពេលដែលយើងជាម្ចាស់ទឹកម្ចាស់ដី ជាម្ចាស់អំណាចនៃការទាមទារទឹកដីរបស់ខ្លួន ហើយយើងរំពឹងទៅលើរាជរដ្ឋាភិបាលសព្វថ្ងៃនេះ គាត់មិនព្រមដោះស្រាយ មិនឆ្លើយតប មិនអើពើ អ៊ីចឹងវិធីសាស្រ្តរបស់យើង មានតែធ្វើដោយការធ្វើបាតុកម្ម ទី១ ។ ទី២ គឺយើងប្រមូលមតិរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសហ្នឹង ដែលគាត់មានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី តវ៉ា ទាមទារហ្នឹង គឺចង់បានសំឡេងរបស់គាត់ទូទាំងពិភពលោក ដើម្បីយើងយកមកថ្លឹងថ្លែង ហើយយកសំឡេងរបស់គាត់នេះ រុញឲ្យរដ្ឋាភិបាលក្នុងប្រទេសហ្នឹង ប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីបញ្ចប់រឿង ។ បើសិនជាកោះគជ់ នេះ ជារបស់ខ្មែរ ឬក៏ជារបស់ថៃ មួយណាក៏ដោយ សុំឲ្យមានភាគីទី៣ គឺតុលាការ ICJ ហ្នឹង អន្តរជាតិហ្នឹង សើរើឡើងវិញ ដោយមានការប្ដឹងអំពីរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីបញ្ជាក់ឲ្យច្បាស់ កាត់ក្ដីឲ្យច្បាស់ថា តើកោះនេះ ជារបស់ខ្មែរ ឬរបស់ថៃ? អាហ្នឹងដែលយើងចង់បាន ។ បើសិនជាគាត់មិនព្រមដោះស្រាយបញ្ហា គាត់នៅស្ងៀម អ៊ីចឹងក្នុងនាមប្រជាពលរដ្ឋ មានតែធ្វើបាតុកម្ម ហើយនិងធ្វើសមាជ ដើម្បីរិះរកវិធីដើម្បីទាមទារយកចំណែកនៃកោះនេះឲ្យមកខ្មែរវិញ ពីព្រោះទោះបីអនាគត យើងមើលថាអាចចាញ់ ឬឈ្នះបានឬក៏អត់ អាហ្នឹងយើងមិនដឹងទេ ប៉ុន្តែក្នុងនាមជាម្ចាស់ទឹកម្ចាស់ដី ក្នុងជាម្ចាស់អំណាច ជាម្ចាស់ប្រទេសដែរ យើងមិនអាចនៅស្ងៀម ឲ្យបរទេសចេះតែយកទឹកដីយើងបានរហូតអ៊ីចឹងទេ“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា ត្រកូលហ៊ុន ត្រូវតែតវ៉ាយកកោះគុត មកវិញ ប្ដឹងទៅតុលាការអន្តរជាតិ បើមិនអ៊ីចឹងទេ ប្រជាពលរដ្ឋនឹងធ្វើបាតុកម្មហើយ តវ៉ាហើយ ហើយត្រកូលហ៊ុន នឹងក្លាយទៅជាត្រកូលក្បត់ជាតិ តជំនាន់ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ត្រឹមត្រូវហើយ ដែលលោកសម រង្ស៊ី ថាខ្មែរមានចំណែកនៅលើកោះគុត ហើយត្រកូលហ៊ុន បើខ្លាច ទុកឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ានេះ ។ ដូច្នេះត្រកូលហ៊ុន ត្រូវតែតវ៉ាយកកោះគុត មកវិញ ប្ដឹងទៅតុលាការអន្តរជាតិ បើមិនអ៊ីចឹងទេ ប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាហើយ ។ ហើយលោកសម រង្ស៊ី លើកឡើងថា មេដឹកនាំថៃ ឪកូន អះអាងថា កោះគុត ជារបស់ថៃ ១លានភាគរយ ខណៈមេដឹកនាំខ្មែរហ្នឹង ស្ងាត់ឲ្យឈឹង បញ្ហាហ្នឹង មានន័យថា ត្រកូលហ៊ុន គឺជាត្រកូលកំសាក មិនហ៊ានការពារទឹកដីខ្លួនឯង កោះរបស់ខ្លួនឯង មិនហ៊ានថាជាកោះរបស់ខ្លួនឯង ចាញ់ថៃ ផង ថាខ្លួនឯងជាគំនិតចាស់ទុំ ។ ចាស់ទុំអី? អាហ្នឹងគេហៅថា កំសាក អត់ការពារទឹកដីទេ ការពារអំណាច ជាជាងការពារទឺកដី ខ្លាចប៉ះពាល់ទំនាក់ទំនងល្អបងធម៌ ប្អូនធម៌ រវាងលោកថាក់ស៊ីន និងលោកហ៊ុន សែន ទៅ បើប្ដឹងថៃទៅ ទាមទារកោះគុត ពីថៃ ទៅ ខ្លាចថៃ លែងសហការ ដើម្បីចាប់សកម្មជនបក្សប្រឆាំងរបស់កម្ពុជា មកកម្ពុជាវិញ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “អ៊ីចឹងត្រកូលហ៊ុន គាត់គិតតែពីអំណាចនោះទេ សុខចិត្តកាត់កោះគុត ទៅឲ្យថៃ ដើម្បីឲ្យថៃ ហ្នឹងជួយការពារអំណាចរបស់គាត់ ហើយអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ហ្នឹង លោកសុខ អាន គាត់បានកាត់កោះគុត ទៅឲ្យថៃហើយ តាមបញ្ជាលោកហ៊ុន សែន ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកហ៊ុន ម៉ាណែត អាចលុបចោលអនុស្សរៈយោគយល់គ្នា ហើយប្ដឹងទៅតុលាការអន្តរជាតិទៅ ទាមទារយកកោះគុត មកវិញ អាហ្នឹងជាសំណើរបស់ប្រជាពលរដ្ឋ ។ បើមិនអ៊ីចឹងទេ មានតែបាតុកម្មទូទាំងពិភពលោកហើយ ហើយលោកហ៊ុន សែន គាត់សុខចិត្តកាត់កោះត្រល់ ឲ្យយួន ដើម្បីសងគុណយួន ដែលយួន លើកបន្តុបគាត់ឲ្យកាន់អំណាច ឥឡូវចង់ឲ្យកូនគាត់ លោកហ៊ុន ម៉ាណែត ហ្នឹងកាត់កោះគុត ទៅឲ្យថៃ ទៀត ដើម្បីឲ្យថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពជា នៅស្រុកថៃ ។ ដូច្នេះត្រកូលហ៊ុន នេះ គិតតែពីអំណាចទេ បើសិនជាលោកហ៊ុន ម៉ាណែត មិនប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកោះគុត មកវិញទេ ត្រកូលហ៊ុន នឹងក្លាយទៅជាត្រកូលក្បត់ជាតិ តជំនាន់ ដូចត្រកូលអភ័យវង្ស បែន អ៊ីចឹង“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកសម រង្ស៊ី និងសហការី បានធ្វើឡើង ស្របពេលដែលបញ្ហានៅកោះគុត កំពុងក្លាយជាប្រធានបទវែកញែកក្ដៅគគុកនៅប្រទេសថៃ ដោយមានអ្នកនយោបាយបក្សប្រឆាំង រួមទាំងប្រជាពលរដ្ឋថៃ បានទាមទារឱ្យរដ្ឋាភិបាលខ្លួន ការពារកោះគុត មិនឱ្យរបូតមកកម្ពុជា។ ចំណែករាជរដ្ឋាភិបាលកម្ពុជា រក្សាភាពស្ងៀមស្ងាត់ ។

ទោះបីជាយ៉ាងណា សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់រួចហើយថា បញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នា ភាគីកម្ពុជា និងថៃ កំពុងបន្តចរចាគ្នាដោយសន្តិវិធី ។ សម្តេចហ៊ុន សែន បានព្រមានទៅលោកសម រង្ស៊ី ដែលជាក្រុមជ្រុលនិយម បំផុសបាតុកម្មទាមទាររាជរដ្ឋាភិបាលកម្ពុជា ដាក់កោះគុត ឲ្យតុលាការអន្តរជាតិ កាត់ក្ដី និងអំពាវនាវឲ្យខ្មែរ ក្រោកឡើងការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់នោះ គឺកំពុងញុះញង់ឲ្យកម្ពុជា-ថៃ មានការផ្ទុះអាវុធ ។

ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា «គេកំពុងតែដាក់បញ្ហាកោះគុត បង្វែរពីកម្ពុជា-វៀតណាម ដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ក៏អាចថាបាន ។ ឥឡូវនេះ គេបង្វែរមកទិសខាងលិចវិញម្ដង ។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត ឥឡូវនៅនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានក្រុមនិយមជ្រុល នៅក្រៅប្រទេស អំពាវនាវឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត។ អ៊ីចឹងខ្ញុំព្រះករុណាខ្ញុំ ក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច? កោះគុត គឺប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេ ដែលស្គាល់កោះគុត ។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនិងសម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកោះគុត នៅឆ្នាំ១៩៩០ យើងជិះអូប័រ ។ ពេលនោះវាអ៊ីចេះ! ខ្ញុំព្រះករុណាខ្ញុំ បានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ FNC នៅទីក្រុងបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសម្ងាត់រវាងខ្ញុំព្រះណាខ្ញុំ ជាមួយនិងឧត្ដមសេនីយ៍ឆាវលីត យ៉ុងឆៃយុទ្ធ និងជាមួយតំណាងរបស់ជប៉ុន។ អ៊ីចឹងព្រះករុណាខ្ញុំ ទៅដេកនៅកោះកុង ។ ម៉ោងប្រហែលជា ២ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រ កាត់ឡើងទៅលើកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរទៅប៉ាតាយ៉ា ទៅឡាន ទៅម៉ោង ៤ភ្លឺ ទៅដល់ប៉ាតាយ៉ា ។ តំបន់នេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ ។ ក្រោយមក អតីតនាយករដ្ឋមន្រ្តី ឆាត់ឆៃ ឈុនហាវ៉ាន់ បានមកជួបខ្ញុំព្រះណាខ្ញុំ មកដល់ផ្ទះវិមានឯករាជ្យនេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេង នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់ មិនអាចឈានទៅមុខបានទេ ។ ឆ្នាំ២០០១ យើងបង្កើតបាននូវអនុស្សរណៈនៃការយោគយល់គ្នាមួយ ។ រហូតមកដល់ពេលនេះ មានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ ដោយសារយើងបង្កើតគណៈកម្មការពីរ មួយបង្កើតគណៈកម្មការទាក់ទងនឹងព្រំដែន មួយទៀត អនុគណៈកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា» ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “ឥឡូវនេះ គេកំពុងធ្វើ ថាឱ្យប្រជាជនកម្ពុជា ធ្វើបាតុកម្ម ដើម្បីរុញរដ្ឋាភិបាល ឲ្យប្តឹងទៅតុលាការអន្តរជាតិ ។ ដំបៅមិនឈឺ យកឈើចាក់ រឿងគេកំពុងជជែកគ្នា ហើយយើងមករុញ តើនេះជាអ្វីទៅ? ជាអំពើអ្វី? ដែលម្តងហើយម្តងទៀត រុញឱ្យប្រជាជន មិនបានសេចក្តីសុខណាមួយ តាមរយៈនៃការបង្កើតចលនាប្រឆាំង ។ ព្រះតេជគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ ដាក់ក្រុមនេះ ទៅជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? ព្រោះនេះមានចរិតអុចអាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ តែម្តង មិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងថៃ  និងទាំងខាងយើង អត់ទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអីបានជាគេរុញធ្វើរឿងនេះ? ហើយជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? អ៊ីចឹងទេ សូមបងប្អូនប្រជាពលរដ្ឋពិចារណាជ្រើសរើសយកមួយណា រវាងការញុះញង់ឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងទាំងជាមួយប្រទេសជិតខាង?»។

សម្ដេចប្រធានព្រឹទ្ធសភា ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា “សង្រ្គាម ស្លាកស្នាមនៅព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងទេ នូវការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើបញ្ហាការបាត់បង់ស្អីៗ ឬការរបួសស្នាមនៅក្នុងសមរភូមិទាំងនេះ តែឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រទេសក្រៅ គួរធ្វើរឿងនេះបន្តទៀត ឬក៏ឱ្យមានសេចក្តីសុខជាមួយគ្នាសិន? ដោះស្រាយនៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់អស់លទ្ធភាពនៃការចរចារវាងទ្វេភាគីនៅឡើយទេ ។ តើដល់ពេលហើយឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ? ហើយតើទៅកាន់តុលាការអន្តរជាតិ វាគ្រប់គ្រាន់ដើម្បីនឹងយកឈ្នះទេ? មិនមែនជាបញ្ហាតូចតាចទេ ការមើលមុខគ្នាមិនត្រង់ រវាងប្រទេសជិតខាង ដែលនៅជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ ។ សុំទូលប្រគេនព្រះតេជគុណ ខ្ញុំព្រះករុណាខ្ញុំ ពិតជាពិសោធន៍ជោកជាំ លើបញ្ហាគ្រប់គ្រងរដ្ឋ ដឹកនាំរដ្ឋដឹកនាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមាននរណាដែលដឹកនាំប្រទេសបានយូរជាងខ្ញុំព្រះករុណាខ្ញុំទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី ហើយបើគិតពីការធ្វើឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី មានរយៈពេលជាង៤០ឆ្នាំ ហើយឥឡូវនេះ នៅធ្វើជាប្រធានព្រឹទ្ធសភា នៅឡើយ អត់មានអ្នកណាដែលមានការដឹកនាំតាំងពីអត់បាយស៊ី ធ្វើឲ្យមានបាយស៊ី ដឹកនាំតាំងពីមានសង្រ្គាម ធ្វើឲ្យមានសន្តិភាព ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានបទពិសោធន៍ ។ ទោះបីអ្នកណាថាខ្ញុំព្រះណាខ្ញុំល្ងង់ ទៅ! ល្ងង់ឬមិនល្ងង់ គឺអ្នកឯងគិតមើលទៅ? ខ្ញុំអាចនៅជាមួយប្រជាពលរដ្ឋរបស់ខ្ញុំ រយៈពេលដ៏លំបាក រហូតមកដល់ដំណាក់កាលដែលមានការធូរសា្រលជាង បើទោះបីជាកត្តាសេដ្ឋកិច្ច ពេលខ្លះមានការលំបាក ដោយការញាំញីពីជំងឺកូវីដ ដោយការញាំញីដោយសង្រ្គាមនៅក្រៅប្រទេស ដែលវាជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក“ ។

សម្តេចហ៊ុន សែន បានថ្លែងអំពាវនាវនៅពេលនោះថា «អ៊ីចឹងទេ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាល ធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ ហើយសង្ឃឹមថា ខាងអ្នកជ្រុលនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃ ធ្វើការចរចាដែរ ។ ប៉ុន្តែអ្វីដែលគួរឆ្ងល់នោះ ទាំងខាងថៃ អ្នកជ្រុលនិយមថៃ និងអ្នកជ្រុលនិយមនៅស្រុកខ្មែរ ដែលជ្រកកោននៅបរទេស គេថាខ្ញុំព្រះណាខ្ញុំហ្នឹង កំពុងតែពិភាក្សាជាមួយថាក់ស៊ីន ដើម្បីចែកផល ហើយពេលដែលថាក់ស៊ីន ចេញពីកន្លែងឃុំឃាំង មកផ្ទះ ខ្ញុំព្រះណាខ្ញុំ ក៏បានហោះទៅបាងកក ដើម្បីទទួលទានអាហារ សួរសុខទុក្ខក្នុងឋានៈជាមិត្តភក្ដិចាស់ គេថាខ្ញុំព្រះណាខ្ញុំ ទៅពិភាក្សាជាមួយថាក់ស៊ីន លើរឿងចែកផលគ្នា ។ ឱ! ព្រះអើយព្រះ! តើទេវតាអាចកាច់? ប៉ុន្តែទេវតាមិនកាច់ទេ ប៉ុន្តែយមរាជ អាចកាច់យកមនុស្សហ្នឹងទៅបានអត់? វាអ៊ីចឹងចុះ! តើមានឋានយមរាជមែនអត់? ខ្ញុំព្រះករុណាខ្ញុំមិនច្បាស់ដែរអាហ្នឹង…”៕ កុលបុត្រ

RELATED ARTICLES