ភ្នំពេញ ៖ អ្នកស្រីស៊ិន ចាន់ពៅរូហ៊្សេត អតីតចៅសង្កាត់អូរចារ ជាកូនប្រសាស្រីលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រតិកម្មទៅនឹងគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានលុបឈ្មោះអ្នកស្រី ចេញពីសមាជិកបក្ស ។ ប៉ុន្តែអ្នកស្រីថា ការលុបឈ្មោះអ្នកស្រី ចេញពីសមាជិកបក្សភ្លើងទៀននេះ ជាលាភសម្រាប់អ្នកស្រីទៅវិញ។
គួរបញ្ជាក់ថា យោងតាមសេចក្ដីសម្រេចរបស់គណបក្សភ្លើងទៀន ខេត្តបាត់ដំបង ចុះថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក សំ វង្សតារ៉ា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង ស្ដីពីការលុបឈ្មោះសមាជិកចេញពីគណបក្ស បានសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចេញពីសមាជិកភាពគណបក្ស ។
ក្រោយបានឃើញសេចក្ដីសម្រេច ខាងលើនេះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បានប្រតិកម្មថា ការលុបឈ្មោះអ្នកស្រីនេះ គឺជាការធ្វើខុសលក្ខន្តិកៈគណបក្ស ដែលតម្កល់ទុកនៅក្រសូងមហាផ្ទៃ និងមិនមានលិខិតបញ្ជាក់ពីគណៈកម្មាធិការនាយក ព្រោះអ្នកស្រី នៅជាសមាជិកគណៈកម្មាធិការនាយក នៅឡើយ ។ ដូច្នេះអ្នកស្រីសូមឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឈប់គាំទ្រពួកនេះបន្តទៀត ហើយងាកទៅគាំទ្រគណបក្សកម្លាំងជាតិ ដែលជាគណបក្សអាចបន្តដំណើរទៅមុខ ឯគណបក្សភ្លើងទៀន មិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន ។
អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ៊្សេត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា “សូមឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឈប់គាំទ្រពួកនេះបន្តទៀត ។ គណបក្សនេះ ពីដើម ជាគណបក្សដែលល្អ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន បានបំផ្លាញស្មារតីដើម បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្ស ដែលជាគណបក្សសម រង្ស៊ី ពួកអស់នេះ ធ្វើការដកសកម្មជនណាដែលស្មោះត្រង់នឹងពលរដ្ឋ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ ហើយមិនចេះរណបគេ បង្ខិតបង្ខំសកម្មជនឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់ ។ ហើយមូលហេតុនៃការដកខ្ញុំ ដោយបំពានលក្ខន្តិកៈនេះ គឺក្រោយពីខ្ញុំគាំទ្រគណបក្សកម្លាំងជាតិ និងរកជំនួយជួយគណបក្សកម្លាំងជាតិ ។ ក្រោយពីភ្លើងទៀន គេមិនឲ្យចូលប្រកួតមក ខ្ញុំសូមបញ្ជាក់ថា ពួកគេបានបង្ខំឲ្យសកម្មជនភ្លើងទៀន ទៅបោះឆ្នោតឲ្យបក្សផ្សេង ដែលជាបក្សដែលក្រុមពួកគេឈរឈ្មោះ តែបើសកម្មជនរូបណាមិនស្តាប់តាមគេទេ ពួកគេគំរាមដកតួនាទី និងលុបឈ្មោះ“ ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បានសរសេរបន្តថា “ការដកខ្ញុំនេះ គឺខុសពីលក្ខន្តិកៈគណបក្ស ដោយខ្ញុំជាគណៈកម្មាធិការនាយក របស់គណបក្សភ្លើងទៀន នៅឡើយ តែត្រូវបានពួកនេះធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ បើលុបឈ្មោះខ្ញុំ ពីគណបក្សនោះ គួរមានលិខិតមួយទៀត ពីគណៈកម្មាធិការនាយកបក្ស ជាពិសេសពួកនេះមិនចេះច្បាប់ ដែលខ្លួនឯងបានបង្កើតឡើងឡើយ ដោយដកខ្ញុំម្តងហើយ ពីលេខាធិការបក្សខេត្ត ដោយបំពាន ហើយពេលនេះ លុបឈ្មោះខ្ញុំម្តងទៀត ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក។ និយាយរួមពួកនេះបំពានច្បាប់លក្ខន្តិកៈគណបក្ស បំពានច្បាប់គណៈកម្មាធិការនាយក ។ សូមសារព័ត៌មានជ្រាបជាព័ត៌មាន!“ ។
អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ៊្សេត បានសរសេរបន្ថែម នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា “អស់តំណែង អស់តួនាទីម្តងទៀតហើយ មានតែគិតបើកលក់នំបញ្ចុកវិញហើយ…!” ។
ក្រៅពីអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត សមាជិកគណបក្សភ្លើងទៀន ម្នាក់ទៀត គឺលោកឌុច សាវុឌ ក៏ត្រូវបានលោកសំ វង្សតារ៉ា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបាត់ដំបង ចេញសេចក្ដីសម្រេចលុបឈ្មោះចេញពីសមាជិកភាពគណបក្ស ផងដែរ ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បានលើកឡើងពីចំណុចនេះដែរថា “ក្រុមប្រឹក្សាជាប់ឆ្នោតម្នាក់ទៀត នៅអូរចារ ជាមួយខ្ញុំ ត្រូវបានពួកវាលុបឈ្មោះ។ គាត់ក្រីក្រណាស់ កាល២០១៧ គាត់ជាប់ឆ្នោតជាមួយខ្ញុំដែរ ក្រោយរំលាយបក្សសង្គ្រោះជាតិ គាត់រត់ម៉ូតូឌុប ប្រពន្ធដើរបេះត្រកួនលក់ ចិញ្ចឹមជីវិត ក៏មិនក្បត់ឧត្តមគតិដែរ។ ពេល២០២២ គាត់ជាប់ឆ្នោតជាមួយខ្ញុំម្តងទៀត ឥឡូវពួកវាបានលុបឈ្មោះគាត់ចោល។ ពួកវាគិតថា ការគំរាមកំហែងដក លុបឈ្មោះ តំណែង ប្រាក់ខែ អាចមកសម្លុតបំភ័យពួកយើងបាន តែពួកវាយល់ច្រឡំហើយ យើងមិនស្តាយស្រណោះតំណែង តួនាទី ប្រាក់ខែស្អីនោះទេ។ យើងបង្ហោះឲ្យបងប្អូនពលរដ្ឋបានឃើញនេះ ឈប់ឲ្យបងប្អូនយល់ច្រឡំទៅគាំទ្រពួកវាបន្តទៀត“ ។
បន្ថែមលើនេះ អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ៊្សេត បានធ្វើការផ្សាយផ្ទាល់ (Live) តាមគណនីហ្វេសប៊ុក របស់អ្នកស្រី រៀបរាប់ពីការតស៊ូរបស់អ្នកស្រី ជាមួយគណបក្សភ្លើងទៀន តាំងពីនៅជាគណបក្សសម រង្ស៊ី ដែលមានលោកសម រង្ស៊ី ជាស្ថាបនិក និងតាំងពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ អ្នកស្រីក៏នៅតែស្មោះត្រង់ក្នុងគណបក្សប្រឆាំង បើទោះបីមានមនុស្សមួយចំនួន ធ្វើឲ្យការភ័ន្តច្រឡំថា ការដែលអ្នកស្រី មិនត្រូវបានគេចាប់ដាក់គុក ដូចសកម្មជនបក្សប្រឆាំង ដទៃទៀត ដោយសារមានអ្នកការពារនៅក្រោយក៏ដោយ ក៏អ្នកស្រីនៅមានជំហរថា មិនចេញពីបក្សមួយ ទៅបក្សមួយនោះទេ គឺគោរពស្មារតីដើម ក្នុងគណបក្សភ្លើងទៀន តែមកដល់ពេលនេះ ដោយសារមើលឃើញថា គណបក្សភ្លើងទៀន មិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន ហើយថ្នាក់ដឹកនាំគិតតែផលប្រយោជន៍ និងបានបង្ខំឲ្យអ្នកស្រីបោះឆ្នោតឲ្យបក្សផ្សេង ដើម្បីផលប្រយោជន៍នោះ ទើបអ្នកស្រីងាយគាំទ្រគណបក្សកម្លាំងជាតិ ព្រោះគណបក្សកម្លាំងជាតិ ជាគណបក្សប្រឆាំងពិតប្រាកដ ។ យ៉ាងណា អ្នកស្រីថា ដោយសារតែហេតុនេះហើយ ទើបគេលុបឈ្មោះអ្នកស្រីចេញពីគណបក្សភ្លើងទៀន ។ ប៉ុន្តែអ្នកស្រីចាត់ទុកថា នេះមិនមែនជាគ្រោះសម្រាប់អ្នកស្រីទេ ផ្ទុយទៅវិញ គឺជាលាភសម្រាប់អ្នកស្រី ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បាននិយាយថា “ខ្ញុំសូមបញ្ជាក់ណាបងប្អូន មិនមែនរ៉ូហ៊្សេត ហក់ពីបក្សមួយ ទៅបក្សមួយទេ មិនមែនអស់ពីបក្សមួយ ទៅបក្សមួយទេ អត់ទេ គឺមានគោលដៅច្បាស់លាស់ គោលជំហរច្បាស់លាស់ ។ ក្រោយពីគណបក្សភ្លើងទៀន ត្រលប់មកវិញ ខ្ញុំចូលឈរឈ្មោះគណបក្សភ្លើងទៀននេះ តែមួយគត់ ដែលខ្ញុំមកឈរនេះ ដោយសារគណបក្សភ្លើងទៀននេះ ជាគណបក្សដើម ដែលជាគណបក្សរបស់លោកសម រង្ស៊ី ជាអ្នកបង្កើត មានន័យថា ជាស្ថាបនិកគណបក្ស ដែលបង្កើតគណបក្សសម រង្ស៊ី ដែលមានឡូហ្គោគណបក្សភ្លើងទៀននេះ ។ ដូច្នេះខ្ញុំយល់ថា គណបក្សនេះគឺជាគណបក្សដើម ហើយក៏ជាគណបក្សដែលម្ដាយខ្ញុំចូលរួមតស៊ូមុនដំបូងគេនៅក្នុងទឹកដីខេត្តបាត់ដំបងហ្នឹងដែរ ពីគណបក្សជាតិខ្មែរ មកគណបក្សសម រង្ស៊ី ហើយខ្ញុំពីគណបក្សសម រង្ស៊ី ដំបូង ។ អ៊ីចឹងវាជាគណបក្សដើមខ្ញុំ បានខ្ញុំមកចូលរួមឈ្មោះឡើងវិញ មិនមែនចូលរួមឈរឈ្មោះនេះ ដោយសារប្រាក់ខែពីរបីរយដុល្លារហ្នឹងទេ អត់ទេ ។ ខ្ញុំយល់ថា យើងមិនគួរបោះបង់ការតស៊ូរបស់យើង ដោយសារតែការរកស៊ីមានបានបន្តិចបន្តួច មានផ្ទះនៅបន្តិចបន្តួច ធ្វើឲ្យយើងឈប់ធ្វើសកម្មភាព មកត្រេកត្រអាលនឹងការលក់ដូរដាច់ លក់ដូរមានបានខ្លួនឯង មានលុយទិញឡានជិះហ្នឹងទេ មិនមែនបែបហ្នឹងទេ ត្រូវចែកពេលវេលាណាមួយចូលរួមជាមួយគណបក្ស ជួយសកម្មភាព បានខ្ញុំហក់ចូលមកឈរឈ្មោះគណបក្សភ្លើងទៀននេះ កាលពីឆ្នាំ២០២២ នេះឡើងវិញ» ។
អ្នកស្រីរ៉ូហ៊្សេត បន្តថា «ខ្ញុំសូមជម្រាបដល់ពួកមួយចំនួន ដែលច្រើនតែមើលងាយ ឃើញយើងមិនមាត់ ប៉ុន្តែឲ្យគេមើលងាយចុះ ខ្ញុំអត់មានត្រឹមតែសម្បកខាងក្រៅហ្នឹងទេ ខ្ញុំអត់ត្រូវការសម្បកខាងក្រៅហ្នឹងទេ តែខ្ញុំត្រូវការបេះដូងបរិសុទ្ធ ចូលរួមគឺដោយបេះដូង ទឹកចិត្ត ប្រើខួរក្បាល អត់ត្រូវការសម្បកហ៊ឺហា ពាក់ក្រវាត់ក ស្ពាយកាបូប ពាក់វ៉ែនតាហ៊ឺហាហ្នឹងទេ ខ្ញុំអត់ត្រូវការបែបហ្នឹងទេ ។ ខ្ញុំមកចូល២០២២ នៅក្នុងខេត្តបាត់ដំបងទៅទៀត ខ្ញុំអត់បានចៅសង្កាត់មែន តែបើសម្រាប់បក្សប្រឆាំងណា គួរណាស់តែមោទនភាពសម្រាប់សង្កាត់អូរចារ ដែលនៅតែសំឡេងលើសគេផងដែរ នៅក្នុងខេត្តបាត់ដំបង មានតែបាត់ដំបង មានតែអូរចារ មួយសង្កាត់ទេ ទទួលបានអាសនៈ ហើយកុំប្រាប់ណា កុំឆ្លើយមកខ្ញុំវិញណា ថាបានដោយសារបុគ្គលនេះ បានដោយសារបុគ្គលនោះ កុំណា! គ្មានអ្នកណាម្នាក់ចុះមកអូរចារ ជួយសកម្មភាពខ្ញុំទេណា លុយខ្ញុំណាបងប្អូន ខ្ញុំចាយលុយ ខ្ញុំលះបង់ពេលវេលា ខ្ញុំប្រឈមបញ្ហាសព្វសារពើ ទាំងយប់ ទាំងថ្ងៃ កាលឆ្នាំ២០២២ ឈរឈ្មោះ លំបាកជាងពេលៗណាទាំងអស់ កុំមកលេសដោយសារអ៊ីចេះអ៊ីចុះ ។ ចៀសមិនផុតទេ ខ្ញុំឈរឈ្មោះនៅក្នុងគណបក្ស គេស្គាល់បក្ស គេស្គាល់បុគ្គលខ្ញុំ បានគេបោះឲ្យខ្ញុំ បានសំឡេងខ្ញុំនៅអូរចារ លើសសង្កាត់ដទៃទៀត ។ អាហ្នឹងកុំប្រកែកជាមួយខ្ញុំ ហើយខ្ញុំសូមជម្រាប អាហ្នឹងគ្រាន់តែត្រួសៗទេ តែលទ្ធផលដែលខ្ញុំទទួលបាននៅថ្ងៃនេះ វាជាកាដូដែលត្រូវបានពួកភ្លើងទៀនលុបឈ្មោះខ្ញុំចេញពីគណបក្ស ។ មូលហេតុតែមួយគត់បងប្អូន ដែលពួកហ្នឹងលុបឈ្មោះចេញពីគណបក្ស សួរថា ខ្ញុំឈឺចាប់ទេ? ខ្ញុំអត់ឈឺចាប់ចំពោះពួកក្បត់ដែលដកខ្ញុំទេ ខ្ញុំមិនឈឺចាប់ជាមួយពួកក្បត់ឧត្ដមគតិដើមដកខ្ញុំទេ តែអ្វីដែលខ្ញុំចេញឡាយ (live) នេះ ខ្ញុំសុំឲ្យបងប្អូនខ្មែរទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស គាំទ្រគណបក្សកម្លាំងជាតិ ងាកមកគាំទ្រគណបក្សកម្លាំងជាតិ ហើយសូមឲ្យបងប្អូនឈប់ស្រពេចស្រពិលបន្តទៀត ឈប់ភ័ន្តច្រឡំបន្តទៀត ថាអូ! គណបក្សច្រើនណាស់ មិនដឹងមួយណា អត់ទេបងប្អូន បើបងប្អូនតាមដានច្បាស់ បងប្អូនប្រាកដជាជាក់ច្បាស់ណាស់ ថាគណបក្សណាជាគណបក្សប្រឆាំងពិតប្រាកដ? សុំឲ្យបងប្អូនដែលធ្លាប់គាំទ្រគណបក្សសម រង្ស៊ី គណបក្សភ្លើងទៀន មកគាំទ្រគណបក្សកម្លាំងជាតិ“ ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បន្តថា “ មូលហេតុដែលគេដកខ្ញុំ ដោយសារគេបង្ខិតបង្ខំខ្ញុំឲ្យបោះឆ្នោតឲ្យបក្សផ្សេង តាមអ្វីដែលពួកគេបញ្ជាមិនបាន ។ គណបក្សភ្លើងទៀនណាបងប្អូន យើងចូលរួមបោះឆ្នោត២០២២ ។ ២០២៣ គេប្រើហេតុផលអត់ឲ្យគណបក្សភ្លើងទៀនចូលរួមប្រកួតទេ មានន័យថា យើងបង្កើតបក្សដើម្បីចូលរួមប្រកួត បើបក្សគេមិនឲ្យចូលរួមប្រកួត មានន័យថា យើងមានតែសំបកផ្ទះ តែយើងអត់អាចចូលរួមប្រកួត ។ អ៊ីចឹងក៏ទៅបង្កើតបក្សថ្មីមួយ ដឹកនាំដោយលោកស៊ុន ចន្ធី លោកសុខ គឹមសេង លោកគ្រូរ៉ុង ឈុន និងថ្នាក់ដឹកនាំដទៃទៀត មកបង្កើតបក្សកម្លាំងជាតិ ពួកគេដកខ្ញុំតែមួយមុខគត់ គឺដោយសារខ្ញុំមកគាំទ្រគណបក្សកម្លាំងជាតិ បងប្អូន ។ គេយោងទៅលើហេតុផលថា ខ្ញុំដើរផ្ទុយពីផលប្រយោជន៍របស់បក្សភ្លើងទៀន ដោយបក្សភ្លើងទៀនលែងចូលរួមប្រកួតហើយ តែគេថា ខ្ញុំដើរផ្ទុយពីផលប្រយោជន៍បក្សភ្លើងទៀន ។ សួរថា អ្នកណាដែលបម្រើផលប្រយោជន៍បក្សភ្លើងទៀនបច្ចុប្បន្ន? វាលែងមានទៀតហើយ ពីព្រោះវាអត់មានភ្លើងទៀនចូលរួមប្រកួត ។ អ៊ីចឹងបើអ្នកឯងចោទថា ខ្ញុំបម្រើផ្ទុយពីផលប្រយោជន៍គណបក្សរបស់អ្នកឯង មានន័យថា អ្នកឯងកំពុងតែកុហកខ្លួនឯងហើយ ព្រោះរាល់ថ្ងៃ បក្សភ្លើងទៀន គេមិនឲ្យចូលរួមប្រកួតទៀតទេ មានន័យថា មានតែសំបក រង់ចាំ២០២៧ បោះទៅបក្សផ្សេងទៀត លែងមានបក្សភ្លើងទៀន ក្នុងសន្លឹកឆ្នោតទៀត ។ រឿងអីដែលអ្នកឯងចោទខ្ញុំថា បម្រើផលប្រយោជន៍ផ្ទុយលក្ខន្តិកៈ ផ្ទុយពីផលប្រយោជន៍គណបក្ស? តែបើផ្ទុយអ៊ីចេះវិញ ផ្ទុយផលប្រយោជន៍បក្ខពួកអ្នកឯង ព្រោះអ្នកឯងរស់ដោយសារបក្ស ។ អ៊ីចឹងបើកាលណាខ្ញុំលែងបម្រើផលប្រយោជន៍បក្ខពួករបស់លោកឯងហើយ គឺវាផ្ទុយហើយ អ៊ីចឹងវាត្រឹមត្រូវហើយ ដែលបក្ខពួកដកខ្ញុំចេញ ហើយខ្ញុំអត់មានឈឺចាប់នឹងពួកក្បត់ឧត្ដមគតិដើម ដកខ្ញុំទេ ពីព្រោះបើយើងឈឺចាប់ណាបងប្អូន យើងត្រូវឲ្យស្គាល់ពីអត្ថន័យនៃការឈឺចាប់របស់យើង ។ មនុស្សអាក្រក់ បង្ខំមនុស្សអាក្រក់ ឲ្យមកសរសើរយើងមនុស្សល្អម៉េចកើត ហើយយើងទៅឈឺចាប់នឹងមនុស្សអាក្រក់ដែលមិនសរសើរយើង វាអត់សម ។ អ៊ីចឹងយ៉ាងណាមិញ ខ្ញុំក៏ដូចគ្នាដែរ ខ្ញុំរឿងអីទៅឈឺចាប់ពួកដែលក្បត់ឧត្ដមគតិដើម ដកចេញខ្ញុំពីគណបក្ស ខ្ញុំអត់ឈឺចាប់ទេ តែអ្វីដែលខ្ញុំឡាយនេះ ខ្ញុំសរសេរនេះ ផុសនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នេះគឺចង់ឲ្យបងប្អូនឈប់ភ័ន្តច្រឡំទៀត ភ្លើងទៀន លែងមានដំណើរការហើយ ភ្លើងទៀន មិនអាចចូលរួមបោះឆ្នោត ២០២៧-២០២៨ បានតទៅទៀតទេ ។ មូលហេតុដែលគេដកខ្ញុំ គឺគេបង្ខិតបង្ខំឲ្យខ្ញុំបោះឲ្យបក្សដែលគេអូសទៅ ខ្ញុំមិនបញ្ចេញឈ្មោះបក្សហ្នឹងទេ ព្រោះធម្មតាអ្នកនយោបាយ តែបក្សខ្លួនមិនគាំទ្រហើយ ទៅលើកនិយាយបង្ហាញឲ្យអ្នកណាគេដឹងឈ្មោះស្អី តែឈ្មោះមិនចង់រំលឹកផង គេបង្ខិតបង្ខំពួកខ្ញុំដែលជាអង្គបោះឆ្នោត ព្រោះបងប្អូនមានឮហើយ ហើយបើថា ចង់បានអ្នកបង្ខិតបង្ខំកន្លែងណា ត្រូវការរកភ័ស្តុតាង មាន! ហើយមានបង្ខិតបង្ខំសកម្មជនអង្គបោះឆ្នោត បើមិនបោះឆ្នោតឲ្យបក្សខ្លួន តាមនេះ ធ្វើខុសគោលការណ៍បក្ស ដក បណ្ដេញចេញ លុបឈ្មោះចោល ដកតួនាទីចេញ អាហ្នឹងហើយជាការគំរាមកំហែង ។ អត់មានបក្សភ្លើងទៀនហើយ មកបង្ខំឲ្យក្រុមប្រឹក្សាជាប់ឆ្នោត ទៅបោះឲ្យបក្សផ្សេង ដែលខ្លួនឯងអូសទៅ ដែលខ្លួនឯងទៅឈរឈ្មោះ ហើយអ្នកណាមិនបោះតាម ចោទគេ អ្នកណាមិនគោរពតាម ចោទគេក្បត់លក្ខន្តិកៈគណបក្ស ស្របពេលដែលខ្លួនឯងក្បត់ឧត្ដមគតិដើម ក្បត់ម្ចាស់ដើម ដែលជាអ្នកបង្កើតបក្សហ្នឹងមក…” ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បន្តទៀតថា “ហ្នឹងហើយជាកាដូសម្រាប់ខ្ញុំនៅចុងឆ្នាំនេះ គឺគេលុបឈ្មោះខ្ញុំចេញពីបក្ស ឬហេតុអីគេឲ្យកាដូនេះ គឺមួយផ្នែក គេយល់ថា ខ្ញុំបម្រើប្រជាពលរដ្ឋ ខ្ញុំជួយឈឺឆ្អាលប្រជាពលរដ្ឋ ខ្ញុំជួយសកម្មជនបក្សប្រឆាំងនៅមូលដ្ឋានខ្ញុំបានច្រើន ហើយប្រជាពលរដ្ឋស្រលាញ់ខ្ញុំ ។ ដូច្នេះកាដូសម្រាប់ខ្ញុំ គឺត្រូវបានពួកគណបក្សភ្លើងទៀនលុបឈ្មោះខ្ញុំចេញពីបក្ស ព្រោះដោយសារអី? ពីព្រោះនៅក្នុងក្រដាសនេះ គេថា ខ្ញុំធ្វើផ្ទុយពីសកម្មភាពផ្ទុយពីផលប្រយោជន៍បក្ស ។ អ៊ីចឹងបើខ្ញុំធ្វើផ្ទុយពីផលប្រយោជន៍គណបក្ស មានន័យថា គេមិនមែនជាគណបក្សប្រឆាំងទេ ពីព្រោះបើសិនជាគណបក្សមួយនេះជាគណបក្សប្រឆាំង បានន័យថា រាល់សកម្មភាពរបស់ខ្ញុំ គឺចំណេញដល់ពួកគេ រាល់សកម្មភាពដែលខ្ញុំធ្វើនៅមូលដ្ឋានក្នុងនាមជាតំណាងពលរដ្ឋក្ដី ក្នុងនាមជាសកម្មជនបក្សប្រឆាំងក្ដី បើកាលណាខ្ញុំធ្វើសកម្មភាពនៅមូលដ្ឋានណាមួយ គឺចំណេញដល់គណបក្សប្រឆាំង ប៉ុន្តែសម្រាប់គណបក្សមួយនេះ មិនមែនជាគណបក្សប្រឆាំងទៀតទេ គណបក្សមួយនេះ ឬមួយគេនាំគ្នាប្រមូលបក្ខពួកគ្នាប៉ុន្មានទៅចូលបក្សណាក៏ដោយ មានន័យថា គេមិនមែនជាគណបក្សប្រឆាំងទៀតទេ ពីព្រោះដោយសារគេយល់ឃើញថា សកម្មភាពខ្ញុំបម្រើពលរដ្ឋ សកម្មភាពខ្ញុំឈឺឆ្អាលពលរដ្ឋ សកម្មភាពខ្ញុំចេះជួយទុក្ខលំបាករបស់ពលរដ្ឋ សកម្មភាពខ្ញុំចេះចែករំលែកដល់សង្គម វាផ្ទុយពីផលប្រយោជន៍របស់ពួកគេ ធ្វើឲ្យពួកគេបាត់ផលប្រយោជន៍ ។ ប៉ុន្តែសកម្មភាពរបស់ខ្ញុំចំណេញដល់គណបក្សប្រឆាំង ដូចខ្ញុំបានបញ្ជាក់អ៊ីចឹងថា បើទោះបីខ្ញុំមិនបានពាក់អាវបក្សប្រឆាំងទៅ បើទោះបីខ្ញុំមិនបាននិយាយថាខ្ញុំមកពីគណបក្សប្រឆាំង បើទោះបីខ្ញុំអត់និយាយឈ្មោះបក្ស បើទោះបីខ្ញុំមិនប្រាប់ថាជាអំណោយរបស់បក្ស ក៏មួយផ្នែកអារម្មណ៍របស់ពលរដ្ឋយល់ថា រ៉ូហ្ស៊េត មកពីបក្សប្រឆាំង ។ អ៊ីចឹងបើសកម្មភាពរបស់ខ្ញុំបម្រើពលរដ្ឋក្ដី សកម្មភាពរបស់ខ្ញុំជួបជាមួយពលរដ្ឋក្ដី វាធ្វើឲ្យផ្ទុយពីផលប្រយោជន៍បក្សមួយនេះ មានន័យថា បក្សនេះលែងប្រឆាំងហើយ បក្សនេះគឺជាបក្សរណប មានន័យថា បង្កើតមកដើម្បីតែរណប មានន័យថា សកម្មជនណាដែលធ្វើសកម្មភាពបម្រើឲ្យបក្សប្រឆាំង ដែលធ្វើសកម្មភាពចំណេញបក្សប្រឆាំង គឺធ្វើផ្ទុយពីផលប្រយោជន៍បក្ខពួកគេ មិនមែនផ្ទុយពីផលប្រយោជន៍លក្ខន្តិកៈគណបក្សទេ ធ្វើឲ្យពួកគេបាត់បង់នូវផលប្រយោជន៍ ។ ដូច្នេះការលុបឈ្មោះនេះ វាបានធ្វើឲ្យខ្ញុំឈឺចាប់ ធ្វើឲ្យខ្ញុំសោកស្ដាយទេ ដោយសារអ្នកដែលដកលុបឈ្មោះខ្ញុំទាំងអស់នេះ គឺជាអ្នកដែលក្បត់ឧត្ដមគតិដើម ។ ឧត្ដមគតិដើមរបស់គណបក្សប្រឆាំង គឺចេះជួយឈឺឆ្អាលប្រជាពលរដ្ឋ ធ្វើកិច្ចការបម្រើប្រជាពលរដ្ឋ មិនត្រូវប្រព្រឹត្តអំពើពុករលួយ ស្អាតស្អ ចេះជួយឈឺឆ្អាលជនរងគ្រោះ ។ ក្នុងនាមឋានៈនាងខ្ញុំត្រឹមតែជាចៅសង្កាត់រងទេ ក៏ប៉ុន្តែខ្ញុំធ្វើកាតព្វកិច្ច បំពេញកាតព្វកិច្ចខ្ញុំពេញលេញក្នុងនាមជាអ្នកជាប់ឆ្នោតមួយរូប ដែលរកផលប្រយោជន៍ឲ្យគណបក្សប្រឆាំង ប៉ុន្តែសម្រាប់គណបក្សមួយនេះ និងបក្ខពួកគណបក្សមួយនេះ ដែលគេកៀងគរទៅគណបក្សមួយទៀតតទៅមុខហ្នឹង គេលែងជាគណបក្សប្រឆាំងហើយ អ៊ីចឹងរាល់សកម្មភាពសកម្មជនណាដែលធ្វើការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គឺផ្ទុយពីផលប្រយោជន៍បក្ខពួកគេ ដូច្នេះគេត្រូវតែលុប គេត្រូវតែដកដូចស្ពៃ វាជារឿងធម្មតា…” ។
ជាមួយគ្នានោះដែរ លោកអេង រតនៈ កូនប្រុសលោកអេង ឆៃអ៊ាង និងត្រូវជាស្វាមីរបស់អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត លើកឡើងថា នរណាក៏ដឹងដែរថា រាល់ពាក្យសម្តី សកម្មភាព និងទង្វើដែលភរិយារបស់លោកធ្វើ នាពេលកន្លងមក គឺបម្រើឱ្យផលប្រយោជន៍បក្សប្រឆាំង តែបើគណបក្សនេះថា ភរិយាលោកធ្វើផ្ទុយពីប្រយោជន៍បក្ស បានន័យថា បក្សនេះឈប់ប្រឆាំងហើយ ។
លោកអេង រតនៈ បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា “កាល២០១៧ គេរំលាយ គេគំរាមដកតួនាទី សុខចិត្តអស់តួនាទី និងប្រាក់ខែ ។ ដល់មកលក់ដូរ ពី ២០១៧-២០២២ គេរករឿងទៀត គេចោទថាកន្លែងឧទ្ទាម ។ ដល់ឥឡូវ គេលុបឈ្មោះ រ៉ូហ៊្សេត ថារ៉ូហ្ស៊េត ធ្វើផ្ទុយពីផលប្រយោជន៍គណបក្ស ។ នរណាក៏ដឹងដែរថា រាល់ពាក្យសម្តី សកម្មភាព និងទង្វើដែលរ៉ូហ្ស៊េត ធ្វើ បម្រើឱ្យផលប្រយោជន៍បក្សប្រឆាំង បើគណបក្សនេះថា រ៉ូហ្ស៊េត ធ្វើផ្ទុយពីប្រយោជន៍បក្ស បានន័យថា បក្សនេះឈប់ប្រឆាំងហើយ“ ។
លោកអេង រតនៈ បានបញ្ជាក់បន្ថែមថា “សំណាង 100% ព្រោះខ្ញុំចង់ឱ្យតែគេលុបឈ្មោះប្រពន្ធខ្ញុំចេញតើ ដើម្បីឱ្យគាត់មានពេលវេលាជាមួយក្រុមគ្រួសារបានច្រើន ឥឡូវបំណងនេះបានសម្រេចហើយ ជយោ! “ ។
លោកអេង រតនៈ បានបញ្ជាក់បន្ថែមទៀតថា “គណបក្សប្រឆាំង គឺជាគណបក្សចេះជួយឈឺឆ្អាលដល់ពលរដ្ឋ ចេះជួយចែករំលែកដល់សង្គម ហើយបើធ្វើទៅ គេថាប៉ះពាល់ដល់ផលប្រយោជន៍បក្ស បានន័យថា បក្សនោះលែងគិតពីសង្គមហើយ ដូច្នេះយើងត្រូវគាំទ្របក្សណាដែលគិតពីផលប្រយោជន៍យើងនិងសង្គម!“ ។
ជុំវិញការដកអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ៊្សេត ចេញពីសមាជិកភាពគណបក្សភ្លើងទៀននេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺពីលោក សំ វង្សតារ៉ា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបាត់ដំបង និងលោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ក៏ដូចជាលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីបញ្ជាក់បំភ្លឺបានទេ កាលពីម្សិលមិញ ៕ កុលបុត្រ