Saturday, January 11, 2025
Homeព័ត៌មានជាតិលើកស្ទួយសីលធម៌ អ្នកវិភាគថា គឺលើកស្ទួយវប្បធម៌គោរពច្បាប់

លើកស្ទួយសីលធម៌ អ្នកវិភាគថា គឺលើកស្ទួយវប្បធម៌គោរពច្បាប់

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា លើកស្ទួយសីលធម៌ គឺលើកស្ទួយវប្បធម៌គោរពច្បាប់ ។ ច្បាប់ ត្រួតត្រាមនុស្សពីខាងក្រៅ សីលធម៌ ត្រួតត្រាមនុស្សពីក្នុងខ្លួន ។ សីលធម៌ និងច្បាប់ គឺជាគន្លឹះសំខាន់នៅក្នុងការរៀបចំសង្គមមួយ ឲ្យមានសណ្ដាប់ធ្នាប់ មានសន្តិភាព អាចជួយជំរុញឲ្យមានការអភិវឌ្ឍមួយប្រកបទៅដោយតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ។ សម្រាប់សង្គមខ្មែរ មិនទាន់យឺតពេលទេក្នុងការបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ មនុស្សធម៌ តាមរយៈការដាក់បញ្ចូលមេរៀនទាំងអស់ នៅក្នុងកម្មវិធីសិក្សា តាំងពីថ្នាក់មត្តេយ្យ ឡើងទៅ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លើកស្ទួយសីលធម៌ គឺលើកស្ទួយវប្បធម៌គោរពច្បាប់ (culture of obedience to law) ព្រោះថា “ពេលដែលមានសីសលធម៌គ្រប់គ្រាន់ មិនបាច់មានច្បាប់ទេ ។ ពេលដែលមិនមានសីលធម៌គ្រប់គ្រាន់ហើយ ពេលនោះច្បាប់ ក៏មិនអាចអនុវត្តបានដែរ – When mores (culural values, morals ) are sufficient, laws are unnecessary; when mores are insufficent, laws are unenforceable.” . Emile Durkheim, French sociologist.“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា តាមពិតទៅ សីលធម៌ ធំជាងច្បាប់ គឺគេកែខៃសីលធម៌ខ្លះ ឲ្យទៅជាច្បាប់ ។ មានន័យជាងនេះទៅទៀត ច្បាប់ ត្រួតត្រាមនុស្សពីខាងក្រៅ សីលធម៌ ត្រួតត្រាមនុស្សពីក្នុងខ្លួនទៅវិញ ។ សីលធម៌ និងច្បាប់ គឺទៅជាមួយគ្នា ដូចសីល៥ កុំសម្លាប់គេ គឺវាចេញជាច្បាប់ព្រហ្មទណ្ឌ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “អ៊ីចេះ! ពីដើម បើតាមព្រហ្មញ្ញសាសន៍ ក៏ដូចជាព្រះពុទ្ធសាសនាដែរ មនុស្សរស់នៅ អត់មានច្បាប់ទេ គឺគេគោរពទាំងអស់គ្នា គឺគោរពធម៌ ។ រួចដល់ទៅ មានអ្នករំលោភទៅ លួចប្លន់គ្នា វ៉ៃតប់គ្នាឡើងទៅ ក៏បានជាគេតែងតាំងឲ្យមានអ្នកធ្វើសណ្ដាប់ធ្នាប់ ហើយគេជួយអ៊ីចឹងទៅ ។ នេះគឺដើមកំណើត ហើយនិងសារសំខាន់នៃសីលធម៌ហ្នឹងឯង ។ ធម៌ហ្នឹង គឺជាសីលធម៌ ។ ដល់ពេលតែងតាំងឲ្យមានស្ដេចអ៊ីចឹងទៅ ក៏ត្រូវមានច្បាប់ទម្លាប់ រួចគេដាក់ទណ្ឌកម្មយ៉ាងម៉េច អីយ៉ាងម៉េច ត្រូវនិរទេសចេញពីភូមិ ឬមួយក៏ចេញពីឃុំ ចេញពីតំបន់អីអ៊ីចឹងទៅ មិនឲ្យចូលស្រុកអីអ៊ីចឹងទៅ ឬក៏ប្រព្រឹត្តបទល្មើសខ្លះហ្នឹង គឺគេសម្លាប់ចោល ។ អ៊ីចឹងហើយបានជាអ្នកប្រាជ្ញបារាំង មានរបៀបអ៊ីចឹងដែរ ។ បើមានសីលធម៌ហើយ មិនបាច់ទេ យើងដឹងអ៊ីចឹង ។ បានន័យថា សីលធម៌ ដូចខ្មែរយើងអ្នកកាន់ពុទ្ធសាសនា មានសីល៥ គោរពសីល៥ ទាំងអស់គ្នា រស់នៅជាមួយគ្នាសុខសាន្ត សុខដុមរមនាជាមួយគ្នា អត់ទាស់គ្នាទេ ។ អ៊ីចឹងបានសារសំខាន់នៃសីលធម៌ហ្នឹង ព្រោះតាមពិតទៅ សីលធម៌ ធំជាងច្បាប់ ។ ច្បាប់ហ្នឹង តាមពិតគេកែខៃសីលធម៌ខ្លះហ្នឹង ឲ្យទៅជាច្បាប់ ហើយច្បាប់ ពីដើម ខ្មែរយើងហ្នឹង គឺពាក្យច្បាប់ហ្នឹង មកពីពាក្យចាប់ ។ មានន័យជាងនេះទៅទៀត ច្បាប់ ត្រួតត្រាមនុស្សពីខាងក្រៅ សីលធម៌ ត្រួតត្រាមនុស្សពីក្នុងខ្លួនទៅវិញ ។ សីលធម៌  ហើយនិងច្បាប់ហ្នឹង គឺវាទៅជាមួយគ្នា ដូចសីល៥ អ៊ីចឹង កុំសម្លាប់គេ គឺវាចេញជាច្បាប់ព្រហ្មទណ្ឌ“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ខ្ញុំសុំរំលឹកបន្តិច គឺឆ្នាំ១៩៩០ប្លាយ ខ្ញុំបានជួបព្រឹទ្ធាចារ្យ ឯកឧត្ដមឆេង ផុន ដែលគាត់បានស្លាប់ហើយ និងលោកបណ្ឌិតម្នាក់ទៀត ដែលបានស្លាប់ដែរ ដែលជំនាញខាងទស្សនវិទូ បានមូលមាត់គ្នាថា នៅសង្គមខ្មែរយើងហ្នឹង គឺសីលធម៌ធ្លាក់ចុះ ប៉ុន្តែត្រង់ថាធ្លាក់ចុះពីចំណុចណា មកដល់ចំណុចណា យើងកំណត់អត់បានទេ ហើយសម្រាប់ខ្ញុំផ្ទាល់ បើប្រៀបធៀបពីជំនាន់សង្គម ហើយនិងជំនាន់ឥឡូវ មើលឃើញថា សីលធម៌ហ្នឹងធ្លាក់ចុះច្រើនមែនទែន មនុស្សភូតភរកុហកគ្នា បោកបញ្ឆោតគ្នាច្រើន ហើយដោយសារបច្ចេកទេសវាមានកាន់តែច្រើនថែមទៀតទៅ ។ ក្នុងចំណុចនេះ ខ្ញុំធ្លាប់នៅស្រុកគេ ខ្ញុំជួបប្រទះផ្ទាល់ដែរ ឃើញផ្ទាល់ ទាក់ទងនឹងចរាចរណ៍ នៅពេលភ្លើងស្ដុប នៅកន្លែងមួយខូច វានៅតែលោតក្រហមយូរអ៊ីចឹងទៅ ប៉ុនែ្តគេអត់វាងទេ គេអត់បរទៅទេ គេហៅប៉ូលិស ហៅអី មករៀបចំឲ្យមានដំណើរការស្រួលបួលវិញ ហើយខ្ញុំទៅប្រជុំម្ដង ប្រជុំចប់ នៅម៉ោង៤ភ្លឺ ខ្ញុំត្រូវត្រលប់មកវិញថ្ងៃហ្នឹង ម៉ោង៧ ម្ល៉ោះហើយគឺត្រូវជិះតាក់ស៊ី មកសណ្ឋាគារ ខណៈដែលនៅតាមផ្លូវ អត់មានចរាចរណ៍ទេ ប៉ុន្តែពេលមានភ្លើងស្ដុប អ្នកបើកតាក់ស៊ី គាត់ត្រូវតែឈប់ ទោះបីខ្ញុំរន្ថើនក៏ដោយ ក៏គេមិនព្រមរំលោភទេ ដែលនេះវាទៅជាវប្បធម៌គោរពច្បាប់ទៅ រួចទាំងអស់គ្នា សូម្បីកូនស្ដេច បើកឡានរំលោភច្បាប់ចរាចរណ៍ហ្នឹង គឺចាប់ផាកពិន័យ ហើយខ្ញុំឃើញច្បាស់ ដឹងច្បាស់ ហើយជិះឡានជាមួយអ្នកស្រុកគេក៏អ៊ីចឹងដែរ គឺគេឈប់ភ្លើងស្ដុប គេថា គេត្រូវធ្វើអ៊ីចឹង ទោះជាអត់មានចរាចរណ៍អីក៏ដោយ…” ។

ស្របគ្នានឹងការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះដែរ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា សម្រាប់ខ្មែរយើង លោកជឿថា វាមិនទាន់យឺតពេលទេ ក្នុងការបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ មនុស្សធម៌ នៅក្នុងសង្គម តាមរយៈការដាក់បញ្ចូលមេរៀនទាំងអស់ នៅក្នុងកម្មវិធីសិក្សា តាំងពីថ្នាក់មត្តេយ ឡើងទៅ ។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះ ទាល់តែសង្គមយើងនាំគ្នាកែតម្រូវ និងតម្រង់ការប្រតិបត្តិ ទាំងការរស់នៅ ក៏ដូចជាការធ្វើការប្រចាំថ្ងៃ ងាកទៅរកគោលការណ៍សីលធម៌ ឲ្យបានច្រើន ជាពិសេសជាពិសេសគឺនៅក្នុងចំណោមអ្នកដឹកនាំកំពូលៗទៅ ពីព្រោះសង្គមខ្មែរនេះ ជាសង្គមចូលចិត្តមើលលើ នៅពេលអ្នកដឹកនាំកំពូលមានសីលធម៌ អ្នកខាងក្រោម នឹងធ្វើត្រាប់តាមហើយ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ជាការពិត គឺតាំងពីបុរាណមកហ្នឹង គឺគេរកឃើញថា ដើម្បីឲ្យការអនុវត្តច្បាប់ទៅ វាប្រព្រឹត្តទៅបានត្រឹមត្រូវ វាទាល់តែទី១ អ្នកអនុវត្តច្បាប់ អ្នកដែលពិនិត្យមើលអំពីការអនុវត្តច្បាប់ ក៏ដូចជាប្រជាពលរដ្ឋដដែល រស់នៅក្រោមច្បាប់ហ្នឹង ត្រូវតែមានសីលធម៌ខ្ពស់ ទើបការអនុវត្តច្បាប់នៅក្នុងសង្គមហ្នឹង វាមានប្រសិទ្ធភាព ពីព្រោះប្រសិនបើនៅក្នុងសង្គមហ្នឹង មិនសូវមានប្រជាពលរដ្ឋដែលមានសីលធម៌ខ្ពស់ទេ ហើយសម្បូរតែមនុស្សដែលខិលខូច ក្រឡេចក្រឡុចទេ ទោះបីជាមានច្បាប់ សរសេរល្អយ៉ាងណា ក៏ការអនុវត្តហ្នឹង ទី១ មិនបានត្រឹមត្រូវ ទី២ វាមិនធានាបានយុត្តិធម៌ ដោយសារតែទាំងអ្នកអនុវត្តច្បាប់ហ្នឹង នឹងអាចប្រើប្រាស់គ្រប់ហេតុផល ឬក៏ល្បិចកិច្ចកល ដើម្បីបង្វែរ ពង្វាង ឬក៏មួលបង្កាច់ការអនុវត្តច្បាប់ហ្នឹង ទៅតាមចិត្តចង់ ទៅតាមដែលគេគិតឃើញ ហើយដូចគ្នាដែរ នៅក្នុងសង្គម ប្រសិនបើសង្គមហ្នឹង ខ្វះប្រជាពលរដ្ឋដែលមានសីលធម៌ទេនោះ ទោះបីជាមានច្បាប់ច្រើន ឬក៏មានច្បាប់សរសេរបានល្អយ៉ាងណា ក៏ការល្មើសច្បាប់ នៅក្នុងសង្គមហ្នឹង នឹងតែងតែមានដែរ ពីព្រោះមនុស្សដែលខ្វះសីលធម៌ នឹងមិនមានសុចរិតភាពនៅក្នុងការគោរពច្បាប់ ឲ្យបានខ្ជាប់ខ្ជួនទេ ។ ហេតុនេះហើយបានជានៅអឺរ៉ុប គេមានសង្គមវិទូមួយរូប គឺអូគូស្កុង ដែលគាត់បានលើកឡើងថា ប្រសិនបើសង្គមមួយ មានសីលធម៌ខ្ពស់ហើយ សឹងតែមិនចាំបាច់មានច្បាប់ ក៏បានដែរ ព្រោះមនុស្សហ្នឹង ចេះរស់នៅជាមួយគ្នាដោយសុខដុមរមនាទៅ ដោយយោងទៅតាមគោលការណ៍សីលធម៌ហើយ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ខ្ញុំមើលឧទាហរណ៍ជាក់ស្ដែង ទោះបីជាសង្គមយើងរាល់ថ្ងៃនេះ មានច្បាប់ រហូតដល់ជាង ៦០០ច្បាប់ ប៉ុន្តែអំពើពុករលួយ ជាក់ស្ដែងដូចជាករណីឧកញ៉ា លី សាម៉េត អីជាដើម គាត់មានទាំងលុយកាក់ មានទាំងអំណាចហើយ ប៉ុន្តែនៅតែប្រព្រឹត្តអំពើពុករលួយ រឿងអាស្រូវ ដែលមានអ្នកពាក់ព័ន្ធរឿងសូកប៉ាន់ ដើម្បីតួនាទី បានតំណែង រាប់តាំងអំពីរឿងមន្រ្តីគយ រហូតដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ។ អានេះវាគ្រាន់តែជាឧទាហរណ៍មួយ ឆ្លុះបញ្ចាំងឲ្យឃើញថា កាលណាសង្គមមួយដែលសម្បូរប្រជាពលរដ្ឋមិនសូវមានសីលធម៌ហ្នឹង គឺគេអាចប្រើប្រាស់ច្បាប់ហ្នឹង គ្រាន់តែជាឈ្នាន់ដើម្បីសម្រេចនូវមហិច្ឆតារបស់ខ្លួន ។ ហេតុនេះរឿងចាំបាច់ណាស់ សម្រាប់រយៈពេលវែង គឺសម្រាប់រយៈពេលខ្លី អង្គភាពស្ថាប័នមួយៗហ្នឹង ត្រូវតែមានក្រមសីលធម៌ ។ ដូច្នេះហើយបានយើងឃើញថា នៅក្នុងវិស័យសារព័ត៌មាន ត្រូវមានក្រមសីលធម៌អ្នកសារព័ត៌មាន នៅក្នុងវិស័យសុខាភិបាល ត្រូវមានក្រមសីលធម៌គ្រូពេទ្យ នៅក្នុងវិស័យមេធាវី ត្រូវមានក្រមសីលធម៌មេធាវី ក្រមសីលធម៌ស្ថាបត្យកម្ម ស្ថាបត្យករអីជាដើម ។ អ៊ីចឹងគ្រប់វិស័យគ្រប់ជំនាញឯកទេសមួយៗហ្នឹង ត្រូវតែមានក្រមសីលធម៌ សូម្បីតែសម័យបច្ចុប្បន្ន ជាសម័យដែល AI កំពុងពេញនិយមហ្នឹង គេក៏នាំគ្នាជជែកអំពីក្រមសីលធម៌នៅក្នុងការប្រើប្រាស់និងការបង្កើត AI  ដែរ ពីព្រោះប្រសិនបើមិននាំគ្នាគិតពីសីលធម៌ទេ ចំណេះជំនាញដែលមាន ច្បាប់ដែលបានបង្កើតមកហ្នឹង នឹងក្លាយទៅជាអាវុធមុខពីរ ដែលអាចត្រូវបានគេប្រើប្រាស់នៅក្នុងផ្លូវមិនល្អ ដែលអាចបង្កបញ្ហាដល់អ្នកដទៃ និងបង្កហានិភ័យដល់សង្គមផងដែរ ។ ហេតុនេះហើយ សង្គមជឿនលឿនហ្នឹង គឺគេយកចិត្តទុកដាក់ខ្ពស់ណាស់ ទាំងការបង្កើតយន្តការសីលធម៌ ក្រមសីលធម៌សម្រាប់វិជ្ជាជីវៈនៅក្នុងវិស័យនីមួយៗ ក៏ដូចជាការបណ្ដុះការអប់រំសីលធម៌នៅសាលាហ្នឹងតាំងពីថ្នាក់មត្តេយ្យមក មិនមែនត្រឹមបង្រៀននៅពេលនិស្សិតរៀននៅសាកលវិទ្យាល័យ ដូចនៅស្រុកយើងបច្ចុប្បន្នទេ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ហេតុនេះហើយបានជាស្រុកគេហ្នឹង សម្បូរមនុស្សដែលមានសីលធម៌ ព្រោះគេបណ្ដុះតាំងពីនៅក្មេងខ្ចីមក ដូចខ្មែរយើងថា ដំដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង យើងឃើញ ។ ជាក់ស្ដែងឧទាហរណ៍នៅក្នុងពិភពលោក ប្រទេសជប៉ុន ជនជាតិជប៉ុន ជនជាតិអាល្លឺម៉ង់ យើងឃើញថា សម័យហ៊ីត្លែរ ហ្នឹង មហាឃោរឃៅហើយ អាល្លឺម៉ង់ ហើយជប៉ុននេះ សម័យមុនសង្រ្គាមលោកលើកទី២ ទៅក្រោយហ្នឹង គឺជនជាតិជប៉ុន គឺជាជនជាតិដែលឃោរឃៅមួយ មិនមែនជាជនជាតិដែលទន់ភ្លន់ សុភាពរាបសា មានវិន័យ មានសីលធម៌ មានសេចក្ដីថ្លៃថ្នូរ ដូចពិភពលោក ឃើញសព្វថ្ងៃទេ ប៉ុន្តែក្រោយសង្រ្គាមលោកលើកទី២ មក អ្នកដឹកនាំនៅស្រុកជប៉ុន នៅអាល្លឺម៉ង់ អីហ្នឹង គេមើលឃើញពីតម្រូវការចាំបាច់នៅក្នុងការបណ្ដុះអប់រំរឿងសីលធម៌ រឿងអត្តចរិត តាំងពីនៅក្មេងមក ឲ្យក្មេងហ្នឹងរៀន ឲ្យមានចរិតសុភាពរាបសា ទន់ភ្លន់ ប្រកាន់គោលការណ៍អហិង្សា ទើបសង្គមជប៉ុន បានផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថថ្មី ដែលធ្វើឲ្យសង្គមជប៉ុន ក្លាយជាសង្គមមួយដែលប្រជាជនជប៉ុន មានចរិតសុភាពរាបសា រម្យទម តស៊ូព្យាយាម ច្នៃប្រឌិតនៅក្នុងការរស់នៅ ការធ្វើការ ដែលពិភពលោក គេឲ្យតម្លៃខ្ពស់ នៅពេលបច្ចុប្បន្នហ្នឹង ។ ដូច្នេះសម្រាប់ខ្មែរយើង ខ្ញុំជឿថា វាមិនទាន់យឺតពេលទេ នៅក្នុងការបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ មនុស្សធម៌នៅក្នុងសង្គម តាមរយៈការដាក់បញ្ចូលមេរៀនទាំងអស់ហ្នឹង នៅក្នុងកម្មវិធីសិក្សាតាំងពីមត្តេយ្យ ទៅ ។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹង វាទាល់តែសង្គមយើងហ្នឹងនាំគ្នាកែតម្រូវនិងតម្រង់ការប្រតិបត្តិទាំងការរស់នៅ ក៏ដូចជាការធ្វើការប្រចាំថ្ងៃហ្នឹង ងាកទៅរកគោលការណ៍សីលធម៌ ឲ្យបានច្រើន ។ ជាពិសេសគឺនៅក្នុងចំណោមអ្នកដឹកនាំកំពូលៗទៅ ពីព្រោះសង្គមខ្មែរនេះ ជាសង្គមចូលចិត្តមើលលើ នៅពេលដែលអ្នកនៅលើ និយាយភាសាសាមញ្ញថា អ្នកដឹកនាំកំពូលហ្នឹង មានសីលធម៌ហើយ អ្នកខាងក្រោមហ្នឹង គឺនឹងធ្វើត្រាប់តាមហើយ“ ។

ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា ជាការពិតហើយ នៅពេលដែលយើង លើកស្ទួយសីលធម៌ គឺជាការលើកស្ទួយដល់វប្បធម៌គោរពច្បាប់ ព្រោះសីលធម៌ និងច្បាប់ គឺជាគន្លឹះសំខាន់នៅក្នុងការរៀបចំសង្គមមួយ ឲ្យមានសណ្ដាប់ធ្នាប់ មានសន្តិភាព អាចជួយជំរុញឲ្យមានការអភិវឌ្ឍមួយ ប្រកបទៅដោយតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ។ ដូច្នេះយើងអាចនិយាយថា ការលើកស្ទួយវប្បធម៌គោរពច្បាប់ គឺជាតួនាទីរបស់យើង ក្នុងនាមជាជាតិសាសន៍មួយ ដែលមានសីលធម៌ល្អ ហើយយើងគួរតែចាប់វាធ្វើជាគោលការណ៍សម្រាប់លើកស្ទួយគុណភាពជីវិត និងបង្កើនភាពរឹងមាំសម្រាប់សង្គម សម្រាប់គ្រួសារ ក៏ដូចជាសម្រាប់ខ្លួនឯងផងដែរ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំយល់ថា វាជាការពិតហើយ នៅពេលដែលយើងលើកស្ទួយសីលធម៌ គឺជាការលើកស្ទួយដល់វប្បធម៌គោរពច្បាប់ ព្រោះសីលធម៌និងច្បាប់ គឺជាគន្លឹះសំខាន់នៅក្នុងការរៀបចំសង្គមមួយឲ្យមានសណ្ដាប់ធ្នាប់ មានសន្តិភាព ហើយនិងអាចជួយជំរុញឲ្យមានការអភិវឌ្ឍមួយប្រកបទៅដោយតម្លាភាព ប្រសិទ្ធភាព ហើយនិងប្រសិទ្ធផល ។ យើងដឹងហើយថា សីលធម៌ គឺជាគោលការណ៍ដែលមនុស្សទាំងអស់នៅក្នុងសង្គម ត្រូវប្រើប្រាស់នៅក្នុងជីវិត ហើយវាគឺជាប្រពៃណីមួយ ដែលបានកើតតាំងពីសម័យបុរាណ ហើយបន្តគ្នារហូតមក ។ អ៊ីចឹងមនុស្សដែលមានសីលធម៌ល្អ មានអាកប្បកិរិយាល្អ ហើយពួកគាត់គឺជាបុគ្គលដែលមានចំណេះដឹង និងមានការទទួលខុសត្រូវ គឺអាចធានាឲ្យមនុស្សដែលរស់នៅជុំវិញខ្លួនគាត់ហ្នឹង គឺអាចអនុវត្តទៅបានស្មើភាពគ្នា មានការគោរពសិទ្ធិគ្នាទៅវិញទៅមក នៅក្នុងជីវិតរស់នៅក្នុងសង្គម ហើយយើងក៏អាចនិយាយបានថា មនុស្សទាំងអស់ កាលណាគាត់មានសីលធម៌ល្អ គាត់មានមូលដ្ឋានគ្រប់គ្រាន់នៅក្នុងការរស់នៅប្រកបទៅដោយសេចក្ដីថ្លៃថ្នូរ និងអាចនាំឲ្យពួកគាត់មានការរស់នៅដោយឈរទៅលើមូលដ្ឋានផ្សេងៗ ដែលអាចធ្វើឲ្យគាត់ក្លាយជាមនុស្សខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដមនៅក្នុងសង្គមបាន ហើយការគោរពសីលធម៌ វាមានតម្លៃសម្រាប់ទូទៅ ជាពិសេសគឺទាក់ទងជាមួយនឹងការលើកស្ទួយនូវវប្បធម៌គោរពច្បាប់ ដូចជាការចេះផ្ដល់ ឬក៏ស្គាល់ពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយគ្មានការបំពានគ្នា» ។

លោកសេក សុជាតិ បន្តថា «ទី២ គឺអាចចូលរួមនៅក្នុងការរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ ហើយនាំគ្នាគោរពច្បាប់ ដោយឈរលើគោលការណ៍ប្រជាពលរដ្ឋមានសិទ្ធិស្មើភាពគ្នា ហើយមិនមានអ្នកណារំលោភបំពានអ្នកណា ហើយគ្រប់គ្នាធ្វើដើម្បីការពារផលប្រយោជន៍រួមរបស់សង្គម ហើយនិងប្រទេសជាតិរបស់យើង ។ ទី៣ វាមានតួនាទីសំខាន់នៅក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្សឲ្យមានការយល់ដឹងអំពីច្បាប់ ព្រោះចំណេះដឹង គឺធ្វើឲ្យមនុស្សទាំងអស់ មិនហ៊ានបំពានច្បាប់ ហើយអាចអនុវត្តវាជាប្រចាំថ្ងៃ នៅក្នុងជីវិតរបស់ពួកគាត់អីអ៊ីចឹងជាដើម ។ ទី៤ គឺទាក់ទងជាមួយនឹងការលើកស្ទួយទៅដល់ប្រព័ន្ធយុត្តិធម៌សង្គម ដើម្បីរក្សានូវតុល្យាភាព សិទ្ធិស្មើភាពគ្នា និងយុត្តិធម៌នៅក្នុងសង្គម ដោយមិនមានបុគ្គលណាម្នាក់អាចល្មើសច្បាប់ ឬក៏រំលោភបំពានទៅលើអ្នកដទៃបាន បើទោះបីជាពួកគាត់មានឥទ្ធិពលនិងអំណាចប៉ុនណាក៏ដោយ ។ មានន័យថា ពួកគាត់នឹងប្រើប្រាស់សិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់ ។ ចុងក្រោយទី៥ គឺការបង្កើតនូវសហគមន៍មួយប្រកបទៅដោយសាមគ្កីរវាងជាតិសាសន៍ ក្នុងនាមជាសាច់ឈាមតែមួយដូចគ្នា ជាពិសេសគឺជំរុញឲ្យមានការបង្រួបបង្រួម ផ្សះផ្សាជាតិ បង្កើតនូវវប្បធម៌មួយ ដែលធ្វើឲ្យខ្មែរចេះជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរអាចពូតដៃគ្នាដើម្បីរួមគ្នាអភិវឌ្ឍ និងស្ដារប្រទេសជាតិ ឲ្យបានរីកចម្រើនទៅមុខទាំងអស់គ្នា ។ សរុបមកវិញ យើងអាចនិយាយថា ការលើកស្ទួយវប្បធម៌គោរពច្បាប់ គឺជាតួនាទីរបស់យើងក្នុងនាមជាជាតិសាសន៍មួយ ដែលមានសីលធម៌ល្អ ហើយយើងគួរតែចាប់វាធ្វើជាគោលការណ៍សម្រាប់លើកស្ទួយគុណភាពជីវិត ហើយនិងបង្កើនភាពរឹងមាំសម្រាប់សង្គម ក៏ដូចជាសម្រាប់គ្រួសារ ហើយនិងសម្រាប់ខ្លួនឯងផងដែរ“ ៕ កុលបុត្រ

RELATED ARTICLES