Saturday, January 11, 2025
Homeព័ត៌មានជាតិឆ្លើយតប តួសម្តែងការពារព្រៃឈើ សកម្មជន ទម្លាយសារនាយករដ្ឋមន្ត្រី

ឆ្លើយតប តួសម្តែងការពារព្រៃឈើ សកម្មជន ទម្លាយសារនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ និងជាប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ បានធ្វើការបកស្រាយបំភ្លឺ និងទម្លាយសារនាយករដ្ឋមន្រ្តី សម្តេចហ៊ុន ម៉ាណែត ឆ្លើយតបទៅពួកប្រឆាំងនិងក្រុមអគតិ ដែលចោទថារូបលោកជាតួសម្ដែងការពារព្រៃឈើ តាមការរៀបចំរបស់ថ្នាក់ដឹកនាំ ឬជាសកម្មជនការពាព្រៃឈើក្លែងក្លាយ ដោយលោកបានបញ្ជាក់ថា ការចោទប្រកាន់នេះ ធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ព្រោះបើថ្នាក់ដឹកនាំមិនមានការយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ឬព្រៃឈើទេ ថ្នាក់ដឹកនាំមិនចាំបាច់ហៅលោកទៅជួបដើម្បីពិភាក្សា និងលើកទឹកចិត្តដោយផ្ទាល់បែបនេះទេ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីការចុះល្បាតព្រៃឈើ នៅលើភ្នំឱរ៉ាល់ លោកតាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ និងជាសកម្មជនព្រៃឈើ ដែលកន្លងមកតែងតែសកម្មក្នុងការចុះល្បាតរុករកបទល្មើស និងតាមដានបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងនៅខេត្តពោធិ៍សាត់ ជាដើមនោះ បានបង្ហោះវីដេអូ តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ធ្វើការបកស្រាយ ឆ្លើយតបចំពោះអ្នកដែលចោទប្រកាន់លោកថា ជាតួសម្ដែងការពារព្រៃឈើ ដែលធ្វើតាមសេណារីយ៉ួរៀបចំរបស់នាយករដ្ឋមន្រ្តី និងការចោទថា លោកជាអ្នកការពារព្រៃឈើក្លែងក្លាយ ព្រោះបើសិនជាអ្នកការពារព្រៃឈើពិតប្រាកដមែន ម៉េចក៏មិនរងគ្រោះដូចសកម្មជនព្រៃឈើដទៃ ដែលមានអ្នកខ្លះត្រូវគេបាញ់សម្លាប់ ដូចជាលោកឈុត វុទ្ធី ជាដើម ។

លោកតាន់ គឹមសួរ បានបង្ហាញសាររបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើមកលើកទឹកចិត្ត និងជំរុញឲ្យលោកធ្វើសកម្មភាពការពារព្រៃឈើ បន្តទៅទៀត ដោយលោកបានសរសេរបញ្ជាក់ថា “ខ្ញុំមិនអនុញ្ញាតឲ្យជនមួយចំនួន ធ្វើការវាយប្រហារខ្លាំងៗទៅកាន់ថ្នាក់ដឹកនាំ ដែលខុសពីការពិតបែបនេះទេ។ ខ្ញុំសូមធ្វើការពន្យល់បកស្រាយអំពីមតិចោទប្រកាន់មកលើខ្ញុំ និងធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសនិងភាពថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។ បើថ្នាក់ដឹកយើងមិនមានការយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុតខ្លាំងចំពោះការបង្ក្រាបបទល្មើសធនធានធម្មជាតិទេ ថ្នាក់ដឹកនាំ មិនចាំបាច់ហៅខ្ញុំទៅជួប ដើម្បីពិភាក្សាដោយផ្ទាល់បែបនេះទេ“ ។

បន្ថែមនៅលើសំណេរខាងលើនេះ លោកតាន់ គឹមសួរ បានថ្លែបំភ្លឺក្នុងវីដេអូថា “ជម្រាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា! ទើបតែចុះពីភ្នំឱរ៉ាល់ មកវិញ អ៊ីចឹងខ្ញុំជឿជាក់ថា បងប្អូនមួយចំនួនធំ ដែលធ្លាប់មកដល់កំពូលភ្នំឱរ៉ាល់នេះ គឺយល់ហើយថា បារមីលោកតា នៅខាងតំបន់ភ្នំឱរ៉ាល់ នេះស័ក្ដិសិទ្ធិប៉ុនណា? ខ្ញុំធ្វើវីដេអូនេះ គឺខ្ញុំចង់បកស្រាយរឿងរ៉ាវមួយចំនួន ដែលឃើញមានមតិតែងតែលើកឡើងមកថា សកម្មភាពរបស់ខ្ញុំនេះ គឺជាសកម្មភាពដែលជាការបង្កើតឡើយ គឺជារូបភាព សកម្មភាពវីដេអូល្ខោនស្អីៗអ៊ីចឹង មានតួសម្ដែង មានអ្នកបង្កើតសាច់រឿងអីអ៊ីចេះ ហើយពេលខ្លះទៅ ទាញចូលពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំទៀត ជាពិសេសគឺសម្ដេចធិបតី តែម្ដង ។ អ៊ីចឹងកន្លែងនេះ គឺខ្ញុំចង់លើកឡើងថា ខ្ញុំអត់ទៅពន្យល់ជាមួយជនអគតិមួយចំនួនទេ ជនអគតិមួយចំនួន ទោះបីព្យាយាមប្រឹងពន្យល់ទៅពួកគាត់កម្រិតណាក៏គាត់នៅតែអត់យល់ដែរ ព្រោះថាគាត់មានតែខួរក្បាលមួយ “អ្ហែងធ្វើអីក៏ខុសៗដែរ” ។ តាំងពីដើមមក គឺការងារនេះ ខ្ញុំធ្វើ គឺចេញពីបេះដូងពិតប្រាកដ ចេញពីសេចក្ដីស្រលាញ់ពិតប្រាកដ ចេញពីការខ្វាយខ្វល់ពិតប្រាកដ ហើយដោយសារខ្ញុំធ្វើហ្នឹង អាចជាសកម្មភាព រូបភាពសម្ដេច បានឃើញ មុននឹងខ្ញុំធ្វើការបង្ហាញ ខ្ញុំសូមអភ័យទោសទៅសម្ដេចធិបតី តែម្ដង ខ្ញុំសូមធ្វើការបង្ហាញជាសារដែលសម្ដេច បានផ្ញើមកឲ្យខ្ញុំ ព្រោះបើសិនជាមិនអ៊ីចឹងទេ គឺនៅតែទទួលរងការចោទប្រកាន់ពីជនអគតិមួយចំនួន ឬក៏ធ្វើឲ្យមានអ្នកដែលមិនពេញចិត្តខ្ញុំ ជាពិសេសគឺអ្នកដែលគាត់តែងតែបំផ្លិចបំផ្លាញធនធានធម្មជាតិ គឺគាត់ស្អប់ច្រើនណាស់ ។ អ៊ីចឹងគាត់ព្យាយាមលាបពណ៌ ព្យាយាមវាយប្រហារអ៊ីចេះមួយ អ៊ីចេះពីរ គ្រប់រូបភាពតែម្ដង ថាសម្ដេច គឺជាអ្នករៀបចំសេណារីយ៉ូហ្នឹង ឲ្យខ្ញុំដើរតួសម្ដែងជាអ្នកអភិរក្ស ជាស្អីៗអ៊ីចឹងទៅ ។ តាមពិតអត់អ៊ីចឹងទេ ។ នេះខ្ញុំសុំបង្ហាញសារឲ្យបងប្អូនបានឃើញ“ ។

នៅក្នុងសារតាមឆាតនោះ សម្ដេចហ៊ុន ម៉ាណែត បានសរសេរមកលោកតាន់ គឹមសួរ ថា “សួស្ដីប្អូនគឹម សួរ!” ។ លោកតាន់ គឹមសួរ បានសរសេរឆ្លើយតបថា “គោរពជម្រាបសួរសម្ដេចមហាបវរធិបតី! ប្អូនពិតជាមានសេចក្ដីរំភើបចិត្តជាខ្លាំង ដែលបានទទួលសារពីសម្ដេច ប្អូនគោរស្រលាញ់សម្ដេច ខ្លាំងណាស់ ហើយប្អូនរីករាយជាខ្លាំងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាជួយសង្រ្គោះធនធានធម្មជាតិ នៃប្រទេសកម្ពុជាយើង សូមសម្ដេចដាក់បញ្ជា“ ។ សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរបន្ត ឆ្លើយតបទៅលោកតាន់ គឹមសួរ ដែលសុំឲ្យដាក់បញ្ជាថា “ថ្ងៃណាបងចង់ជួបបន្តិច ។ បងត្រូវរៀបចំវិធានការមួយចំនួន ដើម្បីវាយគោលដៅកាប់ឈើនៅតំបន់មួយចំនួន និងកាន់កាប់ឲ្យជាប់ ដើម្បីការពារដោយចីរភាព ។ បងឃើញប្អូនធ្វើការច្រើន នៅតំបន់ឱរ៉ាល់ ដូច្នេះបងចង់បាននូវយោបល់ខ្លះរបស់ប្អូន ពាក់ព័ន្ធនឹងកិច្ចការងារនេះ“ ។ លោកតាន់ គឹមសួរ បានសរសេរឆ្លើយថា “ដោយគោរពជាទីបំផុតសម្ដេច នេះគឺជាកិត្តិយសធំធេងមួយសម្រាប់ប្អូន ប្អូនសូមគោរពអរគុណសម្ដេច ដែលផ្ដល់ទំនុកចិត្តឲ្យប្អូន ប្អូននឹងខិតខំប្រឹងប្រែងឲ្យពីលទ្ធភាព ក្នុងការចូលរួមជាមួយសម្ដេច“ ។ សម្ដេចហ៊ុន ម៉ាណែត បានហៅមកលោកតាន់ គឹមសួរ ប្រមាណ៣នាទី ដើម្បីបញ្ជាក់ថា ជាសាររបស់សម្ដេចពិតប្រាកដ ។ លោកតាន់ គឹមសួរ ក៏បាននិយាយឆ្លើយឆ្លងជាមួយសម្ដេច រួចសរសេរសួរសម្ដេច បន្ថែមនៅក្នុងឆាតថា “ប្អូនសូមគោរពសួរជម្រាបសួរសម្ដេចមហាបវរធិបតី ប្អូនសូមគោរពស្នើសុំអន្តរាគមន៍ករណីឧក្រិដ្ឋកម្មព្រៃឈើដ៏ធំ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈានឆ្ពោះទៅដល់ការមានចំណាត់ការទៅមន្រ្តីជាប់ពាក់ព័ន្ធទាំងអស់ ។ ប្អូនសូមការអនុញ្ញាតគោរពជម្រាបជូនសម្ដេច មេត្តាជ្រាបថា កន្លងមក ប្អូនតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងសកម្មភាពដាំស្ដារព្រៃឈើឡើងវិញ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ“ ។

បន្ទាប់មក ក្រោយពីបានជួបផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចហើយ និងបានឃើញរូបថតដែលលោកបានថតជាមួយសម្ដេច លោកតាន់ គឹមសួរ បានសរសរបន្តនៅក្នុងឆាតនោះថា “ប្អូនមើលរូបភាពនេះហើយមើលទៀត ប្អូនពិតជានឹកស្មានមិនដល់ថា ប្អូនមានសំណាងបានអង្គុយទទួលទានអាហារ និងជជែកការងារជាមួយសម្ដេចទាល់តែសោះ នេះគឺជាសេចក្ដីប្រាថ្នាដែលប្អូនតែងតែគិតជាយូរឆ្នាំមកហើយ សាមញ្ញភាពរបស់សម្ដេច បានឆក់យកសេចក្ដីស្រលាញ់និងការគោរពពីបងប្អូនកាន់តែជ្រាលជ្រៅហើយ“ ។ សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរឆ្លើយតបថា “សូមអរគុណប្អូន និងសូមសរសើរដោយស្មោះចំពោះការលះបង់របស់ប្អូន ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិយើង” ។ លោកតាន់ គឹមសួរ សរសេរថា “ដោយសេចក្ដីក្ដីគោរព និងស្រលាញ់សម្ដេច”…។

លោកតាន់ គឹមសួរ បានថ្លែងបន្ត ទាក់ទងនឹងសាររបស់សម្ដេចនាយករដ្ឋមន្រ្តី ខាងលើនេះថា “ឃើញទេ សម្ដេច គឺជាអ្នកឆាតមកខ្ញុំផ្ទាល់ ហើយដោយសារសម្ដេច ប្រហែលជាគិតថា ខ្ញុំមិនជឿថា សារហ្នឹងគឺជាសារសម្ដេចទេ សម្ដេចបាន call មកខ្ញុំទៀត និយាយពីរបីនាទីទៀត ដើម្បីធ្វើការណាត់ខ្ញុំទៅជួបសម្ដេច ផ្ទាល់ ។ បងប្អូនដឹងទេ? ខ្ញុំខ្លួនឯងនេះ ខ្ញុំអត់នឹកស្មានដល់ទេណាថា ខ្ញុំពិតជាសំណាង ហើយមានឱកាសដ៏ល្អបែបនេះ គឺខ្ញុំបានទៅជួបសម្ដេច ផ្ទាល់ ខ្ញុំគិតថា ប្រហែលជានៅក្នុងអំឡុងពេលហ្នឹង សម្ដេច មិនមែនហៅតែខ្ញុំទៅទេ អាចហៅអ្នកដែលគាត់ធ្វើការងារសង្គម ជាច្រើនរយនាក់ទៅទៀត ប៉ុន្តែខ្ញុំគិតខុសទាំងអស់ គឺហៅតែខ្ញុំម្នាក់ឯង បានទៅញ៉ាំអាហារតែ ២នាក់សម្ដេច ហើយដំបូងក៏ខ្ញុំគិតថា ប្រហែលជាខ្ញុំធ្វើសកម្មភាពជាច្រើន ប៉ះពាល់នយោបាយ ប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ឬយ៉ាងណាអីអ៊ីចឹងទៅ ប្រហែលជាសម្ដេច ហៅខ្ញុំទៅជួបហ្នឹង ដើម្បីឲ្យខ្ញុំបន្ថយ មិនឲ្យធ្វើខ្លាំងៗនោះពេក ប៉ុន្តែខ្ញុំគិតខុសទាំងអស់ ។ សម្ដេច ហៅទៅ គឺសួរនាំថា ការងាររបស់ខ្ញុំយ៉ាងម៉េច? ហើយឥឡូវហ្នឹង គាត់ចង់ជួយជំរុញឲ្យខ្ញុំធ្វើកិច្ចការងារហ្នឹងឲ្យកាន់តែល្អប្រសើរថែមទៀត ។ អ៊ីចឹងហាក់ដូចជាបានបង្ហាញឲ្យខ្ញុំមានភាពកក់ក្ដៅខ្លាំង នេះគឺជាការជំរុញលើកទឹកចិត្តដ៏មានឥទ្ធិពលខ្លាំងពីថ្នាក់ដឹកនាំណាបងប្អូន ធ្វើឲ្យខ្ញុំកាន់តែគិតឃើញថា ខ្ញុំពីមុនមក ខ្ញុំអត់មានអ្នកណានៅពីក្រោយផង គ្មានអ្នកណាគេលើកទឹកចិត្តបែបនេះផង ជាពិសេសពីថ្នាក់ដឹកនាំកំពូលតែម្ដង ។ ខ្ញុំអាចធ្វើនៅខាងឱរ៉ាល់ហ្នឹង បានកម្រិតហ្នឹង ខ្ញុំអាចបទល្មើសធនធានធម្មជាតិជាច្រើនធំៗ ដូចយ៉ាងនៅសំរោង ក៏ខ្ញុំបានចុះទៅកម្ទេចជំរំហ្នឹងបានច្រើនដែរ ហើយខ្ញុំឈានឆ្ពោះទៅដល់ការបង្រ្កាបនៅខាងពោធិ៍សាត់ ទៀត ។ បងប្អូនប្រហែលជាស្គាល់ហើយ តាហយ ខ្ញុំធ្វើបានកម្រិតហ្នឹង“ ។

លោកតាន់ គឹមសួរ បាននិយាយបន្តថា “អ៊ីចឹងនៅពេលដែលថ្នាក់ដឹកនាំគាត់ជំរុញលើកទឹកចិត្តប៉ុណ្ណឹង តើខ្ញុំគួរតែរក្សាកម្រិតហ្នឹងទៀតឬក៏យ៉ាងម៉េច? តាមពិតទៅ និយាយឲ្យជាកំប្លែងបន្តិច វាហាក់ដូចជាការដាក់សម្ពាធមួយសម្រាប់ខ្ញុំអ៊ីចឹង ប៉ុន្តែសម្ដេច មិនមែនជាអ្នកដាក់ទេ គឺខ្ញុំជាអ្នកដាក់សម្ពាធសម្រាប់ខ្លួនឯង ហេតុអី? ដោយសារខ្ញុំគិតឃើញថា ខ្ញុំតែឯង ខ្ញុំអាចធ្វើបានកម្រិតហ្នឹង ចុះមានសម្ដេច នៅជិតហើយ តើខ្ញុំត្រូវតែធ្វើបន្តត្រឹមកម្រិតហ្នឹងទៀត ឬក៏ខ្ញុំត្រូវតែធ្វើឲ្យច្រើនជាងហ្នឹងទៀត ។ អ៊ីចឹងហើយ ធ្វើឲ្យខ្ញុំគិត អ៊ីចឹងកន្លែងណាដែលមានការកាប់បំផ្លាញធនធានធម្មជាតិ គឺតែងតែមានវត្តមានខ្ញុំនៅទីនោះតែម្ដង មិនមែនសម្ដេច ចាំតែជួយអន្តរាគមន៍ឲ្យខ្ញុំសព្វបែបយ៉ាងទេ ប៉ុន្តែការជួបជាមួយសម្ដេច នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្បើមខ្លាំងណាស់បងប្អូន ។ ខ្ញុំជឿជាក់ថា បងប្អូនមួយចំនួន អត់អាចពាល់យល់អំពីអារម្មណ៍ហ្នឹង ប៉ុន្តែចំពោះខ្ញុំៗយល់ខ្លាំង ហើយខ្ញុំក៏បានធ្វើរឿងជាច្រើនដែរ ហើយបងប្អូនបានឃើញសារ គឺជាការលើកទឹកចិត្តរបស់សម្ដេច ហើយសួរថា ធម្មតាបើសិនជាឧទាហរណ៍ សម្ដេច ជាអ្នករៀបចំសេណារីយ៉ូ សម្ដេច ប្រាកដជាប្រគល់លុយឲ្យហើយ ផ្ដល់លុយឲ្យតាន់ គឹមសួរ ហើយ ឬថាតាន់ គឹមសួរ យកលុយប៉ុននេះៗ តែមកដល់ឥឡូវណា ខ្ញុំអត់ទាន់ទទួលលុយពីសម្ដេច បាន១កាក់ ១សេនទេ ខ្ញុំអត់ត្រូវការថវិកាពីសម្ដេច ទេ ខ្ញុំត្រូវការតែការលើកទឹកចិត្តពីថ្នាក់ដឹកនាំត្រឹមប៉ុណ្ណឹង គឺខ្ញុំមានកម្លាំងខ្លាំងក្នុងការធ្វើ ដោយសារអី? មានបងប្អូនយើងចាំចូលរួមគាំទ្រ នៅពេលដែលខ្ញុំដល់ចំណុចមួយថា ទាល់តែចាយថវិកាអស់ហើយ បងប្អូនយើងតែងតែចូលរួម តិចក្ដីច្រើនក្ដី តែងតែចូលរួម អាចឲ្យពួកខ្ញុំបានបន្តសកម្មភាពហ្នឹងតទៅទៀត ហើយឥឡូវខ្ញុំសូមបញ្ជាក់ឡើងវិញថា ថ្នាក់ដឹកនាំទាំងអស់ គ្រប់ស្ថាប័នពាក់ព័ន្ធ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខាងក្រសួងបរិស្ថាន លោកតែងតែមានការខ្វាយខ្វល់ខ្លាំងមែនទែន ចំពោះសម្បត្តិធនធានធម្មជាតិនៃប្រទេសកម្ពុជាយើង ។ អ៊ីចឹងសូមឲ្យបងប្អូនធ្វើដូចខ្ញុំអ៊ីចឹង យើងជាសាមញ្ញជន យើងអត់មានកម្លាំងពិសេស កម្លាំងស្អីទេ ប៉ុន្តែយើងឲ្យចេះពីរបៀបធ្វើការរបស់យើង ។ អ៊ីចឹងតាមរយៈវីដេអូនេះដែរ ខ្ញុំថាបើសិនជាអ្នកណាគេមានចម្ងល់អីហ្នឹង អាចមកសួរខ្ញុំបាន អាចប្រឹក្សាយោបល់ជាមួយខ្ញុំបាន ថាត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចអ៊ីចឹង“ ។

ជាមួយគ្នានោះដែរ ឆ្លើយតបទាក់ទងនឹងការចោទថា លោកជាអ្នកការពារព្រៃឈើក្លែងក្លាយ ព្រោះបើសិនជាអ្នកការពារព្រៃឈើពិតប្រាកដមែន ម៉េចក៏មិនរងគ្រោះដូចសកម្មជនព្រៃឈើដទៃ ដែលមានអ្នកខ្លះត្រូវគេបាញ់សម្លាប់ ដូចជាលោកឈុត វុទ្ធី ជាដើមនោះ លោកតាន់ គឹមសួរ បញ្ជាក់ថា រាល់ថ្ងៃនេះ កុំគិតថាគ្មានអ្នកស្អប់លោកឲ្យសោះ។ បទល្មើសធនធានធម្មជាតិ ជាពិសេសមន្ត្រីដែលមានការពាក់ព័ន្ធជាមួយនឹងបទល្មើសតែម្ដង គឺស្អប់លោកខ្លាំងណាស់ ខឹងលោកខ្លាំងណាស់ បន់ឲ្យតែលោកស្លាប់ទេ ព្រោះលោកតែងតែរំខានដល់ពួកគេក្នុងការបំផ្លាញព្រៃឈើ តែពួកគេមិនហ៊ានធ្វើអីលោក ដោយសារតែមានហ្វេសប៊ុក គឺបើហ៊ានតែធ្វើអីមិនស្រួល នឹងធ្វើឲ្យល្បីធ្លាយពេញបណ្ដាញសង្គម ហ្វេសប៊ុក មិនខាន ។

លោកតាន់ គឹមសួរ បានថ្លែងថា “មានមតិមួយចំនួនក៏បានលើកឡើងមកថា បើតាន់ គឹមសួរ ការពារព្រៃឈើពិតប្រាកដហ្នឹង ប្រហែលជាមានជោគវាសនាដូចអ្នកដែលគាត់ធ្វើមុនៗហើយ មិនត្រូវគេបាញ់សម្លាប់ ឬក៏យ៉ាងម៉េចអីយ៉ាងម៉េច ។ ខ្ញុំចង់ឆ្លើយតបទៅវិញថា រាល់ថ្ងៃនេះ កុំតែបានហ្វេសប៊ុក យោងទេ ខ្ញុំប្រាប់ណា បើអត់មានហ្វេសប៊ុក សួរថា ពួកបទល្មើសទាំងអស់ហ្នឹង សប្បាយចិត្តជាមួយខ្ញុំអ្ហី? បន់ឲ្យតែខ្ញុំស្លាប់ទេ រាល់ថ្ងៃហ្នឹងនោះ ប៉ុន្តែគេរកវិធីអត់ទាន់បាន កន្លែងហ្នឹង ដោយសារអី? ដោយសារហ៊ានតែធ្វើអីមិនស្រួលហ្នឹង គឺមានហ្វេសប៊ុក មានអីហ្នឹង ។ អ៊ីចឹងកន្លែងហ្នឹង គឺអរគុណហ្វេសប៊ុក ខ្លាំងមែនទែន ចង់និយាយប្រាប់បងប្អូនទាំងអស់គ្នាពីចំណុចទាំងអស់ហ្នឹង ។ អ៊ីចឹងខ្ញុំព្យាយាមពន្យល់ទៅឲ្យបងប្អូនមួយចំនួន ដែលមានការឆ្ងល់ពិតប្រាកដ ។ បើចំពោះជនអគតិមួយចំនួន ព្យាយាមចង់ពន្យល់បង្ហាញគាត់ដល់កម្រិតណា ក៏គាត់យល់ពីគោលបំណងពិតប្រាកដរបស់ពួកយើងដែលកំពុងតែធ្វើដែរ ហើយខ្ញុំសូមបញ្ជាក់ឡើងវិញថា ថ្នាក់ដឹកនាំទាំងអស់ គ្រប់ស្ថាប័នពាក់ព័ន្ធ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខាងក្រសួងបរិស្ថាន លោកតែងតែមានការខ្វាយខ្វល់ខ្លាំងមែនទែន ចំពោះសម្បត្តិធនធានធម្មជាតិនៃប្រទេសកម្ពុជាយើង ។ អ៊ីចឹងសូមឲ្យបងប្អូនធ្វើដូចខ្ញុំអ៊ីចឹង យើងជាសាមញ្ញជន យើងអត់មានកម្លាំងពិសេស កម្លាំងស្អីទេ ប៉ុន្តែយើងឲ្យចេះពីរបៀបធ្វើការរបស់យើង ។ អ៊ីចឹងតាមរយៈវីដេអូនេះដែរ ខ្ញុំថាបើសិនជាអ្នកណាគេមានចម្ងល់អីហ្នឹង អាចមកសួរខ្ញុំបាន អាចប្រឹក្សាយោបល់ជាមួយខ្ញុំបាន ថាត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចអ៊ីចឹង“ ។

ក្រោយបានឃើញសំណេរ និងការថ្លែងនៅក្នុងវីដេអូខាងលើនេះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាម្ដាយមីងរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលទៅខម្មិន (comment) ថា “សូមអរគុណក្មួយដែលបានលះបង់គ្រប់យ៉ាង ដើម្បីព្រៃឈើ កន្លងមក ហើយថែរក្សាសុខភាពផង ទេវតាតាមថែក្មួយសុខចម្រើន“ ។

ជាការឆ្លើយតបទៅនឹងខម្មិនរបស់លោកស្រីឧកញ៉ាហ៊ុន ស៊ីណាត វិញ លោកតាន់ គឹមសួរ បានសរសេរនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា “ខ្ញុំពិតជាមានសេចក្ដីរីករាយ និងពោរពេញទៅដោយកម្លាំងចិត្តណាស់ដែលទទួលបានការជំរុញលើកទឹកចិត្ត និងឲ្យតម្លៃពីថ្នាក់ដឹកនាំបែបនេះ ក្មួយសូមគោរពអរគុណជំទាវមីងដែលតែងតែនៅក្បែរក្មួយជានិច្ច” ៕ កុលបុត្រ

RELATED ARTICLES