Monday, December 30, 2024
Homeព័ត៌មានជាតិមេបក្សខ្មែរតែមួយ ស្នើនាយករដ្ឋមន្រ្ដី បង្កើតច្បាប់ដាក់ពួកប្រឆាំងជ្រុលនិយម ជាក្រុមភេរវករ

មេបក្សខ្មែរតែមួយ ស្នើនាយករដ្ឋមន្រ្ដី បង្កើតច្បាប់ដាក់ពួកប្រឆាំងជ្រុលនិយម ជាក្រុមភេរវករ

ភ្នំពេញ ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានដាក់លិខិតគោរពជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំបង្កើតច្បាប់ភេរវកម្ម ដាក់ក្រុមឧទ្ទាមជ្រុលនិយម ទៅជាក្រុមភេរវករ ដើម្បីការពារសុខសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។

លិខិតរបស់លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ ចុះថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សូមគោរពជូនហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុ ៖ សំណើសុំបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ មានខ្លឹមសារទាំងស្រុងថា «តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា គណបក្សខ្មែរតែមួយ បានមើលឃើញថា កន្លងមកនិងបច្ចុប្បន្ននេះ ក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀងគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋ ដែលជាអំពើខុសច្បាប់ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថិរភាពនយោបាយ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ជាដើម។ ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សខ្មែរតែមួយ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រក្សាជំហរដាច់ខាត គោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិ ឲ្យបានរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅឲ្យភាពសុខសាន្ត និងការអភិវឌ្ឍរយៈពេលយូរអង្វែង ដែលបានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាជាគោលការណ៍មូលដ្ឋានជាតិ ដែលត្រូវគោរពឲ្យបាននូវគោលការណ៍ចំនួន ៨ចំណុច ដូចតទៅ ៖

១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

២-ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

៣-ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។

៤-រួមសហការគ្នាដើម្បីទប់ស្កាត់និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយម រចេញផុតពីព្រះរាជាណាចក្រកម្ពុជា។ ប្រឆាំងដាច់ខាតចំពោះឧបាយកលនិងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

៥-សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវទៀងទាត់តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

៦-គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការរឃោសនាប្រឆាំងគ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណាដែលប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន។

៧-កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារកិច្ចព្រមព្រៀងនេះ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សា រួមគ្នាដោះស្រាយបញ្ហារដោយសន្តិវិធី។

៨-បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រនិងមានបំណងចង់ចូលរួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

អាស្រ័យដូចបានគោរពជូនខាងលើ សូមសម្តេចមហាបវរធិបតី មេត្តាពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប ទៅជាក្រុមភេរវករ ដោយក្ដីអនុគ្រោះ។

សូមសម្តេចមហាបវរធិបតី មេត្តាទទួលនូវការគោរពដ៏ខ្ពងខ្ពស់បំផុតអំពីខ្ញុំ»៕ ខៀវទុំ

RELATED ARTICLES