Saturday, December 21, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជិះម៉ូតូធំ គឹម សុខ ថាដើរលេង មិនខ្វល់កោះគុត

នាយករដ្ឋមន្ត្រីកម្ពុជា ជិះម៉ូតូធំ គឹម សុខ ថាដើរលេង មិនខ្វល់កោះគុត

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   បង្ហោះរូបភាពជិះម៉ូតូធំ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច លោកគឹម សុខ អ្នកវិភាគនយោបាយ-សង្គម និងជាប្រធានវេទិកាពលរដ្ឋ ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានលើកឡើងរិះគន់ថា សម្តេចនាយករដ្ឋមន្រ្តី ជិះម៉ូតូធំដើរលេង មិនខ្វល់ពីកោះគុត ឬកោះគជ់ ដែលថៃ កំពុងអះអាងថាជារបស់គេ មួយរយភាគរយ ។

លោកគឹម សុខ បានបង្ហោះរូបភាពនិងសំណេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ថា “ទោះបីថៃ គ្រប់ភាគី និយាយដដែលៗថា កោះគុត ដែលមានចំណែកយ៉ាងតិច ៥០% របស់កម្ពុជា គឺជារបស់ថៃ ទាំងមូល និងទោះជាតុលាការវៀតណាម បំពានគោលការណ៍អន្តរជាតិ កាត់ឲ្យព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ជាប់គុក ដែលសហគមន៍អន្តរជាតិ ធ្វើប្រតិកម្មព្រោងព្រាត ក៏ដោយ … ក៏លោកនាយករដ្ឋមន្ត្រីគ្រួសារហ៊ុន មិនខ្វល់ ជិះម៉ូតូធំដើរលេងធ្វើព្រងើយ! ពេលលោកនាយករដ្ឋមន្ត្រី ខ្វល់វិញ ទៅជាគាត់ខំខ្វល់ធ្វើបាបខ្មែរកណ្ដាល។ តើពលរដ្ឋខ្មែរ អាចនៅស្ងៀម ឲ្យបុគ្គលបែបនេះ បន្តធ្វើនាយករដ្ឋមន្ត្រីកើតដែរ?“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ថា កោះគុត របស់ខ្មែរ ត្រូវបានប្រទេសថៃ ឈ្លានពានយកស្រស់ៗ ហើយក្រុមមេដឹកនាំថៃ អះអាងថា ជារបស់ថៃ ទៅទៀត បែរជាសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សំងំឈឹង ដូចគ្មានរឿងអី និងជិះម៉ូតូធំដើរលេងធ្វើព្រងើយ ដូចក្មេងអត់កាតព្វកិច្ចបំពេញ។

លោកគឹម សុខ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើគាត់កំពុងធ្វើនាយករដ្ឋមន្ត្រី ឬគ្រាន់តែទៅឈរជំនួសឪពុកគាត់? បើគាត់ពិតជាបំពេញការងារតួនាទីតំណែងនាយករដ្ឋមន្ត្រី នោះ គាត់គ្មានពេលជិះម៉ូតូធំដើរលេងទេ នៅពេលនេះ ព្រោះប្រទេសជាតិ ប្រឈមនឹងការរអិលចូលវិបត្តិសេដ្ឋកិច្ច ប្រជារាស្ត្រកំពុងជួបវិបត្តិបំណុលវ័ណ្ឌកពេញប្រទេស រីឯកោះគុតរបស់ប្រទេសកម្ពុជា កំពុងត្រូវប្រទេសថៃ ឈ្លានពានត្រួតត្រា។ បើជានាយករដ្ឋមន្ត្រី គាត់គួរណាស់ធ្វើសន្និសីទកាសែត ពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរ អំពីវិធីសង្គ្រោះស្ថានភាពសេដ្ឋកិច្ចជាតិ របៀបដោះស្រាយការងារជូនប្រជាពលរដ្ឋ របៀបដោះស្រាយតម្លៃកសិផលដ៏ថោករបស់កសិករ និងវិធីសង្គ្រោះបំណុលវ័ណ្ឌករបស់ពលរដ្ឋជាដើម មិនមែនទៅជិះម៉ូតូធំដើរលេង ធ្វើព្រងើយ ឌឺដងពលរដ្ឋថែមទៀតនោះ ។ លើសពីនេះ កោះគុត របស់ខ្មែរ ត្រូវប្រទេសថៃ​ ឈ្លានពានយកស្រស់ៗ ហើយក្រុមមេដឹកនាំថៃ អះអាងថា ជារបស់ថៃ ទៅទៀត បែរជាលោក ហ៊ុន ម៉ាណែត សំងំឈឹង ដូចគ្មានរឿងអី និងដើរលេងដូចយុវវ័យទំនើង។ បើជាមេដឹកនាំជាតិ គាត់ត្រូវតែចេញប្រកាសជំហរឲ្យច្បាស់ និងយកសំណុំរឿងនេះ ទៅប្ដឹងនៅតុលាការអន្តរជាតិ ឲ្យជម្រះសេចក្ដី មិនមែនជិះម៉ូតូដើរលេង ដូចក្មេងអត់កាតព្វកិច្ចបំពេញឡើយ»។

ជាមួយគ្នានោះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ ជាសហការីលោកគឹម សុខ ដែលថ្មីៗនេះ បានផ្ញើលិខិតចំហ ជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាកោះគុត ដែលជាតំបន់ត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ដែលកំពុងមានបញ្ហាប្រទាញប្រទង់នោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ថា ជាការពិតហើយ ពលរដ្ឋខ្មែរយើង ទាំងរូបលោក ទាំងគេ គឺមានក្ដីបារម្ភណាស់ អំពីបញ្ហាកោះគុត ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ទៅហើយ ប៉ុន្តែហេតុអីបានជាយើងនៅតែបន្តការទាមទារកោះគុត ថាជារបស់យើងមួយផ្នែកនោះ? ដោយសារវាមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលបានបញ្ជាក់នៅក្នុងអនុប្រការទី១ និងទី២ ថាមួយផ្នែក ២ភាគ៣ ឬក៏៥០% នៃកោះគុត ជារបស់កម្ពុជា ហើយកោះគុត គឺជាខ្សែបន្ទាត់មូលដ្ឋានកំណត់ព្រំដែនសមុទ្ររវាងកម្ពុជា-ថៃ បើកាលណាយើងបាត់កោះគុត មានន័យថា យើងបាត់ខ្សែបន្ទាត់មូលដ្ឋាន ។ ដូច្នេះមេដឹកនាំមិនគួរជិះម៉ូតូធំដើរលេង ធ្វើដូចជាមិនខ្វល់ខ្វាយរឿងកោះគុត នោះទេ ត្រូវតែធ្វើកំណត់ទូត ប្ដឹងទៅតុលាការអន្តរជាតិ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិតហើយ ពលរដ្ឋខ្មែរយើង ទាំងខ្ញុំ ទាំងគេហ្នឹង គឺមានក្ដីបារម្ភណាស់ អំពីបញ្ហាកោះគុត បច្ចុប្បន្នហ្នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ទៅហើយ ប៉ុន្តែហេតុអីបានជាយើងនៅតែបន្តការទាមទារកោះគុត ថាជារបស់យើងមួយផ្នែកនោះ? ដោយសារវាមានសន្ធិសញ្ញាមួយ គឺបារាំង-សៀម ឆ្នាំ១៩០៧ ។ អនុសញ្ញាបារាំង-សៀមហ្នឹង បានបញ្ជាក់នៅក្នុងអនុប្រការទី១ និងទី២ ថាមួយផ្នែក ២ភាគ៣ ឬក៏ ៥០% នៃកោះគុត ជារបស់កម្ពុជា ហើយកោះគុត ហ្នឹងគឺជាខ្សែបន្ទាត់មូលដ្ឋានកំណត់ព្រំដែនសមុទ្ររវាងកម្ពុជា-ថៃ ហើយកាលណាយើងបាត់កោះគុត មានន័យថា យើងបាត់ខ្សែបន្ទាត់មូលដ្ឋាន ដូចខ្ញុំធ្លាប់បានបញ្ជាក់ជូនកាលពីលើកមុនអ៊ីចឹង ។ ចំណែកឯកម្ពុជា មេដឹកនាំ ជិះម៉ូតូធំដើរលេង ធ្វើដូចជាមិនខ្វល់ខ្វាយរឿងកោះគុត ។ រដ្ឋាភិបាលកម្ពុជា យើងមើលទៅហាក់ដូចជាមានរឿងរ៉ាវលាក់កំបាំងក្រោយខ្នង ហើយម្យ៉ាងទៀត យើងធ្លាប់បានឃើញអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ឬក៏ MOU ២០០១ ហ្នឹង ហើយ MOU ហ្នឹង និយាយពីតំបន់ត្រួតស៊ីគ្នាទេ ប៉ុន្តែបានគូសឆ្វៀលកោះគុត ចេញពីផែនទីក្នុងតំបន់ត្រួតស៊ីគ្នា ហើយថៃ គេអះអាងថា កម្ពុជា ទទួលស្គាល់កោះគុត ជារបស់គេ តាមរយៈ MOU ២០០១ ឯចំណែកកម្ពុជាអត់មានការបកស្រាយអីច្បាស់ទេ ចំណុចហ្នឹង ។ ម៉្លោះហើយ កាលពីថ្ងៃទី១៦ ធ្នូ បានជាខ្ញុំដាក់លិខិតចំហទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា រំលឹកអំពីការបាត់បង់បូរណភាពទឹកដី និងរំលឹកអំពីកំហុសឆ្គងរបស់មេដឹកនាំ ដែលនាំឲ្យបាត់បង់បូរណភាពទឹកដី មានទោសសម្រាប់ជាតិ ហើយក្នុងចំណុចហ្នឹងដែរ យើងឲ្យកម្ពុជា ធ្វើការឆ្លើយតបជាមួយនឹងថៃ តាមរយៈការធ្វើកំណត់ទូត ។ ហេតុអីបានយើងត្រូវធ្វើកំណត់ទូត? ការធ្វើកំណត់ទូតនេះ វាមានសារសំខាន់ណាស់ ដើម្បីបញ្ជាក់ជំហរប្រទេសកម្ពុជា ថាមិនស្របជាមួយនឹងការលើកឡើងរបស់មេដឹកនាំថៃ អំពីកោះគុតជារបស់ថៃ មួយរយភាគរយទេ យើងត្រូវតវ៉ាថា កោះគុត ក៏ជារបស់ខ្មែរ មួយផ្នែកដែរ ស្របតាមខ្លឹមសារសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយថៃ គេឆ្លើយមក យើងទទួលយកអត់បាន“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ដូច្នេះយើងត្រូវបន្តជជែកគ្នាជាមួយថៃ ដោយមិនអាចប្រឈមមុខដាក់គ្នាទេ រឿងហ្នឹង រហូតដល់អាចជំរុញទៅដល់ការបកស្រាយនៅតុលាការអន្តរជាតី អាហ្នឹងតាមរយៈធ្វើកំណត់ទូតអ៊ីចឹង ហើយបើសិនជាដូចការលើកឡើងរបស់លោកហ៊ុន ម៉ាណែត កន្លងទៅហ្នឹងថា យើងចាស់ទុំខាងនយោបាយ គាត់លើកឡើងខុសហើយ ភាសាកូនក្មេងទេអាហ្នឹង ។ កាលណាយើងមិនធ្វើការឆ្លើយទេ មានន័យថា យើងដើរយឺតមួយជំហានក្នុងនយោបាយការទូត យើងដើរយឺតជាងគេមួយជំហាន ហើយដោយឡែកលោកហ៊ុន សែន ឲ្យប្រជាពលរដ្ឋខ្មែរ ទាហានខ្មែរ ស្ងប់ស្ងាត់ ។ ជាការពិតហើយ ទាហានខ្មែរ ត្រូវស្ងប់ស្ងាត់ រក្សាជំហរដដែលអ៊ីចឹងហើយ មិនចាំបាច់ធ្វើចល័តអីទាំងអស់ ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវស្ងប់ស្ងាត់តាមលោកហ៊ុន សែន ព្រមានទេ ត្រូវតែបន្តបញ្ចេញមតិតទៅទៀត ដើម្បីជំរុញទឹកចិត្តឲ្យមេដឹកនាំហ្នឹង ត្រូវតែហ៊ានបញ្ជាក់ជំហរការពារបូរណភាពទឹកដីខ្មែររបស់ខ្លួនឯង ។ របស់ខ្លួនឯងទេ គ្មានរបស់នរណាម្នាក់ទេ របស់កម្ពុជា ទាំងអស់គ្នាទេ ។ អ៊ីចឹងបានខ្ញុំលើកឡើងនៅក្នុងលិខិតចំហទៅរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង ឲ្យបញ្ជាក់រឿង ៣យ៉ាង គឺបញ្ជាក់ជំហរប្រាប់ប្រជាពលរដ្ឋថា មិនបោះបង់ចោលកោះគុត ព្រោះមានប្រវត្តិសាស្រ្តយូរអង្វែង កោះគុត ជារបស់ខ្មែរ ហើយវាមានភ្ជាប់ជាមួយនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ថាកោះគុត មួយផ្នែកក៏ជារបស់ខ្មែរ ។ អ៊ីចឹងយើងត្រូវតវ៉ា ប្រាប់ប្រជាពលរដ្ឋអ៊ីចឹង។ ហើយចំណុចទី២ ត្រូវប្រាប់ថៃ តាមរយៈការធ្វើកំណត់ទូត ថាយើងមិនយល់ស្របការលើកឡើងរបស់មេដឹកនាំថៃ អំពីរឿងកោះគុត នេះទេ ដែលយើងត្រូវការពារកម្ពុជា របស់យើងដែរ។ ហើយចំណុចទី៣ យើងជំរុញរៀបចំឯកសារ កសាងឯកសារប្ដឹងប្រទេសថៃ សំណុំរឿងកោះគុត ទៅតុលាការអន្តរជាតិ ហើយតុលាការអន្តរជាតិហ្នឹង មាន២ ដែលយើងគួរប្ដឹងមួយ ក្នុងចំណោមពីរហ្នឹង អាចជ្រើសរើសយកតុលាការយុត្តិធម៌អន្តរជាតិ ក៏បាន ដូចករណីយើងដោះស្រាយក្ដីរឿងព្រះវិហារ កាលពីឆ្នាំ១៩៦២ ឬក៏យើងអាចជ្រើសរើសយកតុលាការមជ្ឈត្តិការអន្តរជាតិ ជាអក្សរអង់គ្លេស ថា PCA ហើយតុលាការមជ្ឈត្តិការអន្តរជាតិ ធ្លាប់ដោះស្រាយរឿងក្ដីហ្វីលីពីន ឆ្នាំ២០១៦ នេះ ហ្វីលីពីន បានឈ្នះក្ដីរួចទៅហើយ ជាឧទាហរណ៍ អ៊ីចឹងកម្ពុជាធ្វើទៅ អត់ខុសទេ»។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ហើយក្នុងហ្នឹងដែរ វាមានឯកសារមូលដ្ឋាន ចំនួន៣ដែរ ឯកសារច្បាប់ ជាលីខិតូបករណ៍អន្តរជាតិនោះ ក្នុងការរៀបចំប្ដឹងផ្ដល់ប្រទេសថៃ ហ្នឹង ទី១ សន្ធិសញ្ញាបារាំង-សៀម ១៩០៧ ។    ទី២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឯកសារទី២ ស្ដីអំពីបូរណភាពទឹកដី អធិបតេយ្យកម្ពុជា ដែលមានថៃ ជាម្ចាស់ហត្ថលេខីដែរ ដើម្បីឲ្យថៃ គោរពបូរណភាពទឹកដីកម្ពុជា ។ ទី៣ គឺច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ វាមាន ៣ចំណែកនោះ ក្នុងច្បាប់សមុទ្រ មានសមុទ្រដែនដី មានសមុទ្រតភ្ជាប់ និងតំបន់សេដ្ឋកិច្ចពិសេស ហើយកោះគុត ស្ថិតក្នុងរឿងចម្រូងចម្រាសក្នុងរឿងអស់ហ្នឹង ។ អ៊ីចឹងយើងត្រូវយកឯកសារអស់ហ្នឹងទៅប្ដឹង ។ ម្យ៉ាងទៀត យើងក៏ជំរុញឲ្យបញ្ឈប់ការចរចាទ្វេភាគីទៅ រឿងសមុទ្រត្រួតស៊ីគ្នាអីហ្នឹង ព្រោះយើងចាញ់ប្រៀបគេខ្លាំងណាស់ ហើយគ្មានបានលទ្ធផលអីទេ ២៣ឆ្នាំ មកដល់ពេលនេះហ្នឹង គឺយើងអាចប្រឈមមុខនឹងការបាត់បង់បូរណភាពទឹកដី ហើយថៃ មិនអាចប្រគល់ការគ្រប់គ្រងផ្នែកណាមួយរបស់ខ្លួន មកឲ្យកម្ពុជា វិញទេ ព្រោះថៃ យកទៅហើយ មិនងាយឲ្យវិញទេ ។ យើងមានឧទាហរណ៍ប្រាសាទព្រះវិហារ ឆ្នាំ១៩៥៤ រួចទៅហើយ ដោយសារថៃ មិនឲ្យកម្ពុជា តាមរយៈការចរចាទ្វេភាគី ពី១៩៥៤ ដល់១៩៥៩ ហ្នឹង បានជាសម្ដេចសីហនុ ជំនាន់ហ្នឹង ប្ដឹងឆ្នាំ១៩៥៩ ហ្នឹង ហើយ ៣ឆ្នាំក្រោយមក បានតុលាការឡាអេសម្រេចឲ្យកម្ពុជា ឈ្នះក្ដី ជាឧទាហរណ៍រួចហើយ ។ បើឲ្យស្ងៀមៗ ថៃ មិនគេដកថយ ឬចរចាទ្វេភាគីឲ្យថៃ​ ដកថយ ថៃ អត់ដកទេ ។ ដូច្នេះរឿងនេះដូចគ្នា យើងជំរុញឲ្យកម្ពុជា ប្ដឹងហ្នឹង ព្រោះដឹងថា ថៃហ្នឹង មានគំនិតជាប្រវត្តិសាស្រ្តហើយ គឺមិនដកថយទេ ទោះបីឈ្លានពានទឺកដីគេក៏ដោយ ។ ដូច្នេះត្រូវតែប្ដឹងតុលាការអន្តរជាតិ ហើយឈប់ទៅចរចាទ្វេភាគីដែលគ្មានលទ្ធផលហ្នឹង ហើយការប្ដឹងទៅតុលាការអន្តរជាតិនេះ វាបញ្ចៀសច្រើនយ៉ាងណាស់ ជាការដោះស្រាយបញ្ហាដោយផ្លូវច្បាប់ ទី១ ។ ទី២ គឺបញ្ចៀសការប្រឈមមុខដាក់គ្នាតាមកម្លាំងប្រដាប់អាវុធអីហ្នឹង ហើយទី៣ គឺមិនឲ្យប្រជាពលរដ្ឋទាំងពីរ ភាគីទាំងថៃ ទាំងខ្មែរ ហ្នឹងរើសអើងគ្នាដោយសារអារឿងជម្លោះព្រំដែនទេ អាចរស់នៅជាសុខជាមួយគ្នាបាន“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកគឹម សុខ និងលោកម៉ែន ណាត ខាងលើនេះ បានធ្វើឡើងក្រោយពេលឃើញសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូ ជិះម៉ូតូធំ ដើរកម្សាន្តនៅចុងសប្ដាហ៍ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ភ្ជាប់ជាមួយសំណេរថា “រីករាយថ្ងៃអាទិត្យ មិត្តទាំងអស់គ្នា។ Wishing everyone a Happy Sunday.“ ។

ទោះបីជាយ៉ាងណា តាមប្រភពមន្រ្តីរាជរដ្ឋាភិបាល បានលើកឡើងថា មុនកាន់តំណែងជានាយករដ្ឋមន្ដ្រី សម្ដេចហ៊ុន ម៉ាណែត ស្រឡាញ់ម៉ូតូធំ និងចូលចិត្តជិះម៉ូតូធំកម្សាន្ដ ក្រោយសម្រាកពីការងារ ។ ប៉ុន្ដែពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី បានជាង១ឆ្នាំមកនេះ ដោយសារជាប់កាតព្វកិច្ចដើម្បីជាតិមាតុភូមិ សម្ដេច ពុំមានពេលវេលាក្នុងការជិះម៉ូតូធំ ដើរលេងកម្សាន្តបែបនេះទៀតទេ ។ រហូតកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ សម្ដេច បានបង្ហោះរូបភាពនិងសារ តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ថា ដោយដឹងថា សម្ដេច ចូលចិត្តជិះម៉ូតូធំដើរលេងកម្សាន្តនៅពេលសម្រាកពីការងារ ក្រុមជំនួយការរបស់សម្ដេច បានយកម៉ូតូជ័រ ពីរគ្រឿង ម៉ាក BMW R1250 GSA និង Kawasaki Ninja H2R មកដាក់នៅលើតុ ក្នុងន័យចង់បង្ហាញថា សម្ដេច លែងមានឱកាសជិះបែបនេះទៀតហើយ បានត្រឹមមើលម៉ូតូជ័រ ដើម្បីបន្ធូរអារម្មណ៍ប៉ុណ្ណោះ ។

សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់នៅពេលនោះថា «សូមយករឿងពិត មកនិយាយលេងបន្តិច ដើម្បីបានកម្សាន្តនិងបន្ធូរអារម្មណ៍! ម្សិលមិញ ពេលខ្ញុំកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការ យកម៉ូតូជ័រ ពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ។ ប្រហែលពួកគេដឹងថា ខ្ញុំអស់ឱកាសប្រើរបស់ពិតហើយ បានជាខំទិញកូនម៉ូតូជ័រ ២គ្រឿងនេះ មកឱ្យខ្ញុំ ទុកគ្រាន់មើលកម្សាន្តអារម្មណ៍ ពេលអផ្សុក។ សូមអរគុណក្រុមជំនួយការ ដែលយល់ចិត្ត។ ឥឡូវទោះបីជាមិនអាចជិះម៉ូតូមែនទែនកម្សាន្ដទៀត ក៏ខ្ញុំអាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗ និងម៉ូតូជ័រ ពីរគ្រឿង នៅលើតុ» ៕ កុលបុត្រ

RELATED ARTICLES