ខេត្តបាត់ដំបង ៖ ស្ត្រីមេម៉ាយម្នាក់ រស់នៅក្នុងជីវភាពទីទ័លក្រ ត្រូវរ៉ាប់រងចិញ្ចឹមកូនស្រី ២នាក់តែឯងទាំងត្រដាបត្រដួស ស្រាប់តែជួបគ្រោះអកុសល ត្រូវភ្លើងឆេះបំផ្លាញផ្ទះអស់ថែមទៀត ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ លោកសុខ លូ អភិបាលខេត្ត បានផ្តល់ជាអំណោយផ្ទះមនុស្សធម៌ ១ខ្នង ដើម្បីជាទ្រនំជីវិតថ្មី សម្រាប់ម្តាយកូនទាំង៣នាក់។
ស្ត្រីមេម៉ាយរងគ្រោះ មានឈ្មោះអែម សុខគីម អាយុ៣៤ឆ្នាំ មានកូនស្រីចំនួន២នាក់ ក្នុងបន្ទុក និងមានលំនៅ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ប៉ុន្តែផ្ទះចាស់បានរងគ្រោះដោយសារអគ្គិភ័យទាំងស្រុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
គួរបញ្ជាក់ថា លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អមដោយគណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំឃុំវត្តតាមិម អ្នកស្ម័គ្រចិត្ត បានចុះ ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ក្នុងបន្ទុក ជីវភាពក្រីក្រខ្លាំងដែលផ្ទះចាស់ រងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងផ្តល់ អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់លោកនាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ និងជាប្រធានអនុសាខាស្រុកសង្កែ បានឱ្យដឹងថា ផ្ទះមនុស្សធម៌ ខាងលើ ជាផ្ទះលេខរៀងទី១៦ មានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ងតិ៍ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹកមួយក្រោយផ្ទះ និងតយ៉ាកខាងមុខ ២,៥០ម៉ែត្រ ដែលជាអំណោយរបស់សាខាខេត្ត ដោយចំណាយថវិកា ៥ ៥៥០ដុល្លារ។
អ្នកស្រី អែ សុខគីម និងប្រជាពលរដ្ឋងាយរងគ្រោះ មានក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលបានជម្រករស់នៅសមរម្យ សម្រាប់រស់នៅជាមួយកូនៗទាំងពីរ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់អ្នកស្រី ធ្វើឱ្យអ្នកស្រីនិងក្រុមគ្រួសារ មានភាពកាន់តែកក់ក្តៅ។ ការផ្តល់លំនៅ ឋាននេះ គឺជាទ្រនំជីវិតថ្មីដែលលោកស្រីនិងកូនស្រីទាំង២ នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកស្រី។
អ្នកស្រីសន្យាថា ផ្ទះថ្មីនេះ បើទោះបីជាក្រលំបាកយ៉ាងណា ក៏ផ្តាំកូនផ្តាំចៅ មិនឱ្យលក់ជាដាច់ខាត។ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានគិតគូរពីសុខទុក្ខនិងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់គ្រួសារ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះ រួមមាន អង្ករ១០០ គីឡូក្រាម មី២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ ទឹកបរិសុទ្ធ ៤កេស និងថវិកា ៤០ម៉ឺនរៀល ដោយឡែក គ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៧ភូមិ ក្នុងឃុំហប់ ចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕