ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាស ចរណ៍ស៊ីវិល បានបញ្ជាក់បន្ថែមជុំវិញការវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ-TIA (ភ្នំពេញថ្មី) ដោយគិតត្រឹមថ្ងៃទី០៩ ខែធ្នូ ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង៩២ភាគរយ ដោយចំណាយទឹកប្រាក់សរុប គិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត ១៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បន្តថា ការងារសំណង់ធំៗ និងសំខាន់ៗ ដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft Apron-Parking គឺគ្រោងនឹងត្រូវបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ។ លោកបន្ថែមថា គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មាន ចំនួនសរុបប្រមាណ ១៥ ៤០០នាក់ ដែលមានជនជាតិខ្មែរ ជាង ៩០ភាគរយ។

លោករដ្ឋលេខាធិការ ថ្លែងថា “បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត”។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២៦០០ហិកតារ ស្ថិតនៅ ចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយ ឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380- 800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕



