
ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្ដីពីប្រធានបទ “វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ” ដោយមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសរុបចំនួន១៥២នាក់ ១០២អង្គភាព ។


លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១នេះឡើង មានគោលបំណងផ្ដល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភក្រ្តា ដែលបានអញ្ជើញជាអធិបតី និងថ្លែងបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្ដីពី “វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ” បានបញ្ជាក់ថា ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មានត្រឹមត្រូវពិតប្រាកដ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ។

លោកនេត្រ ភក្រ្តា បានមានប្រសាសន៍ថា ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មានឲ្យបានរឹងមាំ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព ។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាគមសារព័ត៌មាននានា និងផ្នែកពាក់ព័ន្ធលើការងារសារព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដែលមានចំនួនច្រើន បានយល់ដឹងច្បាស់ពីក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន សេរីភាពក្នុងការបញ្ជេញមតិ ដើម្បីឲ្យអ្នកសារព័ត៌មានរួចផុតពីការប្រឈមចំពោះមុខច្បាប់ ។ តាមរយៈអង្គវេទិកានេះដែរ លោករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កុំធ្វើហួសពីតួនាទីរបស់ខ្លួន ហើយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ដូច្នេះចាប់ពីពេលនេះទៅមុខ ត្រូវរួមគ្នាកសាងនូវជំនឿទុកចិត្តចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដ ដែលជាអ្នកផ្តល់ព័ត៌មាន ជាអ្នកនាំពាក្យពីប្រភពមួយទៅប្រភពមួយ ពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ ។

លោកកឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឡើងអានសារចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ របស់សម្ដេចហ៊ុន ម៉ាណែត រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងសារលិខិតដែលអានដោយរដ្ឋលេខាធិការក្រសួងព័ត៌មាននោះ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិហួសព្រំដែនច្បាប់ នៅតែកើតមាន ដែលបញ្ហានេះបានបង្កនូវផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ។ នៅក្នុងសារលិខិតបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នានិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ នៅក្នុងសារលិខិតនោះ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ចំនួន៨ចំណុច ដល់និពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្នុងនោះ ចំណុចទី១ បានបញ្ជាក់ថា ត្រូវសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឲ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីជាតិ ។ ចំណុចទី២ ត្រូវចូលរួមថែរក្សាសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន ។



ក្រោយពីបានពិភាក្សាយ៉ាងផុលផុស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២១ បានអនុម័តសេចក្តីថ្លែងការណ៍រួម១១ចំណុច ដែលចំណុចទី១ វ.ន.ស.ក. យល់ឃើញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅតែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល។ ចំណុចទី១០ វ.ន.ស.ក. ស្នើដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មាន និងស្នើដល់ស្ថាប័នតុលាការ ឱ្យអនុវត្តច្បាប់ស្តីរបបសារព័ត៌មាន ជាជាងយកច្បាប់ផ្សេងមកអនុវត្តលើអ្នកសារព័ត៌មាន និងចំណុចទី១១ វ.ន.ស.ក. សូមគាំទ្រ និងគោរពថ្លែងអំណរគុណគោរពជូនសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ កុលបុត្រ

