ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានបន្តប្រកាសយុទ្ធសាស្រ្តផ្ការីក ដោយបរិហារសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាសម្ដេច កំពុងប្រើល្បិចអារកមាន់ បំភ័យស្វា គឺប្រើល្បិចធ្វើច្បាប់ ចោទរូបលោកជាមេបក្សប្រឆាំង តែតាមការពិត ចង់សំដៅអ្នកនៅក្បែរខ្លួន ក្នុងជួរគណបក្សកាន់អំណាច ដោយសារខ្លាចអ្នកទាំងនោះងើបប្រឆាំងពីខាងក្នុង តាមយុទ្ធសាស្ត្រផ្ការីក ប្រើកម្លាំងបង្កប់ ផ្ទុះពីក្នុងរបស់លោក ។
លោកសម រង្ស៊ី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា “កម្លាំងតស៊ូ តែងប្រើយុទ្ធសាស្ត្រផ្ការីកពីក្នុង កម្ចាត់សត្រូវ ដោយមិនចាំបាច់វាយលុកពីក្រៅ។ កម្លាំងតស៊ូ ពេលនេះបិទមុខ បង្កប់លាក់ខ្លួនក្នុងភាពស្ងាត់ស្ងៀម ឲ្យខ្មាំងវង្វេង។ កម្លាំងតស៊ូ ផ្ការីក មកដល់ ពេលនោះបើកមុខងើបឡើងព្រមគ្នា រំដោះប្រទេស។ កម្លាំងតស៊ូ ប្តេជ្ញាក្នុងចិត្ត ដកចេញឲ្យបាន ត្រកូលតិរច្ឆាន ជាជនក្បត់ជាតិ ពីឪដល់កូន បម្រើបរទេស ធ្វើបាបតែខ្មែរ។ អស់ពីហ៊ុន សែន ខ្មែរយើងបានសុខ រួចពីទុក្ខា ដូចរស់ឡើងវិញ“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក ៖ យុទ្ធសាស្ត្រផ្ការីក ស័ក្តិសិទ្ធិអស្ចារ្យ ធ្វើឲ្យហ៊ុន សែន ក្លាយទៅជាឆ្កួត គាត់ដើរសង្ស័យគេឯងគ្រប់គ្នាថា មានបំណងចង់កម្ចាត់គាត់ គាត់ដឹងច្បាស់ថា គាត់មានសត្រូវនៅជុំវិញគាត់ ដែលមានអាវុធ ព្រមទាំងឱកាសកម្ចាត់គាត់ងាយ ពួកគេស្អប់គាត់ ទោះមិននិយាយ ដោយសារតែខ្លាចជនពាលសាហាវ ហ៊ុន សែន ធ្វើច្បាប់ ចោទសម រង្ស៊ី តែតាមការពិត គាត់ចង់សំដៅអ្នកនៅក្បែរគាត់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា នេះគេហៅថា ល្បិចអារកមាន់ ចង់បំភ័យស្វា។ ហ៊ុន សែន វង្វេង រៀបចំចាត់ការខ្មាំងមិនចេញមុខ ឃើញតែស្រមោល។ នៅជុំវិញគាត់ អ្នកស្នេហាជាតិ និងយុត្តិធម៌ ក៏ដឹងច្បាស់ថា ត្រូវតែវ៉ៃមុន កុំរង់ចាំយូរ បើចង់មានប្រៀបលើជនផ្តាច់ការ ត្រកូលចង្រៃ ធ្វើបាបពួកយើង។ កម្លាំងផ្ការីក ផ្ទុះចេញពីក្នុង រាស្ត្រខ្មែរគាំទ្រ ពលរដ្ឋសាទរទូទាំងប្រទេស“ ។
លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក (ត) ៖ យុទ្ធសាស្ត្រផ្ការីក យុទ្ធសាស្ត្រលេខ១ គ្មានគូប្រកួត ធ្វើឲ្យហ៊ុន សែន ក្លាយទៅជាឆ្កួត មានតែហ៊ុន សែន និងត្រកូលគាត់ ធ្វើអ្វីតាមចិត្ត ជាន់គេគ្រប់គ្នានៅជុំវិញគាត់។ គាត់ដឹងច្បាស់ថា គេស្អប់គាត់ខ្លាំង អ៊ីចឹងគាត់ភ័យគេបកមកវិញ។ មេទ័ពធំៗ គាត់បញ្ឈរជើង ទុកចោលក្នុងទូ ធ្វើឲ្យសាមីឈឺចាប់ក្នុងចិត្ត។ គាត់ដឹងច្បាស់ថា គាត់មានសត្រូវនៅជុំវិញគាត់ដែលមានអាវុធ ព្រមទាំងឱកាសវាយបកគាត់វិញ។ តើនរណាទៅ ធ្វើឲ្យគាត់ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ បញ្ចប់របបគ្រួសារនិយម? អាចក្រុម ស ខេង ព្រមទាំងសាយ ឈុំ ដែលឆេះងំៗ អាចក្រុមទៀ បាញ់ ជាមេទ័ពធំ អាចប៉ុល សារឿន អាចមាស សុភា អាចកែ គឹមយ៉ាន អាចក្រុមគន់ គីម សូម្បី ម៉ុល រឿប ក៏មកលងដែរ“ ។
សូមបញ្ជាក់ថា សំណេររបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលទើបតែប្រកាសបង្កើតចលនាជាតិតស៊ូ និងប្រើយុទ្ធសាស្ត្រាផ្ការីក ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រធាន ឆ្លើយតបទៅសម្ដេចហ៊ុន សែន ដែលប្រកាសថា នឹងជំរុញបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ជាក្រុមភេរវកម្ម ។
ឆ្លើយតបនឹងការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេស របស់លោកសម រង្ស៉ី នេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងលោកសម រង្ស៊ី ទៅកាន់ប្រទេសដែលពួកគេកំពុងយកជាមូលដ្ឋានបង្កើតរដ្ឋាភិបាលក្រៅប្រទេសនោះ និងកម្ទេចការបង្កើតចលនាក្រៅប្រទេសនេះតែម្ដង។
បណ្ឌិត សុខ ទូច លើកឡើងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលទទួលបានជោគជ័យ តាមរយៈចលនាបដិវត្តន៍ពណ៌ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់នោះទេ តួយ៉ាងដូចនៅមជ្ឈិមបូព៌ា ទុយណេស៊ី លីប៊ី អ៊ុយក្រែន ដែលកំពុងក្លាយទៅជាគំនរផេះផង់។
គួររំលឹកថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ លោក សម រង្ស៊ី សម្រេចបង្កើតចលនាជាតិតស៊ូមួយ នៅក្រៅស្រុក ដែលលោកអះអាងថា ជាចលនាតំណាងឆន្ទៈពិតប្រាកដរបស់ប្រជារាស្ត្រខ្មែរ ដែលស្រឡាញ់ជាតិ សេរីភាព និងយុត្តិធម៌ពិតប្រាកដ ហើយចលនានេះ នឹងឈានទៅបង្កើតរដ្ឋាភិបាលមួយ ស្ថិតនៅក្រៅប្រទេស ជាបណ្ដោះអាសន្ន ។
នៅពេលចាប់ផ្ដើមបង្កើតចលនាជាតិតស៊ូ លោកសម រង្ស៊ី ក៏បានយកទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន ធ្វើជាឧបករណ៍ផ្ញើសារទៅដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ឲ្យចូលរួមគាំទ្រយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដែស និងប្រទេស៊ីរី ជាដើម ។ ជាពិសេសលោកសម រង្ស៊ី តែងតែរំលេចពាក្យព្រមានសម្តេចហ៊ុន សែន ថាមេដឹកនាំផ្ដាច់ការ មិនអាចកាន់អំណាចបានយូរតទៅទៀតបានទេ នឹងត្រួវដួលរំលំនៅក្នុងពេលឆាប់ៗនេះមិនខាន ។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងការអំពាវនាវរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការដឹកនាំនៅកម្ពុជាមិនដួលរលំទេ ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនផ្តាច់ការដូចការលាបពណ៌ពីក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ព្រោះអំណាចបានមកដោយប្រជាជន និងដឹកនាំដើម្បីផលប្រយោជន៍ប្រជាជន ព្រមទាំងមានការគាំទ្រពីប្រជាជន ។ អ្នកដែលថា រាជរដ្ឋាភិបាលកម្ពុជា ផ្តាច់ការ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម តែប្រជាជនកម្ពុជា ក្នុងប្រទេស នៅតែជឿជាក់ និងគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះបើមានការគាំទ្រពីប្រជាជន គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តកាន់អំណាចស្ថិតស្ថិរយូរអង្វែង ៕ កុលបុត្រ