Thursday, December 26, 2024
Homeព័ត៌មានជាតិប្រុសស្រលាញ់ប្រុសរៀបការ ថាគ្រួសារទទួលស្គាល់ មិនខ្វល់អ្នកពេប

ប្រុសស្រលាញ់ប្រុសរៀបការ ថាគ្រួសារទទួលស្គាល់ មិនខ្វល់អ្នកពេប

ខេត្តកំពង់ធំ ៖ គូស្នេហ៍ភេទដូចគ្នា ប្រុសស្រឡាញ់ប្រុស មួយគូ បានដឹកដៃគ្នាចូលរោងការដូចគូស្នេហ៍ទូទៅដែរ យ៉ាងអធិកអធម ដោយពួកគេបានអះអាងថាប្រាប់ «នគរធំ» នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤  ថា ស្នេហាភេទដូគ្នារបស់ពួកគេ មានការគាំទ្រ ទទួលស្គាល់ពីក្រុមគ្រួសារ សាច់ញាតិទាំងសងខាង ទើបពួកគេអាចធ្វើតាមបេះដូង ដោយមិនខ្វល់ពីអ្នកពេបជ្រាយ រិះគន់ចំអកឡកឡឺយ រើសអើងស្នេហាភេទដូចគ្នានោះអ្វីឡើយ។

គូស្នេហ៍ភេទដូចគ្នា ប្រុសស្រឡាញ់ប្រុសនេះ បានរៀបការតាមប្រពៃណីខ្មែរ នៅគេហដ្ឋានខាងតួអង្គស្រី នៅភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។

ភាគីដើរតួជាកូនកំលោះ នៅក្នុងពិធីរៀបការភេទដូចគ្នានេះ មានឈ្មោះ ហួន យីអ៊រ អាយុ២៨ឆ្នាំ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង និងភាគីដើរតួជាកូនក្រមុំ មានឈ្មោះប៉េង កុសល អាយុ២៧ឆ្នាំ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសង្គមវិជ្ជា បច្ចុប្បន្នអ្នកទាំងពីរធ្វើការជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នា នៅរាជរាជធានីភ្នំពេញ ។

តាមការឲ្យដឹងពីពីសាមីដើមការ ពិធីរៀបការរបស់ពួកគេ អញ្ជើញភ្ញៀវទាំងសងខាង ចំនួន៤៥តុ (៤៥០នាក់) តែភ្ញៀវមកចូលរួម បាន៤០តុ និងគិតពីការចំណាយទាំងថ្លៃម្ហូប ថ្លៃសម្អាងការ ថ្លៃភ្លេង (អ័រកាដង់) សរុបចំនួន៣០លានរៀល ។

ពិធីរៀបការគូស្នេហ៍ភេទដូចគ្នា​នេះ មានការរៀបចំតែងលម្អបានយ៉ាងស្រស់ស្អាត រីឯសាមីខ្លួនទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ គួរជាទីចាប់អារម្មណ៍ ពោរពេញដោយសេចក្ដីសុខ និងស្នាមញញឹម ។ មិនតែប៉ុណ្ណោះ ពិធីមង្គលការនេះ មានការអញ្ជើញចូលរួមពីសំណាក់ឪពុកម្ដាយ ក្រុមគ្រួសារ បងប្អូនទាំងសងខាង និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

បន្ទាប់ពីសាមីខ្លួនប្តីប្រពន្ធភេទដូចគ្នាខាងលើ បានបង្ហោះរូបភាពរៀបការរបស់ខ្លួន តាមបណ្តាញសង្គម មានមជ្ឈដ្ឋានមួយចំនួនបានជូនពរ ឲ្យទទួលបានសុភមង្គល ស្រលាញ់គ្នាជារៀងរហូត ដល់ចាស់កោងខ្នង ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ក៏មានមជ្ឈដ្ឋានមួយចំនួន បានរិះគន់ សើចចំអក ពេបជ្រាយប្ដីប្រពន្ធប្រុសដូចគ្នានេះ នូវពាក្យអសុរោះជាច្រើន ដូចជាថា ប្រុសនិងប្រុសយកគ្នាជាប្ដីប្រពន្ធបែបនេះ ធ្វើឲ្យខ្លាញ់ឡើងថ្លៃ ខ្លះថាយកប្រុសដូចគ្នា ធ្វើឲ្យបាត់ធនធានមនុស្ស (គ្មានកូន) ជាដើម ។

ទោះបីជាយ៉ាងណា ជុំវិញការរិះគន់ ពេបជ្រាយពីអ្នករើសអើងស្នេហាភេទដូចគ្នាទាំងនោះ បុរសឈ្មោះហួន យីអ៊រ ដែលដើរតួជាកូនកំលោះ ក្នុងថ្ងៃរៀបការ (ប្ដី) បានលើកឡើងថា លោកមិនខ្វល់ខ្វាយនឹងពាក្យរិះគន់ ពេបជ្រាយទាំងនោះទេ សំខាន់គ្រួសារ ញាតិមិត្តបងប្អូនទាំងសងខាង ទទួលស្គាល់ ហើយខ្លួននិងប្រពន្ធ រស់នៅមានសេចក្ដីសុខ មិនទៅប៉ះពាល់ ឬបំផ្លាញអ្នកដទៃ ។

លោកហួន យីអ៊រ បានលើកឡើងគណនីហ្វេសប៊ុក របស់ខ្លួនថា “សម្រាប់ខ្ញុំ ពាក្យទាំងនោះ ខ្ញុំមិនសូវខ្វល់នោះទេ សំខាន់គ្រួសារខ្ញុំ ញាតិមិត្តបងប្អូនខ្ញុំទាំងសងខាង គាត់ទទួលយក ហើយយើងរស់នៅមានក្ដីសុខ មិនទៅប៉ះពាល់ឬបំផ្លាញអ្នកដទៃ។ ណាមួយខ្ញុំដឹងថា អ្នកខមិ្មនពាក្យទាំងនោះ ពួកគាត់អវិជ្ជា មិនស្គាល់អ្វីជាសុជីវធម៌ សីលធម៌ សិទ្ធិសេរីភាពក្នុងការរស់នៅ ។ ខ្ញុំសង្វេគពួកគាត់ទៅវិញទេ ពួកគាត់ប្រៀបដូចជាកង្កែបនៅក្នុងអណ្ដូងអ៊ីចឹង មិនដែលស្គាល់ពិភពលោកខាងក្រៅទេ មិនដឹងថាសង្គមឥឡូវគេដើរដល់ណាទេ“ ។

កូនលោះ ហួន យីអ៊រ បានសរសេរបន្ថែមថា  “ជានិស្ស័យ ធ្វើឲ្យយើងមានថ្ងៃនេះ កូនទាំងពីរសូមអរគុណលោកឪពុក អ្នកម្តាយទាំងបួន សម្រាប់កម្មវិធីនេះ ។ ខ្ញុំបាទទាំងពីរ និងក្រុមគ្រួសារ សូមអរគុណដល់ពុកម៉ែ បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានមកចូលរួម និងសូមគោរពជូនពរ សូមឲ្យរកទទួលទានមានបាន មានសុខភាពល្អ…” ។

ហួន យីអ៊រ បានសរសេរបន្ថែមទៀតថា “មិនដែលសង្ឃឹមទេថា ខ្ញុំមានថ្ងៃនេះ រំភើបនិងរីករាយណាស់! អរគុណអ្នកគ្រប់គ្នាដែលបានចូលរួម ជាពិសេសកូនសូមអរគុណលោកឪពុក និងអ្នកម្ដាយទាំងសងខាង ដែលលោកមិនជំទាស់ និងព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលជាកូន“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកហួន យីអ៊រ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថា មុនឈានដល់ការរៀបការជាមួយប្រពន្ធភេទដូចគ្នា ឈ្មោះប៉េង កុសល នេះ លោកធ្លាប់មានស្នេហាជាមួយភេទផ្ទុយគ្នា និងភេទដូចគ្នានាពេលកន្លងមកដែរ តែដោយសារមិនមានភាពចុះសម្រុងនឹងគ្នា ក៏បែកបាក់គ្នាទៅវិញ ហើយក៏បានមកស្គាល់ឈ្មោះប៉ែន កុសល ជាប្រុសដូចគ្នានេះ បើគិតទៅ មានរយៈពេល៥ឆ្នាំ តែពេលនៃការរួមរស់នៅជាមួយគ្នាក្នុងផ្ទះជួល នៅទួលសង្កែ រាជធានីភ្នំពេញ មានរយៈពេល ៣ឆ្នាំ មានការយល់ចិត្តគ្នាយ៉ាងច្រើន ទើបសម្រេចចិត្តរៀបការនឹងគ្នា ។ ជាមួយបទពិសោធន៍ស្នេហា លោកយល់ឃើញថា ស្នេហាភេទផ្ទុយគ្នា និងស្នេហាភេទដូចគ្នា មិនខុសគ្នាទេ គឺដូចតែគ្នា ប៉ុន្តែសម្រាប់អ្នកដែលត្រូវការរួមភេទជាសំខាន់ ច្បាស់ជាឲ្យតម្លៃស្នេហាភេទផ្ទុយគ្នា ហើយពិតជារើសអើងស្នេហាភេទដូចគ្នា ។ ដូច្នេះហើយទើបលោកចាត់ទុកអ្នកដែលរិះគន់ពេបជ្រាយស្នេហារបស់លោកនោះ ជាអ្នកគិតផ្ដោតតែរឿងផ្លូវភេទ មិនឲ្យតម្លៃលើក្ដីស្រលាញ់ពិត ។ យ៉ាងណា លោកគិតថា លោកមានសំណាងជាងគេហើយ ដែលបានរៀបការដូចបំណង និងទទួលបានការគាំទ្រ យល់ព្រមពីឪពុកម្ដាយ ក្រុមគ្រួសារទាំងសងខាង តាំងពីដំបូង ។

លោកហួន យីអ៊រ បាននិយាយថា “និយាយទៅ ខ្ញុំថាខ្លួនឯងមានសំណាងហើយ ព្រោះអ្នកខ្លះមិនថាភេទដូចគ្នាទេ សូម្បីតែភេទផ្ទុយគ្នា ប្រុសនិងស្រីក៏ដោយ ក៏មិនប្រាកដថា មានលុយធ្វើកម្មវិធីរៀបការបានប៉ុនខ្ញុំដែរ ហើយពីដំបូងមក អត់ដែលគិតថា មានថ្ងៃហ្នឹងទេ ព្រោះទី១ ខ្លាចម៉ែឪអត់ទទួលស្គាល់ ។ លុះពេលម៉ែឪទទួលស្គាល់ហើយ យើងក៏អត់គិតថា មានសមត្ថភាពរកលុយធ្វើកម្មវិធីហ្នឹងទេ ហើយណាមួយខ្លាចម៉ែឪអត់ហ៊ានបើកចំហ ខ្លាចពួកគាត់ខ្មាសគេ ប៉ុន្តែដល់ពេលពួកគាត់ថា សម័យឥឡូវ ទៅគិតអីច្រើន យើងមិនទៅសុំលុយគេចាយ សុំបាយគេស៊ី សំខាន់យើងនៅជាមួយគ្នាមានក្ដីសុខ ធ្វើអីធ្វើទៅ ទើបយើងឈានដល់ការសម្រេចបំណងមួយនេះបាន ។ ក្នុងចំណុចនេះ និយាយទៅ ស្នេហាភេទផ្ទុយគ្នា ខ្ញុំធ្លាប់មានដែរ គឺខ្ញុំធ្លាប់សង្សារស្រីដែរ  ប៉ុន្តែគ្រាន់តែថា បើឈឺចាប់ អត់ដែលទេ ហើយពីមុនមក ក៏ធ្លាប់មានសង្សារប្រុសផ្សេងដែរ ប៉ុន្តែរស់នៅជាមួយគ្នា បានតែមួយឆាវ ក៏បែកគ្នាវិញ តែពេលជាមួយគាត់នេះ ទើបខ្ញុំសម្រេចចិត្តយកគាត់ច្បាស់លាស់តែម្ដង រហូតដល់ការឈានចូលរោងការ ដោយសារទី១ ក្ដីស្រលាញ់របស់គាត់មកលើខ្ញុំ ហើយខ្ញុំក៏ស្រលាញ់ទៅគាត់វិញដែរ។ ទី២ គឺការយកចិត្តទុកដាក់មើលថែគ្នាទៅវិញទៅមក ពេលមានទុក្ខធុរៈ ហើយបើបៀបធៀបជាមួយស្នេហាភេទដូចគ្នា ចំពោះគំនិតខ្ញុំ បើនិយាយពីក្ដីស្រលាញ់ ពីស្នេហា វាអត់មានអីខុសគ្នាទេ ។ សម្រាប់អ្នកដែលគិតថាខុសគ្នា គឺអ្នកនោះផ្ដោតទៅលើការរួមភេទ តែការស្រលាញ់ លើសពីការរួមដំណេក ដោយសារមានការមើលថែគ្នា យកចិត្តទុកដាក់ចំពោះគ្នា ហើយខ្ញុំសូមប្រាប់តាមត្រង់ថា ការរួមដំណេក សម្រាប់ពួកខ្ញុំ អត់មានបញ្ហាទេ ធម្មតា ហើយចំពោះការយកកូន ពួកខ្ញុំចង់បានដែរ ប៉ុន្តែរឿងថាចង់បានតាមវិធីសាស្រ្តណា ពួកខ្ញុំអត់ទាន់សម្រេចចិត្តទេ ព្រោះយើងអត់ទាន់មានលទ្ធភាព ។ ប៉ុន្តែយ៉ាងណា ចំពោះពួកអគតិដែលខម្មិនថា ដោយសារតែការស្រលាញ់ភេទប្រុសដូចគ្នា ទើបខ្លាញ់ឡើងថ្លៃអីនោះ ខ្ញុំចង់និយាយទៅពួកគាត់ថា សម័យនេះហើយ មិនមែនដូចសម័យឆ្នាំ១៩៩០ ជាងទេ សម័យគេជឿនលឿនហើយ សង្គមយើងរីកចម្រើនហើយ ហើយយើងស្រលាញ់គ្នា យើងរៀបការរស់នៅជាមួយគ្នា យើងមិនផ្ដោតតែលើការរួមភេទ ដូចពួកគាត់គិតនោះទេ ហើយពួកគាត់និយាយថា យើងធ្វើអ៊ីចឹង បាត់ធនធានខ្មែរអស់ហើយនោះ គឺពួកគាត់អត់យល់ពីធនធានមនុស្សយ៉ាងម៉េចទេ គឺពួកគាត់ចេះតែនិយាយហ្នឹង ទាល់តែដូចក្មេងស្ទាវមួយចំនួន ដើរកាប់គេ ដូចព័ត៌មានផ្សាយថ្ងៃមុន កាប់គេងាប់នៅតាកែវ ព័ត៌មានចោរឆក់ចោរអី ទើបហៅថាធនធានល្អមែនទេ? ចង់ផ្ដាំទៅពួកគាត់គិតត្រង់ហ្នឹងវិញ“ ។

ហួន យីអ៊រ និយាយបន្តថា “និយាយទៅ ពួកគាត់រិះគន់មកហ្នឹង មានអារម្មណ៍ថា ពួកគាត់អត់យល់ពីតម្លៃជីវិតរស់នៅ អត់យល់ពីក្ដីស្រលាញ់ គឺនិយាយមកគិតតែពីការរួមភេទ អត់គិតពីក្ដីស្រលាញ់ ។ រឿងស្នេហាជាមួយប្រពន្ធខ្ញុំនេះ បើរឿងប្ដេជ្ញាយ៉ាងណាទៅមុខទៀត ខ្ញុំអត់ហ៊ាននិយាយថាម៉េចទេ ព្រោះអនាគតយើងមើលអត់ឃើញ អ្វីដែលយើងអាចធ្វើបាន គឺបច្ចុប្បន្ន ។ បច្ចុប្បន្នយើងនៅជាមួយគ្នា មានតែមើលថែគ្នាទៅ ស្រលាញ់គ្នាទៅ ខុសត្រូវអីយើងអធ្យាស្រ័យគ្នាទៅ ហើយយើងចាប់ដៃសាងអនាគតរួមគ្នា យើងសន្សំលុយទិញទ្រព្យសម្បត្តិរួមគ្នា ហើយក៏មិនភ្លេចអរគុណដល់ពុកម៉ែទាំងសងខាងតែម្ដង ព្រោះខ្ញុំមិននឹកថា គាត់ហ៊ានទទួលយក ហើយគាត់ទទួលយកហើយ គាត់ហ៊ានបើកចំហជាសាធារណៈ ដោយអត់ខ្លាចពាក្យអ្នកដទៃរិះគន់ ហើយគាត់តែងនិយាយការពារកូន ពីមនុស្សមួយចំនួនដែលតែងតែនិយាយថា ជាការមិនអាចទៅរួច ដែលយកប្រុសដូចគ្នាជាគូជីវិត ។ ជាមួយនឹងការអរគុណ ពួកខ្ញុំនឹងខំស្រលាញ់គ្នា មើលថែគ្នារហូតតទៅ អត់ឲ្យគាត់ពិបាកចិត្តទេ ហើយក៏មិនឲ្យគេមើលងាយយើងដែរ មិនចង់ឲ្យគាត់ឮពាក្យថា ពួកអាស្រលាញ់ភេទដូចគ្នា ស្រលាញ់គ្នាមិនបានប៉ុន្មាន បែកគ្នានោះទេ គឺមិនឃាត់ពាក្យហ្នឹងពីមាត់គេទេ ហើយយើងខំចាប់ដៃគ្នាសាងអនាគត គឺចាប់ពីឆ្នាំក្រោយទៅ ពួកខ្ញុំមានគម្រោងខ្លួនឯងថា នឹងទិញរបស់អ្វីទុក ដោយមិនឲ្យម៉ែឪពិបាក ។ សរុបទៅ ខ្ញុំសុំសង្កត់ធ្ងន់ដល់ពុកម៉ែ បងប្អូនមួយចំនួនដែលស្រលាញ់គាំទ្រនិងលើកទឹកចិត្តពួកខ្ញុំ តាមបណ្ដាញសង្គម ទោះមានអ្នកមានរិះគន់ ខម្មិនមិនល្អអី ក៏ពួកគាត់ជួយខម្មិនតបតជំនួសពួកខ្ញុំ ។ សូមអរគុណនូវក្ដីស្រលាញ់ពួកគាត់ ដែលមិនរើសអើងពួកខ្ញុំ ហើយតែងការពារ ផ្ដល់សិទ្ធិឲ្យពួកខ្ញុំសម្រេចចិត្តខ្លួនឯង“ ។

ចំណែកភាគីដើរតួជាកូនក្រមុំ (ប្រពន្ធ) ឈ្មោះប៉េង កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ជាធម្មជាតិ លោកមានអារម្មណ៍ស្រលាញ់ភេទដូចគ្នា តាំងពីនៅអាយុ១០ឆ្នាំ រហូតដល់ពេញវ័យ ក៏មានស្នេហាជាមួយប្រុសដូចគ្នា ចំនួនពីរបីនាក់ដែរ តែបែកគ្នាទៅវិញ ដោយសារអ្នកទាំងនោះមិនហ៊ានបង្ហាញជាចំហទៅដល់សង្គម និងទៅដល់ឪពុកម្ដាយ ។ ប៉ុន្តែគូស្នេហ៍របស់លោកចុងក្រោយ ដែលឈានចូលដល់ការក្លាយជាប្ដីប្រពន្ធនឹងគ្នានេះ ហ៊ានបង្ហាញជាចំហ ទាំងជាមួយសង្គម ទាំងជាមួយក្រុមគ្រួសារទាំងសងខាង ជាពិសេសគាត់បង្ហាញភាពស្មោះត្រង់ ស្រលាញ់ពិតប្រាកដ ឥតងាករេ និងចេះរៀបចំផែនការជីវិតជាមួយគ្នា ទើបធ្វើឲ្យខ្លួនរំលេចពាក្យនៅក្រោយថ្ងៃរៀបការទៅគេវិញថា “អរគុណបង សម្រាប់ក្ដីស្រលាញ់មកលើអូន“។ សេចក្ដីស្រលាញ់នេះ លោកផ្ដល់ជូនតែគាត់ (ប្តី) ម្នាក់នេះគត់ បើសិនជាថ្ងៃមួយ អត់មានគាត់ ក៏លោកអត់យកអ្នកណាទៀតដែរ ហើយលោកក៏សុំឲ្យសង្គម កុំមានការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាដូចពួកលោក ។

ប៉េង កុសល និយាយថា “និយាយរួមទៅ កូនទាំងពីរពិតជាអរគុណសំខាន់ទៅដល់ឪពុកម្ដាយទាំងសងខាង ព្រោះដោយសារពួកគាត់អត់មានធ្វើអ្វីជាឧបសគ្គដល់ពួកខ្ញុំទេ គឺពួកគាត់ទទួលយកនូវអ្វីដែលកូនបានធ្វើ គឺកូនស្រលាញ់អី ពួកគាត់ឲ្យដើរទៅលើផ្លូវហ្នឹង ។ ខ្ញុំពិតជាអរគុណទាំងម្ដាយខ្ញុំ ទាំងម្ដាយរបស់ម្ខាងទៀត គាត់ទទួលយកទាំងពីរ គឺបើមានម្ខាងណាជំទាស់ ខ្ញុំក៏អត់មានថ្ងៃនេះដែរ ប៉ុន្តែខ្ញុំពិតជាអរគុណពួកគាត់ខ្លាំងមែនទែន ។ សម្រាប់ប្ដីរបស់ខ្ញុំ ដែលខ្ញុំនិយាយថា អរគុណបង សម្រាប់ក្ដីស្រលាញ់មកលើអូននោះ គឺពាក្យពេចន៍នេះ ខ្ញុំពិតជាអរគុណគាត់សម្រាប់អ្វីគ្រប់យ៉ាង ។ បើសិនជាអត់មានគាត់ ក៏ខ្ញុំអត់មានថ្ងៃនេះដែរ ព្រោះគាត់បានរៀបចំ Plane (គម្រោង) សម្រាប់ដើរនៅក្នុងឆាកជីវិតជាមួយគាត់ ហើយអ្វីដែលកាន់តែឆ្លុះបញ្ចាំងឲ្យឃើញនូវពាក្យនេះ គឺក្រោយពីរៀបចំអាពាហ៍ពិពាហ៍រួចនេះ គាត់កាន់តែស្រលាញ់ខ្ញុំលើសដើមទៅទៀត ហើយខ្ញុំគិតថា ក្ដីស្រលាញ់របស់គាត់ នឹងមិនប្រែប្រួលទេ គឺគាត់នឹងរួមរស់នៅជាមួយខ្ញុំរហូតដល់ចាស់ ។ ដូច្នេះនិយាយឲ្យខ្លីទៅ ខ្ញុំសូមផ្ដាំទៅគាត់ថា ដូចអ្វីដែលខ្ញុំនិយាយពីមុនមកអ៊ីចឹង ខ្ញុំពិតជាអរគុណប្ដីខ្ញុំ ដែលផ្ដល់កម្លាំងចិត្ត និងកម្លាំងកាយ ហើយនិងការស្រលាញ់ ការមើលថែ ហើយខ្ញុំសូមតាំងចិត្តថា រាល់ថ្ងៃនេះ បើសិនជាអត់មានគាត់ ក៏ខ្ញុំគ្មានចាកចោលគាត់ទេ ខ្ញុំមានសេចក្ដីស្រលាញ់ចំពោះគាត់ ។ សេចក្ដីស្រលាញ់នេះ គឺខ្ញុំផ្ដល់ជូនតែគាត់ម្នាក់គត់ បើសិនជាថ្ងៃមួយអត់មានគាត់ ក៏ខ្ញុំអត់យកអ្នកណាទៀតក្រៅពីគាត់ដែរ ។ ចំពោះសង្គមវិញ ខ្ញុំសូមស្នើទៅដល់បុគ្គលមួយចំនួនដែលគាត់គិតថា គាត់មិនបើកចិត្តឲ្យទូលាយទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា ខ្ញុំសុំស្នើឲ្យគាត់គិតថា មនុស្សប្រុស ក៏មានបេះដូងស្រលាញ់ដូចភេទទូទៅដូចគ្នាដែរ សូមឲ្យគាត់បើកទូលាយការគិត ហើយសូមឲ្យគាត់បញ្ឈប់ការរើសអើង ព្រោះបើមានការរើសអើង គឺមានការជះឥទ្ធិពលអាក្រក់ចំពោះសង្គមជាតិ“ ៕

RELATED ARTICLES