ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) នៅតែប្រកាសយុទ្ធសាស្រ្តផ្ការីក អំពាវនាវពីខាងក្រៅ ឲ្យផ្ទុះពីខាងក្នុងនៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) តាមរយៈការញុះញង់ថ្នាក់ដឹកនាំកំពូល នៃគណបក្សកាន់អំណាច ដោយមុននេះ បន្ទាប់ពីញុះញង់សម្ដេច ស ខេង អនុប្រធានគណបក្ស រហូតដល់អ្នកនាំពាក្យសម្ដេច ស ខេង ចេញសេចក្ដីប្រកាសថ្កោលទោសទណ្ឌិតរូបនេះ ស្រាប់តែពេលនេះ មេចលនាជាតិតស៊ូរូបនេះ បន្តញុះញង់គ្រួសារសម្ដេចទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យងើបប្រឆាំងនឹងសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ លោកសម រង្ស៊ី បានបរិហារសម្ដេចហ៊ុន សែន ថាសម្ដេច យកលោកទៀ សីហា កូនប្រុសសម្ដេចទៀ បាញ់ ធ្វើជាតុក្កតា ពេលរៀបឆាកល្ខោនផ្ទេរមុខតំណែងក្នុងត្រកូលហ៊ុន និងបានចោទសម្ដេចហ៊ុន សែន ថាជាមេបោក ប្រើល្បិចជិះក្របី ចម្លងភក់ ជាដើម។
លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក (ត) ៖ លោក ទៀ បាញ់ អើយ សាវ៉ាឌីក្រាប់ ប្រយ័ត្នចាញ់បោកហ៊ុន សែន ជនពាលសែន យកសីហា ធ្វើជាតុក្កតា ពេលរៀបឆាកល្ខោនផ្ទេរមុខតំណែងក្នុងត្រកូលហ៊ុន នៅទីបញ្ចប់មានតែជនពាលនិងកូនបង្កើត ក្តោបក្តាប់អំណាចក្នុងគ្រួសារគេ។ ត្រកូលផ្សេងទៀ ដូចត្រកូលស ដូចត្រកូលសាយ បើគ្មានឈាមហ៊ុន សែន នឹងទាត់ចោល មនុស្សព្រៃផ្សៃ ជនពាលដូចសែន មិនចេះទុកចិត្តអ្នកក្រៅណាឡើយ គាត់ចង់ធ្វើអ្វីខ្លួនគាត់ទាំងអស់ ក្តោបក្តាប់អំណាចសម្រាប់តែគាត់និងត្រកូលគាត់ មានគាត់ពីក្រោយ រហូតគាត់ស្លាប់ ឯអ្នកដទៃ មិនយូរមិនឆាប់ គាត់នឹងទាត់ចោល ក្លាយជាសំរាម។ ពេលនេះគាត់ផ្អែម ដើម្បីបោកយើង សារជាតិមែនទែន ពិសពុលបំផុត ផែនការគាត់បានសម្រេចរួចហើយ កូនគាត់បានឡើងតវេនពីគាត់រួចរាល់ចប់ហើយ គាត់នឹងដកចេញអ្នកក្រៅទាំងអស់ ពេលឈប់ត្រូវការ ពីព្រោះខ្លាចគេពូកែខ្លាំងពេក ចូលមកប្រកួតដណ្តើមអំណាច។ គួរតែយល់ច្បាស់ ហ៊ុន សែន មេបោក ប្រើល្បិចថោកទាប ដែលគេហៅថា ជិះក្របី ចម្លងភក់“ ។
គួរបញ្ជាក់ថា ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមានសម្ដេច ស ខេង អនុប្រធានគណបក្ស សម្ដេចទៀ បាញ់ អនុប្រធានគណបក្ស សម្ដេចសាយ ឈុំ អនុប្រធានគណបក្ស ជាដើម ត្រូវបានលោកសម រង្ស៊ី ចាត់ទុកជាកម្មវត្ថុនៃការប៉ុនប៉ងកម្ចាត់ចោល ពីសំណាក់សម្ដេចហ៊ុន សែន ប្រធានគណបក្ស ។ ដូច្នេះហើយទើបអតីតមេបក្សប្រឆាំង ដែលសម្ដេចហ៊ុន សែន ហៅ «ជនក្បត់ជាតិ៣ជំនាន់» រូបនេះ បន្តញុះញង់ឲ្យឥស្សរជននយោបាយទាំងនេះ ធ្វើតាមយុទ្ធសាស្រ្តផ្ការីក របស់ខ្លួន គឺផ្ទុះពីផ្ទៃក្នុង វ៉ៃសម្តេចហ៊ុនសែន មុន បើចង់មានប្រៀប ។
លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក (ត) ៖ យុទ្ធសាស្ត្រផ្ការីក យុទ្ធសាស្ត្រលេខ១ គ្មានគូប្រកួត ធ្វើឲ្យហ៊ុន សែន ក្លាយទៅជាឆ្កួត មានតែហ៊ុន សែន និងត្រកូលគាត់ ធ្វើអ្វីតាមចិត្ត ជាន់គេគ្រប់គ្នានៅជុំវិញគាត់។ គាត់ដឹងច្បាស់ថា គេស្អប់គាត់ខ្លាំង អ៊ីចឹងគាត់ភ័យគេបកមកវិញ។ មេទ័ពធំៗ គាត់បញ្ឈរជើង ទុកចោលក្នុងទូ ធ្វើឲ្យសាមីឈឺចាប់ក្នុងចិត្ត។ គាត់ដឹងច្បាស់ថា គាត់មានសត្រូវនៅជុំវិញគាត់ដែលមានអាវុធ ព្រមទាំងឱកាសវាយបកគាត់វិញ។ តើនរណាទៅ ធ្វើឲ្យគាត់ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ បញ្ចប់របបគ្រួសារនិយម? អាចក្រុម ស ខេង ព្រមទាំងសាយ ឈុំ ដែលឆេះងំៗ អាចក្រុមទៀ បាញ់ ជាមេទ័ពធំ អាចប៉ុល សារឿន អាចមាស សុភា អាចកែ គឹមយ៉ាន អាចក្រុមគន់ គីម សូម្បី ម៉ុល រឿប ក៏មកលងដែរ“ ។
ទោះបីយ៉ាងណា ជាការប្រតិកម្មនឹងការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ អ្នកនាំពាក្យសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសថ្កោលទោស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ប្រកាសបដិសេធនិងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គម ឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចស ខេង ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន ម្តងហើយម្តងទៀត។ ជាថ្មីម្ដងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេស ដែលគេចវេះពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំនឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជា ទាំងមូល ឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់។
អ្នកនាំពាក្យសម្តេច ស ខេង សូមបញ្ជាក់ជូនថា សម្តេច និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជា រុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ របស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ដូច្នេះអ្នកនាំពាក្យសម្តេចស ខេង សូមអំពាវនាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយដែលមានចរិតបំពាន ជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។
ដោយឡែក សម្រាប់អ្នកនាំពាក្យសម្ដេចទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មិនទាន់មានប្រតិកម្ម ឬចេញសេចក្ដីប្រកាសណាមួយ ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ នៅឡើត ។
យ៉ាងណាក៏ដោយ ចាប់ពីតាំងពីឆ្នាំ២០១៩ មក ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចទៀ បាញ់ ក៏មិនខុសពីសម្ដេច ស ខេង ដែរ គឺតែងតែមានប្រតិកម្មតាមរយៈក្រសួងការពារជាតិ នៅពេលមានការញុះញង់ បំភ្លៃបំផ្លើសការពិត ពាក់ព័ន្ធនឹងផ្ទៃក្នុងកម្ពុជា ពីសំណាក់ទណ្ឌិត សម រង្ស៊ី ។ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ នៅពេលលោកសម រង្ស៊ី ប្រកាសធ្វើមាតុភូមិនិវត្តន៍ ដោយអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងជាមួយរដ្ឋាភិបាលនោះ សម្ដេចទៀ បាញ់ បានប្រកាសថា មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី មកស្រែកដូរមិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ ។ សម្ដេចទៀ បាញ់ បានព្រមាននៅពេលនោះថា កុំតែចូលមកបានហើយ ប្រាប់ឲ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួនទេ តែមកប្តូរនៅកម្ពុជា គឺអត់បាន ។ សម្ដេច ចាត់ទុកគ្រប់ទង្វើបែបនេះរបស់លោក សម រង្ស៊ី បង្ហាញពីគោលបំណងក្នុងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។
បន្ទាប់មកទៀត នៅឆ្នាំ២០២៣ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃនិងញុះញង់តាមបណ្តាញសង្គម លើសម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ បន្ទាប់ពីលោកសម រង្ស៊ី ផ្សព្វផ្សាយលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា “ក្នុងនាមគណបក្សសង្រ្គោះជាតិ ដែលបានទទួលសំឡេងឆ្នោត ៤៤% (សល់ពីគេលួច) ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ២០១៧ ខ្ញុំសម រង្ស៊ី សូមគាំទ្របេក្ខភាពលោកទៀ សីហា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិរដ្ឋសភាទី៧ គឺពីឆ្នាំ២០២៣ ដល់២០២៨ ។ ប្រជារាស្រ្តខ្មែរ ដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នាជុំវិញលោកទៀ សីហា លោកទៀ បាញ់ និងលោកទៀ វិញ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរតាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សានិងសន្តិវិធី តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ ការផ្លាស់ប្ដូរបែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា មានអ្នកដឹកនាំថ្មី ដោយមិនមែនជាជនឃាតករ ជនមហាសែនបំផ្លាញជាតិ និងជនក្បត់ជាតិ ដូចលោកហ៊ុន សែន និងក្រុមគ្រួសារឡើយ“ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការជាតិ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្ដន្ទាទោស។
អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ ចំពោះទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានោះដែរ ក៏បានបញ្ជាក់នៅពេលនោះដែរថា សម្ដេច និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុង ចំពោះសម្ដេចហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ។ ជាពិសេស សម្ដេច បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នឹងបន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ កងយោធពលខេមរភូមិន្ទ នឹងបន្តការពារសង្គមជាតិ មិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសាជាថ្មីទៀត ធ្វើឱ្យសង្គមជាតិ បន្តដំណើរទៅមុខឥតឈប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាត រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានអំពាវនាវនៅពេលនោះ ដល់ជនរួមជាតិ ទាំងនៅក្នុងនិងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ៕ កុលបុត្រ