Friday, December 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បញ្ចេញចម្រៀង «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព»

សម្តេចហ៊ុន សែន បញ្ចេញចម្រៀង «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព»

ភ្នំពេញ ៖ ក្រោយពេលប្រកាសថា នឹងនិពន្ធបទចម្រៀងថ្មី “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ជាការឆ្លើយតបទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបាននិពន្ធបទ “រង់ចាំផ្ការីក” នោះមក នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញចម្រៀង “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ដែលជាស្នាដៃនិពន្ធរបស់សម្តេច លំនាំបទ «ស្រអែមនឹកបង» ។

សម្តេចហ៊ុន សែន បានបង្ហោះចម្រៀង “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” នេះ តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបញ្ជាក់ថា បទចម្រៀង «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព» នេះ ជាស្នាដៃនិពន្ធដោយសម្តេចហ៊ុន សែន ច្រៀងដោយលោក ប៊ុន ជំនោរ តាមលំនាំបទ «ស្រអែមនឹកបង» ដែលមានម្ចាស់សំនៀងដើម  លោក ឌៀប សិដ្ឋសុធា និងអ្នកនាង សុន ស្រីពេជ្រ ហើយបទចម្រៀងនេះ ដឹកនាំផលិតដោយលោក ហ៊ុន ហេង ។

បទចម្រៀង “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ដែលនិពន្ធដោយសម្តេចហ៊ុន សែន នេះ មានខ្លឹមសារដូចខាងក្រោម ៖

I-  និទាឃរដូវ ត្រូវនឹងផ្ការីក ស្គុសស្គាយអនេក ក្រមម្លប់សន្តិភាព ផ្កាឈូកគ្រប់ពណ៌ រីកល្អព្រោងព្រាត ក្រោមម្លប់សន្តិភាព រៀងរាបនិរន្តរ៍ ។

II-  វស្សានរដូវ មើលទៅសែនស្រស់ ផ្ការីកចម្រុះ ផុសជាសោភ័ណ ម្លិះរួតម្លិះលា ក្ដាំងងារីកទាន់ រដូវហេមន្ត ក្រោមម្លប់សន្តិភាព ។

R- សរទរដូវ ត្រូវខ្យល់ត្រូវភ្លៀង ស្នោម្អមកណ្ដៀង ផ្ការីករៀងរាប យីហ៊ុបយីថោ ពិដោរជ្រួតជ្រាប ក្រោមម្លប់សន្តិភាព បញ្ជ្រាបគន្ធា ។

III- សិសិរដូវ ត្រូវរងាខ្លាំង មន្ទារបុស្បចាំង ក្លាំងក្លែបក្លិនវា តង្កៀបក្ដាម ដង្កោ ជម្ពូពុទ្រា រីករាល់ទិវា ក្រោមម្លប់សន្តិភាព ។

IV- គិម្ហរដូវ ត្រូវក្ដៅ៤ខែ ចំប៉ីដីស្រែ រីកក្បែរទំនាប ចេកទុំរំដួល ក្លិនឆួលបញ្ជ្រាប ក្រោមម្លប់សន្តិភាព រៀបរយនិយម ។

R- ខួបប្រាំងវស្សា ផ្ការីកពុំរុះ ថែធនធានមនុស្ស សាបព្រោះអប់រំ ចម្ការស្រែស្រូវ ផ្លូវគមនាគមន៍ វឌ្ឍនភាពរួម ក្រោមម្លប់សន្តិភាព ។

V- ថ្នាក់ថ្នាលមូលធន មជ្ឈន្តិកវ័យ បញ្ញវន្តបញ្ញវតី ជាញជ័យជោគលាភ នវាគតិភណ្ឌ រូបវន្តសន្តិភាព មោទនភាពជាតិ អនុភាពទ្វេគុណ ។

VI- ផ្ការីកឈ្នះ-ឈ្នះ ខែរះឆ្លងផ្លូវ កូនដើរឲ្យត្រូវ ផ្លូវឪដើរមុន ផ្ការីកគ្រប់រដូវ គិតត្រូវជាទុន រីកសាងកិត្តិគុណ ក្រោមម្លប់សន្តិភាព“ ។

សូមរំលឹកថា មុនឈានដល់និពន្ធបទចម្រៀង “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” និងផលិតចេញជាបទចម្រៀង ចាក់ផ្សាយតាមបណ្តាញសង្គមនេះ សម្ដេចហ៊ុន សែន បានឆ្លើយតបជាមួយលោកសម រង្ស៊ី តាមបណ្ដាញសង្គម ហ្វេសប៊ុក ដែលអតីតមេបក្សប្រឆាំងរូបនេះ បានប្រកាសប្រើយុទ្ធសាស្រ្តផ្ការីក ដែលប្រើកម្លាំងបង្កប់ពីក្នុងបក្សកាន់អំណាច ដើម្បីផ្ដូលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយព្រមានថា នឹងដូចនៅប្រទេសបង់ក្លាដែស និងប្រទេសស៊ីរី ។ ប៉ុន្តែយុទ្ធសាស្ត្រផ្ការីកនេះ សម្ដេចហ៊ុន សែន រុញទូកបណ្តោយទឹក បញ្ឈឺលោកសម រង្ស៉ី វិញ ដោយបញ្ជាក់ថា សមិទ្ធផលរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់ ហេតុដូច្នេះហើយទើបសម្តេច សម្រេចនិពន្ធចម្រៀង “ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព” ដែលអ្នកចង់រក្សាសន្តិភាព អាចច្រៀងរាំលេងជាមួយបទចម្រៀងនេះបាន ។

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មុនពេលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា សម្ដេចហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក ជារូបថតក្នុងសម្លៀកបំពាក់កាកបាទក្រហមកម្ពុជា រាំកម្សាន្តជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅមុខប្រាសាទបុរាណ កាលពី ២០ឆ្នាំមុន នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ជាមួយសំណេរថា “ផ្ការីក រៀងរាល់ថ្ងៃ ព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើង លើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីក ទាំងអស់។ យើងធ្វើពីតូច ទៅធំ ពីទាប ទៅខ្ពស់ ពីតិច ទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ចេញពីអភិក្រមផ្ការីក នេះផងដែរ ។ល។ យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះផ្ការីក នៅវិមាន៧មករា ម្សិលមិញ ផ្ការីកនៅវិមានព្រឹទ្ធសភា។ សូមជូនរូបថតផ្ការីក មួយសន្លឹក ទើបរកឃើញ មិនដឹងថតពេលណា តែបើមើលក្បាលខ្សែក្រវាត់ អាចទើបអាយុក្រោម៥០ឆ្នាំ ។ រាំជាមួយប្រពន្ធ ពេលចូលរួមសកម្មភាពកាកបាទក្រហម។ ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទ គឺបទ «ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព» ដែលបទនេះ នឹងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព“ ។

ទោះបីយ៉ាងណា ជាការឆ្លើយតបភ្លាមៗទៅនឹងសម្ដេចហ៊ុន សែន នៅពេលនោះ លោកសម រង្ស៊ី បាននិពន្ធបទចម្រៀង “រង់ចាំ ផ្ការីក” បង្ហោះផ្សាយនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសារដូចខាងក្រោម ៖

រង់ចាំ ផ្ការីក ៖

បាត់ទឹក បាត់ដី បាត់ព្រៃព្រឹក្សា បាត់កេរដូនតា ដោយសារហ៊ុន សែន។

ពួកចោរលួចជាតិ ដឹកនាំប្រទេស ធ្វើឲ្យរាស្ត្រក្រ រស់យ៉ាងវេទនា។

បំណុលវ័ណ្ឌក អត់មានអ្វីសង នៅសល់តែផ្ទះ ខ្លាចគេរឹបអូស។

ខុសពីមុនឆ្ងាយ អត់ប្រាក់ចំណូល មិនអាចរស់បាន ក្នុងស្រុកកំណើត។

ត្រូវវេចប្រវេច ចាកចេញទៅថៃ ព្រាត់ប្រាសគ្រួសារ ដោយសារហ៊ុន សែន។

របបព្រៃផ្សៃ គ្មានត្រាប្រណី ធ្វើបាបអ្នកក្រ ទឹកភ្នែកឥតល្ហែ។

អំណាចផ្តាច់ការ ពីឪដល់កូន ត្រកូលចង្រៃ មកបំផ្លាញខ្មែរ។

រង់ចាំផ្ការីក រំដោះខេមរា កូនខ្មែរងើបឡើង សង្គ្រោះជាតិយើង…៕ កុលបុត្រ

RELATED ARTICLES