Saturday, December 28, 2024
Homeព័ត៌មានជាតិអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធព័ត៌មាន ខ្មាន់កាំភ្លើងបាញ់ប្រហារលោក ស ថេត

អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធព័ត៌មាន ខ្មាន់កាំភ្លើងបាញ់ប្រហារលោក ស ថេត

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធព័ត៌មានក្លែងក្លាយ ដែលពួកប្រឆាំងនៅក្រៅប្រទេស ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា នាយឧត្ដមសនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាកូនប្រសាសម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅក្នុងការិយាល័យ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ និងថា ខ្មាន់កាំភ្លើង ត្រូវបានអង្គរក្សលោក ស ថេត បាញ់ស្លាប់។ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ធ្វើឲ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ និងគេហទំព័រផ្លូវការ «អគ្គស្នងការដ្ឋាននគរបាលជាតិ -General Commissariat of National Police) នូវរូបភាពនិងសំណេរពីគណនីហ្វេសប៊ុក របស់លោកសេង រតនា អ្នកគ្រប់គ្រងទូរទស្សន៍អនឡាញ មនសិការខ្មែរអមតៈ និងជាអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស ក្រុមលោកសម រង្ស៉ី ដែលតែងតែវាយប្រហារគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ នាពេលកន្លងមក ដែលលោកសេង រតនា បានសរសេរនៅក្នុងទំព័រនិងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា “ស ថេត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណចូលទៅបាញ់នៅក្នុងការិយាល័យធ្វើការ“ ។

គណនីហ្វេសប៊ុក បុគ្គលសេង រតនា បានសរសេរបន្ថែមនៅថ្ងៃដដែលថា “ឧក្រិដ្ឋកម្មជនដែលបាញ់សម្លាប់ឧត្តមសេនីយ៍ ស ថេត ត្រូវបានអង្គរក្សលោក ស ថេត បាញ់ស្លាប់ភ្លាមៗនៅមុខក្រសួងមហាផ្ទៃ“ ។

ជាប្រតិកម្មចំពោះការផ្សាយព័ត៌មាក្លែងក្លាយ របស់បុគ្គលឈ្មោះ សេង រតនា ខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសបដិសេធ ច្រានចោលភ្លាមៗថា “អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា ខ្លឹមសារដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមនេះ ជាព័ត៌មានក្លែងក្លាយ ។ សូមកុំបន្តធ្វើការចែករំលែកនូវព័ត៌មាននេះទៀត នាំឲ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម“ ។

ក្រៅពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញបដិសេធព័ត៌មានដូចខាងលើ ក៏មានប្រតិកម្មពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផងដែរ ។

លោកទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកមិនជំនួសមុខឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏តំណាងឲ្យលោកនាយឧត្ដមសេន៏យ៍ ស ថេត អគ្គស្នងការនគរបាលជាតិទេ ក៏ប៉ុន្តែសារនេះ គឺជាសារអសីលធម៌បំផុត មានលក្ខណៈប្រមាថមើលងាយអាយុជីវិតរបស់ថ្នាក់ដឹកនាំមួយរូប ទាំងដែលលោក ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតកំពុងតែធ្វើការងារជាមួយនឹងលោកអគ្គស្នងការ ទាំងការងារផ្ទាល់ និងទាំងជជែកតាមទូរស័ព្ទដៃ ។ និយាយឲ្យខ្លី សារនេះ មិនចាំបាច់ដល់ក្មេងមតេយ្យជឿទេ សូម្បីតែរូបចម្លាក់ក៏មិនជឿដែរ ។

លោករេន រតនៈ អ្នកនាំពាក្យលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា “បុគ្គលចោលម្សៀតលំដាប់ចុងឆ្នាំ! ផ្សាយយកជាការមិនបាន ម្ដងហើយម្ដងទៀត និងពិតជាចង្រៃ រកលេខដាក់គ្មានមែន!“ ។

ដោយឡែក លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដែលត្រូវបានគេប្រតិដ្ឋព័ត៌មានក្លែងក្លាយថា ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនោះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកបានអញ្ជើញជាសហអធិបតីជាមួយលោកឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី អគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយនគរបាល ចំនួនជិត ៦០០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តចំណុចស្នូល និងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយរៀបចំ «កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលមានសមាសភាពចូលរួមចាប់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលមានចំនួនសរុបចំនួន ៥៩៧រូប។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាមរយៈបទអត្ថាធិប្បាយរបស់លោកឱម យ៉ិនទៀង នៅថ្ងៃនេះ លោកមានជំនឿ និងសង្ឈឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ដែលបានចូលរួមក្នុងពិធីនេះ ពិតជាបានយល់ដឹងឲ្យកាន់តែច្បាស់លាស់និងស៊ីជម្រៅបន្ថែមទៀតអំពីបទប្បញ្ញត្តិច្បាប់ នីតិវិធី យុទ្ធនាការ និងផែនការនានាទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ព្រមទាំងបន្តយកទៅធ្វើការផ្សព្វផ្សាយដល់កងកម្លាំងនគរបាលក្រោមឱវាទ នៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក រួមទាំងកងកម្លាំងនគរបាលនៅមូលដ្ឋាន សំដៅលើកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន បម្រើសង្គមជាតិ និងប្រជាពលរដ្ឋ ៕ កុលបុត្រ

RELATED ARTICLES