ភ្នំពេញ ៖ លោកស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ត្រូវបានតុលាការកាត់ទោសដាក់គុក ២ឆ្នាំ ដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងពិន័យជាប្រាក់ ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ដោយមានលោក សេង ហៀង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារ កំណត់២ឆ្នាំ ពិន័យជាទឹកបា្រក់ ៤លានរៀល ឬស្មើប្រមាណ ១ពាន់ដុល្លារអាមេរិក ព្រមទាំងដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ជាអចិន្ត្រៃយ៍ ។
ក្នុងពេលប្រកាសសាលក្រម មន្ត្រីតុលាការ ពុំអនុញ្ញាតឱ្យសាច់ញាតិ សកម្មជន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានចូលស្តាប់នោះទេ។ ចំណែកភរិយាលោក ស៊ុន ចន្ធី ឈឺពោះសម្រាលកូន។ រីឯលោក ស៊ុន ចន្ធី ត្រូវបានលោក ជូង ជូងី មេធាវីការពារក្ដី ថ្លែងបញ្ជាក់ថា លោក ស៊ុន ចន្ធី ពុំបានមកចូលរួមស្តាប់ការប្រកាសសាលក្រមទេ ដោយទុកសិទ្ធិការពារទាំងស្រុង ដល់មេធាវី ព្រោះលោកពិបាកធ្វើដំណើរផ្លូវឆ្ងាយ។
លោកជូង ជូងី មេធាវីការពារក្តីលោកស៊ុន ចន្ធី ចាត់ទុកការសម្រេចរបស់តុលាការ ថាជារឿងអយុត្តិធម៌ និងត្រៀមពិភាក្សាផ្នែកច្បាប់ ជាមួយកូនក្តីរបស់លោក ដើម្បីប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ក្រោយពេលទទួលសាលក្រម។
ដោយឡែក លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ យល់ថា ជារឿងដែលគួរឲ្យសោកស្ដាយ ដែលតុលាការសម្រេចផ្ដន្ទាទោសលោកស៊ុន ចន្ធី យ៉ាងធ្ងន់ដូច្នេះ ។ លោកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាភិតភ័យពីវត្តមានរបស់លោកស៊ុន ចន្ធី នៅក្នុងឆាកនយោបាយ។
ជាមួយគ្នានោះដែរ គណបក្សកម្លាំងជាតិ បានបច្ចុប្បន្នមានលោកជា មុនី ជាប្រធាន បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយ មិនអាចទទួលយកបាន ចំពោះការសម្រេចសេចក្ដីរបស់តុលាការដំបូងភ្នំពេញនេះ និងសូមឲ្យតុលាការដំបូងភ្នំពេញ ដោះលែងលោកស៊ុន ចន្ធី ឲ្យមានសេរីភាពឡើងវិញ ។
ជុំវិញបញ្ហានេះដែរ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវដល់សាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់បទចោទប្រកាន់ទាំងអស់មកលើលោកស៊ុន ចន្ធី និងសូមដោះលែងលោកស៊ុន ចន្ធី ឲ្យមានសេរីភាពបានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ។
សូមរំលឹកថា លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។
១ខែក្រោយការចាប់ខ្លួននិងឃុំខ្លួន លោកស៊ុន ចន្ទី បានធ្វើលិខិតសុំទោសសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាសាធារណៈ ។ នៅក្នុងលិខិតនោះ លោកស៊ុន ចន្ធី បានបញ្ជាក់ថា លោកពិតជាសោកស្ដាយចំពោះមតិលើកឡើងរបស់លោកក្នុងពេលជួបជាមួយពលរដ្ឋនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៥ ខែឧសភា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិច្ចខិតប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកក៏បានសុំទោសសម្ដេចហ៊ុន ម៉ាណែត ចំពោះការលើកឡើងខុសឆ្គងដោយអចេតនា ទៅលើរាជរដ្ឋាភិបាលកម្ពុជា។ ទោះបីបានសុំទោសរួចហើយយ៉ាងណា ក៏លោកស៊ុន ចន្ធី មិនទទួលបានការលើកលែងទោស និងដោះលែងពីពន្ធនាគារវិញ ដូចអតីតថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សប្រឆាំងមួយចំនួន ជាអតីតសហការីរបស់លោក ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) នោះទេ ដោយលោកត្រូវបានឃុំខ្លួនរហូតមកដល់សព្វថ្ងៃ ហើយថែមទាំងត្រូវបានតុលាការសម្តេច ផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ហើយដកសិទ្ធិបោះឆ្នោតទៀត ៕ កុលបុត្រ