Saturday, December 28, 2024
Homeព័ត៌មានជាតិធ្វើបានរឿងខាងក្នុង៥ អ្នកវិភាគថា ផ្ការីកពេញសួនកាន់តែស្អាត គ្មានបដិវត្តន៍ពណ៌

ធ្វើបានរឿងខាងក្នុង៥ អ្នកវិភាគថា ផ្ការីកពេញសួនកាន់តែស្អាត គ្មានបដិវត្តន៍ពណ៌

ភ្នំពេញ ៖ ស្របពេលដែលមានការឆ្លើយឆ្លងគ្នា រវាងអតីតមេបក្សប្រឆាំង លោកសម រង្ស៉ី និងប្រមុខបក្សកាន់អំណាច សម្តេចហ៊ុន សែន ពាក់ព័ន្ធ «យុទ្ធសាស្រ្តផ្ការីក» នោះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូប បានលើកឡើងថា កត្តាសំខាន់នៅក្នុងបរិបទនយោបាយ នាពេលនេះ បើរាជរដ្ឋាភិបាល ធ្វើបានល្អនូវរឿងខាងក្នុង៥ នឹងដូចទិដ្ឋភាពផ្ការីកពេញសួន កាន់តែស្អាត មិនអាចមានបដិវត្តន៍ពណ៌កើតឡើងបានឡើយ។ ប៉ុន្តែបើធ្វើខុសរឿងខាងក្នុង៥នេះ នឹងធ្វើឲ្យមានបញ្ហាច្រើននៅក្នុងការដឹកនាំ ជាពិសេសបើមានបដិវត្តន៍កើតឡើងទៀត ដូចការព្រមានរបស់លោកសម រង្ស៊ី ប្រធានចលនាជាតិតស៊ូស្អីគេនោះ នឹងធ្វើឲ្យសង្គមច្របូកច្របល់ ព្រោះបដិវត្តន៍ពណ៌ គឺជាគ្រោះមហន្តរាយសម្រាប់រដ្ឋមួយ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ហើយបដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោក គឺមានការពាក់ព័ន្ធគ្នាយ៉ាងចាំបាច់ ដោយមិនអាចមើលរំលងបានទេ ។

គួររំលឹកថា ថ្លែងនៅក្នុងវេទិកាស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ ពិភពលោកដែលកំពុងវិវត្ត ៖ បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ»  កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា  បាលើកឡើងថា ក្នុងទស្សនទាននៃប្រទេសដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌ ពួកគេចាត់ទុកបដិវត្តន៍ពណ៌ ជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព អធិបតេយ្យ និងឯករាជ្យរបស់រដ្ឋ។ បដិវត្តន៍ពណ៌ ត្រូវបានរៀបចំឡើង ក្រោមស្បៃវាំងនននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព យុត្តិធម៌ ជាដើម ដែលត្រូវបានគេប្រើប្រាស់ជាខែល ឬជាចលករជំរុញនូវរលកនៃបដិវត្តន៍ពណ៌នេះ ឱ្យពុះកញ្ជ្រោលឡើង រហូតក្លាយជាចលនាហិង្សា ឬអហិង្សា ក្នុងប្រទេសមួយចំនួន មិនចេះឈប់ឈរ ហើយជាចុងក្រោយ បង្កទៅជាជម្លោះនិងសង្រ្គាមរ៉ាំរ៉ៃ ជាក់ស្តែងដូចជានៅតំបន់អឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ា ជាដើម។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់នៅពេលនោះថា ទិដ្ឋភាពបដិវត្តន៍ពណ៌ទាំងនេះ មិនអាចមិនពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្គមប្រជាធិបតេយ្យ និងសន្តិភាពនោះទេ។ បដិវត្តន៍ពណ៌ នឹងអូសទាញឱ្យមានរបបផ្តាច់ការមកវិញ ព្រោះដើម្បីគ្រប់គ្រងប្រទេសដែលកំពុងច្របូកច្របល់ មិនអាចយករបបប្រជាធិបតេយ្យ មកគ្រប់គ្រងបានទេ គឺត្រូវគ្រប់គ្រងដោយរបបផ្តាច់ការ ។ លោកបណ្ឌិត បានបន្តថា បើយើងពិនិត្យមើលក្នុងបញ្ញត្តិសព្ទធម្មតា បដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោក ហាក់មិនមានអ្វីពាក់ព័ន្ធគ្នាទាល់សោះ ដ្បិតបដិវត្តន៍ពណ៌ វាហាក់ដូចជាហេតុការណ៍នយោបាយមួយ ដែលវាកើតឡើងក្នុងរង្វង់ព្រំដែននៃរដ្ឋមួយ ខណៈសណ្តាប់ធ្នាប់ពិភពលោក ត្រូវបានរៀបចំឡើងហួសពីព្រំដែននៃរដ្ឋមួយ ដែលជះឥទ្ធិពលដល់ដំណើរប្រព្រឹត្តទៅ នៃបណ្ដារដ្ឋនានា ក្រោមប្រព័ន្ធអន្តរជាតិ។ ប៉ុន្តែក្នុងទិដ្ឋភាពនយោបាយ បដិវត្តន៍ពណ៌ ពិតជាមានពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ពិភពលោក ដ្បិតវាមិនមែនជាហេតុការណ៍នយោបាយនឹងថ្កល់ ដែលកើតឡើងក្នុងរង្វង់ព្រំដែននៃរដ្ឋមួយទេ តែអាចរងឥទ្ធិពលពីអន្តរាគមន៍ខាងក្រៅ ហើយវាអាចរីកសាយភាយទៅកាន់រដ្ឋដទៃ និងធ្វើឱ្យមានប្រែប្រួលដល់សណ្ដាប់ធ្នាប់ពិភពទាំងមូល ជាក់ស្តែងសណ្ដាប់ធ្នាប់ពិភពលោក ក្រោយសម័យសង្គ្រាមត្រជាក់។

ថ្លែងក្នុងវេទិកាជជែកពីបដិវត្តន៍ពណ៌ នៅពេលនោះ លោកណ្ឌិត យង់ ពៅ ក៏បានបង្ហាញជាទស្សនៈថា បដិវត្តន៍ពណ៌ គឺបង្កឡើងដោយកត្តា ២យ៉ាង គឺ កត្តាខាងក្រៅ និងកត្តាខាងក្នុង។ ចំពោះកត្តាខាងក្រៅ ទី១-ពាក់ព័ន្ធនឹងមនោគមន៍នយោបាយ ទី២-ការប្រជែងក្នុងភូមិសាស្ត្រនយោបាយ ទី៣-សេដ្ឋកិច្ចរបស់មហាអំណាច ទី៤-ផ្នត់គំនិតសង្គ្រាមត្រជាក់ និងទី៥-សណ្តាប់ធ្នាប់ពិភពលោកទន់ខ្សោយ។ ចំណែកការបង្កឡើងកត្តាខាងក្នុងវិញ គឺទី១-យុត្តិធម៌សង្គម តាមទិដ្ឋភាពច្បាប់នៃរដ្ឋ ដែលទទួលយកទាំងអស់គ្នា ទី២-ពិនិត្យមើលលើគម្លាតសង្គម ទី៣-ប្រព័ន្ធដឹកនាំរដ្ឋទន់ខ្សោយ (ពេលប្រព័ន្ធរដ្ឋខ្សោយ នឹងងាយទទួលពីឥទ្ធពលខាងក្រៅ ដូចនេះត្រូវពង្រឹងប្រព័ន្ធដឹកនាំរដ្ឋ ឱ្យខ្លាំង កាលណាប្រព័ន្ធរដ្ឋខ្លាំង ត្រូវការធនធានមនុស្សដែលខ្លាំងដែរ) ទី៤-ពាក់ព័ន្ធនឹងការអប់រំ និងទី៥-ការលូកលាន់ពីខាងក្រៅ ឬប្រទេសទន់ខ្សោយ ឱ្យប្រទេសមហាអំណាចលូកលាន់។

លោកបណ្ឌិត យង់ ពៅ ក៏បានលើឡើងតាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកផងដែរថា “ធ្វើរឿងខាងក្នុង៥ ឱ្យបាន នោះផ្ការីកពេញសួនកាន់តែស្អាត…!“ ។

រឿងខាងក្នុង៥ ដែលលោកបណ្ឌិត យង់ ពៅ លើកឡើង គឺ៥ចំណុច ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ដែលបានបញ្ជាក់ពន្យល់នៅក្នុងវេទិកានោះ រួមមាន ១-យុត្តិធម៌សង្គម ២-គម្លាតសង្គម ៣-ប្រព័ន្ធដឹកនាំរដ្ឋទាន់ខ្សោយ ៤-អនក្ខរកម្ម ៥-ការលូកលាន់ពីខាងក្រៅ ឬសុំឲ្យគេលូកលាន់ ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” ពីកត្តាខាងក្នុង៥ ខាងលើនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា លោកចង់លើកឡើងពីផ្ការីកឆ្លងទ្វីប ដឹកនាំដោយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង និងផ្ការីកក្នុងសួនអភិវឌ្ឍន៍ ដឹកនាំដោយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមានសម្ដេចហ៊ុន សែន ជាប្រធាន និងមានសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា តាមរយៈ៥ចំណុច នេះ ជារឿងត្រូវប្រយ័ត្នប្រយែង ជាពិសេសចំណុចទី៤ ពាក់ព័ន្ធនឹងការអប់រំ ត្រូវស្វែងយល់ថា ប្រទេសដែលមានចំណេះដឹងទូលំទូលាយ ពលរដ្ឋមានចំណេះដឹង មិនងាយធ្លាក់ខ្លួនចូលបដិវត្តន៍ពណ៌ ហើយក៏មិនងាយនឹងធ្លាក់ក្នុងការញុះញង់ដែរ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “បាទ! ចំពោះការលើកឡើងបច្ចុប្បន្ននេះ យើងឃើញថា អំពីបញ្ហាផ្ការីក ដែលផ្ការីក នៅខាងគណបក្សប្រឆាំង ក្រុមប្រឆាំងនៅក្រៅសុ្រក គឺសំដៅបដិវត្តន៍ពណ៌ ផ្ការីក ដែលសំដៅទៅដល់ចលនាបដិវត្តន៍ពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងខណៈនេះដែរ រាជរដ្ឋាភិបាល ក៏លើកឡើងអំពីផ្ការីក ដែលនិយាយអំពីផ្ការីកនៃសួនសន្តិភាព សួនអភិវឌ្ឍន៍ ។ នេះយើងឃើញថា ទិដ្ឋភាពបច្ចុប្បន្ន យើងកំពុងតែមានបញ្ហាប្រឈមទស្សនៈហ្នឹង បានលើកបញ្ហាហ្នឹង ។ តែចំពោះខ្ញុំៗធ្លាប់បានលើកឡើងទាំងសារព័ត៌មាន ទាំងបណ្ដាញសង្គមនានា គឺកត្តាខាងក្នុង៥ ដែលយើងត្រូវពិនិត្យមើល ហើយបើយើងពង្រឹងបាន ក្ដាប់បាននូវកត្តាខាងក្នុង ៥ហ្នឹង គឺផ្ការីក វាគ្រាន់តែជាសួនលម្អ វាគ្រាន់តែជាផ្ការីកក្នុងសួន ហាក់ដូចជាស្រោចទឹក ដាក់ជីបន្ថែម ឲ្យកាន់តែល្អប៉ុណ្ណោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ។ ក្នុងហ្នឹងចំណុចទាំង៥ របស់ខ្ញុំ ខ្ញុំលើកឡើង ទី១ គឺយុត្តិធម៌សង្គម ។ បញ្ហាយុត្តិធម៌សង្គមនេះ គឺជាបញ្ហាសំខាន់មួយ សម្រាប់សង្គមប្រជាធិបតេយ្យដូចកម្ពុជាយើង គឺយើងធ្វើដូចម្ដេច ឲ្យប្រជាពលរដ្ឋគាត់ទទួលបានយុត្តិធម៌នៅក្នុងផ្លូវច្បាប់ ក្នុងក្របខ័ណ្ឌច្បាប់ នៅក្នុងសង្គមរបស់យើង ដែលទទួលបានយុត្តិធម៌ដូចគ្នា ប្រឈមនឹងច្បាប់ដូចគ្នា ។ ឧទាហរណ៍ថា បច្ចុប្បន្នទណ្ឌិត ស្រី ស៊ីណា នេះ ដែលតុលាការទើបនឹងចេញសាលក្រមកាត់ទោសកាត់អី ផាកពិន័យ សងទៅជនរងគ្រោះ រាប់លានអីហ្នឹង អាហ្នឹងវាជាផ្នែកមួយនៃយុត្តិធម៌ហើយ ដែលប្រជាពលរដ្ឋ ទទួលរងនូវអំពើអយុត្តិធម៌របស់ជនមានអំណាច ហើយតុលាការ បានកាត់ទោសតាមច្បាប់ជាធរមាន ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ដល់សង្គម“ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “អ៊ីចឹងកន្លែងនេះ ជាចំណុចមួយ ជាម៉ូដែល ជាគំរូមួយ ហើយប្រសិនបើអំពើអយុត្តិធម៌ផ្សេងៗទៀតកើតមានឡើង ហើយមានការកាត់សេចក្ដី ផ្ដល់យុត្តិធម៌ទៅដល់ជនរងគ្រោះ ដូចគ្នាអ៊ីចឹង ករណីប្រហាក់ប្រហែលគ្នាអ៊ីចឹងនឹងករណីផ្សេងទៀត នឹងប្រជាពលរដ្ឋមិនបានទៅគិតគូរទៅលើរឿងផ្ការីក ដូចក្រុមលោកសម រង្ស៊ី អីទេ ច្បាស់ជាគេគ្មានទៅរវល់រឿងហ្នឹងទេ ។ អ៊ីចឹងយុត្តិធម៌សង្គមហ្នឹង ជាផ្នែកសំខាន់មួយ ។ ចំណុចទី២ គឺគម្លាតសង្គម ឬគេហៅថា គម្លាតនៃការអភិវឌ្ឍ ។ គម្លាតសង្គមនេះ ក៏ជាកត្តាសំខាន់ដែរ។ ការអភិវឌ្ឍស្រុកទេស យើងទទួលបាន ស្ពាន ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ប៉ុន្តែកុំឲ្យមានគម្លាតហ្នឹងខ្លាំងពេក នៅប្រទេសណា ក៏ដូចប្រទេសណាដែរ តែគម្លាតខ្លាំងពេក វានាំមានវិបត្តិសង្គម ។ គម្លាតហ្នឹង មានន័យថា អ្នកមាន មានកប់ពពកអ៊ីចឹងទៅ រីឯអ្នកក្រ ក៏មានចំនួនអ្នកក្រច្រើន ហើយអីអ៊ីចឹងទៅ អ៊ីចឹងអាហ្នឹងគេហៅថា គម្លាតសង្គម ។ ដូច្នេះរដ្ឋាភិបាល ធ្វើម៉េចកុំឲ្យមានគម្លាតសង្គមហ្នឹងខ្លាំងពេក ប៉ុន្តែបើយើងកាត់ថា មិនឲ្យមានគម្លាតសង្គមតែម្ដង គឺវាមិនអាចទេ គម្លាតសង្គម វាត្រូវមាន ក៏ប៉ុន្តែគេពិនិត្យមើលថា កុំឲ្យវារីកធំពេកគម្លាតហ្នឹង កាលណារីកធំពេក ចំនួនអ្នកក្រីក្រចើនពេក វាធ្វើឲ្យមានបញ្ហាគម្លាតសង្គមហ្នឹង ហើយកើតឡើងនូវអយុត្តិធម៌ និងសមធម៌សង្គម អាហ្នឹងវារុញច្រានតទៅទៀត ហើយងាយនឹងជឿទៅលើអ្នកនយោបាយដែលដុតរោល បោកបញ្ឆោត ឬក៏ឆ្កឹះឆ្កៀលហ្នឹង“ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តទៀតថា “រីឯចំណុចទី៣ គឺយើងចង់និយាយអំពីប្រព័ន្ធដឹកនាំរដ្ឋ នៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋ ទន់ខ្សោយ ។ ទន់ខ្សោយហ្នឹង ចង់និយាយថា បក្ខពួកនិយម ពុករលួយខ្លាំង មិនអាចផ្ដល់សេវាកម្មបានល្អច្រើន អាហ្នឹងគឺជាចំណែកសំខាន់មួយ ដែលនាំទៅដល់ប្រព័ន្ធដឹកនាំរដ្ឋ ទន់ខ្សោយ ធ្វើឲ្យប្រជាពលរដ្ឋលែងជឿលើរដ្ឋបាលសាធារណៈ លែងជឿសេវាកម្មរបស់រាជរដ្ឋាភិបាល ។ អ៊ីចឹងត្រូវពិនិត្យមើល ធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋហ្នឹងខ្លាំង មុខងារសាធារណៈហ្នឹងរឹងមាំ អាហ្នឹងផ្ដល់ជំនឿទុកចិត្តទៅដល់ពលរដ្ឋ ជាម្ចាស់ឆ្នោតហើយ ។ ហើយចំណុចទី៤ គឺអនក្ខរកម្ម មានន័យថា អត់ចេះអក្សរ មានន័យថា ប្រជាជនមិនចេះច្រើន ។ អ៊ីចឹងបើកាលណាប្រជាជនមិនសូវចេះ យើងមិនហ៊ានថាល្ងង់ទេ ថាមិនសូវចេះហ្នឹង គឺងាយនឹងជឿការញុះញង់របស់គេ ដូច្នេះត្រូវតែឲ្យប្រជាជនមានចំណេះដឹងជ្រៅជ្រះ អាចមានគំនិតពិចារណាខ្ពស់គ្រប់ជ្រុងជ្រោយ ចេះផ្ទៀងផ្ទាត់ព័ត៌មាន ។ អ៊ីចឹងកាលណាគាត់ចេះផ្ទៀងផ្ទាត់ព័ត៌មាន គាត់មិនចេះតែជឿគេទេ។ ចំណុចទី៥ គឺជាការលូកលាន់ពីខាងក្រៅ ឬក៏ខាងក្នុងហ្នឹង សុំឲ្យគេលូកលាន់ អាហ្នឹងនៅពេលដែលយើងទន់ខ្សោយ ច្បាស់ជាខាងក្រៅ គេលូកលាន់ចូល ឬក៏យើងទៅពឹងគេតែម្ដង។ អ្នកនយោបាយហ្នឹងពឹងកម្លាំងខាងក្រៅ ពឹងបរទេសឲ្យមកជួយទៅ វាទៅជាបំបាក់បំបាក់កម្លាំងខាងក្នុងហើយ ។ នេះជាបញ្ហាមួយ ដែលខ្ញុំលើកឡើងអំពី ៥ចំណុច ដែលត្រូវប្រយ័ត្នប្រយែងហ្នឹងឯង“ ។

ក្រៅពីកត្តាខាងក្នុង៥ ខាងលើ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីផលជះ៥ ពីបដិវត្តន៍ពណ៌ ដែលរួមមាន ១-សង្រ្គាមរ៉ាំរ៉ៃ ២-ជនផ្ដាច់ការកាន់អំណាច ៣-ខ្ទេចខ្ទាំប្រព័ន្ធសង្គម ៤-បាត់បង់អធិបតេយ្យ និង ៥-បន្តក្រីក្រ ។ ជាមួយនេះ លោកបណ្ឌិត យង់ ពៅ ដាស់តឿនថា កុំចង់បានបដិវត្តន៍ភ្លឺស្វាង ព្រោះកម្ពុជា យើងឆ្លងកាត់បដិវត្តន៍ភ្លឺស្វាងរួចហើយ គឺបដិវត្តន៍កម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ឆ្នាំ១៩៧៥ ដែលមកដឹកនាំសង្គម ធ្វើឲ្យរលាយសង្គម​អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសម្លាប់មនុស្ស អស់ជាង៣លាននាក់ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ពីចំណុចទាំង៥ នេះថា “នៅពេលបដិវត្តន៍ពណ៌កើតឡើង គឺបដិវត្តន៍ពណ៌ យើងចង់សំដៅពីចលនាបះបោរទ្រង់ទ្រាយធំ របស់ប្រជាពលរដ្ឋ បើកម្លាំងប្រជាពលរដ្ឋ ផ្ដួលរំលំរដ្ឋាភិបាល អ៊ីចឹងអាហ្នឹងគេហៅថា បដិវត្តន៍ពណ៌ ។ ដូច្នេះចរន្តបដិវត្តន៍ពណ៌នេះ ប្រសិនបើយើងពិនិត្យមើលទៅលើបណ្ដាប្រទេសដែលឆ្លងកាត់បដិវត្តន៍ពណ៌ នៅពិភពអារ៉ាប់ ប្រទេសលីប៊ី ប្រទេសស៊ីរី ប្រទេសផ្សេងៗទៀតដែលជួបកន្លងមកហ្នឹង ហើយរួមនិងបង់ក្លាដែស ថ្មីៗនេះ ទី១ បដិវត្តពណ៌ហ្នឹង គឺនាំឲ្យមានសង្រ្គាមរ៉ាំរ៉ៃ ។ យើងឃើញហើយ បដិវត្តន៍ពណ៌ នៅប្រទេសអារ៉ាប់ មួយចំនួនហ្នឹង នៅស៊ីរី នៅលីប៊ី ហ្នឹង យើងឃើញថា ចាប់ផ្ដើមឡើងនៅឆ្នាំ២០១០-២០១១ រហូតមកទល់ពេលនេះ គឺធ្វើឲ្យសង្រ្គាមហ្នឹងមិនអាចបញ្ចប់បានទេ ធ្វើឲ្យប្រទេសដែលកំពុងតែអភិវឌ្ឍ រស់នៅក្នុងសុខសន្តិភាពសុខៗហ្នឹង ទៅជាមានសង្រ្គាមកើតឡើង ហើយអត់អាចរកសន្តិភាពឃើញទេ មកទល់ពេលហ្នឹង អ៊ីចឹងខូចខាតអស់ ហើយសង្រ្គាមរ៉ាំរ៉ៃហើយ ហើយកាលណាបដិវត្តន៍ហើយ ផ្ដួលរំលំរដ្ឋាភិបាលមួយហើយ កុំសង្ឃឹមថា មានរដ្ឋាភិបាលឬក៏អ្នកដឹកនាំល្អណាមកដឹកនាំបាន ច្បាស់ជាជនផ្ដាច់ការ ឡើងដឹកនាំហើយ ពីព្រោះសង្គមច្របូកច្របល់ កាលណាសង្គមច្របូកច្របល់ ត្រូវការការដឹកនាំតាមរបៀបផ្ដាច់ការហើយ ក្រុមយោធាអ៊ីចឹងទៅ ឬក្រុមកងកម្លាំងប្រដាប់អាវុធណាមួយ ឬក្រុមនយោបាយណាមួយ ដែលមានចរិតលក្ខណៈផ្ដាច់ការ មកកាន់អំណាចហ្នឹងហើយ អាហ្នឹងវាអ៊ីចឹង“ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្ថែមថា “ហើយចំណុចទី៣ ច្បាស់ហើយថា កាលណាមានសង្រ្គាមរ៉ាំរ៉ៃហូរហែទៅ វាធ្វើឲ្យប្រព័ន្ធដឹកនាំសង្គមហ្នឹង វាខ្ទេចខ្ទាំអត់? ខ្ទេចអស់! ឥឡូវដូចយើងនៅជំនាន់ប៉ុល ពត អ៊ីចឹង ឆ្លងកាត់បដិវត្តន៍ភ្លឺស្វាង ដែលមានក្នុងសំណួរមួយទៀតហ្នឹង គឺយើងមិនខូចប្រព័ន្ធដឹកនាំសង្គមទាំងអស់? សម្លាប់អ្នកប្រាជ្ញអស់ សម្លាប់បញ្ញវន្តអស់ លុបវត្តអារាម លុបសាសនា គ្មានអ្វីៗទាំងអស់ គ្មានទាំងលុយចាយទៅទៀត ។ ហ្នឹងហើយមិនប្រព័ន្ធសង្គមខ្ទេចខ្ទាំ? ទី៤ បាត់បង់អធិបតេយ្យ មានន័យថា ប្រទេសដទៃគេជ្រៀតជ្រែកហើយពេលហ្នឹង យើងទន់ខ្សោយ អ៊ីចឹងមានអធិបតេយ្យអីទៀត គេជ្រៀតជ្រែកចូលមក គេកេងចំណេញ គេអាចយកដែនដីយើងថែម រំកិលព្រំដែន ឬគេលូកលាន់កិច្ចការនយោបាយរបស់យើង។ ហើយចំណុចទី៥ គឺបន្តក្រីក្រយូរអង្វែងតទៅទៀត ព្រោះសង្រ្គាមរ៉ាំរ៉ៃហើយ ខ្ទេចខ្ទាំអស់ហើយ ហើយកម្ពុជា យើងឆ្លងកាត់បដិវត្តន៍ភ្លឺស្វាងហ្នឹង គឺបដិវត្តន៍កម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ឆ្នាំ១៩៧៥ ហ្នឹង មកដឹកនាំសង្គម រលាយសង្គម អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES