Saturday, December 28, 2024
Homeព័ត៌មានជាតិ ឥណ្ឌា ត្រៀមបញ្ជូនព្រះបរមសារីរិធាតុ និងសត្វខ្លា.../ធំ មកជូនកម្ពុជា

 ឥណ្ឌា ត្រៀមបញ្ជូនព្រះបរមសារីរិធាតុ និងសត្វខ្លា…/ធំ មកជូនកម្ពុជា

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade)ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា  បានឲ្យដឹងថា ឥណ្ឌា កំពុងត្រៀមបញ្ជូនព្រះបរមសារីរិធាតុ និងសត្វខ្លាធំ មកជូនកម្ពុជា នៅពេលដ៏ឆាប់ខាងមុខ។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនិងជម្រាបលា សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម សម្តេចហ៊ុន សែន បានសម្តែងនូវក្តីរីករាយទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋឥណ្ឌា ប្រចាំកម្ពុជា និងសហការី មុនពេលដែលលោកស្រីចាកចេញពីកម្ពុជា។ សម្តេចហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ និងជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។

នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរអរគុណចំពោះសម្តេចហ៊ុន សែន ដែលទទួលជួបលោកស្រី និងសហការី ទោះបីសម្តេច មានកិច្ចការដ៏មមាញឹកក៏ដោយ។ លោកស្រី បានសម្តែងនូវការដឹងគុណសម្តេចប្រធានព្រឹទ្ធសភា  ចំពោះការណែនាំ ភាពជាអ្នកដឹកនាំនិងមិត្តភាព ដែលនាំឱ្យលោកស្រី សម្រេចបាននូវបេសកកម្មការទូត រយៈពេល៤ឆ្នាំ នៅកម្ពុជា ជាមួយនិងសមិទ្ធផលប្រកបដោយក្តីពេញចិត្ត។  លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំនិងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយ គតិបណ្ឌិត របស់សម្តេច, ជ័យជម្នះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូន ទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេងនិងប្រកបដោយថាមពល។  លោកស្រីឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិ ស័យនិងភារកិច្ចធំចំនួនបួន ដែលសម្តេចហ៊ុន សែន បានណែនាំដល់លោកស្រី នាដើមអាណត្តិការទូត  ដែលរួមមាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា សន្ធិសញ្ញាវិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ ពីរាជធានីភ្នំពេញ ទៅរដ្ឋធានីញូវដេលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល។ ក្នុងចំណោមនោះ  លោកស្រីឯកអគ្គរដ្ឋទូត សម្រេចបានជោគជ័យក្នុងការភ្ជាប់ជើងហោះហើរត្រង់ ពីរាជធានីភ្នំពេញ ទៅរដ្ឋធានីញូវដេលី នៅឆ្នាំនេះ ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។ លោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគម្រោងផ្សេងៗដែលឥណ្ឌា បាននិងកំពុងជួយដល់កម្ពុជា មានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាពនិងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុ របស់ព្រះពុទ្ធ មកកម្ពុជា នាពេលដ៏ខ្លីខាងមុខ។

នៅក្នុងសកម្មភាពមីន លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជា សម្រេចបាន ជាពិសេស ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ លោកស្រី បានគូសបញ្ជាក់ថា សម្តេចហ៊ុន សែន មានបទពិសោធន៏យ៉ាងទូលំទូលាយខាងនយោបាយសកលលោក។ សំឡេងគាំទ្ររបស់សម្តេច និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។ លោកស្រី បានអរគុណសម្តេចហ៊ុន សែន ដែលបានគាំទ្រប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និងជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើបញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ …។ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ខ្ពស់ចំពោះមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្រ្ត ឥណ្ឌា-កម្ពុជា។ លោកស្រី បានបន្តជម្រាបសម្តេចហ៊ុន សែន អំពីបំណងរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងសម្តេចហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅឥណ្ឌា នាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសយើងទាំងពីរ។ 

ជាកិច្ចឆ្លើយតប សម្តេចហ៊ុន សែន បានថ្លែងអរគុណលោកស្រីឯកអគ្គរដ្ឋទូត ចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះការដឹកនាំនិងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ សម្តេចហ៊ុន សែន បានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រនិងជួយគ្នាទៅវិញទៅមក នាពេលកន្លងមក។ សម្តេច បានសម្តែងនូវក្តីរីករាយចំពោះការសម្រេចចក្ខុវិស័យនិងភារកិច្ចធំៗមួយចំនួន និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម ជាតួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សម្តេច បានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់ របស់ប្រទេសយើងទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍ វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចហ៊ុន សែន បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធ ដែលនឹងមកដល់កម្ពុជា នាពេលខាងមុខ។  សម្តេច បានគូសបញ្ជាក់ថា  ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើង ក៏ប៉ុន្តែមិនទាន់ស័ក្តិសមនឹងសក្តានុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌា ពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។ សម្តេច បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ផងដែរ។

នៅចុងបញ្ចប់ សម្តេចប្រធានព្រឹទ្ធសភា បានជូនពរលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា និងសហការី ទទួលបានជោគជ័យក្នុងភារកិច្ចក្នុងឆ្នាំថ្មី ឆ្នាំសកល និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការល្អបន្តទៀត នៃប្រទេសយើងទាំងពីរ៕ ខៀវទុំ

RELATED ARTICLES