ភ្នំពេញ ៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” (Celebrating Cambodia) ដែលជាព្រឹត្តិការណ៍ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិ នឹងរៀបចំឡើងនៅបរិវេណខាងមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ៣១ធ្នូ អមដោយកម្មវិធីកម្សាន្តសប្បាយជាច្រើន ដោយមានការដង្ហែក្បួនដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ក្នុងនោះមានយក្សល្ខោនបាសាក់ ចំនួន២០០នាក់ ឆៃយ៉ាំ៨៥នាក់។
![](https://norkorthom.com/wp-content/uploads/2024/12/z5-16.jpg)
ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងធ្វើឡើងនៅវេលាម៉ោង ៦ព្រលប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀត នឹងបន្តធ្វើឡើងរហូតដល់ម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
![](https://norkorthom.com/wp-content/uploads/2024/12/z1-33.jpg)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” នាពេលថ្មីៗកន្លងទៅនេះ លោកសុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” (Celebrating Cambodia) បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺដើម្បីផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិទាំងមូល ក្នុងគោលបំណងបង្ហាញ ក្នុងនាមជាប្រជាជាតិដែលមានអាយុកាលដ៏យូរលង់ កម្ពុជា កំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹមនិងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
![](https://norkorthom.com/wp-content/uploads/2024/12/z4-19.jpg)
លោកសុខ សប្បាយណា បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺជាគំនិតផ្តួចផ្តើមឡើងដោយលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អស់រយៈពេល ៧ឆ្នាំមកហើយ ទើបសម្រេចរៀបចំឡើងនាចុងឆ្នាំ២០២៤ នេះ។ លោកបញ្ជាក់ថា កម្មវិធីនេះ មិនអនុញ្ញាតឱ្យផ្សព្វផ្សាយម៉ាកសញ្ញាស្រាបៀរ នៅខាងមុខបរិវេណព្រះបរមរាជវាំងឡើយ។
![](https://norkorthom.com/wp-content/uploads/2024/12/z7-13.jpg)
លោកសុខ សប្បាយណា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ផ្តល់ជាវេទិកានិងឱកាសដល់គ្រប់កោសិកា គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗនៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិ ជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរ ក្រោមទង់នៃព្រះរាជា ណាចក្រកម្ពុជា ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយ និងបង្កើនមនោសញ្ចេតនារវាងប្រជា ជននៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ អបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែ មួយ នៅក្រោមទង់ជាតិតែមួយ ហើយដែលមានអនាគតតែមួយ ដើម្បីកម្ពុជា។
![](https://norkorthom.com/wp-content/uploads/2024/12/z6-15.jpg)
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” បានអញ្ជើញជាអធិបតី ក្នុងកម្មពិធីបួងសួងសុំសេចក្តីសុខដល់កម្មវិធីសិល្បៈ ទស្សនីយភាពចម្រុះ និងក្បួនដង្ហែព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅសួនខាងមុខព្រះបរមរាជវាំង។ នៅក្នុងពិធីបែបសាសនានេះ មានការរៀបចំថ្វាយតង្វាយសំណែនគ្រប់មុខ តាមទំនៀមទម្លាប់ដូនតា និងមានការថ្វាយភ្លេង និងក្រុមរបាំ ដល់វត្ថុស័ក្តិសិទ្ធិ ដែលមានឫទ្ធីបារមីខ្លាំងក្លា ឱ្យជួយប្រោះព្រំពរជ័យដល់ កម្មវិធី «សាទរកម្ពុជា» ឱ្យប្រព្រឹត្តទៅបានជោគជ័យ ប្រកបដោយសេចក្តីសុខ។
![](https://norkorthom.com/wp-content/uploads/2024/12/z3-17.jpg)
សូមបញ្ជាក់ដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីបង្ហាញពីអត្តសញ្ញាណ មោទនភាពនិងក្តីស្រឡាញ់សម្រាប់កម្ពុជា ក្នុងនោះមានកម្មវិធីជាច្រើន ដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ជាង៣០០០នាក់ ការបង្ហាញស្គរដ៏ធំ ទម្ងន់ ២តោន ការតុបតែងរចនាលាយឡំក្បាច់បុរាណនិងសហសម័យ ដ៏ស្រស់ស្អាតជាច្រើន បានទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្ត ថតរូបនៅខាងមុខព្រះបរមរាជវាំង ការលេងល្បែងកម្សាន្តដែលអាចនាំអារម្មណ៍លោកអ្នកទៅកាន់ទសវត្សឆ្នាំ១៩៨០ ការដាក់តាំងស្តង់ម្ហូបខ្មែរ ការសម្តែងសិល្បៈ ទស្សនីយភាពចម្រុះ ពីសិល្បករ សិល្បការិនីជាច្រើនរូប និងការរាប់ថយក្រោយឆ្លងឆ្នាំសកល និងមានការបាញ់កាំជ្រូចអបអរសាទរកម្ពុជា ឆ្លងចូលឆ្នាំសកល ២០២៥ ផងដែរ៕
![](https://norkorthom.com/wp-content/uploads/2024/12/z2-24.jpg)
![](https://norkorthom.com/wp-content/uploads/2024/12/z8-7.jpg)