ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់ ទើបនឹងមានផ្ទៃពោះ៧ខែ ក្រោយពេលឈឺបត់ជើងតូចរួច ស្រាប់តែឈឺពោះសម្រាលកូន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមគោយន្ត សំដៅទៅមន្ទីរពេទ្យ តែទៅមិនទាន់ដល់ពេទ្យ ក៏សម្រាលកូនតាមផ្លូវ និងត្រូវបានជំនាញពេទ្យឆ្មប នៃមណ្ឌលសុខភាព ជួយសង្គ្រោះបានទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ស្ត្រីដែលសម្រាលកូន មានឈ្មោះចេន អាន អាយុ១៨ឆ្នាំ មានលំនៅ ភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ចំណែកទារកដែលទើបនឹងសម្រាល គឺជាកូនដំបូង ទើបតែពពោះបាន២៨សប្តាហ៍ (៧ខែ) ប៉ុណ្ណោះ។

តាមសម្តីស្ត្រីខាងលើ បានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុ នាងខ្លួនមិនដឹងថាឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចរួច ស្រាប់មានអាការឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារបានហៅគោយន្ត និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ។ ប៉ុន្តែដោយសារផ្ទះរបស់នាងនៅឆ្ងាយពីមណ្ឌលសុខភាព ទើបក្រុម ទ្រទ្រង់សុខភាពភូមិ បានទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ។លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីបានបញ្ជូនរថយន្តគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មប ដើម្បីទៅទទួលលុះពេលកំពុងធ្វើដំណើរ បានជួបគោយន្តដែលដឹកស្ត្រីរូបនោះ តាមផ្លូវ នៅចំណុចកើតហេតុ និងបានចុះជួយសង្គ្រោះដល់ម្តាយនិងទារក បានទាន់ពេលវេលា។ បន្ទាប់មក ក៏បានបញ្ជូនស្ត្រីជាម្តាយ និងទារក មកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្តពិនិត្យព្យាបាលបន្ត។

លោកស្រីប្រធានមណ្ឌល បន្តថា ដោយទារកមានទម្ងន់ទាបពេក (១គីឡូក្រាម) ហើយមណ្ឌលសុខភាព ក៏កៀកទៅនឹងខេត្តសៀមរាប ទើបលោកស្រីសម្រេចចិត្តបញ្ជូនទាំងម្តាយ និងទារកទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តការតាមដាន និងព្យាបាល តាមរយៈរថយន្តគិលានសង្គ្រោះរបស់មណ្ឌលសុខភាព ។
ស្ត្រីជាម្តាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដោយសុវត្ថិភាព៕