ភ្នំពេញៈ រដូវកាលនៃការធ្វើជំរឿនសត្វក្រៀល ទូទាំងប្រទេសកម្ពុជា បានចូលមកដល់នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នេះ ដែលកាលបរិច្ឆេទនៃការធ្វើជំរឿន បានព្រមព្រៀងធ្វើឡើងនៅចុងខែនីមួយៗ ចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។


នៅចុងខែធ្នូ ថ្ងៃទី៣០ និង៣១ ឆ្នាំ២០២៤ ថ្មីៗនេះ ជាកាលបរិច្ឆេទនៃការធ្វើជំរឿនលើកដំបូងនៃរដូវកាលថ្មី ក្រុម ការងារអភិរក្សសត្វក្រៀល នៅកម្ពុជា ដែលបានកាន់ការងារនៅតាមទីតាំងដែលមានវត្តមានសត្វក្រៀល ទូទាំងប្រទេស ដោយមានមន្ត្រីសហការក្រសួងបរិស្ថាន និងអង្គការដៃគូ រួមមាន អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងអង្គការមជ្ឈមណ្ឌលអង្គរ សម្រាប់អភិរក្សជីវៈចម្រុះ (ACCB) បានសហការគ្នាក្នុងការធ្វើជំរឿនតាមកាលបរិច្ឆេទដែលបានកំណត់។


លទ្ធផលជំរឿនលើកទី១ រកឃើញថា សត្វក្រៀល ចំនួន១២៣ក្បាល កត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន តំបន់ការពារទេសភាពអន្លង់ព្រីង កត់ត្រាបានចំនួន ៨ក្បាល។ តំបន់ការពារទេសភាព បឹងព្រែកល្ពៅ កត់ត្រាបាន ៤៤ក្បាល។ ដែនជម្រកសត្វព្រៃលំផាត់ កត់ត្រាបានចំនួន ២២ក្បាល។ ដែនជម្រក សត្វព្រៃឆែប និងព្រៃព្រះរកា កត់ត្រាបានចំនួន១៣ក្បាល។ តំបន់ការពារទេសភាពវាល ទំនាបខាងជើងបឹង ទន្លេសាប កត់ត្រាបានចំនួន៣០ក្បាល។ តំបន់សត្វស្លាបពិសេស សេសាន កត់ត្រាបានចំនួន ៣ក្បាល និងប៉ែកខាងស្រែអំបិល កត់ត្រាបានចំនួន ៣ក្បាល៕




