Friday, January 10, 2025
Homeព័ត៌មានជាតិកម្លាំងប្រឆាំងចុះខ្សោយ អ្នកចុះចូលថា ដោយសារទឹកចិត្តអត់ឱនរបស់សម្តេចហ៊ុន សែន

កម្លាំងប្រឆាំងចុះខ្សោយ អ្នកចុះចូលថា ដោយសារទឹកចិត្តអត់ឱនរបស់សម្តេចហ៊ុន សែន

ភ្នំពេញ ៖ អ្នកនយោបាយដែលចុះចូលជាមួយបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា កម្លាំងប្រឆាំង ចុះខ្សោយ មិនមែនដោយសារគណបក្សកាន់អំណាច គំរាមកំហែង បង្ខិតបង្ខំសកម្មជនប្រឆាំងចុះចូលជាមួយខ្លួនទេ តែដោយសារទឹកចិត្តអត់ឱនរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបណ្ឌិត សាម អ៊ីន អតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បច្ចុប្បន្នមានតំណែងជារដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បើអ្នកសម្លឹងមើលហេតុការណ៍មួយភ្លែត អ្នកនឹងគិតថា កម្លាំងប្រឆាំងចុះខ្សោយ ដោយសារការប្រើអំណាចសម្លុតគំរាមរបស់សម្តេចតេជោ។ ប៉ុន្តែបើអ្នកសម្លឹងមើលឱ្យជ្រៅ និងងាកត្រលប់មើលក្រោយឱ្យឆ្ងាយ អ្នកនឹងដឹងថា កម្លាំងប្រឆាំងចុះខ្សោយ គឺមួយចំណែកធំ ដោយសារទឹកចិត្តអត់ឱនអភ័យ ការគោរពពាក្យសម្ដី និងទេពកោសល្យប្រាស្រ័យទាក់ទងដ៏ប៉ិនប្រសប់របស់សម្តេចតេជោ។ នេះគឺជាគុណធម៌ដ៏ល្អប្រពៃ ដែលមាននៅក្នុងបេះដូងអ្នកកសាងសន្តិភាព ចេញពីសង្រ្គាមបង្ហូរឈាម និងការបែកបាក់ជាតិយ៉ាងជ្រាលជ្រៅ“ ។

ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត សាម អ៊ីន ខាងលើនេះ លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា អ្វីដែលគណបក្សប្រឆាំងនិយាយថា គណបក្សកាន់អំណាច បានគំរាមកំហែង អូសទាញទឹកចិត្ត ដើម្បីឲ្យចុះចូលនោះ គឺជាការនិយាយដើម្បីលួងចិត្តខ្លួនឯង និងដើម្បីកុំឲ្យខ្លួនឯងបាក់មុខបាក់មាត់ ឬអាម៉ាស់ប៉ុណ្ណោះ តែអ្វីដែលជាការពិត គឺមកពីសកម្មជនប្រឆាំង មើលឃើញចំណុចអវិជ្ជមានរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង ដឹកនាំដោយទណ្ឌិត សម រង្ស៊ី មិនបានធ្វើជាមេដឹកនាំគំរូដូចជាសម្ដេចហ៊ុន សែន ទើបពួកគេផ្ដាច់ខ្លួនមករួមរស់ជាមួយគណបក្សកាន់អំណាច ដឹកនាំដោយសម្ដេចហ៊ុន សែន ។

លោកគុជ លី បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាប្រធានគណបក្ស ខ្ញុំយល់ឃើញថា គណបក្សកាន់អំណាច គឺជាគណបក្សមួយដែលបានរក្សាសន្តិភាពនៅក្នុងការអភិវឌ្ឍប្រទេស ។ អ៊ីចឹងហើយបានមានគណបក្សបងប្អូនមួយចំនួនដែលមាននិន្នាការប្រឆាំង បានចូលរួមយ៉ាងគគ្រឹកគគ្រេងជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺដោយសារទី១ ខ្ញុំកត់សម្គាល់ឃើញថា បរិបទនយោបាយ ដោយសារតែអតីតមេដឹកនាំគណបក្សប្រឆាំង ជាពិសេសគឺក្រុមមេដឹកនាំរបស់សម រង្ស៊ី តែម្ដង ដែលធ្វើនយោបាយយូរៗទៅ គឺនាំតែប្រជាពលរដ្ឋខ្លួនឯងជាប់គុក ជាប់ច្រវាក់ រត់ចោលស្រុក ធ្វើនយោបាយយូរៗទៅ គឺបង្អាប់បន្តុះជាតិសាសន៍ខ្លួនឯង មិនបានលើកកម្លាំងចិត្តដល់យុវជនជំនាន់ក្រោយ យុវជនដែលបន្តវេនធ្វើនយោបាយទេ ។ អ៊ីចឹងកត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ អតីតសកម្មជនគណបក្សភ្លើងទៀន ឬក៏កម្លាំងជាតិ ឬក៏កម្លាំងថ្មី ដែលកំពុងតែមករួមរស់ជាមួយនឹងគណបក្សប្រជាជននេះ គឺមិនមែនមានការគំរាមកំហែងពីគណបក្សកាន់អំណាចនោះទេ គឺដោយសារតែមេដឹកនាំរបស់ខ្លួន ខ្វះឆន្ទៈនយោបាយ ខ្វះចក្ខុវិស័យវែងឆ្ងាយ គឺធ្វើនយោបាយនាំប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាល តែខ្លួនឯងមិនបាននៅស្រុកខ្លួនឯង ញុះញង់ប្រទេសកម្ពុជាធ្វើឲ្យមានវឹកវរទៅវិញ ។ អ៊ីចឹងហើយ នេះគឺជាចំណុចអវិជ្ជមានដែលថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងហ្នឹង មិនបានធ្វើជាមេដឹកនាំគំរូដូចជាសម្ដេចហ៊ុន សែន នោះទេ ។ យើងប្រៀបធៀបទៅ ខ្ញុំគិតថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើនយោបាយក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ បើយើងគិតទៅ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់២៩ ធ្នូ ឆ្នាំ២០២៤ គឺរយៈពេល២៦ឆ្នាំនេះ យើងមើលឃើញថា គុណធម៌និងសិល្បៈនៅក្នុងការដឹកនាំ គឺធ្វើឲ្យប្រជាជាតិខ្មែរមួយ ដែលអាចរួមសុខរួមទុក្ខជាមួយគ្នាបាន“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “តាមគោលនយោបាយឈ្នះ-ឈ្នះ យើងមើលឃើញថា អាចឲ្យរបបខ្មែរក្រហម អង្គការចាត់តាំងមួយបានបញ្ចប់ ហើយវិលមករួមរស់ជាមួយគ្នា ក្រោមរាជរដ្ឋាភិបាលតែមួយ ។ អ៊ីចឹងយើងនៅក្នុងចំណុចនេះ អាចទាញយកហេតុផលហ្នឹងបានថា គណបក្សប្រឆាំង នៅពេលដែលមេដឹកនាំរបស់ខ្លួនបានធ្វើពីមានគណបក្ស រហូតដល់អត់គណបក្ស ។ ដូច្នេះហើយគឺការប្រមូលធនធានមនុស្ស ប្រមូលសកម្មជនដែលចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅពេលនេះ វាប្រៀបបានដូចជាសម័យខ្មែរក្រហម នៅពេលដែលអស់អង្គការចាត់ដូចគ្នា ។ អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ឃើញថា គណបក្សប្រឆាំង អំពាវនាវថា គណបក្សកាន់អំណាច ជាការគំរាមកំហែង ជាការអូសទាញទឹកចិត្តដើម្បីឲ្យចូលគណបក្សប្រជាជន ខ្ញុំគិតថា ពួកគាត់កំពុងតែនិយាយដើម្បីលួងចិត្តខ្លួនឯង ដើម្បីនិយាយប្រាប់ប្រជាពលរដ្ឋ និយាយប្រាប់សកម្មជនថា គណបក្សកាន់អំណាច ជាការអូសទាញទៅវិញទេ ដើម្បីកុំឲ្យខ្លួនឯងហ្នឹងបាក់មុខបាក់មាត់ អាម៉ាស់ ។ អ៊ីចឹងហើយ ខ្លួនឯងទៅបង្កើតព្រឹត្តិការណ៍ ឥឡូវយើងឃើញថា ចលនាផ្ការីក គឺជាចលនាមួយដែលស្ថិតនៅក្រោមចលនាតស៊ូជាតិរបស់គេហ្នឹង គឺកំពុងតែត្រដាបត្រដួស សម្រាប់ខ្ញុំ គឺចលនាផ្ការីក គ្រាន់តែជាផ្កាជ័រ វាមិនអាចរីកបាន ចលនាផ្ការីក គ្រាន់តែជាទឹ្រស្ដីនយោបាយមួយ ដើម្បំបំប្លែងបំផ្លាស់ ហើយនិងបំភិតបំភ័យប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ ។ សរុបមកវិញ យើងឃើញថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នេះ យើងឃើញថា ពិតជាមានទេពកោសល្យក្នុងការដឹកនាំ ដើម្បីឲ្យប្រជាពលរដ្ឋ ឬក៏អ្នកគាំទ្រ ឬក៏សកម្មជនគណបក្សនយោបាយផ្សេងៗទៀត អាចមករួមរស់ជាមួយគ្នាបាន វាមិនមានការគំរាមកំហែងនោះទេ គឺការចូលរួមដោយការស្ម័គ្រចិត្តរបស់គាត់តែប៉ុណ្ណោះ»។

ទោះបីជាយ៉ាងណា លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា ការដែលសកម្មជនបក្សប្រឆាំង បន្តមកចុះចូលជាមួយគណបក្សកាន់អំណាច មិនមែនដោយសារការអត់ឱន ភាពប៉ិនប្រសប់ ទេពកោសល្យរបស់សម្ដេចហ៊ុន សែន នោះទេ តែដោយសារយកលុយកាក់ បុណ្យស័ក្ដិ លាភសក្ការៈ ទៅឲ្យពួកគេ និងការបង្ខិតបង្ខំ បំភិតបំភ័យ ចាប់ដាក់គុក និងការរំលាយអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ទើបធ្វើឲ្យអ្នកទាំងនោះ បង្ខំចិត្តចុះចូល ។ ដូច្នេះអ្នកដែលលើកឡើងថា សម្ដេចហ៊ុន សែន មានទេពកោសល្យ ការអត់ឱនចំពោះសកម្មជនប្រឆាំង គ្រាន់តែជាការនិយាយដើម្បីយកចិត្តសម្ដេចហ៊ុន សែន និងដើម្បីបានលាភសក្ការៈ បុណ្យស័ក្ដិតែប៉ុណ្ណោះ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! យើងទៅចាប់អារម្មណ៍អីនឹងអតីតថ្នាក់ដឹកនាំគណបក្សនយោបាយដែលចុះចូលជាមួយគណបក្សកាន់អំណាច គាត់ចង់បានអំណាច ចង់បានតួនាទី លាភសក្ការៈ បុណ្យស័ក្ដិ គាត់ចេះតែនិយាយថា កម្លាំងបក្សប្រឆាំងនឹងចុះខ្សោយហើយ តាមពិតបើចុះខ្សោយ បោះឆ្នោតមក ឲ្យមានសង្រ្គោះជាតិ ឡើងវិញមក បោះឆ្នោតសាកមើល? មិនហ៊ានទេ! ដោយសារប្រជាពលដ្ឋ នៅតែគាំទ្រគណបក្សប្រឆាំង គណបក្សប្រឆាំង នៅតែខ្លាំង អ៊ីចឹងហើយបានជាអត់ហ៊ានបោះឆ្នោតនោះ បោះឆ្នោតតែម្នាក់ឯង មិនឲ្យគណបក្សប្រឆាំង ចូលរួមបោះឆ្នោតផង ដូចគណបក្សសង្រ្គោះជាតិ អីហ្នឹង ហើយថាមិនមែនដោយសារគណបក្សកាន់អំណាច បង្ខិតបង្ខំ មិនមែនទេ គឺដោយសារគណបក្សកាន់អំណាចហ្នឹង បង្ខិតបង្ខំ ចាប់គេដាក់គុក បំភិតបំភ័យ សម្លុតគំរាមកំហែង អ្នកខ្លះបើមិនចុះចូល គេចាប់ដាក់គុក ឃើញទេ? អាហ្នឹងជាការបង្ខិតបង្ខំ មិនមែនចូលដោយចិត្តទេ អ្នកខ្លះចង់បានលាភសក្ការៈ ហើយថាដោយសារតែអន់ចិត្ត ដោយសារតែចិត្តអត់ឱន គោរពពាក្យសម្ដី និងទេពកោសល្យទាក់ទងដ៏ប៉ិនប្រសប់របស់ហ៊ុន សែន និងគណបក្សប្រជាជន មិនមែនទេ មិនមែនដោយសារតែលោកហ៊ុន សែន ហ្នឹងអត់ឱន គោរពពាក្យសម្ដី ទេពកោសល្យប៉ិនប្រសប់អីទេ លោកហ៊ុន សែន ហ្នឹង គឺមនុស្សក្បត់ជាតិ ហើយមនុស្សកាចសាហាវ ព្រៃផ្សៃ ឃោរឃៅ ផ្ដាច់ការ អ្នកចុះចូល ចេះតែលើកសរសើរលោកហ៊ុន សែន ទៅ តាមពិតហ៊ុន សែន ហ្នឹង គឺជាមនុស្សដែលសាហាវបំផុតហើយ ដូចខ្លា ដូចបិសាចអ៊ីចឹងឯង ដូចតិរច្ឆានអ៊ីចឹងឯង និយាយឲ្យខ្លីទៅ ។ អ៊ីចឹងគ្មានអីឯណាទៅចិត្តអត់ឱន មានទេពកោសល្យស្អីទេ ។ ទេពកោសល្យអី បើទេពកោសល្យខ្លាំង បោះឆ្នោតជាមួយសង្រ្គោះជាតិ ទៅ មិនមែនរំលាយគេចោលទេ» ។

លោកអ៊ុំ សំអាន បន្តថា «ដូច្នេះមិនមែនដោយសារការប៉ិនប្រសប់របស់លោកហ៊ុន សែន ទាក់ទាញគេទេ ដោយសារតែយកលុយកាក់ បុណ្យស័ក្ដិ លាភសក្ការៈទៅឲ្យគេ ហើយនិងការបង្ខិតបង្ខំ ការចាប់គេដាក់ពន្ធនាគារ បំភិតបំភ័យផង បានគេចុះចូលនោះ ។ បើសិនបោះឆ្នោតដោយត្រឹមត្រូវ ឲ្យមានប្រជាធិបតេយ្យត្រឹមត្រូវ គ្មានអ្នកណាទៅចូលជាមួយហ៊ុន សែន ទេ ហ៊ុន សែន ហ្នឹងចាញ់ឆ្នោតគណបក្សសង្រ្គោះជាតិ ហើយ ។ ដូច្នេះការលើកឡើងហ្នឹង គ្រាន់តែជាការនិយាយដើម្បីយកចិត្តលោកហ៊ុន សែន បានលាភសក្ការៈ បុណ្យស័ក្ដិតែប៉ុណ្ណោះឯង“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា តាមទស្សនៈដែលលើកឡើងថា ការចុះខ្សោយបក្សប្រឆាំង ការចុះចូលរបស់ពួកសកម្មជនទៅជាមួយរដ្ឋាភិបាល ដោយសារសមានចិត្តអត់ឱន សម្ដីសំដៅពីរោះពិសា ឬទេពកោសល្យរបស់សម្ដេចហ៊ុន សែន នោះ វាមិនដូច្នោះទេ គឺមានហេតុផលធំ៣ ដែលលោកមើលឃើញថា ជាកត្តាធ្វើឲ្យសកម្មជនបក្សប្រឆាំង សម្រេចចុះចូលជាមួយគណបក្សកាន់អំណាច ឬធ្វើតាមការចង់បានរបស់សម្ដេចហ៊ុន សែន ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “តាមទស្សនៈដែលលើកឡើងថា ការចុះខ្សោយបក្សប្រឆាំង ការចុះចូលរបស់ពួកសកម្មជនទៅជាមួយរដ្ឋាភិបាល ដោយសារសមានចិត្តអត់ឱន ឬក៏សម្ដីសំដៅពីរោះពិសា ឬក៏ទេពកោសល្យអីរបស់លោកហ៊ុន សែន នោះ ខ្ញុំមើលទៅ វាមិនដូច្នោះទេ ។ នៅក្នុងរឿងនយោបាយនេះ វាមានហេតុផលពីរបី សម្រាប់ធ្វើសេចក្ដីពន្យល់ ។ និយាយពីការចុះចូលរបស់សកម្មជនទៅក្នុងបក្សកាន់អំណាចហ្នឹង ជាការពិតហើយ ទី១ គឺជាដើមចមដែលគណបក្សកាន់អំណាចហ្នឹង ប្រើយន្តការតុលាការ ឲ្យរំលាយចោលនូវគណបក្សសង្រ្គោះជាតិ ហើយធ្វើឲ្យគណបក្សសង្រ្គោះជាតិ បែកបាក់គ្នា ។ និយាយទៅ ការបែកបាក់ហ្នឹង វាគួបផ្សំដោយសារឥទ្ធិពលនៃនយោបាយគណបក្សប្រឆាំងខ្លួនឯងខ្លះផង និងគណបក្សកាន់អំណាច ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រឆាំងធំខ្លាំងផង ហើយការជ្រៀតជ្រែករបស់គណបក្សកាន់អំណាច ទៅក្នុងគណបក្សប្រឆាំងហ្នឹង បន្ទាប់ពីរំលាយហើយ មិនអស់ចិត្តទេ គឺតាមអូសទាញទឹកចិត្ត គំរាមកំហែងអីអ៊ីចឹង អាហ្នឹងហេតុផលធំទី១ ។ ឯហេតុផលធំទី២ លោកហ៊ុន សែន គាត់មានចេតនាមិនល្អ គឺតាមរយៈសារបែកធ្លាយកន្លងទៅថ្មីៗហ្នឹង គឺគាត់នៅតែបន្តយន្តការកម្ទេចចោលនូវមូលដ្ឋានគ្រឹះគណបក្សប្រឆាំង ជាពិសេសផ្នត់គំនិតនិងទស្សនៈ វិធានការអីនានារបស់អ្នកប្រជាធិបតេយ្យហ្នឹង គឺគាត់ត្រូវតែកម្ទេចចោល ដើម្បីគ្រប់គ្រង គាត់ប្រើយន្តការហ្នឹង ។ អ៊ីចឹងយន្តការហ្នឹង វាជាយន្តការមិនមានសុចរិតភាពទេ ហើយបើនិយាយពីរដ្ឋធម្មនុញ្ញ វាមិនស្របនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញទេ ហើយបើនិយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីស និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលខ្មែរយើងបានទទួលស្គាល់ដែរហ្នឹង ក៏ខុសដែរ ហើយកាលណាធ្វើនយោបាយខុសឆ្គងនៅក្នុងការគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិសំខាន់ៗអ៊ីចឹង ពិតជាមានចេតនាដឹកនាំមិនសុចរិតហើយ ហ្នឹងចំណុចទី២ ។ ចំណុចទី៣ គឺគាត់បំបាក់ស្មារតីពួកសកម្មជនប្រឆាំងហ្នឹង តាមរយៈចាប់ដាក់គុកទាំងគ្មានកំហុសហើយ បង្ខំឲ្យសុំទោស ហើយឲ្យចុះចូល ។ អាហ្នឹងក៏មិនមែនជាសុចរិតភាពដែរ មិនមែនមានន័យថា ជាចេតនាល្អ មានទេពកោសល្យទេ»។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ក្នុងន័យនេះ ខ្ញុំចង់និយាយពីគុណធម៌បន្តិច បើមេដឹកនាំដែលមានគុណធម៌ គឺធ្វើអ្វីដែលល្អ ដែលរស់សុខសាន្តជាមួយប្រជាពលរដ្ឋ ហើយបើនិយាយពីអំពើមិនល្អ គេហៅអគុណធម៌ ហើយបើមេដឹកនាំដែលមានរឿងរ៉ាវអគុណធម៌ក្នុងការដឹកនាំរាស្រ្តហើយ អាហ្នឹងវាធ្វើឲ្យរាស្រ្តហ្នឹងរងទុក្ខវេទនា។ ហើយមួយទៀត ធម្មជាតិរបស់មនុស្ស កាលណាមេដឹកនាំគំរាមកំហែង បំពានគ្រួសារប្រជាពលរដ្ឋ ធ្វើបាបហើយ វាចៀសមិនផុតទេ ប្រជាពលរដ្ឋគ្មានជម្រើសអី គាត់ចេះតែភ័យខ្លាច គាត់ចេះតែចុះចូលទៅ ទោះបីផ្លូវចិត្តគាត់មិនចុះចូលជាមួយអ្នកកាន់អំណាចហ្នឹងក៏ដោយ ក៏គាត់ចេះតែម៉ាៗយកតែស៊ងអ៊ីចឹងទៅ ពាក្យខ្មែរយើងថាអ៊ីចឹង តែបើសិនជាបើកសិទ្ធិ បើកសេរីភាពឲ្យមានការបោះឆ្នោតត្រឹមត្រូវ សេរីយុត្តិធម៌ ខ្ញុំជឿថា មេដឹកនាំកាន់អំណាចសព្វថ្ងៃហ្នឹង មិនបានលទ្ធផលដូចបំណងទេ មិនដូចការរំពឹងទុកទេ ហើយប្រហែលជាលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង មិនអួតក្អេងក្អាងអ៊ីចឹង ហើយខ្ញុំជឿថា លោកហ៊ុន ម៉ាណែត ក៏គ្មានឱកាសមកធ្វើនាយករដ្ឋមន្រ្តី តាមរយៈការផ្ទេរអំណាច ហើយការផ្ទេរអំណាចហ្នឹង ខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ គេឲ្យមានការបោះឆ្នោតត្រឹមត្រូវ មិនមែនឲ្យផ្ទេរពីឪ ទៅកូនទេ គេឲ្យបោះឆ្នោត ឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ប្រកួតប្រជែងការបោះឆ្នោត មិនមែនឪជាអ្នកប្រកួតទេ ហើយដល់ឪឈ្នះ ផ្ទេរឲ្យកូនទេ អាហ្នឹងវាខុសគោលការណ៍រដ្ឋធម្មនុញ្ញ វាខុសនឹងគោលការណ៍ប្រជាធិបតេយ្យហើយ ព្រោះកម្ពុជា យើងជាប្រទេសកាន់របបប្រជាធិបតេយ្យ» ។

លោកម៉ែន ណាត បន្តទៀតថា «ត្រលប់មកវិញ ខ្ញុំមើលមិនឃើញថា លោកហ៊ុន សែន គាត់មានអធ្យាស្រ័យល្អអីទេ គាត់ធ្វើបាបសកម្មជន ធ្វើបាបប្រជាពលរដ្ឋខ្លួនឯងឲ្យចុះចូល ឲ្យសុំទោស ឲ្យលុតក្រាបអីអ៊ីចឹង ដើម្បីជាថ្នូរនឹងការលើកលែងឲ្យមានសេរីភាពអីនេះ តាមពិតដូចខ្ញុំបានបញ្ជាក់ជូន វាជាអំពើទុច្ចរិត គំនិតមេដឹកនាំទុច្ចរិត ហើយយករឿងរ៉ាវទុច្ចរិតទាំងអស់ហ្នឹងមកអនុវត្តនៅក្នុងសង្គមជាក់ស្ដែង ដែលយើងហៅមួយយ៉ាងទៀតថា របបផ្ដាច់ការ មេដឹកនាំផ្ដាច់ការ គ្រួសារនិយម ។ លោកហ៊ុន សែន កំពុងតែដើរលើផ្លូវខុស ហើយនាំលោកហ៊ុន ម៉ាណែត កូនប្រុសគាត់ដើរលើផ្លូវខុសទៀត គឺដឹកនាំកម្ពុជាហ្នឹងឲ្យធ្លាក់ទៅភាពយ៉ាប់យ៉ឺន មានវិបត្តិធ្ងន់ធ្ងរហើយ កម្ពុជាយើងនោះ ព្រោះរដ្ឋធម្មនុញ្ញ គេនិយាយពីរបបប្រជាធិបតេយ្យ សេរីពហុបក្ស បោះឆ្នោតដោយមានការប្រកួតប្រជែងត្រឹមត្រូវយុត្តិធម៌ ក៏ប៉ុន្តែការដឹកនាំជាក់ស្ដែងបច្ចុប្បន្នអត់អ៊ីចឹងទេ វាទៅជារឿងផ្សេង គាបសង្កត់ ធ្វើបាបអ្នកប្រឆាំង បង្ខំអ្នកប្រឆាំងឲ្យចុះចូល រំលាយគណបក្សប្រឆាំងដែលមានឥទ្ធិពលចោល ហើយតាមបង្រ្កាបពួកអ្នកប្រឆាំង សូម្បីតែអ្នកប្រឆាំងក្នុងគណបក្សតូចតាចម៉េចក៏លោកហ៊ុន សែន តាមបង្រ្កាប ។ ដូច្នេះវាជារឿងមួយដែលបញ្ជាក់ថា មិនមានគុណធម៌ក្នុងការដឹកនាំទេ ហើយជារឿងមួយទៀតដែលបញ្ជាក់ថា គ្មានចិត្តអត់ឱន គ្មានចិត្តអធ្យាស្រ័យណាមួយទៅដល់ប្រជាពលរដ្ឋគ្រប់រូបទេ ។ បើសិនជាគេប្រើពាក្យមានចិត្តអត់ឱន អធ្យាស្រ័យ អាហ្នឹងវាគ្រាន់ជាលេស គ្រាន់តែជាការបកស្រាយទេ ប៉ុន្តែធាតុពិតនៅក្នុងសង្គមដែលមនុស្សម្នាយើងរៀនសូត្រតាមសាលាពីតូចដល់ធំ ហើយនិងតាមការប្រតិបត្តិច្បាប់ទម្លាប់ ព្រមទាំងអ្នកកាន់ប្រពៃណីព្រះពុទ្ធសាសនាអីមើលទៅ វាអត់ឃើញថាជាអំពើល្អ ជាវិន័យល្អ ជាក្រឹត្យក្រមល្អ ជាគោលការណ៍ល្អសម្រាប់ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាសុខសាន្តទេ ។ អ្វីដែលហៅថាសុខសាន្តបាន វាទាល់តែទាំងមេដឹកនាំ ទាំងបក្សប្រឆាំង ទាំងបក្សស្របអីហ្នឹងរស់នៅជាសុខនឹងគ្នា ហើយរួមគ្នាជជែកគ្នា ដោះស្រាយបញ្ហាជាតិរួមគ្នា អាហ្នឹងបានហៅថាល្អបាន ប៉ុន្តែនេះអត់ផង លោកហ៊ុន សែន បំបែកបំបាក់ជាតិខ្ទេចខ្ទី ធ្វើឲ្យច្របូកច្របល់ ហើយប្រជាពលរដ្ឋខ្មែរហ្នឹង ចេះតែរត់ចោលស្រុក រត់ចោលប្រទេស ដោយសារភ័យខ្លាចនឹងការគំរាមកំហែងពីរបបដឹកនាំហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES