ភ្នំពេញ ៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានចោទប្រកាន់ថា សម្ដេចហ៊ុន សែន នៅពីក្រោយករណីឃាតកម្មលើលោកលិម គិមយ៉ា អតីតសមាជិកសភាគណបក្សប្រឆាំង នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ។ មេធាវីសម្តេចហ៊ុន សែន បានហៅលោកសម រង្ស៊ី ជាអមនុស្សមានខួរពណ៌ខ្មៅ និងជាអ្នកនយោបាយល្ងីល្ងើ ក្បត់ជាតិតជំនាន់ ប្រព្រឹត្តអំពើបរិហារកេរ្តិ៍ជាសាធារណៈ មួលបង្កាច់ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។
លោកមេធាវី គី តិច បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ថា «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ។ នៅថ្ងៃទី៧-១-២០២៥ លោកលិម គិមយ៉ា ជាអ្នកនយោបាយខ្មែរ មួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើង ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ។
ក្នុងឋានៈជាជនជាតិខ្មែរតែមួយ ខ្ញុំសុំចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទម្លាក់កំហុសបង្វែរដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ច ក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទម្លាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ?
ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែងនិងផ្តន្ទាទោសនៅក្រោមច្បាប់ ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា“ ។
ជាមួយគ្នានេះ លោកមេធាវី គី តិច ក៏បានបង្ហាញនូវខ្លឹមសារបទល្មើសព្រហ្មទណ្ឌ មាត្រា៤៩៥ នៃបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានចែងថា «អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ» ។
ចំណែកមាត្រា ៤៩៦ បទញុះញង់ឱ្យមានការពីសអើង បានចែងថា «អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា ៨៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឱ្យប្រព្រឹត្តការរើសអើង ការកុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ឆ្នាំ ទៅ ៣ (0) ឆ្នាំ និងពិន័យជាប្រាក់ ពី ២ ០០០ ០០០ (ពីរលាន) រៀល៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ» ។
សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកមេធាវី គី តិច ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានលើកឡើងតាមបណ្ដាញសង្គម ហេ្វសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ថា សម្ដេចហ៊ុន សែន នៅពីក្រោយការសម្លាប់លោក លិម គិមយ៉ា អតីតសហការីរបស់លោក ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
លោកសម រង្ស៊ី បានសរសេរថា “ខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះការធ្វើឃាតមិត្តរួមការងាររបស់ខ្ញុំ គឺលោក លិម គិមយ៉ា ទាំងថ្ងៃត្រង់ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ដូចខ្ញុំដែរ លិម គិមយ៉ា ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភា កាលពីឆ្នាំ២០១៣ ក្រោមបដារបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលមានខ្ញុំជាប្រធាន។ ដូចខ្ញុំដែរ លិម គិមយ៉ា មិនបានបោះបង់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចប់របបអនាធិបតេយ្យរបស់ហ៊ុន សែន ដែលបានបង្កើតរបបផ្តាច់ការតពូជនៅកម្ពុជា។ ដូចខ្ញុំដែរ លិម គិមយ៉ា ធ្លាប់រស់នៅប្រទេសបារាំង ច្រើនឆ្នាំ ហើយកាន់សញ្ជាតិបារាំង-ខ្មែរពីរ។ ដូចខ្ញុំដែរ លិម គិមយ៉ា ជាសកម្មជនសកម្មបំផុតរបស់បក្សប្រឆាំង ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់ហ៊ុន សែន។ សមាជិកបក្សប្រឆាំង ជាច្រើននាក់ ត្រូវបានគេធ្វើឃាត។ ខ្លួនខ្ញុំផ្ទាល់ គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតជាច្រើនដង។ មនុស្សពីរនាក់របស់លោក ហ៊ុន សែន នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីស ក្នុងពេលឆាប់ៗនេះ។ ហ៊ុន សែន នឹងត្រូវបានគេមើលឃើញថា ជាអ្នកនៅពីក្រោយការធ្វើឃាតលោក លិម គិមយ៉ា ដូចជាការនៅពីក្រោយឧក្រិដ្ឋកម្មនយោបាយរាប់មិនអស់នៅកម្ពុជា ដែលឧក្រិដ្ឋជននិងឃាតករ តែងតែរួចខ្លួនពីការផ្តន្ទាទោស។ មេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក កំពុងងាកទៅរកការគាបសង្កត់ឆ្លងប្រទេសកាន់តែខ្លាំងឡើងៗ។ ហ៊ុន សែន គំរាមសម្លាប់ខ្ញុំ ឬចាប់ពង្រត់ខ្ញុំ លើដីបារាំង។ ខ្ញុំសង្ឃឹមថា អាជ្ញាធរថៃ នឹងសហការជាមួយប៉ូលិសបារាំង បង្រ្កាបប្រតិបត្តិការរបស់ហ៊ុន សែន ដែលកំពុងធ្វើសកម្មភាពនៅលើទឺកដីប្រទេសថៃ»។
ជុំវិញការចោទប្រកាន់មួលបង្កាច់ ទម្លាក់កំហុសមកលើសម្ដេចហ៊ុន សែន ពីសំណាក់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ខាងលើនេះ ក្រៅពីលោកមេធាវី គី តិច ចេញប្រតិកម្មដូចខាងលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ី ជាការមួយបង្កាច់ លាបពណ៌ បរិហារកេរ្ត៍ មកលើសម្ដេចហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។
លោកប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ករណីបាញ់សម្លាប់អតីតអ្នកតំណាងរាស្រ្ត លិម គិមយ៉ា សូមទុកឱ្យសមត្ថកិច្ចថៃ ស៊ើបអង្កេត ហើយកុំលាបពណ៌ មួលបង្កាច់ និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកេងចំណេញផ្នែកនយោបាយ ។ លោកបញ្ជាក់ថា វប្បធម៌លាបពណ៌ មួលបង្កាច់ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដោយគ្មានភ័ស្តុតាង វាបានក្លាយទៅជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយម អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយលោកថា នយោបាយស្មោកគ្រោករបស់ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយលោកសម រង្ស៊ី ដែលតែងតែប្រើវិធីសាស្រ្តមួលបង្កាច់គេ គ្មានភ័ស្តុតាងទាំងអស់នេះ គឺជាអ្វីដែលបាននិងកំពុងធ្វើឲ្យជីវិតនយោបាយរបស់គាត់ កាន់តែឈានទៅរកការបាត់បង់ការគាំទ្រទាំងស្រុង ។ ដូច្នេះលោកសុំឲ្យអ្នកនយោបាយក្ដី អង្គការសង្គមស៊ីវិលក្ដី ឬមួយក៏ប្រព័ន្ធឃោសនាក្ដី សុំឲ្យមានការទទួលខុសត្រូវ កុំចេះតែចោទប្រកាន់មួលបង្កាច់ ទាំងបំពានគេបែបនេះតទៅទៀត គឺមុននឹងនិយាយអ្វី ត្រូវតែមានភ័ស្តុតាង ត្រូវតែមានឯកសារ ឬក៏រង់ចាំលទ្ធផលនៃការស៊ើបអង្កេតច្បាស់លាស់ ។
ជាមួយគ្នានោះដែរ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជាចរិតរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយម ទោះជារឿងអីក៏ដោយ ក៏ចោទមកលើរាជរដ្ឋាភិបាលកម្ពុជា តែទស្សនៈមហាជន មិនជឿតាមទេ ។ អ្នកហែហមនិងកាន់ជើងទណ្ឌិតមេឧទ្ទាមជ្រុលនិយម តែងតែនិយាយចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា លើគ្រប់ករណី ។ សម្តេចហ៊ុន សែន ជាប្រធានគណបក្សផង ជាប្រធានព្រឹទ្ធសភាផង និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផង ម៉េចបានជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ថាជារបបផ្តាច់ការ? ពាក្យចាស់ពោលថា មាន់ណាក្តត មាន់នោះពង ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម តែងតែបង្កើតព្រឹត្តិការណ៍ចម្លែកៗ ដើម្បីដាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោកសុខ ឥសាន បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដឹងរឿងច្រើន មានតែបុគ្គលរូបនេះរៀបចំចាត់ចែងរឿងឃាតកម្មលើលោកលិម គិមយ៉ា ។ ខ្សែរយៈទណ្ឌិតមេឧទ្ទាមជ្រុលនិយម ជាខ្មែរនៅបារាំង ខ្លាចគេសង្ស័យ មិនហ៊ានធ្វើឃាតនៅបារាំង ទើបមកប្រព្រឹត្តនៅថៃ ដើម្បីចោលជើងនិងបង្វែងដាន ។ ក្រុមឧទ្ទាមក្រៅច្បាប់ តែងតែបង្កើតបញ្ហា ដើម្បីដាក់កំហុសលើអ្នកដទៃ ឯកឧត្តមរត់ចោលស្រុក ។ បើទណ្ឌិតមេឧទ្ទាមជ្រុលនិយម ពិតជាស្រឡាញ់និងចាត់ទុកលិម គិមយ៉ា ជាវីរជនខ្លួនមែន នៅពេលដឹងថាមានឃាតកម្ម ប្រាកដជាជិះយន្តហោះមកថៃ ដើម្បីតាមដានសភាពការណ៍សម្លាប់លិម គិមយ៉ា ជាមិនខាន ។ បើទណ្ឌិតមេឧទ្ទាមជ្រុលនិយម មិនទៅថៃ មើលសពលិម គិមយ៉ា ទេ មានន័យថា ទណ្ឌិតរូបនេះ មិនមែនជាមេល្អទេ ។ ការចេញចូលមកកម្ពុជា ច្រើនដង មានន័យថា លោក លិម គិមយ៉ា ទុកចិត្តលើសភាពការណ៍សន្តិសុខនៅកម្ពុជា ។ ការចេញចូលច្រើនដង និងវាយប្រហារខ្លាំងៗលើរាជរដ្ឋាភិបាលកម្ពុជា មិនប្រាកដជាស្មោះស្ម័គ្រលើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ។ អ្នកជេររាជរដ្ឋាភិបាលខ្លាំងៗ មិនប្រាកដជាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ទេ ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថា លិម គិមយ៉ា ស្មោះស្ម័គ្រជាមួយខ្លួនណាស់ ចុះហេតុអីនៅពេលលិម គិមយ៉ា ស្លាប់ ម៉េចបានជាទណ្ឌិតជាមេកោយ មិនមកចូលរួមមរណទុក្ខដោយផ្ទាល់ នៅស្រែកតែពីចម្ងាយ? នរណាក៏ដឹងដែរថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ ធ្វើនយោបាយស៊ីកូនចៅខ្លួនឯង បើសង្ស័យលើកូនចៅណាហើយ ច្បាស់ជាត្រូវទណ្ឌិតរូបនេះធ្វើស៊ីហើយ ដោយខ្លាចមកចុះចូលជាមួយគណបក្សកាន់អំណាច“ ។
ដោយឡែក លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានលើកឡើងថា ករណីឃាតកម្មលើលោកលិម គិមយ៉ា មានជាប់ទាក់ទងនឹងពួក ២ក្រុម គឺក្រុមរបស់សម សេរី និងក្រុមរបស់សម រង្ស៊ី ជាអ្នកធ្វើ ដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ដូចពាក្យថា «ស្វាស៊ីបាយ លាបមាត់ពពែ» ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ថា “ឃាតកម្មលើលិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ករណីនេះ ខ្ញុំមើលឃើញថា អាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃ ធ្វើជាជម្រកនយោបាយផង និងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្កចលាចលក្នុងប្រទេសកម្ពុជា កន្លងមកនោះគឺ ៖
ទី១ ៖ ក្រុមរបស់ សម សេរី ដែលពួកនេះតាំងដើមមកប្រមូលចងក្រងយកតែពលករញៀនថ្នាំ រស់នៅក្នុងប្រទេសថៃ ឲ្យចូលជាសមាជិក និងបង្ហាត់បណ្តុះបណ្តាលតែមនោគមន៍វិជ្ជាហិង្សា សង្គ្រាមនិយម តាមរយៈបង្កើតកងទ័ពប្រដាប់អាវុធខុសច្បាប់ និងកម្លាំងបំផ្ទុះគ្រប់រំសេវជាដើម ។
ទី២ ៖ ក្រុម សម រង្ស៊ី ដែលជាពួកអតីតទាហានសាធារណរដ្ឋ ក៏ជាអ្នកសង្គ្រាមនិយមដែរ ដែលបានចូលនិវត្តន៍ពីការងារឬស៊ីលុយរដ្ឋ មកពីបារាំង អាមេរិក និងកាណាដា ហើយរាល់ថ្ងៃ មកសំងំរស់នៅចាយលុយចូលនិវត្តន៍ក្នុងប្រទេសថៃ ដើរទាក់ទងអតីតទាហានថៃ អតីតទាហានលាវ ឬមីយ៉ាន់ម៉ា ដើម្បីជួយខ្លួនរកឱកាសបង្កការអុកឡុកប្រទេសខ្មែរ ឲ្យច្របូកច្របល់វឹកវរនយោបាយក្នុងប្រទេសខ្មែរ និងស្វែងរកឱកាសធ្វើអ្វីមួយដើម្បីបានជាលេសទម្លាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា (ខ្ញុំសូមបង្ហើបរឿងមួយកាលពីក្រោយបោះឆ្នោតឆ្នាំ២០១៣ ពួកគេធ្លាប់បានទាក់ទងលួងលោមខ្ញុំ ឲ្យចូលរួមក្នុងផែនការសម្លាប់កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឲ្យក្រុមសម រង្ស៊ី យកសពកឹម សុខា ធ្វើអាជីវកម្ម)“ ។
លោកបណ្ឌិត សួន សេរីរដ្ឋា បន្តថា “ក្រុមទាំង២ នេះថ្វីត្បិតតែចូលគ្នា តែមានទាក់ទងជួយលុយ ជួយចិញ្ចឹមគ្នាក្នុងប្រទេសថៃ យូរហើយ គ្រាន់តែមិនចូលគ្នាទេ ដោយសារបែងចែករវាងជំនាន់ចាស់ (សាធារណរដ្ឋ) និងក្មេង។ តែពួកគេមានទិសដៅបង្កការអុកឡុកនិងបង្កើតឧក្រិដ្ឋកម្មហិង្សានិយមនិងភេរវកម្មដូចគ្នា ។ លិម គិមយ៉ា មុនចេញពីបារាំង មកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈជាមួយសម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារលិម គិមយ៉ា យល់និងចាត់ទុកថា ចលនានេះគឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្មប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើបលិម គិមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយគណបក្សដែលបង្កើតឡើងដោយក្រុមអតីតសង្គ្រោះជាតិ ។ តាមអ្នកឲ្យព័ត៌មានច្បាស់ការ បានឲ្យដឹងថា លិម គិមយ៉ា នឹងជួបជាមួយយ៉ែម បុញ្ញឫទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ ។ ដូចនេះ ខ្ញុំសូមសន្និដ្ឋានថា ករណីឃាតកម្មលើលិម គិមយ៉ា គឺមានជាប់ទាក់ទងនឹងពួក ២ក្រុមខាងលើ ជាអ្នកធ្វើ ដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ពោលគឺ ស្វាស៊ីបាយ លាបមាត់ពពែ» ។
គួរបញ្ជាក់ថា លោកលិម គិមយ៉ា អាយុ ៧៣ឆ្នាំ អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាជនជាតិខ្មែរ សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនសញ្ជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅមុខវត្តបួរនិវេទ ក្នុងសង្កាត់បាងឡាំភូ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥។
ក្រោយពេលធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យ ដែលមានឈ្មោះ ឯកលក្ខណ៍ ផែណយ ហៅ ចាអេម ជាជនជាតិថៃ ជាអតីតទាហានជើងទឹកថៃ បានរត់គេចខ្លួនឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ហើយត្រូវបានកងកម្លាំងសមត្ថកិច្ចកម្ពុជាចាប់បាននៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងត្រៀមបញ្ជូនទៅឲ្យប្រទេសថៃ តាមការស្នើសុំ បន្ទាប់ពីបញ្ចប់នីតិវិធី ។
តាមប្រភពប៉ូលិសថៃ ដែលចុះធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ បាននិយាយថា ជនសង្ស័យជាឃាតករ ស្លៀកខោជើងវែង និងពាក់ម៉ាស់ ហើយមានកាបូបស្ពាយនៅពីខាងមុខ ទំនងកាំភ្លើងលាក់ទុកនៅក្នុងកាបូបនោះ។ ជនសង្ស័យជាឃាតករ បើកបរម៉ូតូ ម៉ាកហុងដា Wave សេ100 ពណ៌ក្រហម ពាក់ស្លាកលេខ 1 กช 845 ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចុះថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃ បានធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះ Ekkalak Phenoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក ។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានខាងលើ បន្តថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥ៈ៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាត់ដំបង បានរកឃើញនិងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង់។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលបាត់ដំបង ដើម្បីបន្តនីតិវិធី។ ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅប្រទេសថៃ វិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជា បញ្ចប់នីតិវិធី ៕ កុលបុត្រ