ខេត្តតាកែវ ៖ លោកទ្រី ស៊ីថេង ប្រធានថែរក្សាសត្វភ្នំតាម៉ៅ បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ថា ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ ពីអ្នកមើលថែនៅឧទ្យានសួនសត្វព្រៃការពារនិងភូតគាម “ភ្នំតាម៉ៅ” ឥឡូវនេះកូនដំរី លំផាត់ រំពឹងថា នឹងជាសះស្បើយជើង១០០ភាគរយ មុនកាលកំណត់។

កូនដំរី លំផាត់ ដែលជាប់អន្ទាក់ព្រានព្រៃ ហើយត្រូវបានសង្គ្រោះ យកមករស់នៅសួនសត្វភ្នំតាម៉ៅ រយៈពេលជិត ១ខែនេះ លោកកុសល់ គឺជាអ្នកថែទាំ ដោយដើរតួជាម្តាយផង ឪពុកផង មើលថែ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់ទឹកដោះគោ (ម្សៅទឹកដោះគោ លាយទឹកសុទ្ធ ១ថ្ងៃលំផាត់ ត្រូវការ ១៦ទៅ១៧លីត្រ) និងការលាងរបួសជើ ងរៀងរាល់ថ្ងៃ (១ថ្ងៃ លាង១ដង រៀងរាល់ព្រឹក) ធ្វើឱ្យលំផាត់ មានភាពកក់ក្តៅ និងជើងឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ។

លោកទ្រី ស៊ីថេង បានបញ្ជាក់ថា លោកគិតថា លំផាត់ ត្រូវចំណាយពេលព្យាបាលយ៉ាងហោច៤ទៅ៥ខែ ប៉ុន្តែមិនដូច្នោះទេ លំផាត់ អាចជាឆាប់ៗនេះ យ៉ាងយូរ ១ខែអីទៀត។ ថ្វីបើលំផាត់មានស្ថានល្អប្រសើរ ឬជាសះ ស្បើយ ១០០ភាគរយហើយក្តី ក៏លំផាត់ ទំនងជាមិនអាចវិលទៅរកម្តាយនៅឯព្រៃវិញឡើយ ដោយសារកូនដំរី លំផាត់ បានស៊ាំទៅនឹងជីវិតដែលរស់នៅជាមួយមនុស្ស ហើយហ្វូងដំរី ក៏ពិបាកទទួលយកលំផាត់ ចូលក្រុមវិញដែរ។

លោកទ្រី ស៊ីថេង បន្ថែមថា ១ខែ រស់នៅភ្នំតាម៉ៅ កូនដំរី លំផាត់ បានក្លាយជាតារារះសម្រាប់មហាជន ដែលចង់មកទស្សនាកម្សាន្ត ហើយសម្តែងនៅក្តីអាណិតអាសូរ លំផាត់ និងចង់ឃើញលំផាត់ មានជីវិតស្រស់ស្រាយ ម៉្លោះហើយអ្នកមកទស្សនាមិនត្រឹមតែមកមើលលំផាត់ នោះទេ តែកូនដំរីកម្សត់ព្រាត់ម្តាយ ដែលទើបមានអាយុ ៥ខែនេះ តែងទទួលបានអំណោយជាហូរហែពីភ្ញៀវ ជាពិសេសទឹកដោះគោ ព្រោះលំផាត់ នៅតូច ចំណីល្អបំផុត គឺបៅទឹកដោះគោ ដោយ ២ម៉ោង បៅម្តង។

សកម្មភាពមកទស្សនាលំផាត់ ច្រើនកុះករ គឺជាសញ្ញាណល្អ ដែលបង្ហាញឱ្យឃើញថា ប្រជាជនខ្មែរ យកចិត្តទុកដាក់ជីវិតសត្វព្រៃ ហើយឥទ្ធិពលនេះនឹងផ្សព្វផ្សាយឱ្យកាន់តែខ្លាំងឡើងដល់ប្រជាជនផ្សេងទៀត បញ្ឈប់សកម្មភាពហូបសត្វព្រៃ ងាកមកថែរក្សាសត្វព្រៃ និងការស្រឡាញ់បរិស្ថាន។

លោកទ្រី ស៊ីថេង សង្ឃឹមថា ការផ្សព្វផ្សាយពីបងប្អូនលើបណ្តាញសង្គម អំពីជីវិតរបស់លំផាត់ នឹងកាន់តែឱ្យគេស្គាល់ភ្នំតាម៉ៅ និងមកទស្សនាកម្សាន្តភ្នំតាម៉ៅ កាន់តែច្រើនបន្ថែមទៀត ដែលធ្វឱ្យសួនសត្វ មានចំណូលដើម្បីជួយសត្វផ្សេងទៀតនៅភ្នំតាម៉ៅ និងការហុចចំណូលដល់សហគមន៍ដែលជាអាជីវករលក់ដូរ នៅក្នុងបរិវេណសួនសត្វភ្នំតាម៉ៅ ផងដែរ។

គួរបញ្ជាក់ថា “លំផាត់” គឺជាកូនដំរីទី២ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ទទួលមកព្យាបាលនិងថែរក្សា។ ខណៈដែល កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ “ចាណាម” ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបា ជាងមួយសប្តាហ៍ នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕



