Sunday, January 12, 2025
Homeសង្គម និងជីវិតយាយពិការ អរគុណតុលាការផ្តល់យុត្តិធម៌វិវាទដីស្រែប្រាំង

យាយពិការ អរគុណតុលាការផ្តល់យុត្តិធម៌វិវាទដីស្រែប្រាំង

ខេត្តតាកែវ ៖ ស្ត្រីចំណាស់ពិការរស់នៅខេត្តតាកែវ បានចេញវីដេអូថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្តតាកែវ ព្រមទាំងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានកាត់សេចក្តីផ្តល់យុត្តិធម៌ជូនរូបខ្លួន ព្រមទាំងក្រុមគ្រួសារ ក្នុងសំណុំរឿងវិវាទដីស្រែប្រាំងមួយកន្លែង ស្ថិតក្នុង ភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមរយៈវីដេអូលោកយាយ ប៉ុល ស៊ីថេត និងលោកតា ប៉ុល វុទ្ធី បានថ្លែងអំណរគុណលោកអ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ និងសហការី ព្រមទាំងក្រសួងយុត្តិធម៌ ដែលផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ ក្នុងសំណុំរឿងរដ្ឋប្បវេណី មានដើមបណ្តឹងឈ្មោះ ជា ស៊ីថន និងឈ្មោះជា រិទ្ធ ដែលបានក្លែងឯកសារប្លង់ដីប្តឹងពួកគាត់។

លោកយាយ ប៉ុល ស៊ីថេត អាយុ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្លាប់បានរៀបរាប់ កាលពី ពេលកន្លងទៅថា កាលអំឡុងឆ្នាំ២០២២ ឈ្មោះជា ស៊ីថន និងឈ្មោះជា រិទ្ធ បានដាក់ពាក្យបណ្តឹងចូលមកសាលាដំបូងខេត្តតាកែវ ប្តឹងទាមទារ ដីស្រែប្រាំង ដែលជាកម្មសិទ្ធិរបស់នាងខ្ញុំ ដោយរូបគេធ្វើការអះអាងភ្ជាប់មកជាមួយឯកសារក្លែង ដើម្បីបំភ័ន្តតុលាការ ក្នុងការចោទប្រកាន់មកលើ រូបនាងខ្ញុំ ដូចមានក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១២៩ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តតាកែវ។

ក្រោយមកបន្ទាប់ពីសាលាដំបូងខេត្តតាកែវ បានអនុវត្តនីតិវិធីចប់សព្វគ្រប់រួចមក សាលាដំបូងខេត្តតាកែវ បានចេញសាលក្រម រដ្ឋប្បវេណី លេខៈ០៤ “ច” ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយតុលាការសម្រេចប្រគល់ដីទាំងនោះ មកឱ្យនាងខ្ញុំ ជាម្ចាស់កម្មសិទ្ធិយ៉ាង ពិតប្រាកដ។

ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានសារព័ត៌មានឈ្មោះទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន យូ បានចុះផ្សាយថា ការសម្រេច សេចក្តីរបស់តុលាការដូចមានក្នុងសាលក្រមខាងលើ គឺមិនមានភាពប្រក្រតីត្រង់ចំណុច ដែលមេធាវីតំណាងឱ្យឈ្មោះជា ស៊ីថន និងឈ្មោះជា រិទ្ធ បានលើក ឡើងថា “កូនក្តីរបស់ខ្លួនជាកូនចិញ្ចឹមរបស់ឈ្មោះប៉ុល មៅ ហេតុដូចម្តេចកូនក្តីរបស់ខ្លួនមិនទទួលបានដីពីឪពុកម្តាយចិញ្ចឹមបែបនេះ”។

ដោយការលើកឡើងនេះហាក់បីដូចជាមើលងាយដល់ការសម្រេចសេចក្តីរបស់ស្ថាប័នតុលាការជាខ្លាំង ព្រោះតែឈ្មោះជា ស៊ីថន និង ឈ្មោះ ជា រិទ្ធ ពិតជាមិនមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមតែជាកូនចិញ្ចឹមតែប៉ុណ្ណោះ ដូច្នេះគឺមិនមានសិទ្ធិក្នុងការទទួលបានដីនោះទេ។

ក្នុងករណីប្រសិនបើឈ្មោះជា ស៊ីថន និងឈ្មោះជា រិទ្ធ ពិតជាមានសិទ្ធិក្នុងការទទួលមរតកពីឪពុកម្តាយរបស់លោកស្រី ឈ្មោះប៉ុល ម៉ៅ មែននោះពួកគេគួរណាស់តែមានឯកសារបញ្ជាក់ថា ពិតជាទទួលដីពីឪពុកម្តាយ របស់លោកស្រីពិតមែន។

តាមរយៈលិខិតដដែលស្ត្រីចំណាស់ពិការដៃរូបនេះ បានឱ្យដឹងថា ជាក់ស្តែង មុនពេលឪពុកម្តាយស្រី បានទទួលមរណភាព គាត់បានធ្វើ លិខិតផ្ទេរកម្មសិទ្ធិដីទាំងនោះ មកឱ្យលោកស្រី និងមានអ្នកភូមិដឹងឮជាច្រើនអ្នកផងដែរ។ ជាក់ស្តែងនៅក្នុងសំណុំរឿងខាងលើ គឺលោកស្រីពិតជា ម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដ ដោយហេតុថាឯកសារកម្មសិទ្ធិដីទាំងអស់គឺជាឈ្មោះរបស់ប្តីលោកស្រី និងឪពុករបស់លោកស្រី ក្នុងនោះដែរ លោកស្រី ក៏មានសាក្សី ជាបងប្រុសបង្កើត ក៏ដូចជាឯកសារបញ្ជាក់ពីឪពុកម្តាយ ដែលសរសេរផ្តាំទុកមុន ពេលពួកគាត់ទទួលមរណភាព បញ្ចាក់ថា ដីទាំងអស់នេះមានការបែងចែកយ៉ាងត្រឹមត្រូវរួចមកហើយ៕

RELATED ARTICLES