ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ នេះ គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល៧៩,២២ភាគរយ ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ ផ្លូវមេ តភ្ជាប់មានប្រវែងសរុប ១៥,៤៩០គីឡូម៉ែត្រ (ផ្លូវមេ តភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គីឡូម៉ែត្រ និងត្រើយខាងលិចប្រ វែង ៧,៨០៦ គីឡូម៉ែត្រ) និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៥៥,២៧ ភាគរយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

អ្នកនាំពាក្យបានបន្តថា គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការត ភ្ជាប់ទំនាក់ទំនង និងជាក្តី សង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគ ឦសាន មកកាន់ទីប្រជុំជន ។

គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ 60B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ សំខាន់ៗដូចជា ត្រើយខាងលិច តភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្ត លេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯ ត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕


