ភ្នំពេញ ៖ ក្រុមប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលជូនលោក លិម គិមយ៉ា អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។ ក្រៅពីរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល អតីតគណបក្សប្រឆាំង និងសហគមន៍ខ្មែរ នៅក្រៅប្រទេស បានប្រកាសត្រៀមធ្វើយុទ្ធនាការទាមទារយុត្តិធម៌ជូនលោក លិម គិមយ៉ា ផងដែរ ។
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានរៀបចំពិធីបុណ្យ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបញ្ជាក់ថា ពិធីបុណ្យនេះ មាននិមន្តព្រះសង្ឃ សូត្រមន្តបង្សុកូល និងគោរពវិញ្ញាណក្ខន្ធលោកលិម គិមយ៉ា តាមបែបសាសនា ហើយពលរដ្ឋទូទៅ ក៏អាចចូលរួមបានដែរ។ លោកមើលឃើញថា ឃាតកម្មដ៏រន្ធត់កើតលើលោកលិម គិមយ៉ា នេះ គឺជាអំពើឃោរឃៅ អមនុស្សធម៌ ហើយការស៊ើបអង្កេតស្វែងរកយុត្តិធម៌ ត្រូវតែមានសម្រាប់អ្នកនយោបាយបក្សប្រឆាំងរូបនេះ។ លោកបញ្ជាក់ថា អ្វីដែលអ្នកនយោបាយ និងពលរដ្ឋខ្មែរ នៅចងចាំដក់ក្នុងចិត្ត គឺលោក លិម គិមយ៉ា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគាត់រក្សាជំហរនយោបាយ មិនងាករេ ក្នុងបុព្វហេតុការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះការធ្វើបុណ្យ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសល ក៏៏ដូចជាការគោរពវិញ្ញាណក្ខន្ធនេះ គឺជាតបស្នងសងគុណដល់លោកលិម គិមយ៉ា ដែលបានធ្វើកន្លងមក ហើយនេះក៏៏ជាគំរូសម្រាប់អ្នកប្រជាធិបតេយ្យ បន្តទៀតថា យើងមិនបោះបង់អ្នកប្រជាធិបតេយ្យ ដែលជាអ្នករងគ្រោះទេ យើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា ។
អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នងាកមកគាំទ្រគណបក្សកម្លាំងជាតិ ក្រោយគណភ្លើងទៀន លុបឈ្មោះពីសមាជិកភាព បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថា “ថ្ងៃនេះ គណបក្សកម្លាំងជាតិ បានប្រារព្ធពិធីបុណ្យ (៧ថ្ងៃ) ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក លិម គិមយ៉ា នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ។ សូមវិញ្ញាណក្ខន្ធលោកពូ លិម គិមយ៉ា បានទៅកាន់សុគតិភព!“ ។
ដោយឡែក តំណាងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ ប្រមាណ ១០នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានជួបជុំគ្នានៅក្នុងវត្តបួរនិវេទន៍ ក្បែរកន្លែងឃាតកម្ម និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោកលិម គិមយ៉ា នៅទីតាំងឃាតកម្មផ្ទាល់ ។ ចំណែកតំណាងសហគមន៍ខ្មែរ នៅអូស្ត្រាលី ក៏បានជួបជុំគ្នានៅទីស្នាក់ការសមាគមខ្មែររដ្ឋវិចតូរីយ៉ា (Victoria) នៅថ្ងៃដដែលនោះ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនលិម គិមយ៉ា ។
ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា លោក ជា យូហ៊ន បានបញ្ជាក់ថា តំណាងអង្គការសង្គមស៊ីវិល អតីតគណបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរនៅអូស្ត្រាលី បានរៀបចំពិធីបុណ្យ៧ថ្ងៃ ជូនលោក លិម គិមយ៉ា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមខ្មែរ រដ្ឋវ៉ិចតូរីយ៉ា។ លោកបន្តថា ពិធីនេះ បាននិមន្តព្រះសង្ឃធ្វើពិធីសាសនា ហើយក៏មានការថ្លែងសាររបស់វាគ្មិន និងអ្នកចូលរួមច្រើនរូបផងដែរ ។ ក្រៅពីនេះ សហគមន៍ខ្មែរ នៅទីនោះ ក៏គ្រោងយកញត្តិដាក់ជូនរដ្ឋាភិបាលអូស្ត្រាលី និងថៃ ដើម្បីជំរុញស្វែងរកការពិត ជាពិសេសអ្នកនៅក្រោយអំពើឃាតកម្មនេះ។
ចំណែកអតីតគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានប្រកាសរៀបចំធ្វើបុណ្យទក្ខិណានុប្បទាន ជូនសពលោកលិម គិមយ៉ា នៅគ្រប់រដ្ឋទាំងអស់ ក្នុងសហរដ្ឋអាមេរិក ។
ប្រធានចលនាស្ត្រី និងកិច្ចការបរទេស នៃអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី ធិត គឹមហ៊ុន បានឲ្យដឹងថា សាខាគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក នឹងរៀបចំពិធីបុណ្យតាមបែបសាសនា ជូនលោកលិម គិមយ៉ា ដោយចាប់ផ្ដើមចេញពីទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California) និងនៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេតស៍ (Massachusetts) នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។ ចំណែកសាខាគណបក្សសង្គ្រោះជាតិ នៅតាមប្រទេសមួយចំនួន ដូចជា បារាំង ជប៉ុន និងកូរ៉េខាងត្បូង ជាដើម ក៏នឹងរៀបចំពិធីបុណ្យដូចគ្នានេះដែរ ដើម្បីឧទ្ទិសកុសលជូនលោកលិម គិមយ៉ា ដែលត្រូវឃាតករបាញ់ប្រហារយ៉ាងឃោរឃៅ ។
ជាមួយគ្នានោះដែរ ពលរដ្ឋខ្មែរ និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ រស់នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ក៏បានធ្វើបុណ្យ ៧ថ្ងៃ ជូនសពលោកលិម គិមយ៉ា ដោយសេចក្ដីស្ដាយស្រណោះ និងទាមទាររកយុត្តិធម៌ជូនសពអតីតតំណាងរាស្រ្តរូបនេះ ។
លោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសខ្លួននៅប្រទេសកាណាដា បានបង្ហោះរូបភាពនៃការធ្វើបុណ្យឧទ្ធិសកុសលជូនលោកលិម គិមយ៉ា នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ពិធីបុណ្យបង្សុកូលជូនវិញ្ញាណក្ខន្ធឯកឧត្ដម លិម គិមយ៉ា នៅក្រុងម៉ុងរេអាល់ ប្រទេសកាណាដា“ ។
គួរបញ្ជាក់ថា លោកលិម គិមយ៉ា អាយុ ៧៣ឆ្នាំ អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាជនជាតិខ្មែរ សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនសញ្ជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅមុខវត្តបួរនិវេទន៍ សង្កាត់បាងឡាំភូ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥។
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ភរិយាជនជាតិបារាំង របស់លោក លិម គិមយ៉ា និងបងប្រុសរបស់លោក ដែលជាជនជាតិខ្មែរ បានមកជួបមន្ត្រីសមត្ថកិច្ចថៃ ដើម្បីធ្វើកំណត់ហេតុ និងរៀបចំឯកសារ ដើម្បីទទួលសាកសពប្ដី ទៅកាន់ប្រទេសបារាំង ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ពីស្ថានទូតកម្ពុជា និងស្ថានទូតបារាំង ។
ចំណែកខ្មាន់កាំភ្លើង ជាឃាតករ ឈ្មោះឯកលក្ខណ៍ ផែណយ ហៅចាអេម អាយុ ៤១ឆ្នាំ ជាជនជាតិថៃ ដែលបាញ់សម្លាប់លោកលិម គិមយ៉ា ហើយបានរត់គេចខ្លួនចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបាននៅខេត្តបាត់ដំបង និងបានប្រគល់ឲ្យសមត្ថកិច្ចថៃ តាមការស្នើសុំ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ។
តាមប្រភពបណ្ដាញព័ត៌មានថៃ បានរាយការណ៍នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ថា បន្ទាប់ពីសមត្ថកិច្ចថៃ បានធ្វើការសាកសួរ អស់រយៈពេល ៣ម៉ោង ទើបជនសង្ស័យ ព្រមសារភាពថា ខ្លួនស៊ីឈ្នួលធ្វើឃាតលោកលិម គិមយ៉ា ដោយសារតបស្នងអ្នកមានគុណរបស់ខ្លួន (អ្នកជួល) ក្នុងតម្លៃជួល ៦ម៉ឺនបាត ដោយអ្នកជួលបានប្រគល់លុយដំណាក់កាលដំបូង ៣ម៉ឺនបាត ហើយខ្លួនបានយកទៅលោះភ្លើង ២០០០បាត យកមកបាញ់សម្លាប់ជនរងគ្រោះ (លោកលិម គិមយ៉ា) ។
ប្រភពដដែល បន្តថា ជនសង្ស័យ បានសារភាពបន្តថា មុនពេលធ្វើសកម្មភាព គឺមានអ្នកប្រាប់ពីភិនភាគជនរងគ្រោះ ពេលនេះធ្វើដំណើរដល់ណាហើយ លុះពេលបាញ់សម្លាប់ជនរងគ្រោះបានសម្រេចហើយ ពេលរត់គេចខ្លួនទៅប្រទេសកម្ពុជា ក៏មានអ្នកឆាតមកប្រាប់ថា ត្រូវទៅចំណុចណា ប៉ុន្តែទោះបីជាយ៉ាងណា ជនសង្ស័យជាឃាតករ បានបដិសេធប្រាប់អត្តសញ្ញាណអ្នកជួលធ្វើឃាតលោលិម គិមយ៉ា ដោយសារបារម្ភពីសុវត្ថិភាពក្រុមគ្រួសារខ្លួន…៕