Wednesday, January 15, 2025
Homeព័ត៌មានជាតិប្រទេសអភិវឌ្ឍន៍តិចតួច បក្សកាន់អំណាចថា កម្ពុជាឆ្លងផុត បញ្ជាក់ពីស្នាដៃរាជរដ្ឋាភិបាល

ប្រទេសអភិវឌ្ឍន៍តិចតួច បក្សកាន់អំណាចថា កម្ពុជាឆ្លងផុត បញ្ជាក់ពីស្នាដៃរាជរដ្ឋាភិបាល

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការដែលអង្គការសហប្រជាជាតិ វាយតម្លៃថា កម្ពុជា ជាប្រទេសឆ្លងផុតឋានៈប្រទេសអភិវឌ្ឍន៍តិចតួច បញ្ជាក់ឲ្យឃើញច្បាស់ពីស្នាដៃការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធាន និងសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថា ការដែលអង្គការសហប្រជាជាតិ (អ.ស.ប) វាយតម្លៃថាកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច សបញ្ជាក់ពីការខិតខំដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅពេលរួចផុតពីឋានៈប្រទេសអភវិឌ្ឍន៍តិចតួច កម្ពុជា នឹងប្រែប្រួលមុខមាត់ថែមទៀត ដោយមានឯករាជ្យភាពនិងម្ចាស់ការលើខ្លួនឯងពិតប្រាកដ មិនអាចឲ្យប្រទេសដទៃវាយតម្លៃអវិជ្ជមានបាន  ជាពិសេសប្រទេសលោកខាងលិច សហភាពអឺរ៉ុប ដែលឲ្យប្រព័ន្ធអនុគ្រោះ ( EBA) លែងមានហេតុផលឬលេសអីដើម្បីធ្វើការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៀតហើយ ហើយពួកក្រុមប្រឆាំង (ក្រុមសម រង្ស៊ី) នៅក្រៅប្រទេស ក៏លែងមានលេសដើម្បីនឹងស្រែកវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ពីករណីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ប្រទេសកម្ពុជា ដែលមានឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបហ្នឹង វាមានតាំងពីនីតិកាលមុនម៉្លេះ តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ។ អ៊ីចឹងទេ វាចូលក្នុងក្របខ័ណ្ឌហ្នឹងយូរហើយ អ៊ីចឹងទេ ចាប់តាំងពីនោះមក គឺថា កម្ពុជា មានដំណើរការកសាងអភិវឌ្ឍប្រទេសហ្នឹង វាកាន់តែមានការរីកចម្រើន ។ អ៊ីចឹងទេ បានជាអង្គការសហប្រជាជាតិ ក្នុងពេលប្រជុំហ្នឹង គេវាយតម្លៃ ហើយគេសន្និដ្ឋានថា ដល់ឆ្នាំ២០២៩ គឺកម្ពុជា នឹងចាកចេញពីកម្រិតឋានៈជាប្រទេសចំណូលតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៩ ។ អ៊ីចឹងទេ បានជាគេវាយតម្លៃឲ្យយើង ហើយតាមរយៈការទូតរបស់យើងហ្នឹង យើងទទួលបានការវាយតម្លៃហ្នឹង ។ ចំពោះការខិតខំហ្នឹង យើងមិនអាចប៉ាន់ស្មានបានទេ ទាំងអស់ហ្នឹង វាលើគ្រប់វិស័យ ក៏ប៉ុន្តែក្នុងនេះ ដែលកត់សម្គាល់ គឺផ្នែកកសិកម្ម ផ្នែកសេវាកម្ម និងឧស្សាហកម្មតូចនិងមធ្យម ដែលមានជាកំណើនសេដ្ឋកិច្ច នៅក្នុង GDP របស់យើង ជារួមហ្នឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះការបារម្ភថា នៅពេលដែលឆ្លងផុតពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជា ប្រឈមនឹងការបាត់បង់ការអនុគ្រោះពាណិជ្ជកម្ម ឬប្រព័ន្ធអនុគ្រោះពន្ធនោះ មិនមែនខ្ញុំអ្នកព្រួយបារម្ភ ឬមិនព្រួយបារម្ភទេ គឺរាជរដ្ឋាភិបាលលោកបានត្រៀមលក្ខណៈរួចជាស្រេចហើយ ពីព្រោះមានប្រទេសជាច្រើនណាស់ ដែលអត់បានទទួល EBA និង GSP ហ្នឹងឯង តែគេអត់មានបញ្ហាអីទេ នៅតែទៅមុខ ។ អ៊ីចឹងទេ ការដែលយើងឈានចូលពីដំណាក់កាលឋានៈជាប្រទេសចំណូលតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមហ្នឹង គឺវាមានលក្ខណៈងាយស្រួលច្រើន ព្រោះយើងមានបទពិសោធន៍ជាមួយនឹងបណ្ដាប្រទេស ។ ទី២ គឺរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈហើយ ដូចជាសហភាពអឺរ៉ុប អីគឺថា រាជរដ្ឋាភិបាល មិនទទួលបាន EBA មែន ក៏ប៉ុន្តែរាជរដ្ឋាភិបាល បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសមាជិកនៃអង្គការសហភាពអឺរ៉ុប ហ្នឹង មួយចំនួនធំរួចទៅហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ថ្មីៗនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជន បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រីកឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង ជាពិសេស សម្ដេច បញ្ជាក់ថា យើងមិនអាចនៅជាប្រទេសក្ររហូត ដើម្បីបានការអនុគ្រោះពាណិជ្ជកម្មនោះទេ ។ អាហ្នឹងជាការពិតហើយ រាជរដ្ឋាភិបាល យើងឃើញថា មានទស្សនវិស័យត្រឹមត្រូវ ហើយមានផែនការច្បាស់លាស់ មិនអាចយកឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជាទៅដោះដូរសុំការអនុគ្រោះពីបណ្ដាប្រទេសណាៗទេ ។ អ៊ីចឹងទេ យើងខិតខំកសាងខ្លួនយើង ពង្រឹងខ្លួនយើងឲ្យរឹងទៅ អាហ្នឹងភាពអនុគ្រោះហ្នឹង វាបាត់ទៅឯកឯង ។ អ៊ីចឹងទេ វាជាកិត្តិយស ជាមោទនភាពរបស់ជាតិកម្ពុជា ហ្នឹងពិតប្រាកដមែន ។ ជារួមទៅ ក្រោយរួចផុតពីឋានៈប្រទេសអភវិឌ្ឍន៍តិចតួច កម្ពុជា នឹងប្រែប្រួលមុខថែមទៀត គឺជាការពិតហើយ ជាពិសេសលោកខាងលិច ជាពិសេសអឺរ៉ុប ដែលឲ្យ EBA ហ្នឹងគឺថាលែងមានហេតុផលអី ឬលេសអី ដើម្បីធ្វើការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ ហើយនិងការរំលោភសិទ្ធិមនុស្សហ្នឹង វាលែងមានទៀតហើយ ហើយពួកក្រុមប្រឆាំង ក៏លែងមានលេសដើម្បីនឹងស្រែកវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ពីករណីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ“។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលដ៏សំខាន់មួយសម្រាប់កម្ពុជា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ កាលពីពេលថ្មីៗនេះ ដែលបញ្ជាក់ពីការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ រួមជាមួយនឹងប្រទេសសេណេហ្គាល់។

យោងតាមសេចក្តីសម្រេច A/79/L.49 ដែលត្រូវបានអនុម័តដោយមហាសន្និបាត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា និងសេណេហ្គាល់ ត្រូវបានផ្តល់ពេលវេលាបន្ថែមចំនួន ៥ ឆ្នាំ សម្រាប់ការចាកចេញ ដោយពិចារណាលើសំណើ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ ។ រយៈពេលអនុញ្ញាតជាធម្មតា គឺ៣ឆ្នាំ។

ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច របស់កម្ពុជា ត្រូវបានកំណត់ឡើងវិញ បន្ទាប់ពីការកំណត់ពេលវេលាកាលពីពេលមុន នៅឆ្នាំ២០២៧។ គណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) បានធ្វើការសម្រេចចិត្តនេះ កាលពីដើមឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរការវាយតម្លៃ។ លក្ខណៈវិនិច្ឆ័យសម្រាប់ការចាកចេញ រួមមាន ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យសកម្មមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

មហាសន្និបាតអង្គការសហប្រជាជាតិ បានធានាបន្តការគាំទ្រដល់ប្រទេសទាំងពីរ ក្នុងអំឡុងពេលអន្តរកាល និងពេលបន្ទាប់។ ប្រទេសទាំងពីរ ក៏អាចសហការជាមួយដៃគូទ្វេភាគី និងពហុភាគីក្នុងតំបន់ សម្រាប់អន្តរកាលនេះ។ ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺមិនមានបញ្ហាប្រឈមនោះទេ ប៉ុន្តែកម្ពុជា នឹងបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មមួយចំនួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាពិសេសដោយសារកម្ពុជា ពឹងផ្អែកខ្លាំងលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ អត្ថប្រយោជន៍ទាំងនេះ រួមមានការលើកលែងពន្ធ ក្រោមប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដោយប្រទេសផ្សេងៗ រួមទាំងសហភាពអឺរ៉ុប ផងដែរ។

គួរកត់សម្គាល់ផងដែរថា ការវាយតម្លៃបឋមរបស់អង្គការសហប្រជាជាតិ សម្រាប់ការត្រួតពិនិត្យរយៈពេល ៣ឆ្នាំ បានផ្តល់ឱ្យកម្ពុជា នូវការវាយតម្លៃជាវិជ្ជមាន សម្រាប់ការចាកចេញ ជាមួយនឹងពិន្ទុប្រាក់ចំណូលជាតិសរុប (Gross National Income-GNI) សម្រាប់មនុស្សម្នាក់ ចំនួន ១៥៤៦ដុល្លារ ដែលលើសពីលក្ខណៈវិនិច្ឆ័យ (threshold) នៃ១៣០៦ដុល្លារ។ កម្ពុជា ក៏ទទួលបានពិន្ទុល្អ ៧៧.៧ លើសន្ទស្សន៍ទ្រព្យសកម្មមនុស្ស (Human Assets Index-HAI) ដែលលើសពីលក្ខណៈវិនិច្ឆ័យ ៦៦ពិន្ទុ ឬច្រើនជាងនេះ។ កម្ពុជា ក៏មានវឌ្ឍនភាពយ៉ាងល្អ នៅក្នុងសន្ទស្សន៍សេដ្ឋកិច្ចនិងបរិស្ថាន (EVI) ជាមួយនឹងពិន្ទុ ២៣.៣ (លក្ខណៈវិនិច្ឆ័យសម្រាប់ក្រុមនេះ គឺ៣២ ឬទាបជាងនេះ)។

ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) គឺជាដំណើរការច្រើនឆ្នាំ ដែលចាប់ផ្តើមជាផ្លូវការ នៅពេលដែលប្រទេសមួយ បំពេញតាមលក្ខណៈវិនិច្ឆ័យនេះជាលើកដំបូង នៅក្នុងការវាយតម្លៃរយៈពេលបីឆ្នាំ របស់គណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP)។ CDP ត្រូវបានកំណត់ឱ្យពិនិត្យជារៀងរាល់ ៣ឆ្នាំម្តង នូវបញ្ជីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងដើម្បីផ្តល់អនុសាសន៍អំពីប្រទេសណាដែលត្រូវចាកចេញពីក្រុមប្រទេសនេះ។ ការរំពឹងទុក គឺថា កម្ពុជា នឹងសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឋានៈប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

គួររំលឹកថា កម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការបញ្ចប់ឋានៈរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាលើកដំបូង ក្នុងឆ្នាំ២០២១។ ទន្ទឹមនឹងការបញ្ចប់ឋានៈនេះ ដែលត្រូវបានចាត់ទុកថាជាដំណាក់កាលនៃការអភិវឌ្ឍន៍របស់ប្រទេស វាក៏មានន័យថា ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើន ដែលទទួលបានក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ។ កម្ពុជា នឹងលែងមានសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជា ចាកចេញពី LDC ។ ឥឡូវនេះ កម្ពុជា កំពុងស្ថិតក្នុងដំណើរការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដូចជា GSP Plus របស់សហភាពអឺរ៉ុប។ GSP Plus គឺជាការរៀបចំលើកទឹកចិត្តពិសេសរបស់សហភាពអឺរ៉ុប សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ចំនួន២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងអភិបាលកិច្ចល្អ។

យោងតាមគេហទំព័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជំរុញថា កម្ពុជា ក៏គួរតែបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTAs) និងមានវិធានបន្ទាន់ ដើម្បីពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចកើតឡើង នៅពេលដែលខ្លួនបានចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)  នេះបើយោងតាមគេហទំព័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ដោយឡែក តាមការកត់សម្គាល់ដោយទីប្រឹក្សាសេដ្ឋកិច្ច លោកហ្សឺរ៉ាល់ ផាសខូ (Gerald Pascua) និងលោកផ្រាមីឡា គ្រីវែលលី (Pramila Crivelli) ដែលជាសេដ្ឋវិទូ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ របស់ ADB និងលោកស្ដេហ្វាណូ អ៊ីណាម៉ា (Stefano Inama) ប្រធានជំនួយបច្ចេកទេសនៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច មួយចំនួនដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំង តាមរយៈការអនុគ្រោះពន្ធ និងវិធានប្រភពដើម ដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់អឺរ៉ុប ដោយមិនគិតពន្ធ។ ប្រសិនបើមិនបានរៀបចំដោយប្រុងប្រយ័ត្ន ការបាត់បង់ប្រព័ន្ធអនុគ្រោះទាំងនេះ អាចប៉ះពាល់ដល់លទ្ធផលនាំចេញរបស់កម្ពុជា ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ “ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង”។ កិច្ចសន្ទនាគោលនយោបាយនេះ បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកជំនាញផ្នែកអភិវឌ្ឍន៍ តំណាងវិស័យឯកជននិងសង្គមស៊ីវិល ដើម្បីពិភាក្សាពីទស្សនៈពហុភាគីនូវផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាល ដោយរលូននិងយូរអង្វែង។

ក្នុងអំឡុងពេលកម្មវិធី ក្រសួងផែនការ និង UNDP ក៏បានដាក់ផ្សព្វផ្សាយឯកសារគោលនយោបាយសង្ខេប ការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ៖ ការត្រៀមខ្លួន និងសក្តានុពលនៃផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គម។ ឯកសារគោលនយោបាយសង្ខេប វាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។ ការបាត់បង់នេះ អាចមានផលប៉ះពាល់ទៅដល់វិស័យសុខភាពសាធារណ: ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ជារួម។ ឯកសារគោលនយោបាយសង្ខេប បង្ហាញថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប (ប.ស.ស.) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារ ប្រមាណ ១៦៥ ០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។ ជាលទ្ធផល ប្រជាជនចំនួន ៤៣២ ០០០នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវ មិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅពេលនោះថា “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធផលដ៍សំខាន់នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលវាមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសផងដែរ។ អន្តរកាលនេះក៏នឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ ។ លោកស្រីបន្តថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ UNDP ប្តេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ភុជា ក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទាន ទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP (២០២៤-២០២៨) ។

លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍នៅពេលនោះដែរថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍnតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម^សេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ ដែលជាសេនាធិការនិងជាលេខាធិការដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកក្នុងការសម្របសម្រួលនិងរៀបចំការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍnតិចតួច និងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។ យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ^ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ គឺ១. ការពង្រឹង និងពង្រីកមូលធនមនុស្ស ២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច ៣. ការពង្រីកទីផ្សារពាណិជ្ជកម្ម ៤. ការទាក់ទាញការវិនិយោគបរទេស ៥. ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និង ៦. ការពង្រឹងយន្តការគាំពារសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក”  កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនៅពេលនោះថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យកម្ពុជា អាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់និងពិភពលោក, ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ និងការចូលជាសមាជិក WTO នៅឆ្នាំ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពលពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង២០ឆ្នាំ មកនេះ កម្ពុជា មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លានដុល្លារ ឡើងទៅដល់ ៤៨ពាន់លានដុល្លារ ។ សមិទ្ធផលទាំងនេះ កើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌនានា ព្រមទាំងបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជា នឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែងឬប្រឆាំងជាមួយប្រទេសណាឡើយ ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជា ឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល៣ឆ្នាំម្ដង ជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ។ ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី២ នេះ កម្ពុជា ត្រូវបានគណៈកម្មាធិការដដែល របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ។ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេសនិងដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ៕ កុលបុត្រ

RELATED ARTICLES