ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់បង្គងរនាប បានលាក់ខ្លួនក្នុងភូមិសាស្រ្តស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងដែនជម្រសត្វព្រៃភ្នំឱរ៉ាល់ បានក្លាយជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធម្មជាតិ ។
គួរបញ្ជាក់ថា ក្រៅពីប្រជាជនទូទៅស្គាល់ថាជាខេត្តល្បីល្បាញរឿងផលិតក្អមឆ្នាំងដីនោះ ខេត្តកំពង់ឆ្នាំង ក៏មានភាពល្បីល្បាញជាខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ បង្កប់ខ្លួននៅតាមតំបន់ភ្នំ និងតាមដងទន្លេ ជាទីទាក់ទាញសម្រាប់វិស័យទេសចរណ៍មួយ ក្នុងប្រទេសកម្ពុជា ផងដែរ ។ ក្នុងនោះ នៅក្នុងស្រុកទឹកផុស មានរមណីយដ្ឋានទឹកជ្រោះ និងព្រៃភ្នំ យ៉ាងស្រស់ស្អាត ចំនួន៤ រួមមាន ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ស្រែអម្ពិល ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់បង្គងរនាប ។
ក្នុងចំណោមរមណីយដ្ឋានទឹកជ្រោះទាំង៤ ខាងលើ ទឹកធ្លាក់បង្គងរនាប ជារមណីយដ្ឋានធម្មជាតិមួយ ដែលបានរកឃើញកាលពីឆ្នាំ២០០១ និងត្រូវបានរៀបចំកែច្នៃឲ្យបានល្អប្រសើរ ដើម្បីជូនភ្ញៀវទៅកម្សាន្ដសប្បាយ ។
រមណីយដ្ឋានទឹកធ្លាក់បង្គងរនាប ស្ថិតក្នុងភូមិសាស្ដ្រ ភូមិចម្ការម៉ុច ឃុំជៀប ស្រុកទឹកផុស ចម្ងាយប្រមាណ ៥៩គីឡូម៉ែត្រ ពីក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ។
គួររំលឹកថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៣ ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ដែលមានទឹកធ្លាក់បង្គងរនាប បង្កប់ខ្លួន ជាមួយនឹងទឹកធ្លាក់ជាច្រើនទៀត ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតារ មកផ្ទៃដីទំហំ ២៥៨ ១៧២ហិកតារ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
ផ្ទៃដីដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ នេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតារ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ៤ ៤២២ហិកតារ ដែលមានចែងក្នុងអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
អនុក្រឹត្យនេះមានគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ៕ កុលបុត្រ