ខេត្តសៀមរាប៖ ក្រុមការងារនៃអាជ្ញាធរអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋ ទី១៥ នៃប្រាសាទភ្នំ បាខែង ជាស្ថាពរ បន្ទាប់ពីជួសជុលរយៈពេល ៦ខែមក។

មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទ ឥដ្ឋ ទី១៥ នៃក្រុមប្រាសាទភ្នំបាខែង បានបញ្ចប់ការងារជួសជុលនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុល ចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោ ងថ្មី ដើម្បីបន្តជួសជុលប្រាសាទឥដ្ឋ ទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។

មុនការជួសជុលប្រាសាទឥដ្ឋ ទី១៥ រងការខូចខាតខ្លាំង ដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់។

លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុល ប្រាសាទនេះនឹងឈររឹងមាំរាប់រយឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា ប្រាសាទឥដ្ឋ នៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូចត្រូវបានជួសជុលនិងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារអាជ្ញាធរអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ នៅឆ្នាំ២០២៥ នេះ អាជ្ញាធរអប្សរា កំពុងបន្តជួសជុលប្រា សាទឥដ្ឋ ទី១៤ ដែលសល់ស្លាកស្នាមគ្រឹះនិងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។ យ៉ាងណា នេះជាស្លាកស្នាមបុរាណ ដ្ឋានដ៏សំខាន់ដែលអ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្ត្រ ដែលគួរត្រូវបានរក្សានិងជួសជុលឱ្យគង់វង្សបន្តទៀត៕


