ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា សីតុណ្ហភាពនៅតាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចុះត្រជាក់ចាប់ពី២០ ទៅ១៨អង្សា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ការបន្តចុះ ត្រជាក់នេះ ដោយសារសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សា។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សា។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សា។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕