Saturday, November 23, 2024
Homeតារាខ្មែរម៉េង កែវ​ពេជ្ជតា ប្រតិ​កម្ម​នឹង​បទ​ចម្រៀង “រាំវង់​អន្លង់​រមៀត”

ម៉េង កែវ​ពេជ្ជតា ប្រតិ​កម្ម​នឹង​បទ​ចម្រៀង “រាំវង់​អន្លង់​រមៀត”

ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះបោះសំឡេងនិងមានទឹកដមសំនៀងក្រអួនក្រអៅ ជាប់ក្នុងក្រអៅបេះដូងមហាជនទូទៅ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចោញនូវប្រតិកម្មធ្ងន់ៗ ទាក់ទងទៅនឹងការចេញបទចម្រៀងថ្មីរបស់ ផលិតកម្មថោន ដែលមានចំណងជើង “រាំវង់ អន្លង់រមៀត” ច្រៀងដោយតារាចម្រៀងស្រី ចេន សាយចៃ ដោយអ្នកនាងម៉េង កែវពេជ្ជតា បានបញ្ជាក់ថា ទង្វើនេះគឺជាការមិនគោរពកម្ម- សិទ្ធិបញ្ញា ពិសេសមិនគោរពសិទ្ធិបុគ្គលតែម្តង ខណៈដែលបទចម្រៀងមួយនេះ អ្នកនាងផ្ទាល់ គឺជាម្ចាស់បទ និងម្ចាស់សំឡេងដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ទំព័រហ្វេសប៊ុករបស់ ផលិតកម្មថោន បានបង្ហោះនូវបទចម្រៀងរាំវង់ មួយបទដែលមានចំណងជើង “រាំវង់អន្លង់រមៀត” ព្រមទាំងបានសរសេរបញ្ជាក់ថា “អ្នកណាខ្លះ ចូលចិត្តចង្វាក់រាំវង់? តោះមករាំលេងកម្សាន្ត ជាមួយអ្នកនាងចេន សាយចៃ ក្នុងបទចម្រៀង មរតកដើម “រាំវង់អន្លង់រមៀត” ចេញលក់ក្នុង ពេលឆាប់ៗនេះ។

– បទ ៖ រាំវង់អន្លង់រមៀត

– ច្រៀង ៖ ចេន សាយចៃ

– និពន្ធទំនុកច្រៀង និងបទភ្លេង ៖ មរតកដើម

– សម្រួលបទភ្លេង ៖ ដា ភ្លេង”។

បន្ទាប់មក នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចោញនូវប្រតិកម្មចំពោះការចេញបទ ចម្រៀង “រាំវង់អន្លង់រមៀត” របស់ផលិតកម្ម ថោន តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាង ដូច្នេះថា “ជម្រាបសួរពុកម៉ែ បងប្អូន ពូមីង និង មិត្តជាទីគោរពស្រលាញ់ ក្រោយការដាក់បង្ហោះ ផ្សព្វផ្សាយបទចម្រៀង “រាំងវង់អន្លង់រមៀត” លើទំព័រសង្គមពីផលិតកម្មមួយ រួចមក ចម្ងល់ សំណួរ ប្រតិកម្ម និងមតិជាច្រើនបានផុសឡើង ជាបន្តបន្ទាប់ក្នុងន័យមិនពេញចិត្តនូវទង្វើរបស់ ផលិតកម្មមួយនោះ ដែលមិនត្រឹមមិនគោរព ច្បាប់នៃកម្មសិទ្ធិបញ្ញា មិនគោរពសិទ្ធិបុគ្គល មិន ដឹងកំហុស តែបែរជាចេញមកដោះសារដោយ ប្រើពាក្យមិនសមគួរបែបចំអកច្រាសឱ្យអ្នក គាំទ្រទៅវិញ។ នៅគ្រានេះដែរ សំណូមពរឱ្យ មានការបកស្រាយពីនាងខ្ញុំក្នុងនាងជាម្ចាស់ សំឡេងម្ចាស់បទចម្រៀងក៏ច្រើន។ ដូច្នេះនាង ខ្ញុំសូមអនុញ្ញាតចូលរួមយោបល់បន្តិចតាមការ ពិត។

ពីដំបូងបទនេះ សាច់ភ្លេងដើមច្រៀង ដោយអធិរាជសំឡេងខ្មែរ ស៊ិន ស៊ីសាមុត មាន ចំណងជើងថា “ស្រណោះណាស់” ហើយត្រូវ បានបង្កើតទំនុកច្រៀងថ្មី ជាបទស្រីនិពន្ធដោយ លោកបី ប៊ុនធួក ក្នុងផលិតកម្មឆ្លងដែន មាន ចំណងជើងថា “រាំងវង់អន្លង់រមៀត” ច្រៀង ដោយនាងខ្ញុំពេជ្ជតា និងសម្រួលតន្ត្រីថ្មី ដោយ លោកម៉ិញ សុធីវណ្ណ ហៅតូ។ បទទាំងពីរនេះ មិនមានទំនុកដូចគ្នាទេ រីឯសាច់ភ្លេង ក៏មាន កន្លែងខុសគ្នាបន្តិចៗដែរ។ បើតាមខ្ញុំចងចាំ បទនេះ (រាំងវង់អន្លង់រមៀត) លោកប៊ុនធួក គាត់និពន្ធតាំងពីឆ្នាំ១៩៧៥ ដោយយកតែសាច់ ភ្លេងចាស់របស់លោកស៊ិន ស៊ីសាមុត ប៉ុណ្ណោះ ឯទំនុកជាបទស្រី តែមិនទាន់បានថតទេ ព្រោះ ចូលរបបប៉ុលពត។ ទើបតែឆ្នាំ១៩៩៥ ទើប លោកយកមកឱ្យនាងខ្ញុំច្រៀង ថតបញ្ចូលស៊ីឌី ក្នុងផលិតកម្មឆ្លងដែន។ រាប់ពីពេលនាងខ្ញុំថត មកដល់បច្ចុប្បន្នបទនេះ មានអាយុ២២ឆ្នាំហើយ ហើយការគាំទ្រនៅតែមាន បើទោះបទនេះត្រូវ បានអ្នកចម្រៀងស្រករក្រោយយកមកច្រៀង តាមក្នុងផលិតកម្មផ្សេងក្តី។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះមិត្តអ្នកគាំទ្រ បានប្រទះឃើញបទនេះត្រូវបានផលិតកម្មក្នុង ស្រុកមួយយកមកថតចេញលក់ ដោយយក ទំនុកពីបទរបស់ពេជ្ជតា ក្នុងផលិតកម្មឆ្លងដែន ទាំងស្រុង ប៉ុន្តែបែរជាដាក់ថាជា “មរតកដើម” ទៅវិញ? ត្រង់នេះខ្ញុំចង់សួរថា ៖

-តើពាក្យមរតកដើមរបស់អ្នក មានន័យ ថាម៉េច? សង្ឃឹមថា ពាក្យមរតកដើមនេះមិន សំដៅទៅលើបទចម្រៀងដែលម្ចាស់បទស្លាប់ អស់នោះទេ មែនទេ?

-ចុះបើអ្នកចាត់ទុកថា បទនេះ មិនមែន ជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកនិពន្ធក្នុងផលិតកម្ម ខ្លួនទៅហើយ ហេតុអីអ្នកមិនស្រាវជ្រាវឱ្យច្បាស់ រួចសុំស្នើពីម្ចាស់គេផងទៅ បើម្ចាស់គេនៅរស់ ជ្រងោៗនៅឡើយនេះ?

-តើការធ្វើមិនស្គាល់ម្ចាស់ដើម វាអាច ក្លាយជាវប្បធម៌ជាន់ពន្លិចដែរទេ?

-តើការគោរពសិទ្ធិម្ចាស់ដើមវាពិបាក សម្រាប់អ្នកខ្លាំងណាស់ ឬយ៉ាងណា? បើតាម ស្គាល់ផលិតកម្មនេះ ខ្ញុំគិតថា អ្នកមិនមែនជា មនុស្សបែបហ្នឹងទេ តែថ្ងៃនេះខ្ញុំមិនយល់ឡើយ។ ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនអន់ចិត្តទេ ដែល អ្នកយករបស់ខ្ញុំទៅញ៉ាំ តែវាអាក្រក់មើលបំផុត ដែលអ្នកភ្លេចគុណខ្ញុំ។ ពិតជាខកចិត្តនឹងផលិតកម្មអ្នកខ្លាំងណាស់”។

ជុំវិញការបញ្ចោញប្រតិកម្មរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ខាងលើនេះ “នគរធំ” នៅ មិនទាន់អាចទាក់ទងសុំការបំភ្លឺ ឬឆ្លើយតបពី ភាគីផលិតកម្មថោន បាននៅឡើយ កាលពី ម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES