ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា នៅក្នុងសង្គមវប្បធម៌ក្តិចត្រួយ ធនធានមនុស្សដែលហ៊ានរិះគន់ចំណុចអវិជ្ជមានរបស់សង្គម ត្រូវបានកម្ចាត់ចោល និងចាត់ទុកជាអ្នកប្រឆាំង ។ អ្នកនយោបាយរូបនេះ បានលើកឡើងថា អ្នកជំនាន់ថ្មី មិនត្រឹមជាទំពាំងស្នងឫស្សីប៉ុណ្ណោះទេ តែត្រូវលូតឲ្យខ្ពស់ជាងឫស្សី គឺត្រូវលុបចោលទស្សនៈអវិជ្ជមាន ដែលនាំឲ្យខ្វះសេចក្តីក្លាហានក្នុងការបោះជំហានឆ្ពោះទៅមុខ តាមចក្ខុវិស័យនិងគោលដៅរបស់ខ្លួន ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “នៅក្នុងសង្គមវប្បធម៌ក្តិចត្រួយ ធនធានមនុស្សដែលហ៊ានរិះគន់ចំណុចអវិជ្ជមានរបស់សង្គម ត្រូវគេកម្ចាត់ចោល ចាត់ទុកជាអ្នកប្រឆាំង។ ធនធានដែលមានចំណេះដឹង សមត្ថភាព ឆន្ទៈ និងស្មារតី មិនហ៊ាននិយាយ មិនហ៊ានធ្វើ ធ្វើឱ្យសង្គមជាតិធ្លាក់ក្នុងភាពអន់ថយ មិនអាចងើបមុខបាន“ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែមថា “លុបចោលទស្សនៈអវិជ្ជមាន ដែលនាំឲ្យខ្វះសេចក្តីក្លាហានក្នុងការបោះជំហានឆ្ពោះទៅមុខ តាមចក្ខុវិស័យ និងគោលដៅរបស់ខ្លួន ។ អ្នកជំនាន់ថ្មី ត្រូវបន្តុបលើស្មាគ្នា នឹងផ្សារភ្ជាប់អ្នកជំនាន់ចាស់ ឲ្យកាន់តែខ្ពស់ឡើង លើសពីនិយមន័យពាក្យស្លោកថា «ទំពាំងស្នងឫស្សី មិនត្រឹមតែស្នងទេ តែត្រូវលូតឲ្យខ្ពស់ជាងដើមឫស្សីមុន» ទៅទៀត“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា ទាក់ទងនឹងសង្គមវប្បធម៌ក្ដិចត្រួយ និងយុវជនជាទំពាំងស្នងឫស្សី ក្នុងនាមប្រធានគណបក្សជំនាន់ថ្មី លោកចង់ឃើញនិស្សិត បញ្ញវន្ត អ្នកនយោបាយវ័យក្មេងបន្តវេន ទាំងគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ទាំងគណបក្សក្រៅរដ្ឋាភិបាល ចាប់យកវប្បធម៌សន្ទនា វប្បធម៌ការជជែក វប្បធម៌ដាក់បញ្ហា ដោះស្រាយតាមបញ្ញា តាមហេតុផល ដោយចំណេះដឹង ជាសង្គមមួយដែលទទួលបាននូវការឲ្យតម្លៃគ្នា ស្មើមុខស្មើមាត់ គ្មានបក្សធំ បក្សតូច បក្សកាន់អំណាច ឬបក្សប្រឆាំង គឺតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្តជាធំ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! យើងយល់ហើយ នៅក្នុងប្រទេសសង្គមប្រជាធិបតេយ្យ គឺគេយកការបញ្ចេញមតិ ការរិះគន់ ការនិយាយស្ដីពេញលេញ ដោយគ្មានការគំរាមកំហែង បំភិតបំភ័យ គាបសង្កត់ក្នុងឥទ្ធិពលនយោបាយ ឬក៏ឥទ្ធិពលអ្នកដឹកនាំណាដែលធ្វើឲ្យប្រទេសជាតិហ្នឹង ទៅជាជាការរិះគន់បែបវាយប្រហារ បែបគំនុំបុគ្គលនយោបាយ ក្រៅពីរិះគន់ស្ថាបនាដោយអង្គហេតុ អង្គច្បាប់ សមហេតុសមផល ។ អ៊ីចឹងយើងឃើញថា អ្វីដែលថា សង្គមប្រជាធិបតេយ្យ គេអត់គិតថា សង្គមហ្នឹងជាសង្គមក្ដិចត្រួយទេ ប៉ុន្តែយើងធ្វើការប្រៀបធៀប ហើយយើងតាមដានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ទៅនឹងសកម្មភាពនៃអង្គការសង្គមស៊ីវិល អង្គការជាតិនិងអង្គការអន្តរជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃប្រទេសកម្ពុជា សិទ្ធិមនុស្សនៃសហគមន៍អន្តរជាតិ ដែលកម្ពុជា បានទទួលយក ក្រោយពីអនុលោមនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងកតិកាសញ្ញា ឬក៏សន្ធិសញ្ញជាអន្តរជាតិ ជាមួយនឹងអង្គការសហប្រជាជាតិ ក៏ដូចជាជាមួយនឹងអង្គការធំៗ ទាក់ទងទៅនឹងរបបប្រជាធិបតេយ្យ សិទ្ធិមនុស្ស តាមរបៀបសេរីពហុបក្ស ។ អ៊ីចឹងហើយយើងមើលឃើញថា សង្គមប្រជាធិបតេយ្យ គឺយកប្រជាពលរដ្ឋជាធំ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត រដ្ឋធម្មនុញ្ញ គឺជារដ្ឋធម្មនុញ្ញដែលធានាការពារនូវអ្វីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងជំពូក៣ មាត្រា៣០ ទៅដល់មាត្រា៥០ គឺបានបញ្ជាក់ហើយ គឺសិទ្ធិធ្វើនយោបាយ សិទ្ធិចូលរួមក្នុងសង្គម សេដ្ឋកិច្ច ប្រពៃណី សាសនា និងសិទ្ធិការងារ ក៏ដូចជាពិសេសសិទ្ធិបង្កើតនូវគណបក្សនយោបាយ ជាសកម្មជនគាំទ្រពេញលេញ ចេញមុខ ក៏ដូចជាបង្កើតនូវគណបក្សនយោបាយ ហើយក្លាយទៅជាអ្នកនយោបាយ ជាបេក្ខជន ឲ្យប្រជាពលរដ្ឋបោះឆ្នោត ឈរតំណាងឲ្យប្រជាពលរដ្ឋ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងអ្វីដែលខ្ញុំលើកនេះ គឺថាសង្គមកិ្ដចត្រួយ គឺថាយើងឃើញហើយ លើករណីលោកជា វិជ្ជា ប្រធានសហជីព ដែលត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ហើយបន្តបន្ទាប់មក អ្នកកាសែតដែលបញ្ចេញនូវអំណាចរបស់ខ្លួន អំណាចទី៤ វិជ្ជាជីវៈប្រកបទៅដោយក្រមសីលធម៌ គឺ១២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងរយៈពេលជាង៣០ឆ្នាំ ហើយនិងឥស្សរជននយោបាយ លោកឱម រ៉ាដ្ឋសាឌី ទីប្រឹក្សាសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវបានគេបាញ់សម្លាប់ ។ បន្ទាប់មក មានអ្នកបន្តបន្ទាប់ ដូចជា លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ វិភាគសង្គម តាមការសិក្សាស្រាវជ្រាវ ដែលលោកមានឯកទេសជាអ្នកចេះដឹងក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយ ក៏ដូចជាសង្គមសេដ្ឋកិច្ច ទាក់ទងទៅនឹងប្រទេសកម្ពុជា ហើយបន្តបន្ទាប់មកទៀត យើងឃើញចុងក្រោយនេះ អតីតអ្នកតំណាងរាស្រ្ត លោកលិម គិមយ៉ា ត្រូវបានគេបាញ់សម្លាប់ក្នុងហេតុផលដែលគេមើលឃើញថាជានយោបាយ ច្រើនជាងគំនុំបុគ្គល ព្រោះឃាតករហ្នឹង ជាជនជាតិថៃ គាត់ជាជនជាតិខ្មែរ សញ្ជាតិបារាំង ទៅទៀត ។ អ៊ីចឹងយើងមើលឃើញថា នេះជាការដែលយើងសោកស្ដាយនូវធនធានមនុស្ស នូវអ្នកដែលមានការចេះដឹង និយាយសម្រាប់កែទម្រង់ប្រទេសជាតិ មិនបាន បែរជាត្រូវបានគេក្ដិច ត្រូវបានគេបាញ់សម្លាប់ ឬក៏ចាប់ដាក់គុក ។ ដូចជាខ្ញុំអីហ្នឹង ជាវាគ្មិននយោបាយមួយ ហើយខ្ញុំនេះ គឺជាអ្នកវិភាគ អ្នកបង្ហាញនូវហេតុផល ក្នុងនាមជាអ្នកនយោបាយ ក៏ត្រូវបានគេចាប់ដាក់គុក ម្ដងជាពីរដង រយៈពេលទៅដល់៤ឆ្នាំ ។ អ៊ីចឹងហើយ ខ្ញុំឃើញថា នេះជាវប្បធម៌ក្ដិចត្រួយ ដែលអ្នកបន្តវេន អ្នកជំនាន់ថ្មី មិនថាបក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល ក្នុងនាមខ្ញុំមាជ សុវណ្ណារ៉ា ជាប្រធានគណបក្សជំនាន់ថ្មី ខ្ញុំចង់ឃើញនិស្សិត បញ្ញវន្ត ឃើញអ្នកនយោបាយវ័យក្មេងបន្តវេននោះ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងការគ្រប់គ្រងដោយគណបក្សក្រៅរដ្ឋាភិបាល ដែលខ្ញុំជាប្រមុខនៃគណបក្សជំនាន់ថ្មី ខ្ញុំចង់ឃើញវប្បធម៌សន្ទនា វប្បធម៌ការជជែក វប្បធម៌ដាក់បញ្ហា ដោះស្រាយតាមបញ្ញា តាមហេតុតាមផល ដោយចំណេះដឹង យកមកបង្ហាញគ្នា ថា តើត្រូវធ្វើយ៉ាងម៉េច ឲ្យសង្គមមាននីតិរដ្ឋ? សង្គមមួយដែលទទួលបាននូវការឲ្យតម្លៃគ្នា ស្មើមុខស្មើមាត់ គ្មានបក្សធំ បក្សតូច បក្សកាន់អំណាច ឬបក្សប្រឆាំង គឺតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ។ អាហ្នឹងហើយដែលជាតឹកតាង ជាការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំវិញការបញ្ចេញមតិ ជុំវិញការនិយាយ ហាក់បីដូចរួមតូចចង្អៀតនូវលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាង៣០ឆ្នាំមកនេះ គឺមានន័យថា មួយជំនាន់នៃអតីតនាយករដ្ឋមន្រ្តី បក្សកាន់អំណាច ហើយរហូតមកអ្នកបន្តវេន ដែលនាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោកហ៊ុន ម៉ាណែត ជាកូនរបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន យើងចង់ឃើញអ្នកនយោបាយជំនាន់ថ្មីនេះ ទាំងបក្សកាន់អំណាច ទាំងបក្សក្រៅរដ្ឋាភិបាល យើងអាចជជែកគ្នាបាន ហើយយើងបង្ហាញហេតុផល ដោយចៀសវាងការបាញ់សម្លាប់ ការចាប់មនុស្សដាក់គុក ដោយហេតុផលនយោបាយ ឬក៏ធ្វើដើម្បីប្រជាភិថុតិនយោបាយ ។ អាហ្នឹងហើយ ដែលយើងចង់ឃើញស្នាមញញឹម យើងចង់ឃើញឈាមខ្មែរ រួមជាតិតែមួយ ចេះអង្គុយទល់មុខគ្នា ដោយមិនរើសអើងគណបក្សនយោបាយ ដើម្បីដោះស្រាយនូវផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ខ្ញុំថា ក្នុងនាមជាស្ថាបនិក ជាអ្នកបង្កើតនូវអ្នកបន្តវេននៃអ្នកនយោបាយវ័យក្មេង អ្នកជំនាន់ក្រោយ អ្នកជំនាន់ថ្មី ដែលចេញពីនិស្សិត បញ្ញវន្តជំនាន់ក្រោយនេះ ត្រូវមានគុណធម៌ សីលធម៌នយោបាយ ហើយមានសណ្ដាប់ធ្នាប់ ពិសេសគឺវោហារសាស្រ្ត វោហារសព្ទ ក្នុងការនិយាយស្ដី ត្រូវលើកហេតុផល អង្គហេតុ អង្គច្បាប់ ដោយសារចេញពីការចេះដឹង ហើយនិងប្រើបញ្ញា ជាមួយនឹងភាពក្លាហាន ដោយគតិបណ្ឌិត ដើម្បីយើងដោះស្រាយបញ្ហា ចៀសវាងយើងបង្កើតជាសត្រូវបងប្អូនឯង ហើយយើងយកការរើសអើងនិន្នាការ មកបង្កើតជាគំនុំនយោបាយបុគ្គល ជាងបង្កើតនូវការដោះស្រាយ ការបង្ហាញនូវគោលនយោបាយ ការបង្ហាញនូវកម្មវិធីណាដែលជាការប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត ព្រោះប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ប្រទេសគោរពនីតិរដ្ឋ សេរីពហុបក្ស ។ អ៊ីចឹងយើងការបោះឆ្នោត ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ដូចខ្ញុំបានលើកពីខាងលើហ្នឹង គឺថាត្រូវធ្វើអ្វីជាផលប្រយោជន៍នៃជម្លោះគោលនយោបាយ ដើម្បីការរីកចម្រើន ការរុងរឿងនៃប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋហ្នឹង ឲ្យមានភាពល្អប្រសើរ ដកឃ្លា ឃ្លាតឆ្ងាយ គាត់យល់ពីច្បាប់រដ្ឋធម្មនុញ្ញ យល់ពីកាតព្វកិច្ចពលរដ្ឋសកម្ម តើត្រូវធ្វើអ្វីសម្រាប់ជួយប្រទេសជាតិ ជួយសង្គមជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយ ដែលមានការរីកចម្រើនចេញពីការសាមគ្គីនៃកម្លាំងអ្នកនយោបាយជំនាន់ថ្មី មិនថាបក្សកាន់អំណាច ឬក៏បក្សក្រៅរដ្ឋាភិបាល គឺយើងប្រកួតប្រជែងតែគោលនយោបាយ តែយើងអត់យកអ្នកនយោបាយដែលមាននិន្នាការខុសគ្នា ធ្វើជាសត្រូវ គំនុំបុគ្គល ឬក៏ក្រុមគ្រួសារ បក្ខពួក ហើយបំផ្លាញគ្នាដោយការសម្លាប់ ដោយការចាប់ដាក់គុក ដែលមិនសមហេតុសមផល នៅក្នុងផ្លូវនយោបាយបែបប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាធំ ការបង្ហាញនូវសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងនិយាយស្ដី ។ អាហ្នឹងហើយដែលខ្ញុំចង់បាន ហើយខ្ញុំបានបណ្ដុះ ព្រោះគណបក្សជំនាន់ថ្មី មានចក្ខុវិស័យ មានទស្សនទាន គឺថា គណបក្សជំនាន់ថ្មី ជាមជ្ឈមណ្ឌលបណ្ដុះនូវធនធានមនុស្ស នៃអ្នកនយោបាយវ័យក្មេង ដោយសណ្ដាប់ធ្នាប់ ដោយវិន័យ ដែលយកការគោរពនីតិរដ្ឋ ជាធំ យកចំណេះ យកភាពក្លាហានដោយគតិបណ្ឌិត ដោយបញ្ញា ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស ជាម្ចាស់ឆ្នោត ចាប់យកនូវការចេះដឹង ចាប់យកនូវការតាមដាននយោបាយសកម្ម ចាប់យកការគាំទ្រនៃនិន្នាការបក្សផ្សេងគ្នា ដែលយើងយកការប្រកួតប្រជែងទស្សនៈផ្ទុយ តែយើងអត់មានកម្ទេចអ្នកនយោបាយខ្មែរគ្នាឯង យើងអត់មានកម្ទេចប្រទេសជាតិ ឲ្យជាតិបែកបាក់ យើងអត់មានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារអំណាចហួសព្រំដែន រំលោភនីតិរដ្ឋ» ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយដែលខ្ញុំមើលឃើញថា បក្សជំនាន់ថ្មី គឺថា អ្នកនយោបាយវ័យក្មេង ត្រូវមានគំរូជាអ្នកចេះដឹង គំរូជាអ្នកមានបញ្ញា គំរូជាអ្នកប្រកបទៅដោយគុណធម៌ សីលធម៌ដាក់ក្នុងខ្លួន ហើយប្រកាន់នូវសច្ចៈ ខន្តី កតញ្ញូ ដើម្បីតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ធំជាងយកគំនុំនយោបាយបុគ្គល យកការឈ្នះចាញ់គ្នាតាមគណបក្សនយោបាយ ហើយគិតអំពីអ្វីដែលជាអត្តទត្ថបុគ្គល បក្ខពួក គ្រួសារនិយម ដែលធ្វើឲ្យមានការរើសអើង ។ ខ្ញុំចង់ឃើញអ្នកនយោបាយមានស្នាមញញឹម មានការជួបជុំគ្នាបង្ហាញនូវវប្បធម៌សន្ទនា ខ្ញុំចង់ឃើញអ្នកនយោបាយបង្ហាញនូវការមិនរើសអើងគណបក្សនយោបាយ ហើយយើងធ្វើការជាមួយគ្នា ដោយគ្មានរងសម្ពាធ ឥទ្ធិពលនយោបាយ ឬក៏ជាប់ចំណងនយោបាយណាក្រៅពីធ្វើការជាមួយគ្នា ដើម្បីតុល្យភាពនៃអំណាច បក្សណាឈ្នះឆ្នោត ដឹកនាំប្រទេសដោយភាពថ្លៃថ្នូរ កសាងប្រទេសជាតិ ឲ្យជាតិរុងរឿង ឲ្យកត្តាជីវិភាពល្អប្រសើរ បក្សណាចាញ់ឆ្នោត ត្រូវក្លាយជាអ្នកតំណាងរាស្រ្ត តំណាងឲ្យប្រជាពលរដ្ឋ សម្រាប់តាក់តែងច្បាប់ អនុវត្តច្បាប់ និងឃ្លាំមើលការរំលោភអំណាចណាពីបក្សកាន់អំណាច នៅក្នុងការដឹកនាំ បង្កើតឲ្យមានអំពើពុករលួយ បង្កើតឲ្យមានការឈឺចាប់ ភាពអយុត្តិធម៌ ការរំលោភបំពានដីធ្លី និងបញ្ហាអយុត្តិធម៌ ដែលរំលោភច្បាប់ផ្សេងៗ គឺថា យើងត្រូវដោះស្រាយ ដោយយកនីតិរដ្ឋ ជាធំ ហើយអំណាចទាំង៣ ចែកគ្នាឲ្យដាច់ រវាងនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ក្នុងតុល្យភាពនៃអំណាច ការគ្រប់គ្រងរដ្ឋមួយ ដែលមិនមែនជាអំណាចប្រមូលផ្ដុំ អំណាចហួសព្រំដែន ធ្វើឲ្យប្រទេសជាតិ រងនូវភាពអនាធិបតេយ្យ នៃការគ្រប់គ្រងប្រទេស ធ្វើឲ្យមានអំពើពុករលួយ បក្ខពួក គ្រួសារនិយម ហើយជាភាពរងគ្រោះដល់ប្រទេសជាតិ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “យើងមើលហើយថា ពាក្យស្លោកពីបុរាណ ចារទុក គឺ “ទំពាំងស្នងឫស្សី” ។ អ៊ីចឹងយុវជនជំនាន់ក្រោយ ជំនាន់ថ្មី អ្នកបន្តវេន សុទ្ធតែជាអ្នកដែលត្រូវមើលតាមដានប្រទេសជាតិ សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត ទៅនឹងកាលៈទេសៈនយោបាយ ជាពិសេសគឺឃ្លាំមើលនិងតាមដានឲ្យពិតប្រាកដ នៃអ្នកនយោបាយណាដែលបម្រើជាតិ អ្នកនយោបាយណាដែលបំផ្លាញជាតិ ហើយធ្វើឲ្យប្រទេសវឹកវរ បង្កើតនូវគំនិតជ្រុលនិយម ឬក៏ហិង្សានយោបាយណាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ។ អាហ្នឹងហើយជាការដែលយើងចង់ឃើញទំពាំងស្នងឫស្សីហ្នឹង ឲ្យវាលូតជាងឫស្សីចាស់ ។ ក្នុងន័យនេះ មិនមែនមានន័យថា ឫស្សីចាស់ហ្នឹង អ្នកជំនាន់មុន អ្នកនយោបាយមុនហ្នឹង វាអន់ជាងអ្នកជំនាន់ក្រោយទេ ប៉ុន្តែក្នុងន័យយើងជាន់ស្មាគ្នា ហើយផ្សារភ្ជាប់ជាមួយនឹងអ្នកនយោបាយជំនាន់ចាស់ ដើម្បីយើងបង្កើតនូវផ្លូវណាជាផ្លូវដែលមានសុភមង្គល និងសុខដុមរមនាដល់ប្រជារាស្រ្ត ដល់ប្រទេសជាតិ ។ អាហ្នឹងហើយដែលយើងសម្បូរសប្បាយ យើងមានអ្នកចេះដឹងជួយកសាងប្រទេស ដោយគតិបណ្ឌិត ដោយបញ្ញា ដោយចំណេះជំនាញ ហើយយើងធ្វើការជាមួយគ្នា ដោយមិនរើសអើងនិន្នាការគណបក្សនយោបាយ បើទោះបីយើងបក្សផ្ទុយគ្នាក៏ដោយ ប៉ុន្តែទស្សនៈហ្នឹង គឺថាយើងតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ។ អាហ្នឹងហើយដែលទំពាំងស្នងឫស្សី ត្រូវគិតអំពីបញ្ហាវាសនាអនាគតប្រទេសជាតិ ទៅថ្ងៃមុខ ។ អានេះហើយជាអ្វីដែលខ្ញុំ មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ចង់ឃើញ ចង់បាន ហើយខ្ញុំក៏អត់ចង់ឃើញថា សង្គមជាតិមួយដែលមានទំពាំងស្អុយ ទំពាំងដែលត្រូវបានខជើងជ្រូក ទំពាំងស្អុយទៅនឹងអ្វីដែលធ្វើឲ្យសង្គមមានការពង្វក់ពង្វីពីបញ្ហាគ្រឿងញៀន បញ្ហាបងធំ បងតូច បញ្ហាការមិនយល់អំពីអ្វីជាផ្លូវនយោបាយ ប្រវត្តិសាស្រ្ត គ្រឿងស្រវឹង អីជាដើមហ្នឹង គឺថា វាគ្រោះថ្នាក់ ដែលយើងបាត់បង់នូវទំពាំងស្នងឫស្សី ដែលលូតយ៉ាងហោចណាស់ឲ្យវាបានល្អប្រសើរនៃឫស្សីត្រង់ ឫស្សីដែលផ្ដល់ជាផលប្រយោជន៍សម្រាប់ធ្វើផ្លះ សម្រាប់ធ្វើគ្រែរនាបឫស្សី ឬក៏សម្រាប់ធ្វើជញ្ជាំង ធ្វើបង្អួច ដែលជាផលប្រយោជន៍នៃសណ្ដាប់ធ្នាប់នយោបាយសង្គម តាមលក្ខណៈនៃការឆ្លុះបញ្ចាំងអត្ថានុរូប អត្ថបដិរូប» ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមទៀតថា “អ៊ីចឹងយើងឃើញហើយថា សង្គមជាតិ ដែលចង់ឲ្យមានការរីកចម្រើននៃយុវជនជាទំពាំងស្នងឫស្សី យុវជនជាចលករមួយដែលអាចទប់លំនឹងនៃប្រទេសជាតិ លំនឹងនៃសេដ្ឋកិច្ច លំនឹងនៃសណ្ដាប់ធ្នាប់នយោបាយ និងសង្គមសេដ្ឋកិច្ចផ្សេងផ្សេងៗ គឺថាយុវជននេះហើយ ដែលយើងត្រូវទប់ស្កាត់យ៉ាងណាឲ្យយុវជនមានសេរីភាព មានការយល់ដឹង បន្តការគាំទ្រយុវជនឲ្យមានការរៀនសូត្រ ក្នុងន័យជានិស្សិត បញ្ញវន្តជំនាន់ក្រោយ ពោរពេញទៅដោយពន្លឺនៃចំណេះដឹង ពុទ្ធិ បញ្ញា ក្នុងការដែលគាត់មានលទ្ធភាពចូលរួមកសាងសង្គមជាតិ ទៅតាមចំណេះជំនាញអ្វីដែលគាត់បានទទួលពីតាមសាលា មិនថាសាលាបច្ចេកទេស ឯកទេស ឬក៏សាកលវិទ្យាល័យ ជាប់នូវបរិញ្ញាបត្រ អនុបណ្ឌិត ឬក៏ដុកទ័រ បណ្ឌិត PHD ក្នុងកិច្ចការណាដែលជួយសង្គមជាតិ ក្នុងន័យថា ឲ្យយុវជនទំពាំងស្នងឫស្សី ឲ្យគាត់លូតល្អប្រសើរហ្នឹង គឺថាជាផលប្រយោជន៍រួមនៃប្រទេសជាតិ នៃប្រជារាស្រ្ត គឺថាជាយុវជនមួយដែលមើលឃើញចង់ជួយសង្គមជាតិ ជាងដែលចង់ទៅយកផលប្រយោជន៍ពីសង្គមជាតិ មកវិញ តាមរយៈការប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តនូវអ្វីជាទង្វើខុសច្បាប់ ទង្វើបំផ្លាញនូវភោគទ្រព្យជាតិ ។ អាហ្នឹងគឺថាយើងធ្ងន់ធ្ងរនូវការរៀបចំប្រទេសជាតិមួយមិនបានលំនឹងសេដ្ឋកិច្ច លំនឹងនៃការគោរពនីតិរដ្ឋ និងលំនឹងនៃការគោរពសិទ្ធិមនុស្ស ជាពិសេសសេរីភាពសម្រាប់ការបញ្ចេញមតិ ហើយនិងវាប៉ះពាល់ទៅដល់ធនធានមនុស្ស ដែលមានការចេះដឹង ចង់ជួយសង្គមជាតិ បែរជាសង្គមមួយ បង្ហាញនូវភាពអយុត្តិធម៌ និងប្រព្រឹត្តអំពើពុករលួយ ទៅជាការបង្កើតនូវហិង្សានយោបាយ និងក្ដិចត្រួយ បំផ្លាញតែខ្មែរគ្នាឯង អានោះគឺថាជាតិយើងនឹងលិចលង់ ប្រជារាស្រ្តយើងនឹងអន្តរាយ រងគ្រោះ“ ៕ កុលបុត្រ